អ្នកទូន្មាន
១១ ចូរបោះនំប៉័ងរបស់អ្នកទៅលើទឹក+ ព្រោះច្រើនថ្ងៃក្រោយមក អ្នកនឹងឃើញនំប៉័ងនោះម្ដងទៀត។+ ២ ចូរចែកអ្វីដែលអ្នកមានដល់៧ឬដល់៨នាក់ផង+ ដោយសារអ្នកមិនដឹងថានឹងកើតមានអន្តរាយ*អ្វីនៅផែនដីឡើយ។
៣ បើពពកពេញទៅដោយទឹក នោះនឹងមានភ្លៀងធ្លាក់មកលើផែនដី ហើយបើដើមឈើរលំទៅខាងត្បូងឬខាងជើង ដើមឈើនោះនឹងរលំនៅត្រង់កន្លែងនោះឯង។
៤ អ្នកណាដែលសង្កេតមើលតែខ្យល់ អ្នកនោះនឹងមិនសាបព្រោះគ្រាប់ពូជទេ ហើយអ្នកណាដែលមើលតែពពក អ្នកនោះក៏មិនច្រូតប្រមូលផលដែរ។+
៥ ដូចអ្នកមិនដឹងថាកម្លាំងជីវិត*មានដំណើរការយ៉ាងណាក្នុងឆ្អឹងរបស់ទារកដែលនៅក្នុងផ្ទៃម្ដាយ+ នោះអ្នកក៏មិនដឹងអំពីកិច្ចការរបស់ព្រះពិត ជាព្រះដែលធ្វើអ្វីៗទាំងអស់ដែរ។+
៦ ចូរសាបព្រោះគ្រាប់ពូជរបស់អ្នកនៅពេលព្រឹក ហើយកុំឈប់ឡើយរហូតដល់ពេលល្ងាច។+ ព្រោះអ្នកមិនដឹងថាមួយណានឹងកើតផលទេ អាចមួយនេះ ឬមួយនោះ ឬអាចនឹងកើតផលល្អទាំងពីរផង។
៧ ពន្លឺធ្វើឲ្យចិត្តរីករាយ ហើយការឃើញដួងអាទិត្យនាំឲ្យមានអារម្មណ៍ស្រស់ថ្លា។ ៨ ព្រោះបើមនុស្សណាម្នាក់មានអាយុវែង គាត់គួរអរសប្បាយរាល់ថ្ងៃ។+ ប៉ុន្តែ គាត់គួរចាំថាគ្រានៃទុក្ខលំបាកអាចមានរយៈពេលយូរ។ អ្វីៗទាំងអស់ដែលនឹងកើតឡើង សុទ្ធតែអសារឥតការ។+
៩ ឱយុវជនអើយ ចូរសប្បាយកាលដែលអ្នកនៅក្មេងនៅឡើយ។ ចូរឲ្យចិត្តរបស់អ្នកត្រេកអរក្នុងគ្រាយុវវ័យ។ ចូរធ្វើតាមចិត្តប៉ងប្រាថ្នា និងទៅកន្លែងណាដែលអ្នកចង់ទៅ។ ប៉ុន្តែ អ្នកត្រូវដឹងថាព្រះពិតនឹងវិនិច្ឆ័យការប្រព្រឹត្តទាំងអស់របស់អ្នក។+ ១០ ដូច្នេះ ចូរបំបាត់អ្វីដែលអាចនាំឲ្យមានបញ្ហាចេញពីចិត្តរបស់អ្នក ហើយជៀសវាងពីអ្វីដែលអាចនាំឲ្យរូបកាយរបស់អ្នកមានគ្រោះថ្នាក់ ព្រោះគ្រាយុវវ័យនិងគ្រាពេញកម្លាំងសុទ្ធតែអសារឥតការ។+