សៀវភៅសាំយូអែលទី១
១៧ រីឯពួកភីលីស្ទីន+បានប្រមូលកងទ័ពរបស់ពួកគេដើម្បីធ្វើសង្គ្រាម។ ពួកគេបានផ្ដុំគ្នានៅក្រុងសូគរ+ដែលជាក្រុងរបស់កុលសម្ព័ន្ធយូដា រួចពួកគេបោះទ័ពត្រង់អេផេសដាមីម+ ដែលនៅរវាងក្រុងសូគរនិងក្រុងអាសេកា។+ ២ សុលនិងពួកទាហានអ៊ីស្រាអែលបានប្រមូលផ្ដុំគ្នា ហើយបោះទ័ពនៅជ្រលងភ្នំ*អេឡា។+ ពួកគេតម្រៀបទ័ពដើម្បីច្បាំងនឹងពួកភីលីស្ទីន។ ៣ ទ័ពភីលីស្ទីននៅភ្នំម្ខាង ឯទ័ពអ៊ីស្រាអែលនៅភ្នំម្ខាងទៀត ហើយមានជ្រលងនៅកណ្ដាលកងទ័ពទាំងពីរ។
៤ ខណៈនោះ ទាហានជើងឯកម្នាក់បានចេញពីជំរំទ័ពពួកភីលីស្ទីន គាត់ឈ្មោះកូលីយ៉ាត+មកពីក្រុងកាថ។+ គាត់មានកម្ពស់៦ហត្ថនិង១ចំអាម។* ៥ គាត់ពាក់មួកស្ពាន់ និងពាក់អាវក្រោះស្រកា។ អាវក្រោះនោះធ្វើពីស្ពាន់+ មានទម្ងន់៥.០០០ហ្សេគិល។* ៦ គាត់ពាក់ប្រដាប់ការពារស្មងជើងធ្វើពីស្ពាន់ ហើយស្ពាយលំពែង+ស្ពាន់ខ្លីមួយ។ ៧ ដងលំពែងឈើរបស់គាត់មានរាងដូចជាក្ដារកីរបស់ជាងតម្បាញ+ ឯផ្លែលំពែងវិញធ្វើពីដែក មានទម្ងន់៦០០ហ្សេគិល។* មិនត្រឹមតែប៉ុណ្ណោះ គាត់មានអ្នកកាន់ខែលដើរពីមុខទៀតផង។ ៨ គាត់ឈរស្រែកទៅពលទ័ពអ៊ីស្រាអែលនៅទីចម្បាំង+ថា៖ «ហេតុអ្វីឯងរាល់គ្នាចាំបាច់ចេញមកតម្រៀបក្បួនទ័ពដូច្នេះ? អញជាអ្នកចម្បាំងដ៏ខ្លាំងពូកែរបស់ជនជាតិភីលីស្ទីន ហើយឯងរាល់គ្នាជាអ្នកបម្រើរបស់សុល។ ចូរជ្រើសរើសមនុស្សម្នាក់ឲ្យចេញមកប្រយុទ្ធនឹងអញមក! ៩ បើអ្នកនោះអាចវាយសម្លាប់អញបាន ពួកអញនឹងបម្រើឯងរាល់គ្នា។ ប៉ុន្តែ បើអញវាយឈ្នះ ហើយសម្លាប់អ្នកនោះបាន នោះឯងរាល់គ្នានឹងក្លាយជាកញ្ជះរបស់ពួកអញវិញ»។ ១០ ជនជាតិភីលីស្ទីននោះនិយាយថែមទៀតថា៖ «ថ្ងៃនេះ ទាហានអ៊ីស្រាអែល+ត្រូវមកប្រកួតជាមួយនឹងអញ។* ចូរឲ្យបុរសម្នាក់ចេញមកប្រយុទ្ធស្លាប់រស់នឹងអញ!»។
១១ ពេលសុលនិងទាហានអ៊ីស្រាអែលទាំងអស់ ឮសម្ដីទាំងប៉ុន្មានរបស់ជនជាតិភីលីស្ទីននោះ ពួកគេភ័យស្លុតហើយរន្ធត់ចិត្តខ្លាំងណាស់។
