យេរេមា
២៤ ឯនេប៊ូក្នេសាស្ដេចស្រុកបាប៊ីឡូន គាត់បាននិរទេសយេកូនាស*+ជាកូនយេហូយ៉ាគីម+ជាស្ដេចស្រុកយូដាចេញពីក្រុងយេរូសាឡិម ព្រមជាមួយនឹងពួកអ្នកគ្រប់គ្រងក្នុងស្រុកយូដា និងជាងចម្លាក់ រួមទាំងជាងដែក*ផងដែរ គឺគាត់បានចាប់ពួកគេទាំងអស់យកទៅធ្វើជាឈ្លើយនៅស្រុកបាប៊ីឡូន។+ ក្រោយពីព្រឹត្តិការណ៍នោះ ព្រះយេហូវ៉ាបានបង្ហាញឲ្យខ្ញុំឃើញល្អីពីរដែលពេញទៅដោយផ្លែល្វា* នៅខាងមុខវិហារព្រះយេហូវ៉ា។ ២ ល្អីមួយមានសុទ្ធតែផ្លែល្វាល្អដែលមើលទៅដូចជាផ្លែល្វាទុំនៅដើមរដូវ តែល្អីមួយទៀតមានសុទ្ធតែផ្លែល្វាស្អុយរលួយដែលមិនអាចបរិភោគបាន។
៣ រួចមក ព្រះយេហូវ៉ាសួរខ្ញុំថា៖ «យេរេមាអើយ! តើអ្នកឃើញអ្វីខ្លះ?»។ ខ្ញុំក៏ឆ្លើយថា៖ «ខ្ញុំឃើញផ្លែល្វា។ ផ្លែល្វាល្អគឺល្អខ្លាំងណាស់ តែផ្លែល្វាស្អុយគឺស្អុយរលួយបរិភោគមិនបានទេ»។+
៤ បន្ទាប់មក ព្រះយេហូវ៉ាមានប្រសាសន៍មកខ្ញុំថា៖ ៥ «ព្រះយេហូវ៉ាជាព្រះនៃប្រជាជាតិអ៊ីស្រាអែលមានប្រសាសន៍ដូច្នេះថា៖ ‹ដូចផ្លែល្វាល្អ ខ្ញុំនឹងមើលពួកយូដាក្នុងផ្លូវល្អ ជាពួកអ្នកដែលបានត្រូវនិរទេស និងជាពួកអ្នកដែលខ្ញុំបណ្ដេញចេញពីស្រុកនេះឲ្យទៅរស់នៅក្នុងទឹកដីរបស់ពួកខាល់ដេ។ ៦ ខ្ញុំនឹងតាមមើលថែពួកគេឲ្យបានសេចក្ដីសុខជានិច្ច ហើយនាំពួកគេត្រឡប់មកស្រុកនេះវិញ។+ ខ្ញុំនឹងពង្រឹងពួកគេ ហើយមិនផ្ដួលរំលំពួកគេទេ។ ខ្ញុំនឹងតាំងពួកគេឲ្យរឹងមាំឡើង ហើយមិនរំលើងពួកគេឡើយ។+ ៧ ខ្ញុំនឹងធ្វើឲ្យពួកគេមានចិត្តចង់ស្គាល់ខ្ញុំជាយេហូវ៉ា។+ ពួកគេនឹងទៅជារាស្ត្ររបស់ខ្ញុំ ហើយខ្ញុំនឹងទៅជាព្រះរបស់ពួកគេ។+ ព្រោះពួកគេនឹងត្រឡប់មករកខ្ញុំវិញដោយស្មោះអស់ពីចិត្ត។+
៨ «‹ប៉ុន្តែ ចំពោះផ្លែល្វាស្អុយរលួយដែលមិនអាចបរិភោគបាន+ ខ្ញុំយេហូវ៉ាមានប្រសាសន៍ដូច្នេះថា៖ «ដូចផ្លែល្វាស្អុយនេះ ខ្ញុំនឹងចាត់ទុកសេដេគា+ស្ដេចស្រុកយូដានិងពួកអ្នកគ្រប់គ្រង រួមទាំងអ្នកក្រុងយេរូសាឡិមដែលនៅសេសសល់ក្នុងស្រុកនេះ និងអស់អ្នកដែលរស់នៅក្នុងស្រុកអេហ្ស៊ីបយ៉ាងនោះដែរ។+ ៩ ខ្ញុំនឹងធ្វើឲ្យរាជាណាចក្រទាំងឡាយនៅផែនដីភ័យរន្ធត់និងមានសេចក្ដីវេទនាដោយសារតែពួកគេ។+ នៅស្រុកណាដែលពួកគេទៅរស់នៅ+ ពួកអ្នកស្រុកនោះនឹងមើលងាយ សើចចំអក ជេរប្រមាថ និងប្រទេចផ្ដាសាពួកគេជានិច្ច។+ ១០ ខ្ញុំនឹងធ្វើឲ្យពួកគេរងទុក្ខដោយដាវ+ ការអត់ឃ្លាន និងរោគរាតត្បាត+ រហូតដល់ពួកគេវិនាសសាបសូន្យអស់ពីស្រុកដែលខ្ញុំបានប្រគល់ឲ្យពួកគេនិងបុព្វបុរសរបស់ពួកគេ»›»។