យេរេមា
៣៣ កាលយេរេមានៅជាប់ឃុំឃាំងក្នុងទីធ្លាអ្នកយាមនៅឡើយ+ ព្រះយេហូវ៉ាបានមានប្រសាសន៍មកកាន់គាត់ជាលើកទី២ថា៖ ២ «នាមខ្ញុំគឺយេហូវ៉ា ខ្ញុំនេះហើយជាអ្នកបង្កើតផែនដី។ ខ្ញុំយេហូវ៉ាជាអ្នកដែលបានតាំងផែនដីឲ្យរឹងមាំ។ ខ្ញុំយេហូវ៉ាមានប្រសាសន៍ថា៖ ៣ ‹ចូរហៅរកខ្ញុំ នោះខ្ញុំនឹងតបឆ្លើយមកអ្នក ហើយខ្ញុំនឹងប្រាប់អ្នកអំពីការដ៏អស្ចារ្យ និងអំពីការដែលគ្មានអ្នកណាយល់ដឹងឡើយ›»។+
៤ «ព្រោះនេះជាប្រសាសន៍របស់ព្រះយេហូវ៉ាជាព្រះនៃជនជាតិអ៊ីស្រាអែល ស្ដីអំពីផ្ទះទាំងប៉ុន្មានក្នុងក្រុងនេះ និងវិមានរបស់បណ្ដាស្ដេចស្រុកយូដា ដែលបានត្រូវផ្ដួលរំលំដោយសារសត្រូវបានមកលើកដីឡើងកំពែងដើម្បីចូលវាយលុក។+ ៥ លោកក៏មានប្រសាសន៍ស្ដីអំពីពួកអ្នកដែលកំពុងមកច្បាំងនឹងពួកខាល់ដេ ដែលនាំឲ្យកន្លែងទាំងនោះពេញទៅដោយសាកសពរបស់ពួកអ្នកដែលខ្ញុំបានប្រហារដោយកំហឹង ជាមនុស្សអាក្រក់ដែលធ្វើឲ្យខ្ញុំលែងទទួលស្គាល់ក្រុងនេះ។ ប្រសាសន៍នោះមានដូចតទៅ៖ ៦ ‹មើល! ខ្ញុំនឹងធ្វើឲ្យពួកគេជាសះស្បើយ ហើយមានសុខភាពល្អឡើងវិញ+ ថែមទាំងឲ្យពួកគេមានសេចក្ដីស្មោះត្រង់និងសេចក្ដីសុខសាន្តជាបរិបូរ។+ ៧ ខ្ញុំនឹងនាំពួកយូដានិងពួកអ៊ីស្រាអែលដែលបានជាប់ជាឈ្លើយឲ្យត្រឡប់មកវិញ+ ហើយតាំងពួកគេឲ្យរឹងមាំឡើងដូចនៅគ្រាពីមុន។+ ៨ ខ្ញុំនឹងជម្រះពួកគេឲ្យស្អាតបរិសុទ្ធពីអំពើខុសឆ្គងរបស់ពួកគេ+ ហើយខ្ញុំនឹងអភ័យទោសឲ្យពួកគេនូវរាល់ទោសកំហុស និងអំពើរំលងដែលពួកគេបានធ្វើទាស់នឹងខ្ញុំ។+ ៩ ក្រុងនេះនឹងទៅជាហេតុឲ្យខ្ញុំបានល្បីឈ្មោះ មានចិត្តរីករាយ ថែមទាំងទៅជាហេតុឲ្យខ្ញុំទទួលសេចក្ដីសរសើរនិងកិត្តិយសពីប្រជាជាតិទាំងឡាយដែលបានឮអំពីសេចក្ដីល្អដែលខ្ញុំបានធ្វើសម្រាប់រាស្ត្រខ្ញុំ។+ ប្រជាជាតិនានានឹងកោតស្ងើចនិងមានចិត្តខ្លបខ្លាច+ ព្រោះតែខ្ញុំបានធ្វើឲ្យក្រុងនេះមានភាពចម្រុងចម្រើន និងសេចក្ដីសុខសាន្ត›»។+
