យេរេមា
៤ ព្រះយេហូវ៉ាប្រកាសថា៖ «ឱអ៊ីស្រាអែលអើយ! បើអ្នកត្រឡប់មកឯខ្ញុំ ហើយបែរមករកខ្ញុំវិញ
ព្រមទាំងបំបាត់ចោលរូបព្រះដ៏គួរឲ្យស្អប់ខ្ពើមចេញពីមុខខ្ញុំ
នោះអ្នកនឹងមិនបាច់ដើរសាត់ព្រាត់ទៀតទេ។+
២ បើអ្នកស្បថ‹ដោយនូវនាមព្រះយេហូវ៉ាជាព្រះដែលមានជីវិតរស់នៅ›
ដោយសេចក្ដីពិត ដោយសេចក្ដីសុចរិត និងយុត្តិធម៌
នោះប្រជាជាតិនានានឹងទទួលពរពីលោក
ហើយពួកគេនឹងមានមោទនភាពដោយសារលោក»។+
៣ ព្រោះព្រះយេហូវ៉ាបានមានប្រសាសន៍ទៅកាន់ពួកយូដានិងអ្នកក្រុងយេរូសាឡិមថា៖
«ចូរភ្ជួររាស់ដីដែលមិនទាន់ដាំដុះចុះ ហើយកុំសាបព្រោះលើគុម្ពបន្លាទៀត។+
៤ ឱពួកយូដានិងអ្នកក្រុងយេរូសាឡិមអើយ!
ដូចការកាត់ចុងស្បែកបំបាត់ភាពស្មោកគ្រោកចេញពីរូបកាយនៅចំពោះព្រះយេហូវ៉ា
ចូរបំបាត់អ្វីដែលស្មោកគ្រោកចេញពីចិត្តរបស់អ្នករាល់គ្នាទៅ+
ដើម្បីកុំឲ្យកំហឹងខ្ញុំឆួលឡើងដូចជាភ្លើងឆេះសន្ធោសន្ធៅ
ដែលគ្មានអ្នកណាពន្លត់បាន ដោយសារតែអំពើទុច្ចរិតរបស់អ្នក»។+
៥ ចូរប្រកាសក្នុងស្រុកយូដានិងក្រុងយេរូសាឡិម
ថែមទាំងផ្លុំស្នែងឲ្យលាន់ឮទូទាំងស្រុក+
គឺស្រែកប្រកាសយ៉ាងខ្លាំងថា៖ «ចូរមូលគ្នាមក
យើងនឹងនាំគ្នារត់ទៅបណ្ដាក្រុងដែលមានកំពែងរឹងមាំ។+
៦ ចូរលើកសញ្ញាសម្គាល់តម្រង់ទៅក្រុងស៊ីយ៉ូន
កុំឈរទ្រឹង រកកន្លែងជ្រកទៅ»
ព្រោះខ្ញុំនឹងនាំឲ្យមានអន្តរាយពីទិសខាងជើង+ ជាសេចក្ដីវេទនាដ៏ធំ។
គាត់ចេញពីកន្លែងគាត់មក ដើម្បីធ្វើឲ្យស្រុករបស់អ្នកទៅជាទីគួរឲ្យស្ញែងខ្លាច។
គាត់នឹងកម្ទេចបណ្ដាក្រុងរបស់អ្នកអស់គ្មានសល់ ហើយគ្មានអ្នកណារស់នៅទីនោះទៀតឡើយ។+
៨ ដូច្នេះ ចូរស្លៀកបាវ+ ហើយទ្រហោយំកាន់ទុក្ខទៅ
ព្រោះព្រះយេហូវ៉ានៅតែខឹងនឹងយើងយ៉ាងខ្លាំង។
៩ ព្រះយេហូវ៉ាប្រកាសថា៖ «នៅគ្រានោះ ស្ដេចនឹងស្រយុតចិត្ត+
ពួកអ្នកគ្រប់គ្រងនឹងតក់ស្លុត ហើយពួកសង្ឃនឹងញ័ររន្ធត់
ព្រមទាំងពួកអ្នកប្រកាសទំនាយ នឹងភ័យស្រឡាំងកាំងដែរ»។+
១០ បន្ទាប់មក ខ្ញុំនិយាយថា៖ «ឱព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតអើយ! លោកបានបញ្ឆោតបណ្ដាជននេះ+និងអ្នកក្រុងយេរូសាឡិមហើយ ដោយពាក្យថា‹អ្នកនឹងមានសន្តិភាពមិនខាន›។+ ប៉ុន្តែមើល! ពួកសត្រូវកំពុងយកដាវភ្ជង់កយើងទៅវិញ»។
