ជូនចំពោះគ្រិស្តសាសនិកនៅក្រុងរ៉ូម
៤ បើដូច្នេះ តើយើងអាចនិយាយយ៉ាងណាអំពីអាប្រាហាំដែលជាបុព្វបុរសរបស់យើង? ២ ជាឧទាហរណ៍ ប្រសិនបើអាប្រាហាំបានត្រូវប្រកាសថាជាមនុស្សសុចរិតដោយសារការប្រព្រឹត្ត នោះគាត់មានហេតុអួតអាង។ ប៉ុន្តែ គាត់មិនអាចអួតអាងនៅចំពោះព្រះបានទេ។ ៣ ព្រោះតើបទគម្ពីរចែងយ៉ាងណា? បទគម្ពីរចែងថា៖ «អាប្រាហាំបានជឿព្រះយេហូវ៉ា* ហើយគាត់បានត្រូវចាត់ទុកជាមនុស្សសុចរិត»។+ ៤ ចំណែកអ្នកណាដែលធ្វើការងារ អ្នកនោះមិនចាត់ទុកប្រាក់ដែលគាត់បានទទួលជាអំណោយ*ទេ តែចាត់ទុកជាប្រាក់ដែលគេជំពាក់គាត់។ ៥ រីឯអ្នកណាដែលមិនអាងលើអ្វីដែលខ្លួនធ្វើ តែមានជំនឿលើព្រះ នោះលោកចាត់ទុកគាត់ថាជាមនុស្សសុចរិតដោយសារជំនឿ។ ព្រះអាចចាត់ទុកមនុស្សដែលមានភាពខុសឆ្គងថាជាមនុស្សសុចរិត។+ ៦ ដូចដាវីឌក៏បាននិយាយដែរអំពីសុភមង្គលរបស់អ្នកដែលព្រះចាត់ទុកថាជាមនុស្សសុចរិត ដោយមិនអាងលើអ្វីដែលអ្នកនោះធ្វើ។ គាត់និយាយថា៖ ៧ «អ្នកណាដែលបានត្រូវលើកលែងទោសចំពោះការប្រព្រឹត្តអាក្រក់ ហើយការខុសឆ្គងរបស់ខ្លួនបានត្រូវគ្របបាំង* អ្នកនោះមានសុភមង្គលហើយ។ ៨ អ្នកណាដែលព្រះយេហូវ៉ា*មិនកត់ទុកការខុសឆ្គងរបស់គាត់ អ្នកនោះមានសុភមង្គលហើយ»។+
៩ ដូច្នេះ តើមានតែមនុស្សដែលបានទទួលការកាត់ចុងស្បែក*ប៉ុណ្ណោះឬ ដែលមានសុភមង្គលបែបនេះ? ឬក៏តើមនុស្សដែលមិនបានទទួលការកាត់ចុងស្បែកមានសុភមង្គលបែបនេះដែរ?+ ព្រោះយើងបាននិយាយហើយថា៖ «ព្រះបានចាត់ទុកអាប្រាហាំជាមនុស្សសុចរិត ដោយសារជំនឿរបស់គាត់»។+ ១០ ដូច្នេះ តើនៅពេលណាដែលព្រះចាត់ទុកគាត់ជាមនុស្សសុចរិត? តើពេលដែលគាត់បានទទួលការកាត់ចុងស្បែករួចហើយ ឬពេលដែលមិនទាន់ទទួល? មិនមែនពេលដែលគាត់ទទួលការកាត់ចុងស្បែកហើយនោះទេ តែគឺពេលដែលគាត់មិនទាន់ទទួលការកាត់ចុងស្បែកវិញ។ ១១ គាត់បានទទួលសញ្ញាសម្គាល់មួយ+ ពោលគឺការកាត់ចុងស្បែក ដើម្បីបញ្ជាក់*ថាគាត់សុចរិតតាមរយៈជំនឿដែលគាត់មាន កាលដែលមិនទាន់ទទួលការកាត់ចុងស្បែក ដើម្បីឲ្យគាត់បានទៅជាឪពុករបស់អស់អ្នកដែលមានជំនឿ+ កាលដែលមិនទាន់ទទួលការកាត់ចុងស្បែកនៅឡើយ ដើម្បីឲ្យព្រះអាចចាត់ទុកពួកគេជាមនុស្សសុចរិតដែរ។ ១២ អាប្រាហាំក៏បានទៅជាឪពុករបស់អ្នកដែលទទួលការកាត់ចុងស្បែកដែរ មិនគ្រាន់តែអ្នកដែលកាន់ខ្ជាប់តាមការកាត់ចុងស្បែកប៉ុណ្ណោះទេ តែរួមទាំងអ្នកដែលដើរតាមលំអានដាននៃជំនឿដែលអាប្រាហាំជាឪពុកយើង+ធ្លាប់មាន កាលដែលមិនទាន់ទទួលការកាត់ចុងស្បែកនៅឡើយ។