១២ ដាវីឌជាកូនរបស់អ៊ីសាយដែលជាអ្នកក្រុងអេប្រាតា។+ ក្រុងនោះគឺក្រុងបេថ្លេហិម+ក្នុងទឹកដីរបស់កុលសម្ព័ន្ធយូដា។ អ៊ីសាយ+មានកូនប្រុស៨នាក់។+ នៅជំនាន់សុល អ៊ីសាយមានវ័យចាស់ហើយ។ ១៣ កូនប្រុសបីនាក់របស់អ៊ីសាយ បានទៅតាមសុលដើម្បីធ្វើសង្គ្រាម។+ កូនច្បងទី១ឈ្មោះអេលាប+ ទី២ឈ្មោះអាប៊ីណាដាប+ និងទី៣ឈ្មោះសាម៉ា។+ ១៤ ដាវីឌជាកូនពៅ។+ បងប្រុសគាត់ទាំងបីនាក់នោះបានទៅជាមួយនឹងសុល។
១៥ ក្នុងអំឡុងពេលដាវីឌបម្រើសុល គាត់តែងតែទៅលេងផ្ទះដើម្បីឃ្វាលចៀម+ឲ្យឪពុកនៅក្រុងបេថ្លេហិម។ ១៦ ក្នុងពេលជាមួយគ្នានោះ ជនជាតិភីលីស្ទីនម្នាក់នោះចេះតែដើរចេញមកទាំងព្រឹកទាំងល្ងាចអស់រយៈពេល៤០ថ្ងៃ ដើម្បីស្រែកបបួលទាហានអ៊ីស្រាអែលឲ្យមកប្រកួតជាមួយនឹងគាត់។
១៧ អ៊ីសាយបាននិយាយទៅដាវីឌថា៖ «សូមកូនយកលាជមួយអេហ្វា* និងនំប៉័ង១០ដុំនេះ ទៅឲ្យបងប្រុសៗកូននៅឯជំរំទ័ពជាប្រញាប់ ១៨ ហើយយកទឹកដោះខាប់*១០ដុំនេះទៅឲ្យមេទ័ព*របស់ពួកគេដែរ។ សូមកូនសួរសុខទុក្ខបងៗកូន ហើយយកវត្ថុសម្គាល់មួយពីបងៗកូនមកវិញផង ដើម្បីឲ្យពុកដឹងថាពួកគេសុខសប្បាយ»។ ១៩ ពួកបងៗរបស់ដាវីឌនៅជាមួយនឹងសុលនិងទាហានអ៊ីស្រាអែលទាំងអស់នៅជ្រលងភ្នំអេឡា+ ដើម្បីប្រយុទ្ធនឹងពួកទាហានភីលីស្ទីន។+
២០ ដូច្នេះ ដាវីឌក្រោកពីព្រលឹម ហើយឲ្យមនុស្សម្នាក់នៅមើលខុសត្រូវហ្វូងចៀម។ រួចដាវីឌរៀបចំអីវ៉ាន់ ហើយចេញដំណើរទៅដូចអ៊ីសាយបានបង្គាប់។ ពេលដាវីឌមកដល់ជំរំទ័ព ពួកទាហានកំពុងចេញទៅឯសមរភូមិទាំងស្រែកសម្រែកសង្គ្រាម។ ២១ ទាហានអ៊ីស្រាអែលនិងទាហានភីលីស្ទីន តម្រៀបទ័ពប្រឈមមុខគ្នានៅឯសមរភូមិ។ ២២ ភ្លាមនោះ ដាវីឌទុកអីវ៉ាន់នៅនឹងអ្នកយាម ហើយរត់ទៅឯសមរភូមិ។ ពេលគាត់ទៅដល់ គាត់សួរសុខទុក្ខបងប្រុសៗរបស់គាត់។+
