អេសាយ
២៨ វរហើយ! មកុដ*នៃការអួតសម្ញែងរបស់ពួកអ្នកប្រមឹកនៅអេប្រាអ៊ីម+
និងមកុដរុងរឿងនៃផ្កាស្វិតស្រពោន
ជាមកុដនៅលើក្រុងដែលស្ថិតនៅជ្រលងមានជីជាតិដែលមានពួកអ្នកប្រមឹកស្រារស់នៅ។
២ មើល! ព្រះយេហូវ៉ាមានបុគ្គលមួយរូបដែលខ្លាំងក្លានិងមានឫទ្ធានុភាព។
អ្នកនោះនឹងបោះទម្លាក់វាទៅផែនដី
ដូចព្យុះទឹកកកដែលមានផ្គររន្ទះ ជាព្យុះនៃការបំផ្លាញ
ដូចព្យុះសង្ឃរាបក់បោកដែលបង្កឲ្យមានទឹកជំនន់។
៣ មកុដនៃការអួតសម្ញែងរបស់ពួកអ្នកប្រមឹកនៅអេប្រាអ៊ីមនឹងត្រូវគេជាន់ឈ្លី។+
៤ ឯមកុដរុងរឿងនៃផ្កាស្វិតស្រពោន
ដែលនៅលើក្រុងស្ថិតនៅជ្រលងមានជីជាតិ
នឹងប្រៀបដូចជាផ្លែល្វា*ដំបូងដែលចេញមុនរដូវក្ដៅ។
ពេលអ្នកណាម្នាក់ឃើញវា គាត់លូកដៃទៅបេះរួចដាក់ក្នុងមាត់លេបភ្លាម។
៥ នៅគ្រានោះ ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌នឹងទៅជាមកុដដ៏រុងរឿងនិងជាមកុដផ្កាដ៏ស្រស់ស្អាត ដល់រាស្ត្ររបស់លោកដែលនៅសេសសល់។+ ៦ លោកនឹងជំរុញចិត្តពួកអ្នកសម្រេចក្ដីឲ្យវិនិច្ឆ័យដោយយុត្តិធម៌ ហើយផ្ដល់កម្លាំងខ្លាំងក្លាដល់អស់អ្នកដែលតយុទ្ធនឹងពួកសត្រូវនៅខ្លោងទ្វារក្រុង។+
៧ ពួកសង្ឃនិងពួកអ្នកប្រកាសទំនាយវង្វេងវង្វាន់ដោយស្រាទំពាំងបាយជូរ
គ្រឿងស្រវឹងធ្វើឲ្យពួកគេដើរទ្រេតទ្រោត។
ពួកគេវង្វេងវង្វាន់ដោយសារស្រា
គឺស្រាទំពាំងបាយជូរធ្វើឲ្យពួកគេវង្វេងស្មារតី
ពួកគេដើរទ្រេតទ្រោតដោយសារស្រវឹងស្រា
អ្វីដែលពួកគេបានឃើញក្នុងគំនិតនាំឲ្យខ្លួនគេវង្វេង
ហើយធ្វើឲ្យពួកគេកាត់ក្ដីមិនត្រឹមត្រូវ។+
៨ នៅលើតុរបស់ពួកគេពេញដោយកម្អួតគួរឲ្យខ្ពើម
គឺគ្មានកន្លែងណាស្អាតសោះ។
៩ ប៉ុន្តែ ពួកគេនិយាយថា៖ «តើលោកចង់បង្រៀន
និងពន្យល់ដំណឹងនោះដល់អ្នកណា?
តើដល់កូនង៉ែតទើបតែផ្ដាច់ដោះ
ឬដល់ទារកដែលលែងបៅឬ?
១០ ព្រោះនេះជាបង្គាប់ម្ដងហើយម្ដងទៀត មួយហើយមួយទៀត
មួយជួរហើយមួយជួរទៀត មួយបន្ទាត់ហើយមួយបន្ទាត់ទៀត+
នេះបន្តិច នោះបន្តិច»។
១១ ដូច្នេះ លោកនឹងមានប្រសាសន៍ទៅកាន់ប្រជាជាតិនេះតាមរយៈពួកអ្នកដែលនិយាយត្រដិតនិងនិយាយភាសាដទៃវិញ។+ ១២ លោកធ្លាប់ប្រាប់ពួកគេថា៖ «មើល! នេះជាកន្លែងសម្រាកហើយ ចូរឲ្យអ្នកដែលអស់កម្លាំងមកសម្រាកចុះ ព្រោះនេះជាកន្លែងដែលផ្ដល់កម្លាំងចិត្តឡើងវិញ»។ ប៉ុន្តែ ពួកគេមិនព្រមស្ដាប់ទេ។+ ១៣ ហេតុនេះ ចំពោះពួកគេប្រសាសន៍របស់ព្រះយេហូវ៉ានឹងទៅជា៖
«បង្គាប់ម្ដងហើយម្ដងទៀត មួយហើយមួយទៀត
មួយជួរហើយមួយជួរទៀត មួយបន្ទាត់ហើយមួយបន្ទាត់ទៀត+
នេះបន្តិច នោះបន្តិច»។
ជាលទ្ធផល ពេលពួកគេដើរ ពួកគេនឹងដួលដាច់ផ្ងារ
មានរបួស ហើយធ្លាក់ចូលអន្ទាក់ចេញមិនរួចទេ។+
១៤ ចូរស្ដាប់ប្រសាសន៍ព្រះយេហូវ៉ាចុះ ឱពួកអ្នកមានអំណួតអើយ!