១០ «ព្រះយេហូវ៉ាមានប្រសាសន៍ថា៖ ‹ស្ដីអំពីក្រុងយេរូសាឡិមនិងផ្លូវទាំងប៉ុន្មានក្នុងក្រុងនេះ រួមទាំងបណ្ដាក្រុងឯទៀតក្នុងស្រុកយូដាដែលអ្នកនិយាយថា ជាកន្លែងដែលគេបោះបង់ចោលឲ្យនៅសូន្យស្ងាត់គ្មានមនុស្សឬសត្វរស់នៅ នោះនឹងមានឮសំឡេងម្ដងទៀតនៅកន្លែងទាំងនោះ ១១ គឺសំឡេងសប្បាយរីករាយ និងសំឡេងត្រេកអរ+របស់កូនកំលោះកូនក្រមុំ និងសំឡេងច្រៀងសរសើរថា៖ «ចូរថ្លែងអំណរគុណព្រះយេហូវ៉ាជាព្រះនៃបណ្ដាកងទ័ពស្ថានសួគ៌ ព្រោះព្រះយេហូវ៉ាលោកល្អ+ ហើយសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់របស់លោកស្ថិតស្ថេរជាដរាប!»›។+
«‹ពួកគេនឹងនាំគ្រឿងបូជាសម្រាប់ថ្លែងអំណរគុណមកជូនខ្ញុំជាយេហូវ៉ានៅឯវិហារ+ ព្រោះខ្ញុំនឹងនាំពួកអ្នកដែលជាប់ជាឈ្លើយឲ្យត្រឡប់មកវិញ ហើយធ្វើឲ្យមានស្ថានភាពដូចពីមុន›។ នេះជាប្រសាសន៍របស់ព្រះយេហូវ៉ា»។
១២ «ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌មានប្រសាសន៍ថា៖ ‹នៅក្នុងស្រុកនេះនិងក្រុងទាំងប៉ុន្មានដែលគេបោះបង់ចោលឲ្យនៅសូន្យស្ងាត់ ហើយគ្មានមនុស្សឬសត្វរស់នៅ នោះនឹងមានវាលស្មៅខៀវខ្ចីដើម្បីឲ្យពួកគង្វាលនាំហ្វូងសត្វទៅសម្រាកនៅទីនោះម្ដងទៀត›។+
១៣ «‹នៅគ្រានោះ ក្នុងបណ្ដាក្រុងនៅតំបន់ភ្នំ បណ្ដាក្រុងនៅវាលទំនាប បណ្ដាក្រុងនៅភាគខាងត្បូង ទឹកដីបេនយ៉ាមីន តំបន់ជុំវិញក្រុងយេរូសាឡិម+ និងបណ្ដាក្រុងនៅស្រុកយូដា+ គង្វាលនឹងឲ្យហ្វូងចៀមដើរកាត់ក្រោមដៃគាត់ដើម្បីរាប់ពួកវា›។ នេះជាប្រសាសន៍របស់ព្រះយេហូវ៉ា»។
១៤ «ព្រះយេហូវ៉ាប្រកាសថា៖ ‹មើល! នឹងមានគ្រាមកដល់ដែលខ្ញុំនឹងសម្រេចតាមពាក្យដែលខ្ញុំបានសន្យាស្ដីអំពីពូជពង្សអ៊ីស្រាអែលនិងពូជពង្សយូដា។+ ១៥ នៅគ្រានោះ ខ្ញុំនឹងធ្វើឲ្យមានពន្លក*មួយដ៏សុចរិតដុះចេញពីពូជពង្សដាវីឌ+ ហើយគាត់នឹងវិនិច្ឆ័យក្ដីនៅក្នុងស្រុកដោយសុចរិតយុត្តិធម៌។+ ១៦ នៅពេលនោះ ពួកយូដានឹងទទួលសេចក្ដីសង្គ្រោះ+ ហើយអ្នកក្រុងយេរូសាឡិមនឹងរស់នៅដោយសុខសាន្ត។+ គេនឹងហៅក្រុងនោះថាព្រះយេហូវ៉ាជាសេចក្ដីសុចរិតរបស់យើង›»។+