២៣ កាលដែលដាវីឌកំពុងនិយាយ នោះទាហានជើងឯករបស់ពួកភីលីស្ទីនឈ្មោះកូលីយ៉ាត+ជាអ្នកក្រុងកាថ បានចេញមកឈរនៅមុខទាហានភីលីស្ទីនក្នុងសមរភូមិ ទាំងពោលពាក្យដដែលដូចពីមុន។+ ពេលនោះ ដាវីឌឮសម្ដីរបស់គាត់។ ២៤ ពេលទាហានអ៊ីស្រាអែលទាំងអស់ឃើញកូលីយ៉ាត ពួកគេបានស្ទុះចេញដោយភ័យខ្លាចយ៉ាងខ្លាំង។+ ២៥ ទាហានអ៊ីស្រាអែលនិយាយគ្នាថា៖ «តើអ្នកឃើញបុរសនោះឬទេ? គាត់ចេញមកទាមទារឲ្យពួកអ៊ីស្រាអែលយើងប្រកួតនឹងគាត់។+ បើអ្នកណាអាចសម្លាប់បុរសនោះបាន ស្ដេចនឹងប្រគល់ទ្រព្យសម្បត្តិច្រើនលើសលប់ដល់អ្នកនោះ ថែមទាំងលើកកូនស្រីឲ្យធ្វើជាប្រពន្ធទៀតផង។+ មិនត្រឹមតែប៉ុណ្ណោះ ស្ដេចនឹងឲ្យក្រុមគ្រួសាររបស់អ្នកនោះរួចពន្ធក្នុងស្រុកអ៊ីស្រាអែល»។
២៦ ដាវីឌចាប់ផ្ដើមសួរទាហានដែលឈរនៅជិតគាត់ថា៖ «តើអ្នកដែលអាចសម្លាប់ជនជាតិភីលីស្ទីននោះបាន ហើយដកការដៀលត្មះចេញពីជនជាតិអ៊ីស្រាអែល នឹងទទួលរង្វាន់អ្វី? តើជនជាតិភីលីស្ទីនដែលមិនកាត់ចុងស្បែកនោះជានរណា បានជាហ៊ានប្រមាថមើលងាយពលទ័ពនៃព្រះដ៏មានជីវិតរស់នៅ?»។*+ ២៧ ពួកទាហានឆ្លើយប្រាប់ដាវីឌអំពីពាក្យសន្យារបស់ស្ដេច ហើយបានបន្ថែមថា៖ «នោះជារង្វាន់ដែលអ្នកសម្លាប់បុរសនោះនឹងទទួល»។ ២៨ ពេលអេលាបដែលជាបងច្បង+បានឮដាវីឌនិយាយជាមួយនឹងទាហានទាំងនោះ គាត់ខឹងដាវីឌ ហើយពោលថា៖ «ចុះឯងមកទីនេះធ្វើអ្វី? ហើយតើអ្នកណាមើលចៀមនៅឯវាល?+ បងដឹងថាឯងជាមនុស្សព្រហើន* ឯងមកទីនេះគ្មានបំណងល្អទេ! ឯងគ្រាន់តែចង់មើលគេច្បាំងគ្នាប៉ុណ្ណោះ»។ ២៩ ដាវីឌតបថា៖ «ខ្ញុំមិនបានធ្វើអ្វីទេ។ ខ្ញុំគ្រាន់តែសួរគេប៉ុណ្ណោះ!»។ ៣០ រួចមក ដាវីឌបែរចេញពីបងគាត់ ទៅសួរអ្នកផ្សេងទៀតនូវសំណួរដដែល+ ហើយគាត់បានទទួលចម្លើយដូចមុនដែរ។+
