យ៉ូប
៣៣ «ប៉ុន្តែឥឡូវ សូមយ៉ូបស្ដាប់ខ្ញុំ
ខ្ញុំសូមឲ្យអ្នកស្ដាប់ពាក្យទាំងអស់ដែលខ្ញុំនិយាយ។
២ មើល! ខ្ញុំត្រូវតែបើកមាត់ស្រដី
អណ្ដាតរបស់ខ្ញុំមិនអាចនៅស្ងៀមបានទេ។
៣ សម្ដីរបស់ខ្ញុំបញ្ជាក់ថាចិត្តខ្ញុំទៀងត្រង់+
ហើយបបូរមាត់ខ្ញុំនិយាយពាក្យពិតស្មោះអស់ពីចិត្ត។
៤ ឫទ្ធានុភាពរបស់ព្រះបានសូនខ្ញុំ+
ហើយដង្ហើមដែលមកពីព្រះដ៏មានឫទ្ធានុភាពខ្លាំងក្លាបំផុតធ្វើឲ្យខ្ញុំមានជីវិត។+
៥ បើអ្នកអាចឆ្លើយនឹងខ្ញុំបាន សូមឆ្លើយមក
សូមអញ្ជើញលើកហេតុផលមកនិយាយជាមួយនឹងខ្ញុំចុះ។
៦ មើល! នៅចំពោះមុខព្រះដ៏ពិត ខ្ញុំក៏ដូចអ្នកដែរ
ខ្ញុំបានត្រូវបង្កើតពីដីឥដ្ឋដូចគ្នា។+
៧ ម្ល៉ោះហើយ អ្នកមិនចាំបាច់ខ្លាចខ្ញុំឡើយ
ខ្ញុំមិនប្រើសម្ដីធ្ងន់ពេកធ្វើឲ្យអ្នកព្រួយចិត្តទេ។
៨ ក៏ប៉ុន្តែ ខ្ញុំបានឮអ្វីដែលអ្នកនិយាយ
អ្នកតែងតែពោលពាក្យទាំងនេះថា៖
៩ ‹ខ្ញុំជាមនុស្សបរិសុទ្ធឥតបានប្រព្រឹត្តអំពើរំលងទេ+
ខ្ញុំស្អាតស្អំ ខ្ញុំមិនបានធ្វើខុសឡើយ។+
១០ ប៉ុន្តែ ព្រះរកមូលហេតុដើម្បីប្រឆាំងខ្ញុំ
លោកចាត់ទុកខ្ញុំជាសត្រូវរបស់លោក។+
១១ លោកដាក់ខ្នោះជើងខ្ញុំ
លោកពិនិត្យមើលខ្ញុំគ្រប់ជំហាន›។+
១២ ក៏ប៉ុន្តែ យ៉ូបនិយាយដូចនោះមិនត្រូវទេ។ ខ្ញុំសូមប្រាប់អ្នកវិញថា
ព្រះខ្ពង់ខ្ពស់ជាងមនុស្សឆ្ងាយណាស់។+
១៣ ហេតុអ្វីបានជាអ្នកតវ៉ាប្រឆាំងនឹងលោក?+
តើនេះដោយសារលោកមិនបានតបឆ្លើយមកអ្នកឬ?+
១៤ តាមពិត ព្រះបានមានប្រសាសន៍ម្ដងហើយម្ដងទៀត
តែគ្មានអ្នកណាយកចិត្តទុកដាក់ស្ដាប់ទេ
១៥ លោកបើកបង្ហាញឲ្យឃើញក្នុងសុបិននាពេលរាត្រី+
ពេលមនុស្សម្នាចូលនិទ្រាអស់
កាលដែលពួកគេលង់លក់ក្នុងដំណេក។
១៦ រួចមក លោកបើកត្រចៀករបស់ពួកគេ+
ហើយក្នុងគំនិតពួកគេ លោកបោះត្រាបញ្ជាក់សេចក្ដីណែនាំរបស់លោក
