ចម្រៀងសរសើរព្រះ
ជូនចំពោះមេភ្លេង សូមលេងតាមលំនាំភ្លេង«កុំបំផ្លាញ»។ ទំនុករបស់ដាវីឌ។ មីកថេម។*
៥៨ ពេលពួកអ្នកនៅស្ងៀម តើពួកអ្នកអាចនិយាយអំពីសេចក្ដីសុចរិតបានឬ?+
តើពួកអ្នកអាចវិនិច្ឆ័យក្ដីដោយទៀងត្រង់បានទេ?+
២ មិនបានទេ ព្រោះក្នុងចិត្តពួកអ្នកពោរពេញដោយគំនិតមិនសុចរិត+
ហើយដៃរបស់ពួកអ្នកប្រព្រឹត្តតែអំពើសាហាវឃោរឃៅនៅផែនដី។+
៣ មនុស្សទុច្ចរិតខូចអាក្រក់តាំងពីនៅក្នុងផ្ទៃម្ដាយ
ពួកគេភូតកុហក និងធ្វើតាមទំនើងចិត្តតាំងពីកំណើត។
៤ ពាក្យសម្ដីពួកគេដូចជាពិសរបស់សត្វពស់+
ត្រចៀកពួកគេថ្លង់ដូចពស់វែកដែលធ្វើជាស្ដាប់មិនឮ។
៥ ពស់មិនព្រមស្ដាប់សំឡេងរបស់ពួកគ្រូមន្តអាគមឡើយ
ទោះជាគ្រូទាំងនោះពូកែសូត្រអាគមយ៉ាងណាក៏ដោយ។
៦ ឱព្រះអើយ សូមវាយពួកគេឲ្យជ្រុះធ្មេញពីមាត់!
ឱព្រះយេហូវ៉ា សូមបំបាក់ថ្គាមតោស្ទាវទាំងនេះ!
៧ សូមឲ្យពួកគេវិនាសបាត់ទៅដូចទឹកហូរមិនត្រឡប់
សូមលោកយឹតធ្នូរបស់លោក ហើយបាញ់សម្លាប់ពួកគេ។
៨ សូមឲ្យពួកគេដូចជាខ្យងដែលកំពុងវារ រួចក៏ក្រៀមស្ងួតទៅ*
និងដូចជាកូនដែលស្លាប់ក្នុងផ្ទៃម្ដាយទាំងមិនទាន់បានឃើញពន្លឺថ្ងៃ។
៩ មុនពេលដែលឆ្នាំងរបស់អ្នកក្ដៅដោយភ្លើងឧស
នោះលោកនឹងធ្វើឲ្យខ្យល់ព្យុះបក់យកឧសទៅទាំងឧសដែលឆេះនិងឧសមិនទាន់ឆេះ។+
១០ មនុស្សសុចរិតនឹងត្រេកអរ ដោយសារបានឃើញព្រះសងសឹកមនុស្សទុច្ចរិត។+
ជើងរបស់មនុស្សសុចរិតនឹងទទឹកជោកដោយឈាមរបស់មនុស្សទុច្ចរិត។+
១១ រួចមក ជនទាំងឡាយនឹងពោលថា៖ «ប្រាកដជាមានរង្វាន់សម្រាប់មនុស្សសុចរិត។+
ពិតជាមានព្រះដែលវិនិច្ឆ័យផែនដីមែន»។+