១៧ «ព្រោះព្រះយេហូវ៉ាមានប្រសាសន៍ថា៖ ‹នឹងតែងតែមានបុគ្គលម្នាក់ពីពូជពង្សដាវីឌ អង្គុយលើបល្ល័ង្កនៃអ៊ីស្រាអែល+ ១៨ ហើយនឹងតែងតែមានសង្ឃម្នាក់ពីពូជពង្សលេវី ឈរបម្រើនៅចំពោះខ្ញុំ ដើម្បីជូនគ្រឿងបូជាដុត គ្រឿងបូជាពីស្រូវ និងគ្រឿងបូជាឯទៀត›»។
១៩ ព្រះយេហូវ៉ាមានប្រសាសន៍មកកាន់យេរេមាម្ដងទៀតថា៖ ២០ «ព្រះយេហូវ៉ាមានប្រសាសន៍ថា៖ ‹បើអ្នកអាចធ្វើឲ្យកិច្ចព្រមព្រៀងដែលខ្ញុំមានជាមួយថ្ងៃនិងយប់សាបសូន្យទៅ គឺធ្វើឲ្យលែងមានថ្ងៃនិងយប់តាមពេលកំណត់តទៅទៀត+ ២១ នោះកិច្ចព្រមព្រៀងរវាងខ្ញុំនិងដាវីឌជាអ្នកបម្រើខ្ញុំនឹងលែងមានទៀត+ ហើយគ្មានកូនណាម្នាក់របស់គាត់នឹងអង្គុយលើបល្ល័ង្កគាត់ដើម្បីគ្រប់គ្រងជាស្ដេចទេ។+ ឯកិច្ចព្រមព្រៀងរវាងខ្ញុំនិងពួកលេវីដែលជាសង្ឃ ក៏នឹងលែងមានទៀតដែរ។+ ២២ ដូចផ្កាយនៅលើមេឃ*និងគ្រាប់ខ្សាច់នៅសមុទ្រដែលគេមិនអាចរាប់បានយ៉ាងណា នោះខ្ញុំនឹងធ្វើឲ្យពូជពង្សដាវីឌជាអ្នកបម្រើខ្ញុំនិងពួកលេវីដែលកំពុងបម្រើខ្ញុំ មានចំនួនច្រើនសន្ធឹកដែលគេមិនអាចរាប់បានយ៉ាងនោះដែរ›»។
២៣ ព្រះយេហូវ៉ាមានប្រសាសន៍មកកាន់យេរេមាម្ដងទៀតថា៖ ២៤ «បណ្ដាជននេះនិយាយថា៖ ‹ព្រះយេហូវ៉ានឹងលែងទទួលស្គាល់ក្រុមគ្រួសារទាំងពីរដែលលោកបានជ្រើសរើសហើយ›។ តើអ្នកបានឮពាក្យទាំងនេះទេ? ពួកគេបានប្រព្រឹត្តមកលើរាស្ត្រខ្ញុំដោយគ្មានការគោរពទាល់តែសោះ ថែមទាំងមិនចាត់ទុករាស្ត្រខ្ញុំជាប្រជាជាតិទៀតផង។
២៥ «ព្រះយេហូវ៉ាមានប្រសាសន៍ថា៖ ‹ដូចខ្ញុំបានដាក់ច្បាប់ឲ្យមានថ្ងៃនិងយប់+ រួមទាំងច្បាប់នៅលើមេឃនិងច្បាប់នៅផែនដីឲ្យនៅស្ថិតស្ថេរ+ ២៦ នោះខ្ញុំនឹងមិនបោះបង់ចោលពូជពង្សយ៉ាកុបនិងពូជពង្សដាវីឌជាអ្នកបម្រើខ្ញុំទេ គឺខ្ញុំនឹងឲ្យពូជពង្សរបស់គាត់គ្រប់គ្រងលើកូនចៅរបស់អាប្រាហាំ អ៊ីសាក និងយ៉ាកុបជានិច្ច។ ខ្ញុំនឹងនាំពួកអ្នកដែលជាប់ជាឈ្លើយឲ្យត្រឡប់មកវិញ+ ព្រោះខ្ញុំមានចិត្តអាណិតអាសូរដល់ពួកគេ›»។+