អេសាយ
៥១ «ឱអ្នកដែលស្វែងរកសេចក្ដីសុចរិត
និងអ្នកដែលស្វែងរកព្រះយេហូវ៉ាអើយ! ចូរស្ដាប់ខ្ញុំ!
ចូរនឹកដល់ផ្ទាំងថ្មដែលគេបានដាប់អ្នកចេញមក
និងចាំអំពីរណ្ដៅដែលគេបានជីកយកអ្នក។
២ ចូរនឹកឃើញអាប្រាហាំជាបុព្វបុរសរបស់អ្នក
និងនឹកដល់សារ៉ា+ជាអ្នកដែលបានបង្កើតអ្នកមក។
ព្រោះពេលដែលខ្ញុំបានហៅអាប្រាហាំមក គឺមានតែគាត់ម្នាក់ប៉ុណ្ណោះ+
តែខ្ញុំបានឲ្យពរគាត់ ហើយធ្វើឲ្យគាត់មានកូនចៅជាច្រើន។+
៣ ព្រះយេហូវ៉ានឹងសម្រាលទុក្ខក្រុងស៊ីយ៉ូន។+
លោកនឹងផ្ដល់ការសម្រាលទុក្ខដល់ទីបាក់បែកទាំងអស់ក្នុងក្រុងនោះ+
លោកនឹងធ្វើឲ្យតំបន់ស្ងាត់ជ្រងំនៅទីនោះទៅជាស្រស់ស្អាតដូចជាសួនអេដែន។+
ចំណែកតំបន់វាលទំនាបវិញ នោះនឹងមានសោភ័ណភាពស្រស់បំព្រងដូចជាសួនច្បាររបស់ព្រះយេហូវ៉ា។+
នៅក្នុងក្រុងនោះនឹងមានសេចក្ដីអំណរនិងការសប្បាយរីករាយ
ព្រមទាំងឮសូរសំឡេងច្រៀងថ្លែងអំណរគុណផងដែរ។+
៤ ឱរាស្ត្រខ្ញុំអើយ! ចូរយកចិត្តទុកដាក់ស្ដាប់ខ្ញុំ!
ឱប្រជាជាតិខ្ញុំអើយ! ចូរត្រងត្រាប់ស្ដាប់ខ្ញុំ!+
ព្រោះខ្ញុំនឹងចេញច្បាប់មួយ+
ហើយខ្ញុំនឹងតាំងយុត្តិធម៌របស់ខ្ញុំឡើង ទុកជាពន្លឺដល់បណ្ដាជនទាំងឡាយ។+
៥ សេចក្ដីសុចរិតរបស់ខ្ញុំនឹងចូលមកជិត+
តែសេចក្ដីសង្គ្រោះរបស់ខ្ញុំនឹងចេញទៅឆ្ងាយ+
ឯដៃខ្ញុំវិញ នឹងវិនិច្ឆ័យបណ្ដាជន។+
កោះទាំងឡាយនឹងសង្ឃឹមលើខ្ញុំ+ ហើយនឹងរង់ចាំមើលឫទ្ធានុភាពរបស់ខ្ញុំ។
៦ ចូរងើយមើលទៅលើមេឃ ហើយសម្លឹងមើលទៅផែនដី។
ព្រោះមេឃនឹងសូន្យបាត់ទៅដូចជាផ្សែង
ផែនដីនឹងរេចរឹលទៅដូចជាសម្លៀកបំពាក់
ហើយអ្នកដែលរស់នៅលើផែនដីនឹងស្លាប់ដូចជាសត្វសុច។
ប៉ុន្តែ សេចក្ដីសង្គ្រោះរបស់ខ្ញុំ នឹងស្ថិតនៅជារៀងរហូត+
ហើយសេចក្ដីសុចរិតរបស់ខ្ញុំ នឹងមិនកន្លងបាត់ទៅទេ។+
៧ ឱអ្នកដែលស្គាល់សេចក្ដីសុចរិតអើយ! ចូរស្ដាប់ខ្ញុំ!