ជាពួកអ្នកគ្រប់គ្រងលើបណ្ដាជននៅក្រុងយេរូសាឡិម
១៥ ព្រោះអ្នករាល់គ្នានិយាយថា៖
ពេលទឹកជន់ឡើង ហូរបក់បោកមក នោះនឹងមិនមកដល់យើងទេ
ព្រោះយើងយកសេចក្ដីកុហកជាទីពំនាក់
ហើយយកសេចក្ដីមិនពិតជាទីលាក់បំពួន»។+
១៦ ហេតុនេះហើយបានជាព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ថា៖
«មើល! ខ្ញុំកំពុងដាក់គ្រឹះនៅភ្នំស៊ីយ៉ូនដោយថ្មដែលបានត្រូវសាកល្បងរួចហើយ+
ជាថ្មជ្រុងដ៏វិសេស+នៃគ្រឹះដ៏រឹងមាំ+
អស់អ្នកណាដែលបង្ហាញជំនឿ នឹងមិនភ័យតក់ស្លុតទេ។+
ព្យុះទឹកកកនឹងបំផ្លាញទីពំនាក់នៃសេចក្ដីកុហកទៅ
ហើយទឹកជំនន់ក៏នឹងពន្លិចទីលាក់បំពួនដែរ។
១៨ កិច្ចព្រមព្រៀងដែលអ្នករាល់គ្នាធ្វើជាមួយនឹងសេចក្ដីស្លាប់នឹងលែងមានសុពលភាពទៀត
ហើយកិច្ចសន្យាជាមួយនឹងផ្នូរ ក៏នឹងទៅជាមោឃដែរ។+
ពេលដែលទឹកជំនន់បក់បោកមក អ្នករាល់គ្នានឹងត្រូវវិនាសសាបសូន្យ។
១៩ រៀងរាល់ដងដែលទឹកជំនន់ហូរកាត់ វានឹងនាំយកអ្នករាល់គ្នាទៅ។+
ព្រោះវានឹងហូរកាត់ជាទៀងទាត់ទាំងថ្ងៃទាំងយប់។
មានតែការភ័យតក់ស្លុតប៉ុណ្ណោះដែលនឹងធ្វើឲ្យពួកគេយល់អ្វីដែលពួកគេបានឮ»។*
២០ ឯគ្រែគឺខ្លីពេកមិនអាចដេកសណ្ដូកជើងបានទេ
ហើយផួយក៏តូចពេកមិនល្មមដណ្ដប់ខ្លួនដែរ។
២១ ព្រោះព្រះយេហូវ៉ានឹងក្រោកឡើងដូចនៅភ្នំពេរ៉ាស៊ីម
លោកនឹងភ្ញាក់ឡើងដូចនៅជ្រលង*ជិតក្រុងគីបៀន+
ដើម្បីលោកអាចធ្វើកិច្ចការរបស់លោក គឺកិច្ចការដ៏ប្លែក
ហើយដើម្បីលោកអាចបំពេញភារកិច្ចរបស់លោក គឺភារកិច្ចខុសពីធម្មតា។+
២២ ដូច្នេះ កុំចំអកឡកឡឺយឲ្យសោះ+
ដើម្បីកុំឲ្យចំណងដែលចងអ្នករាល់គ្នាត្រូវរឹតបន្តឹងថែមទៀត
ព្រោះខ្ញុំបានឮពីព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុត និងជាព្រះនៃបណ្ដាកងទ័ពស្ថានសួគ៌
២៣ ចូរផ្ទៀងត្រចៀកស្ដាប់សំឡេងខ្ញុំ
ចូរយកចិត្តទុកដាក់ស្ដាប់ពាក្យសម្ដីខ្ញុំចុះ។
២៤ តើអ្នកភ្ជួរនឹងភ្ជួររហូតដោយមិនសាបព្រោះឬ?
តើគាត់នឹងកាប់គាស់ដីនិងភ្ជួរដីឥតឈប់ឬ?+
២៥ ផ្ទុយទៅវិញ ពេលដែលគាត់រាស់ដីហើយ
គាត់នឹងសាបព្រោះគ្រាប់ខាមិននិងគ្រាប់ខាមិនខ្មៅ មែនទេ?
ម្យ៉ាងទៀត គាត់នឹងដាំស្រូវសាលី ស្រូវមីឡេត និងស្រូវបាលីនៅត្រង់កន្លែងដែលបានកំណត់ទុក មែនទេ?
ហើយគាត់ក៏ដាំស្រូវឯទៀត*+នៅឯកៀនស្រែដែរ មែនទេ?
២៧ ព្រោះគេមិនដែលប្រើក្ដារបញ្ជាន់មកកិនបំបែកគ្រាប់ខាមិនខ្មៅ+
ហើយគេក៏មិនដែលអូសឧបករណ៍បញ្ជាន់ស្រូវកិនលើគ្រាប់ខាមិនដែរ។
ផ្ទុយទៅវិញ គេប្រើដំបងវាយបំបែកគ្រាប់ខាមិនខ្មៅ
ហើយគេប្រើរំពាត់វាយគ្រាប់ខាមិនវិញ។
២៨ ពេលបញ្ជាន់ស្រូវ តើបុគ្គលម្នាក់នឹងបញ្ជាន់ទាល់តែខ្ទេចទៅជាម្សៅដើម្បីធ្វើនំប៉័ងឬ? ទេ! គាត់មិនធ្វើដូច្នោះទេ។+
ហើយពេលគាត់ប្រើសេះអូសឧបករណ៍បញ្ជាន់ស្រូវ ក៏គាត់មិនកិនស្រូវឲ្យខ្ទេចខ្ទីដែរ។+