៣១ កាលដែលទាហានឮពាក្យរបស់ដាវីឌ ពួកគេបានទៅប្រាប់សុល។ ដូច្នេះ សុលចាត់គេឲ្យទៅហៅគាត់មក។ ៣២ ដាវីឌប្រាប់សុលថា៖ «កុំឲ្យអ្នកណាម្នាក់បាត់បង់ចិត្តក្លាហានដោយសារជនជាតិភីលីស្ទីនម្នាក់នោះឡើយ។ ខ្ញុំដែលជាអ្នកបម្រើរបស់លោកនឹងចេញទៅច្បាំងនឹងបុរសនោះ»។+ ៣៣ ក៏ប៉ុន្តែ សុលប្រាប់ដាវីឌថា៖ «អ្នកមិនអាចប្រយុទ្ធនឹងជនជាតិភីលីស្ទីននោះបានទេ ព្រោះអ្នកនៅក្មេងណាស់។+ រីឯជនជាតិភីលីស្ទីននោះវិញ គាត់ធ្វើចម្បាំង*តាំងពីជំទង់មកម្ល៉េះ»។ ៣៤ ដាវីឌតបទៅសុលវិញថា៖ «លោកម្ចាស់ ខ្ញុំជាអ្នកឃ្វាលហ្វូងចៀមឲ្យឪពុក។ នៅពេលមានសត្វតោ+ និងសត្វខ្លាឃ្មុំ ចេញមកចាប់សត្វចៀម ៣៥ នោះខ្ញុំដេញតាមវាយវា រួចយកសត្វចៀមចេញពីមាត់វាមកវិញ។ ពេលវាហក់មក ខ្ញុំបានចាប់ពុកចង្ការបស់វា ហើយវាយសម្លាប់វាតែម្ដង។ ៣៦ ខ្ញុំបានសម្លាប់សត្វតោនិងសត្វខ្លាឃ្មុំ។ ដូច្នេះ ជនជាតិភីលីស្ទីនដែលមិនកាត់ចុងស្បែកនោះ ក៏នឹងត្រូវខ្ញុំសម្លាប់ដូចសត្វទាំងនោះដែរ ព្រោះគាត់បានប្រមាថមើលងាយពលទ័ពនៃព្រះដ៏មានជីវិតរស់នៅ»។*+ ៣៧ ដាវីឌនិយាយបន្តទៀតថា៖ «ព្រះយេហូវ៉ាជាអ្នកដែលបានសង្គ្រោះខ្ញុំពីក្រញាំតោនិងខ្លាឃ្មុំ លោកប្រាកដជានឹងសង្គ្រោះខ្ញុំឲ្យរួចពីកណ្ដាប់ដៃរបស់ជនជាតិភីលីស្ទីននោះដែរ»។+ ឮដូច្នេះ សុលប្រាប់ដាវីឌថា៖ «ចូរទៅចុះ សូមឲ្យព្រះយេហូវ៉ានៅជាមួយនឹងអ្នក»។
៣៨ សុលបានបំពាក់គ្រឿងសឹករបស់គាត់ឲ្យដាវីឌ។ សុលយកមួកស្ពាន់មកបំពាក់លើក្បាលដាវីឌ រួចមកបំពាក់អាវក្រោះឲ្យគាត់។ ៣៩ បន្ទាប់មក ដាវីឌបានក្រវាត់ដាវពីលើអាវក្រោះ ហើយខំដើរចេញទៅ តែទៅមិនបានទេ ដោយសារគាត់មិនស៊ាំនឹងគ្រឿងសឹកទាំងនោះ។ ដាវីឌនិយាយទៅសុលថា៖ «ខ្ញុំមិនអាចពាក់គ្រឿងទាំងនេះចេញទៅបានទេ ព្រោះខ្ញុំមិនទាន់ស៊ាំនៅឡើយ»។ ម្ល៉ោះហើយ ដាវីឌដោះគ្រឿងទាំងនោះចេញ។ ៤០ រួចគាត់យកដំបងរបស់គាត់ ហើយរើសថ្មរលីងប្រាំគ្រាប់ពីអូរ។ គាត់ដាក់ថ្មទាំងនោះក្នុងថ្នក់ថង់យាម ហើយនៅនឹងដៃគាត់មានខ្សែដង្ហក់។+ រួចមក គាត់ចាប់ផ្ដើមចូលទៅប្រយុទ្ធនឹងជនជាតិភីលីស្ទីននោះ។
