អេសាយ
២៩ «វេទនាហើយអេរៀល!* គឺក្រុងអេរៀលដែលដាវីឌបានបោះជំរំ។+
ជារៀងរាល់ឆ្នាំ ចូរធ្វើពិធីបុណ្យប្រចាំឆ្នាំចុះ។+
២ ប៉ុន្តែ ខ្ញុំនឹងធ្វើឲ្យមានសេចក្ដីវេទនាដល់អេរៀល+
ហើយនៅទីនោះនឹងមានការយំទួញនិងការកាន់ទុក្ខ+
ចំពោះខ្ញុំ ក្រុងនោះនឹងប្រៀបដូចជារានទីបូជារបស់ព្រះ។+
៣ ខ្ញុំនឹងបោះជំរំឡោមព័ទ្ធអ្នកនៅគ្រប់ទិសទី
ខ្ញុំនឹងបោះបង្គោលសម្រួចចុងជារបងនៅជុំវិញអ្នក
ខ្ញុំលើកដីឡើងដើម្បីចូលទៅទាស់នឹងអ្នក។+
៤ អ្នកនឹងត្រូវបន្ទាបចុះ អ្នកនឹងនិយាយពីដីមក
ហើយពាក្យសម្ដីរបស់អ្នកនឹងត្រូវគ្របដណ្ដប់ដោយធូលី។
សំឡេងអ្នកនឹងចេញពីដីមក+ សំឡេងអ្នកនឹងឮខ្សាវៗពីធូលី
ដូចជាសំឡេងរបស់គ្រូខាប។
៥ ពួកខ្មាំងសត្រូវរបស់អ្នកនឹងប្រៀបដូចជាម្សៅយ៉ាងម៉ដ្ឋ+
ឯពួកអ្នកគ្រប់គ្រងផ្ដាច់ការវិញ ពួកគេនឹងប្រៀបដូចជាអង្កាមប៉ីងតាមខ្យល់។+
ការនេះនឹងកើតឡើងភ្លាមមួយរំពេច។+
៦ ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌នឹងមកជួយសង្គ្រោះអ្នក
ដោយផ្គរលាន់ ដោយការកក្រើកដី និងសូរគ្រាំគ្រេង
ដោយខ្យល់បក់បោក ព្យុះសង្ឃរា និងអណ្ដាតភ្លើងដែលឆេះបំផ្លាញ»។+
៧ បន្ទាប់មក ប្រជាជាតិទាំងឡាយដែលមកច្បាំងនឹងក្រុងអេរៀល+
នឹងប្រៀបដូចជាការយល់សប្ដិនៅពេលយប់
គឺពួកអ្នកដែលធ្វើសង្គ្រាមទាស់នឹងក្រុងនេះ
និងដំឡើងគ្រឿងសឹកឡោមព័ទ្ធក្រុង
ហើយនាំឲ្យមានសេចក្ដីវេទនាដល់ក្រុងនេះ។
៨ ពួកគេនឹងដូចជាបុគ្គលម្នាក់កំពុងឃ្លាន ហើយយល់សប្ដិថាខ្លួនបានអាហារបរិភោគ
តែពេលភ្ញាក់ឡើង គឺនៅតែឃ្លានដដែល
ហើយនឹងដូចជាបុគ្គលម្នាក់កំពុងស្រេកទឹក ហើយយល់សប្ដិថាខ្លួនបានទឹកផឹក
តែពេលភ្ញាក់ឡើង គឺនៅតែល្វើយនិងស្រេកទឹកដដែល។
ដូច្នេះ ប្រជាជាតិទាំងឡាយដែលមកច្បាំង
នឹងភ្នំស៊ីយ៉ូននឹងមានលទ្ធផលយ៉ាងនេះដែរ។+
៩ ឱបណ្ដាជនអើយ! ចូរភ្ញាក់ផ្អើលនិងស្រឡាំងកាំងចុះ+
ចូរអ្នករាល់គ្នាបិទភ្នែក ដើម្បីកុំឲ្យមើលឃើញទៀត។+
ពួកគេស្រវឹង តែមិនមែនដោយសារស្រាទេ
ពួកគេដើរទ្រេតទ្រោត តែក៏មិនមែនដោយសារគ្រឿងស្រវឹងដែរ។
១០ ព្រោះព្រះយេហូវ៉ាបានធ្វើឲ្យអ្នករាល់គ្នាលង់លក់ស៊ប់។+
លោកបានបិទភ្នែកអ្នករាល់គ្នា ពោលគឺពួកអ្នកប្រកាសទំនាយ+
ហើយលោកបានគ្របក្បាលអ្នករាល់គ្នា ពោលគឺពួកអ្នកទទួលការបើកបង្ហាញពីព្រះ។+
១១ ចំពោះអ្នករាល់គ្នា អ្វីៗទាំងអស់ដែលឃើញក្នុងគំនិតនឹងប្រៀបដូចជាសំណេរក្នុងសៀវភៅដែលគេបិទត្រា។+ ពេលគេហុចសៀវភៅនោះឲ្យអ្នកណាដែលចេះអាន ដោយប្រាប់ថា៖ «សូមអានឲ្យឮៗមក!» អ្នកនោះក៏ឆ្លើយថា៖ «ខ្ញុំអានមិនបានទេ ព្រោះសៀវភៅនេះបានត្រូវបិទត្រាហើយ»។ ១២ ម្យ៉ាងទៀត ពេលគេហុចសៀវភៅនោះឲ្យអ្នកណាដែលមិនចេះអាន ដោយប្រាប់ថា៖ «សូមអានទៅ!» អ្នកនោះក៏ឆ្លើយថា៖ «ខ្ញុំមិនចេះអក្សរទេ»។