១១ នៅគ្រានោះ នឹងមានសេចក្ដីប្រកាសដល់ប្រជារាស្ត្រនេះនិងអ្នកក្រុងយេរូសាឡិមថា៖
«ខ្យល់ក្ដៅពីទីទួលនៅវាលរហោស្ថាន
នឹងបក់នាំយកកូនស្រី*នៃរាស្ត្រខ្ញុំទៅតែម្ដង
គឺមិនមែនបក់មកដើម្បីរោយស្រូវទេ។
១២ ខ្យល់នោះបក់ពេញទំហឹងចេញពីកន្លែងទាំងនោះតាមបញ្ជារបស់ខ្ញុំ។
ខ្ញុំនឹងប្រកាសអំពីការវិនិច្ឆ័យទោសទៅលើពួកគេ។
១៣ មើល! គាត់នឹងមកដូចជាពពកយ៉ាងក្រាស់
ហើយរទេះចម្បាំងរបស់គាត់ប្រៀបដូចជាខ្យល់ព្យុះ+
សេះរបស់គាត់បោលលឿនជាងឥន្ទ្រីហោះទៅទៀត។+
វេទនាហើយយើង ព្រោះយើងនឹងវិនាសជាមិនខាន!
១៤ ឱយេរូសាឡិមអើយ! ចូរសម្អាតចិត្តដ៏ទុច្ចរិតរបស់អ្នកទៅដើម្បីឲ្យអ្នកទទួលសេចក្ដីសង្គ្រោះ។+
តើអ្នកនៅតែមានគំនិតអាក្រក់នេះដល់កាលណាទៀត?
១៥ ព្រោះមានសំឡេងមួយ ប្រាប់ដំណឹងពីទឹកដីដាន់+
ហើយមានការប្រកាសអំពីសេចក្ដីវេទនា ពីតំបន់ភ្នំអេប្រាអ៊ីម។
១៦ ចូរប្រាប់ដំណឹងនោះដល់ប្រជាជាតិទាំងឡាយ
ហើយប្រកាសអំពីរឿងនោះទាស់នឹងក្រុងយេរូសាឡិម»។
«ឯពួកអ្នកយាម* ពួកគេកំពុងមកពីស្រុកឆ្ងាយ
ពួកគេនឹងស្រែកឡើងទាស់នឹងបណ្ដាក្រុងនៅស្រុកយូដា។
១៧ ពួកគេមកទាស់នឹងនាងពីគ្រប់ទិសទី ដូចជាពួកអ្នកយាមដែលនៅទីវាល+
ព្រោះនាងបានបះបោរប្រឆាំងនឹងខ្ញុំ»។+ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា។
១៨ «រាល់សកម្មភាពនិងការប្រព្រឹត្តរបស់អ្នក នឹងធ្លាក់មកលើខ្លួនអ្នកតែម្ដង។+
សេចក្ដីវេទនានោះគឺល្វីងជូរចត់ខ្លាំងណាស់
ព្រោះក្នុងជម្រៅចិត្តអ្នកមានតែគំនិតបះបោរប៉ុណ្ណោះ»។
១៩ ឱខ្លួនខ្ញុំអើយ! ខ្ញុំពិបាកចិត្តខ្លាំងណាស់! ខ្ញុំឈឺចុកចាប់ក្នុងចិត្តជាខ្លាំង។
បេះដូងខ្ញុំលោតញាប់ឥតឈប់។
ខ្ញុំមិនអាចនៅស្ងៀមទៀតទេ ព្រោះខ្ញុំបានឮសំឡេងផ្លុំស្នែង
២០ ខ្ញុំឮអំពីទុក្ខវេទនាមួយហើយមួយទៀត
ព្រោះស្រុកទាំងមូលបានខ្ទេចខ្ទីអស់ហើយ។
ត្រសាលរបស់ខ្ញុំត្រូវគេបំផ្លាញចោលមួយរំពេច
គឺបាត់បង់ទៅក្នុងមួយប៉ប្រិចភ្នែកប៉ុណ្ណោះ។+
២១ តើខ្ញុំត្រូវមើលសញ្ញាសម្គាល់នោះដល់ពេលណាទៅ?