១៧ ដើម្បីកុំឲ្យមនុស្សធ្វើអំពើអាក្រក់+
និងដើម្បីកុំឲ្យគាត់មានចិត្តអំណួត។+
១៩ មនុស្សក៏រៀនមេរៀនក្នុងជីវិតដែរ
នៅពេលដែលគាត់ដេកឈឺចុកចាប់ក្នុងឆ្អឹងឥតឈប់
២០ នេះជាហេតុធ្វើឲ្យគាត់ខ្ពើមឆ្អើមអាហារ
សូម្បីតែចំណីឆ្ងាញ់ពិសាក៏គាត់មិនបរិភោគដែរ។+
២១ រូបកាយរបស់គាត់ឡើងស្គមកំព្រឹងរហូតដល់ឃើញឆ្អឹងលេចចេញមក។
២២ ជីវិតរបស់គាត់ចូលកាន់តែជិតរណ្ដៅ*
សង្ខាររបស់គាត់ស្ថិតនៅក្នុងកណ្ដាប់ដៃអ្នកពិឃាត។
២៣ ប្រសិនបើមានអ្នកនាំសារ*ម្នាក់ទៅឯគាត់
គឺម្នាក់ពីចំណោមរាប់ពាន់នាក់ ទៅប្រាប់គាត់ឲ្យដឹងអំពីអ្វីដែលត្រឹមត្រូវ
២៤ នោះព្រះនឹងបង្ហាញសេចក្ដីមេត្តាចំពោះគាត់ ហើយមានប្រសាសន៍ថា៖
‹ចូរសង្គ្រោះគាត់ កុំឲ្យគាត់ធ្លាក់ទៅក្នុងរណ្ដៅ!*+
ខ្ញុំមានថ្លៃលោះសម្រាប់គាត់ហើយ!+
២៥ ចូរឲ្យគាត់មានសាច់ឈាមស្រស់ថ្លាដូចកាលពីក្មេង+
ចូរឲ្យគាត់មានកម្លាំងដូចកាលនៅយុវវ័យវិញ›។+
២៦ គាត់នឹងអង្វរព្រះ+ ហើយលោកនឹងស្ដាប់គាត់
រួចគាត់នឹងបន្លឺសំឡេងត្រេកអរ ពេលឃើញមុខលោក
ហើយគាត់នឹងទទួលបានសេចក្ដីសុចរិតពីលោកម្ដងទៀត។
២៧ គាត់នឹងប្រកាសប្រាប់មនុស្សឯទៀតថា៖
‹ខ្ញុំបានធ្វើអំពើខុសឆ្គង+ ហើយយល់ខុសអំពីអ្វីដែលត្រូវ
តែខ្ញុំមិនបានត្រូវដាក់ទោសទេ។*
២៩ ប្រាកដមែន ព្រះធ្វើអ្វីៗទាំងអស់នេះ
លោកបានធ្វើម្ដងហើយម្ដងទៀតសម្រាប់មនុស្ស
៣០ លោកនាំគាត់ចេញពីរណ្ដៅ
ដើម្បីគាត់អាចមានជីវិតភ្លឺស្វាងឡើងវិញ។+
៣១ យ៉ូបអើយ! សូមប្រុងស្ដាប់ខ្ញុំ!
សូមនៅស្ងៀមសិន ចាំស្ដាប់ខ្ញុំនិយាយតទៅទៀត។
៣២ បើអ្នកមានអ្វីចង់និយាយ សូមតបមកចុះ។
សូមនិយាយមក ព្រោះខ្ញុំចង់បង្ហាញថាអ្នកត្រឹមត្រូវ។
៣៣ ប៉ុន្តែបើអ្នកគ្មានទេ អ្នកគួរស្ដាប់ខ្ញុំ
សូមនៅស្ងៀមសិន ខ្ញុំនឹងបង្រៀនអ្នកឲ្យមានប្រាជ្ញា»។