សំបុត្រទី១ជូនចំពោះគ្រិស្តសាសនិកនៅក្រុងកូរិនថូស
២ ដូច្នេះ បងប្អូនអើយ ពេលដែលខ្ញុំមកឯអ្នករាល់គ្នាដើម្បីប្រកាសប្រាប់អំពីអាថ៌កំបាំងដ៏ពិសិដ្ឋរបស់ព្រះ+ ខ្ញុំមិនបានប្រើពាក្យខ្ពង់ខ្ពស់+ ឬសម្ញែងប្រាជ្ញានោះឡើយ។ ២ ព្រោះខ្ញុំបានសម្រេចចិត្តបញ្ជាក់ប្រាប់អ្នករាល់គ្នាអំពីលោកយេស៊ូគ្រិស្តតែប៉ុណ្ណោះ ជាពិសេសបញ្ជាក់ថាលោកបានត្រូវប្រហារជីវិតលើបង្គោល។+ ៣ ខ្ញុំបានមកឯអ្នករាល់គ្នាទាំងទន់ខ្សោយ ទាំងភ័យខ្លាច និងទាំងញាប់ញ័រជាខ្លាំង។ ៤ ពាក្យសម្ដីរបស់ខ្ញុំ និងអ្វីដែលខ្ញុំផ្សព្វផ្សាយ មិនមែនជាពាក្យបញ្ចុះបញ្ចូលដែលជាប្រាជ្ញារបស់មនុស្សទេ តែជាពាក្យដែលបង្ហាញនូវឫទ្ធានុភាព និងអំណាចរបស់ព្រះវិញ+ ៥ ដើម្បីឲ្យអ្នករាល់គ្នាមានជំនឿលើឫទ្ធានុភាពរបស់ព្រះ មិនមែនលើប្រាជ្ញារបស់មនុស្សឡើយ។
៦ យើងនិយាយអំពីប្រាជ្ញាក្នុងចំណោមអ្នកដែលមានចិត្តគំនិតចាស់ទុំក្នុងការគោរពប្រណិប័តន៍ព្រះ+ តែមិនមែនអំពីប្រាជ្ញានៃរបៀបរបបពិភពលោក*នេះទេ ក៏មិនមែនអំពីប្រាជ្ញារបស់ពួកអ្នកគ្រប់គ្រងនៃពិភពលោកនេះដែលនឹងវិនាសសាបសូន្យទៅនោះដែរ។+ ៧ ប៉ុន្តែ យើងនិយាយអំពីប្រាជ្ញារបស់ព្រះដែលបានត្រូវសឲ្យឃើញក្នុងអាថ៌កំបាំងដ៏ពិសិដ្ឋ+ គឺប្រាជ្ញាដែលបានត្រូវលាក់ទុក ដែលព្រះបានកំណត់ទុកជាមុន តាំងពីមិនទាន់មានរបៀបរបបពិភពលោកនៅឡើយ ដើម្បីឲ្យយើងទទួលសិរីរុងរឿង។ ៨ គ្មានអ្នកគ្រប់គ្រងណាម្នាក់នៃពិភពលោកនេះបានស្គាល់ប្រាជ្ញានោះទេ+ ព្រោះប្រសិនបើពួកគេបានស្គាល់មែន នោះពួកគេមិនបានប្រហារជីវិតលោកម្ចាស់*ដែលប្រកបទៅដោយសិរីរុងរឿងនោះឡើយ។ ៩ ប៉ុន្តែ ដូចបទគម្ពីរចែងថា៖ «ភ្នែកមិនធ្លាប់ឃើញ ត្រចៀកមិនធ្លាប់ឮ ហើយចិត្តរបស់មនុស្សមិនដែលនឹកស្មានដល់អ្វីដែលព្រះបានរៀបចំទុកសម្រាប់អ្នកដែលស្រឡាញ់លោកឡើយ»។+ ១០ ពីព្រោះព្រះបានបើកបង្ហាញការទាំងនោះដល់យើង+តាមរយៈឫទ្ធានុភាពរបស់លោក+ ព្រោះឫទ្ធានុភាពរបស់លោកស្ទង់មើលអ្វីៗទាំងអស់ សូម្បីតែសេចក្ដីជ្រាលជ្រៅរបស់ព្រះ។+
១១ ព្រោះគ្មានមនុស្សណាម្នាក់ដឹងគំនិតរបស់មនុស្សម្នាក់ទៀតឡើយ មានតែចិត្តរបស់មនុស្សម្នាក់នោះប៉ុណ្ណោះដែលដឹង មែនទេ? ដូចគ្នាដែរ គ្មានអ្នកណាដឹងអំពីគំនិតរបស់ព្រះទេ មានតែឫទ្ធានុភាពរបស់លោកប៉ុណ្ណោះដែលដឹង។ ១២ ឯយើងមិនបានទទួលចិត្តគំនិតរបស់ពិភពលោកនេះទេ តែបានទទួលឫទ្ធានុភាពពីព្រះ+ ដើម្បីឲ្យយើងដឹងអ្វីៗដែលព្រះបានមេត្តាផ្ដល់ឲ្យយើង។ ១៣ យើងក៏និយាយការទាំងនេះដែរ មិនមែនដោយប្រើពាក្យដែលយើងបានរៀនពីប្រាជ្ញារបស់មនុស្សទេ+ តែដោយប្រើពាក្យដែលយើងបានរៀនពីឫទ្ធានុភាពរបស់ព្រះវិញ+ គឺពាក្យដែលយើងទទួលតាមរយៈឫទ្ធានុភាពរបស់ព្រះ ដើម្បីពន្យល់អំពីរឿងដែលទាក់ទងនឹងព្រះ។
១៤ ប៉ុន្តែ មនុស្សដែលឲ្យសេចក្ដីប៉ងប្រាថ្នារបស់ខ្លួនដឹកនាំគំនិត មិនព្រមទទួលអ្វីៗពីឫទ្ធានុភាពរបស់ព្រះទេ ព្រោះគេចាត់ទុកអ្វីៗទាំងនោះថាជារឿងផ្ដេសផ្ដាស ហើយគេមិនអាចស្គាល់អ្វីៗទាំងនោះបានឡើយ លុះត្រាតែគេមានឫទ្ធានុភាពរបស់ព្រះទើបអាចយល់អ្វីៗទាំងនោះបាន។ ១៥ ក៏ប៉ុន្តែ មនុស្សដែលឲ្យឫទ្ធានុភាពរបស់ព្រះដឹកនាំគំនិត អាចយល់ត្រឹមត្រូវអំពីអ្វីៗទាំងអស់+ តែគ្មានមនុស្សណាម្នាក់អាចយល់ត្រឹមត្រូវអំពីអ្នកនោះបានឡើយ។ ១៦ ព្រោះ«តើអ្នកណាស្គាល់គំនិតរបស់ព្រះយេហូវ៉ា* ដើម្បីអាចណែនាំលោកបាន?»។+ ប៉ុន្តែ យើងមានចិត្តគំនិតរបស់គ្រិស្តវិញ។+