តើខ្ញុំត្រូវឮសំឡេងផ្លុំស្នែងដល់កាលណាទៀត?+
២២ «ព្រោះរាស្ត្រខ្ញុំល្ងីល្ងើណាស់+ ពួកគេមិនយកចិត្តទុកដាក់ស្ដាប់ខ្ញុំទេ។
ពួកគេជាកូនឆោតល្ងង់ គ្មានការយល់ដឹងទាល់តែសោះ។
ពួកគេឆ្លាតខាងការធ្វើអាក្រក់ តែពួកគេមិនដឹងរបៀបធ្វើល្អឡើយ»។
២៣ ខ្ញុំបានមើលទៅស្រុក គឺឃើញនៅទទេ គ្មាននរណារស់នៅសោះ។+
ខ្ញុំងើយមើលទៅលើមេឃ តែមិនឃើញពន្លឺទៀតឡើយ។+
២៤ ខ្ញុំមើលទៅភ្នំ ឃើញភ្នំញ័ររញ្ជួយ
ហើយមើលទៅទីទួល ឃើញទីទួលកក្រើកញាប់ញ័រ។+
២៥ ខ្ញុំខំរកមើល តែមិនឃើញអ្នកណាទេ
សូម្បីតែសត្វស្លាបនៅលើមេឃ ក៏ហើរទៅបាត់អស់ដែរ។+
២៦ ខ្ញុំមើលទៅចម្ការ ឃើញតែវាលស្ងាត់សូន្យប៉ុណ្ណោះ
នេះកើតឡើងដោយសារតែព្រះយេហូវ៉ា។
ឯបណ្ដាក្រុង ក៏ត្រូវគេផ្ដួលរំលំអស់ដែរ។+
នេះកើតឡើងដោយសារតែកំហឹងដ៏ខ្លាំងរបស់លោក។
២៧ ព្រោះព្រះយេហូវ៉ាបានមានប្រសាសន៍ដូច្នេះថា៖ «ស្រុកទាំងមូលនឹងត្រូវទុកចោល+
ប៉ុន្តែ ខ្ញុំនឹងមិនបំផ្លាញចោលទាំងស្រុងទេ។
២៨ ដោយហេតុនេះ ស្រុកទាំងមូលនឹងកាន់ទុក្ខ+ ហើយមេឃនឹងទៅជាងងឹត+
ព្រោះខ្ញុំបានចេញវាចាហើយ ក៏បានសម្រេចធ្វើដូច្នោះដែរ។
ដូច្នេះ ខ្ញុំនឹងមិនកែប្រែចិត្ត ឬផ្លាស់ប្ដូរគំនិតឡើយ។+
២៩ ពេលឮសំឡេងទ័ពសេះ និងពលធ្នូ
បណ្ដាជនក្នុងក្រុងទាំងមូលនាំគ្នារត់គេចខ្លួនអស់។+
ពួកគេរត់ចូលក្នុងព្រៃស្ដុក ហើយឡើងទៅលាក់ខ្លួនលើផ្ទាំងថ្ម។+
ក្រុងទាំងឡាយបានត្រូវបោះបង់ចោល ហើយគ្មានអ្នកណារស់នៅទៀតឡើយ»។
៣០ ឥឡូវអ្នកបានត្រូវបំផ្លាញហើយ តើអ្នកនឹងធ្វើអ្វីទៀត?
អ្នកធ្លាប់តែស្លៀកពាក់ក្រណាត់ពណ៌ក្រហម
ហើយតែងខ្លួនដោយគ្រឿងមាស ថែមទាំងផាត់រង្វង់ភ្នែកទៀតផង។
ប៉ុន្តែ ការតុបតែងខ្លួនរបស់អ្នកគឺឥតប្រយោជន៍ទេ+
ព្រោះអស់អ្នកដែលលង់ស្នេហ៍អ្នក ពួកគេឈប់អើពើនឹងអ្នកហើយ
តែពួកគេកំពុងរកជីវិតអ្នកវិញ។+
៣១ ព្រោះខ្ញុំបានឮសូរសំឡេងដូចជាស្ត្រីកំពុងឈឺចាប់
គឺឈឺចាប់ដូចជាស្ត្រីសម្រាលកូនដំបូង
ជាសំឡេងរបស់កូនស្រីស៊ីយ៉ូនកំពុងដង្ហក់ត្រដរខ្យល់។
នាងលើកដៃនិយាយថា៖+
«វេទនាដល់ខ្ញុំហើយ! ព្រោះខ្ញុំល្វើយខ្លាំងណាស់ដោយសារពួកឃាតករ»។