៤១ រីឯជនជាតិភីលីស្ទីននោះវិញ បានដើរមកកាន់តែជិតដាវីឌ ដោយមានអ្នកកាន់ខែលដើរពីមុខផង។ ៤២ ពេលជនជាតិភីលីស្ទីននោះឃើញដាវីឌ គាត់បង្ហាញទឹកមុខមើលងាយមើលថោក ដោយសារដាវីឌជាក្មេងកំលោះសង្ហានិងមានសាច់ឈាមស្រស់ថ្លា។+ ៤៣ ជនជាតិភីលីស្ទីននោះនិយាយទៅដាវីឌថា៖ «តើអញជាឆ្កែឬ+ បានជាឯងកាន់ដំបងមកប្រកួតនឹងអញ?»។ ដូច្នេះ ជនជាតិភីលីស្ទីននោះប្រើឈ្មោះព្រះផ្សេងៗរបស់គាត់មកដាក់បណ្ដាសាដាវីឌ។ ៤៤ ជនជាតិភីលីស្ទីននោះនិយាយទៅដាវីឌទៀតថា៖ «ឯងចូលមក! អញនឹងឲ្យសាកសពរបស់ឯងដល់សត្វស្លាបនិងសត្វសាហាវស៊ីជាចំណី»។
៤៥ ដាវីឌតបទៅជនជាតិភីលីស្ទីននោះវិញថា៖ «អ្នកមកប្រកួតនឹងខ្ញុំដោយមានដាវ និងលំពែងពីរ+ តែខ្ញុំមកប្រកួតនឹងអ្នកដោយនូវនាមព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌+ និងជាព្រះនៃកងទ័ពអ៊ីស្រាអែល ដែលអ្នកបានប្រមាថមើលងាយ។*+ ៤៦ នៅថ្ងៃនេះឯង ព្រះយេហូវ៉ានឹងប្រគល់អ្នកមកក្នុងកណ្ដាប់ដៃខ្ញុំ។+ ខ្ញុំនឹងសម្លាប់អ្នក រួចកាត់ក្បាលរបស់អ្នក។ ថ្ងៃនេះ ខ្ញុំនឹងឲ្យសាកសពពលទ័ពភីលីស្ទីនដល់សត្វស្លាបនិងសត្វសាហាវស៊ីជាចំណី ហើយមនុស្សទាំងអស់នៅផែនដីនឹងដឹងថា មានព្រះដ៏ពិតនៅជាមួយនឹងជនជាតិអ៊ីស្រាអែល។+ ៤៧ អស់អ្នកដែលនៅទីនេះនឹងដឹងថា មានតែព្រះយេហូវ៉ាប៉ុណ្ណោះដែលអាចជួយយើងឲ្យឈ្នះសង្គ្រាម។+ ព្រះយេហូវ៉ាមិនសង្គ្រោះយើងដោយដាវឬលំពែងទេ។+ លោកនឹងប្រគល់ពួកអ្នករាល់គ្នាមកក្នុងកណ្ដាប់ដៃយើង»។+
៤៨ រួចមក ជនជាតិភីលីស្ទីននោះបានក្រោកឡើង ហើយដើរឆ្ពោះទៅកាន់តែជិតដាវីឌ។ ផ្ទុយទៅវិញ ដាវីឌរត់យ៉ាងលឿនឆ្ពោះទៅជនជាតិភីលីស្ទីននោះ។ ៤៩ ដាវីឌលូកដៃទៅក្នុងថង់យាមយកថ្មមួយគ្រាប់ ហើយដាក់ក្នុងខ្សែដង្ហក់ រួចគ្រវី។ បន្ទាប់មក ដាវីឌពន្លែងខ្សែដង្ហក់ទៅ រួចគ្រាប់ថ្មបោះពួយយ៉ាងលឿនត្រូវចំថ្ងាស