១៣ ព្រោះអាប្រាហាំឬកូនចៅ*របស់គាត់បានទទួលសេចក្ដីសន្យាថា នឹងទទួលពិភពលោកមួយជាមត៌ក+ មិនមែនតាមរយៈច្បាប់ទេ តែគឺតាមរយៈសេចក្ដីសុចរិតដែលគាត់មានដោយសារជំនឿវិញ។+ ១៤ ព្រោះប្រសិនបើពួកអ្នកដែលកាន់ខ្ជាប់តាមច្បាប់ជាអ្នកទទួលមត៌ក នោះជំនឿបានទៅជាឥតប្រយោជន៍ ហើយសេចក្ដីសន្យានោះទៅជាអសារឥតការ។ ១៥ តាមការពិត ច្បាប់នាំឲ្យមានសេចក្ដីក្រោធពីព្រះ+ ប៉ុន្តែកាលដែលគ្មានច្បាប់ ក៏គ្មានការរំលងដែរ។+
១៦ ហេតុនេះ អាប្រាហាំបានទទួលសេចក្ដីសន្យាដោយសារជំនឿរបស់គាត់ ហើយនេះមានមូលដ្ឋានលើគុណដ៏វិសេសលើសលប់របស់ព្រះ+ ដើម្បីឲ្យកូនចៅ*ទាំងអស់របស់គាត់បានទទួលសេចក្ដីសន្យានោះយ៉ាងពិតប្រាកដ+ មិនគ្រាន់តែពួកអ្នកដែលកាន់ខ្ជាប់តាមច្បាប់ប៉ុណ្ណោះទេ តែរួមទាំងពួកអ្នកដែលកាន់ខ្ជាប់តាមជំនឿរបស់អាប្រាហាំជាឪពុករបស់យើងរាល់គ្នាដែរ+ ១៧ (ដូចបទគម្ពីរចែងថា៖ «ខ្ញុំបានតែងតាំងអ្នកឲ្យទៅជាឪពុករបស់ប្រជាជាតិជាច្រើន»)។+ នេះបានកើតឡើងនៅចំពោះមុខព្រះ ជាព្រះដែលអាប្រាហាំបានជឿ គឺព្រះដែលធ្វើឲ្យមនុស្សស្លាប់មានជីវិតឡើងវិញ ហើយបានមានប្រសាសន៍អំពីអ្វីដែលមិនទាន់មាន ទុកដូចជាមានហើយ។ ១៨ គាត់បានជឿជាក់ថាគាត់នឹងទៅជាឪពុករបស់ប្រជាជាតិជាច្រើន ទោះជាមើលទៅមិនអាចកើតឡើងក៏ដោយ។ គាត់មានជំនឿលើអ្វីដែលព្រះបានមានប្រសាសន៍មកគាត់ថា៖ «អ្នកនឹងមានកូនចៅ*ច្រើនដូច្នេះដែរ»។+ ១៩ ទោះជាជំនឿរបស់គាត់មិនបានទៅជាខ្សោយក៏ដោយ គាត់បានគិតអំពីរូបកាយរបស់គាត់ ដែលចាត់ទុកដូចជាស្លាប់នៅពេលនោះ (ព្រោះគាត់មានអាយុប្រហែល១០០ឆ្នាំហើយ)។+ គាត់ក៏បានគិតអំពីផ្ទៃរបស់សារ៉ា ដែលចាត់ទុកដូចជាស្លាប់ដែរ។+ ២០ ប៉ុន្តែ ដោយសារសេចក្ដីសន្យារបស់ព្រះ គាត់គ្មានការសង្ស័យទាល់តែសោះ។ ផ្ទុយទៅវិញ គាត់មានកម្លាំងខ្លាំងក្លាដោយសារជំនឿរបស់គាត់ ក៏បានលើកតម្កើងព្រះ ២១ ហើយជឿជាក់ទាំងស្រុងថា លោកពិតជាអាចធ្វើតាមសេចក្ដីសន្យារបស់លោក។+ ២២ ដូច្នេះ «គាត់បានត្រូវចាត់ទុកជាមនុស្សសុចរិត»។+
២៣ ប៉ុន្តែ ពាក្យក្នុងបទគម្ពីរដែលថា៖ «គាត់បានត្រូវចាត់ទុកជាមនុស្សសុចរិត» គឺមិនមែនសម្រាប់តែគាត់ប៉ុណ្ណោះទេ+ ២៤ តែក៏សម្រាប់យើងដែរ ជាអ្នកដែលព្រះនឹងកំណត់ថាត្រូវចាត់ទុកជាមនុស្សសុចរិត ពីព្រោះយើងបានជឿលោកដែលបានប្រោសលោកយេស៊ូជាម្ចាស់របស់យើង ឲ្យរស់ពីស្លាប់ឡើងវិញ។+ ២៥ លោកយេស៊ូបានត្រូវប្រគល់ទៅឲ្យគេសម្លាប់ ដើម្បីការខុសឆ្គងរបស់យើង+ ហើយបានត្រូវប្រោសឲ្យរស់ឡើងវិញ ដើម្បីឲ្យព្រះប្រកាសថា យើងជាមនុស្សសុចរិត។+