គឺរាស្ត្រដែលមានច្បាប់របស់ខ្ញុំនៅក្នុងចិត្តពួកគេ។+
ចូរកុំភ័យខ្លាចនឹងការតិះដៀលរបស់មនុស្សឡើយ
ហើយក៏កុំតក់ស្លុតនឹងពាក្យមើលងាយរបស់ពួកគេដែរ។
៨ សត្វល្អិត*នឹងស៊ីបំផ្លាញពួកគេដូចជាស៊ីសម្លៀកបំពាក់
ខ្មូត*នឹងចោះស៊ីពួកគេដូចជាចោះស៊ីក្រណាត់ធ្វើពីរោមចៀម។+
ប៉ុន្តែ សេចក្ដីសុចរិតរបស់ខ្ញុំនឹងស្ថិតស្ថេរជារៀងរហូត
ហើយសេចក្ដីសង្គ្រោះរបស់ខ្ញុំនឹងមានគ្រប់ជំនាន់តរៀងទៅ»។+
៩ ឱដៃរបស់ព្រះយេហូវ៉ាអើយ!+
ចូរកម្រើកឡើង! ចូរកម្រើកហើយបង្ហាញកម្លាំងចុះ!
ចូរកម្រើកឡើងដូចនៅគ្រាពីយូរលង់មកហើយ គឺដូចនៅជំនាន់មុនៗ
តើមិនមែនជាលោកទេឬដែលបានចាក់ទម្លុះសត្វសមុទ្រដ៏ធំសម្បើម?+
១០ តើមិនមែនជាលោកទេឬដែលបានពង្រីងទឹកសមុទ្រដ៏ជ្រៅនិងធំធេង?+
តើមិនមែនជាលោកទេឬ ដែលបានធ្វើឲ្យបាតសមុទ្រទៅជាផ្លូវសម្រាប់ពួកអ្នកដែលលោកបានសង្គ្រោះ ដើរឆ្លងកាត់?+
១១ អស់អ្នកដែលព្រះយេហូវ៉ាបានលោះ នឹងត្រឡប់មកវិញ។+
ពួកគេនឹងមកក្រុងស៊ីយ៉ូនដោយសម្រែកហ៊ោកញ្ជ្រៀវ+
ពួកគេនឹងមានអំណរជានិច្ចនិរន្តរ៍+ ព្រមទាំងមានការសប្បាយរីករាយជារៀងរហូត។
ពួកគេនឹងលែងមានទុក្ខព្រួយនិងការថប់បារម្ភទៀតហើយ។+
១២ «ខ្ញុំផ្ទាល់នឹងសម្រាលទុក្ខអ្នក។+
តើអ្នកគួរខ្លាចមនុស្សដែលនឹងស្លាប់ទៅឬ?+
តើអ្នកគួរខ្លបខ្លាចកូនមនុស្សដែលនឹងក្រៀមស្វិតទៅដូចជាស្មៅឬ?
១៣ ហេតុអ្វីអ្នកភ្លេចព្រះយេហូវ៉ាជាអ្នកបង្កើតអ្នកដូច្នេះ?+
ម្ដេចក៏អ្នកភ្លេចព្រះដែលបានត្រដាងមេឃ+និងដាក់គ្រឹះផែនដី?
រៀងរាល់ថ្ងៃ អ្នកតែងខ្លាចកំហឹងរបស់អ្នកជិះជាន់សង្កត់សង្កិន
ហាក់ដូចជាគេមានសមត្ថភាពបំផ្លាញអ្នក។
តើឥឡូវកំហឹងរបស់គេនៅឯណា?