ហើយទ្រុឌចូលក្នុងថ្ងាសរបស់ជនជាតិភីលីស្ទីននោះទៅ។ គាត់ក៏ដួលផ្កាប់មុខនៅលើដី។+ ៥០ ដូច្នេះ ដាវីឌបានយកឈ្នះជនជាតិភីលីស្ទីននោះដោយខ្សែដង្ហក់និងថ្មមួយគ្រាប់។ ដាវីឌបានសម្លាប់ជនជាតិភីលីស្ទីននោះ ទោះជាដាវីឌគ្មានដាវក្នុងដៃក៏ដោយ។+ ៥១ ដាវីឌរត់ចូលទៅជិតជនជាតិភីលីស្ទីននោះ រួចហូតដាវចេញពីស្រោមដាវរបស់ជនជាតិភីលីស្ទីននោះ+មកកាត់ក្បាលរបស់គាត់ ដើម្បីឲ្យប្រាកដថាគាត់បានស្លាប់មែន។ ពេលទាហានភីលីស្ទីនឃើញអ្នកចម្បាំងដ៏ខ្លាំងពូកែរបស់ពួកគេស្លាប់ហើយ ពួកគេក៏រត់គេចខ្លួនទៅ។+
៥២ នៅពេលនោះ ទាហានអ៊ីស្រាអែលនិងទាហានយូដាបានស្រែកហ៊ោឡើង ហើយដេញតាមទាហានភីលីស្ទីនតាំងពីជ្រលងភ្នំ+រហូតដល់ទ្វារកំពែងក្រុងអេក្រុន។+ ពួកគេសម្លាប់ទាហានភីលីស្ទីនអស់ជាច្រើននាក់តាមផ្លូវពីក្រុងស្អារេម+រហូតដល់ក្រុងកាថនិងក្រុងអេក្រុន។ ៥៣ ក្រោយពីទាហានអ៊ីស្រាអែលត្រឡប់មកពីដេញតាមទាហានភីលីស្ទីនយ៉ាងប្រកិតវិញ ពួកគេចូលទៅក្នុងជំរំទ័ពភីលីស្ទីនរឹបអូសយកទ្រព្យសម្បត្តិផ្សេងៗ។
៥៤ រីឯដាវីឌវិញ គាត់បានយកក្បាលជនជាតិភីលីស្ទីននោះមកក្រុងយេរូសាឡិម* តែគាត់ទុកគ្រឿងចម្បាំងរបស់ជនជាតិភីលីស្ទីននោះក្នុងត្រសាលរបស់គាត់។+
៥៥ នៅខណៈពេលដែលសុលឃើញដាវីឌចេញទៅប្រកួតនឹងជនជាតិភីលីស្ទីននោះ គាត់បានសួរអាប់ណឺ+ជាមេទ័ពថា៖ «អាប់ណឺ តើក្មេងកំលោះនោះជាកូនរបស់នរណា?»។+ អាប់ណឺឆ្លើយថា៖ «ខ្ញុំសូមស្បថចំពោះលោកម្ចាស់ថា ខ្ញុំមិនដឹងទេ!»។ ៥៦ ស្ដេចបញ្ជាថា៖ «ចូរទៅសួរមើលថាក្មេងកំលោះនោះជាកូនរបស់នរណា»។ ៥៧ ក្រោយពីដាវីឌត្រឡប់មកពីសម្លាប់ជនជាតិភីលីស្ទីននោះភ្លាម អាប់ណឺបាននាំដាវីឌមកឈរនៅចំពោះមុខសុល ទាំងមានក្បាលរបស់ជនជាតិភីលីស្ទីននោះ+មកជាមួយដែរ។ ៥៨ ដូច្នេះ សុលសួរដាវីឌថា៖ «តើអ្នកកំលោះជាកូនរបស់នរណា?»។ ដាវីឌឆ្លើយតបថា៖ «ខ្ញុំជាកូនប្រុសរបស់អ៊ីសាយ+នៅក្រុងបេថ្លេហិម»។+