១៤ មិនយូរទៀត អ្នកដែលជាប់ខ្នោះច្រវាក់នឹងត្រូវដោះលែងឲ្យមានសេរីភាព+
គាត់នឹងមិនស្លាប់ ហើយក៏មិនចូលទៅក្នុងរណ្ដៅដែរ។
ឯអាហាររបស់គាត់ នឹងមិនចេះខ្វះឡើយ។
១៥ ព្រោះខ្ញុំគឺយេហូវ៉ាជាព្រះរបស់អ្នក
ខ្ញុំហើយដែលធ្វើឲ្យសមុទ្រកក្រើករំពើក ហើយធ្វើឲ្យរលកសមុទ្រកញ្ជ្រោលបក់បោក+
ខ្ញុំជាយេហូវ៉ាជាព្រះនៃបណ្ដាកងទ័ពស្ថានសួគ៌ នេះហើយជានាមរបស់ខ្ញុំ។+
១៦ ខ្ញុំនឹងដាក់ពាក្យរបស់ខ្ញុំនៅក្នុងមាត់របស់អ្នក
ហើយនឹងគ្របបាំងអ្នកដោយស្រមោលដៃរបស់ខ្ញុំ+
ដើម្បីឲ្យខ្ញុំត្រដាងមេឃ និងដាក់គ្រឹះផែនដី+
ហើយដើម្បីឲ្យខ្ញុំនិយាយទៅកាន់ស៊ីយ៉ូនថា៖ ‹អ្នកជារាស្ត្ររបស់ខ្ញុំ›។+
១៧ ឱយេរូសាឡិមអើយ! ចូរភ្ញាក់ឡើង ចូរក្រោកឡើង!+
អ្នកបានផឹកពីពែងនៃសេចក្ដីក្រោធរបស់ព្រះយេហូវ៉ាដែលលោកបានលើកឲ្យ។ អ្នកបានផឹកអស់ពីពែង គឺគ្មានសល់មួយតំណក់ទេ ហើយអ្នកក៏ដើរទ្រេតទ្រោតទៅ។+
១៨ ក្នុងចំណោមកូនប្រុសៗដែលនាងបានបង្កើត គ្មានកូនណាម្នាក់នាំផ្លូវនាងទេ
ហើយកូនដែលនាងបានចិញ្ចឹម ក៏មិនបានជួយដឹកដៃនាងដែរ។
១៩ មានព្រឹត្តិការណ៍ពីរនឹងកើតឡើងដល់អ្នក។
អ្នកនឹងត្រូវបំផ្លាញនិងរងការហិនវិនាស
ពេលនោះ តើអ្នកណានឹងអាណិតអាសូរអ្នក?
២០ កូនរបស់អ្នកបានដួលសន្លប់+ ហើយដេកនៅគ្រប់ជ្រុងផ្លូវ
ពួកគេប្រៀបដូចជាចៀមព្រៃជាប់លប់។
ពួកគេរងកំហឹងពីព្រះយេហូវ៉ា គឺទទួលការស្ដីបន្ទោសយ៉ាងខ្លាំងពីព្រះរបស់អ្នក»។
២១ ដូច្នេះ ឱស្ត្រីដែលរងទុក្ខនិងស្រវឹងអើយ! នាងស្រវឹងតែមិនមែនដោយស្រាទេ
ចូរនាងមកស្ដាប់រឿងនេះ។
២២ ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុត ជាព្រះរបស់អ្នកនិងជាអ្នកការពាររាស្ត្រលោក បានមានប្រសាសន៍ដូច្នេះថា៖
«មើល! ខ្ញុំនឹងយកពែងពីដៃរបស់អ្នក ជាពែងដែលនាំឲ្យស្រវឹងទ្រេតទ្រោត+
គឺជាពែងនៃសេចក្ដីក្រោធរបស់ខ្ញុំ អ្នកនឹងមិនផឹកពីពែងនោះម្ដងទៀតឡើយ។+
២៣ ខ្ញុំនឹងប្រគល់ពែងនោះទៅក្នុងដៃរបស់ពួកអ្នកដែលធ្វើទារុណកម្មអ្នក+
ពួកអ្នកទាំងនោះនិយាយទៅកាន់អ្នកថា៖ ‹ក្រាបខ្លួនចុះ! ដើម្បីឲ្យយើងដើរលើឯង›។
ដូច្នេះ អ្នកបានក្រាបចុះ ហើយធ្វើឲ្យខ្នងរាបដូចដី
និងដូចផ្លូវសម្រាប់ពួកគេដើរលើ»។