១៣ ព្រះយេហូវ៉ាបានមានប្រសាសន៍ថា៖ «បណ្ដាជននេះចេះតែថាចូលមកជិតខ្ញុំ
គឺពួកគេគោរពខ្ញុំតែបបូរមាត់ទេ+ តែចិត្តរបស់ពួកគេបានឃ្លាតឆ្ងាយពីខ្ញុំវិញ។
ពួកគេកោតខ្លាចខ្ញុំ ដោយផ្អែកលើបង្គាប់របស់មនុស្សដែលពួកគេបានរៀនប៉ុណ្ណោះ។+
១៤ ដូច្នេះ មើល! ខ្ញុំនឹងធ្វើការអស្ចារ្យម្ដងទៀតក្នុងចំណោមប្រជាជាតិនេះ+
គឺការអស្ចារ្យលើការអស្ចារ្យ។
ខ្ញុំនឹងធ្វើឲ្យពួកអ្នកប្រាជ្ញលែងមានប្រាជ្ញាទៀត
ហើយក៏ធ្វើឲ្យពួកអ្នកចេះពិចារណាលែងមានការយល់ដឹងដែរ»។+
១៥ វេទនាហើយ! អស់អ្នកដែលខិតខំលាក់បាំងគម្រោងការរបស់ពួកគេពីព្រះយេហូវ៉ា។+
ពួកគេតែងតែប្រព្រឹត្តអាក្រក់នៅក្នុងទីងងឹត
ហើយនិយាយថា៖ «គ្មាននរណាឃើញយើងទេ
ហើយក៏គ្មាននរណាដឹងដែរ»។+
១៦ ឱមនុស្សដែលមានគំនិតវៀចវេរអើយ!
តើគួរចាត់ទុកជាងស្មូនដូចជាដីឥដ្ឋឬ?+
តើភាជនៈគួរនិយាយអំពីជាងស្មូនថា៖ «គាត់មិនបានសូនខ្ញុំទេ»?+
តើរបស់ដែលគេបង្កើតអាចនិយាយអំពីអ្នកបង្កើតថា៖
«គាត់គ្មានការយល់ដឹងទេ»?+
១៧ ក្នុងរយៈពេលយ៉ាងខ្លី តំបន់ភ្នំលីបង់នឹងប្រែក្លាយទៅជាចម្ការ+
ហើយចម្ការនោះនឹងត្រូវគេចាត់ទុកជាព្រៃវិញ។+
១៨ នៅគ្រានោះ មនុស្សថ្លង់នឹងឮពាក្យពីសៀវភៅនោះ
ហើយពីភាពងងឹតសូន្យសុង មនុស្សងងឹតភ្នែកនឹងមើលឃើញ។+
១៩ មនុស្សដែលមានចិត្តសុភាព នឹងត្រេកអរជាខ្លាំងដោយសារតែព្រះយេហូវ៉ា។
ឯមនុស្សក្រីក្រក្នុងចំណោមពួកគេ នឹងមានអំណរក្រៃលែងព្រោះតែព្រះដ៏បរិសុទ្ធនៃអ៊ីស្រាអែល។+
២០ ព្រោះអ្នកគ្រប់គ្រងផ្ដាច់ការនឹងលែងមានទៀត
ហើយអ្នកក្រអឺតក្រអោងនឹងសាបសូន្យទៅ។
ចំណែកពួកអ្នកដែលចាំតែធ្វើបាបអ្នកឯទៀត ពួកគេនឹងត្រូវបំផ្លាញចោល+
២១ គឺពួកអ្នកដែលនិយាយមិនពិតដើម្បីធ្វើឲ្យអ្នកឯទៀតជាប់ទោស
ជាពួកអ្នកដែលរាយអន្ទាក់ដើម្បីចាប់កំហុសអ្នកដែលនិយាយការពារខ្លួននៅខ្លោងទ្វារក្រុង+
ហើយលើកហេតុផលមិនត្រឹមត្រូវ ដើម្បីឲ្យជនសុចរិតរងការកាត់ក្ដីដោយអយុត្តិធម៌។+
២២ ហេតុនេះ ព្រះយេហូវ៉ាជាព្រះដែលបានសង្គ្រោះអាប្រាហាំ+ មានប្រសាសន៍ទៅកាន់ពូជពង្សយ៉ាកុបដូច្នេះថា៖
២៣ ព្រោះពេលគាត់ឃើញកូនចៅរបស់ខ្លួន
ដែលជាស្នាដៃរបស់ខ្ញុំ បានមូលគ្នាមកជិតគាត់+
នោះពួកគេនឹងលើកតម្កើងនាមខ្ញុំឲ្យបានបរិសុទ្ធ
គឺពួកគេនឹងលើកកិត្តិយសព្រះដ៏បរិសុទ្ធនៃយ៉ាកុប
ហើយពួកគេនឹងស្ញប់ស្ញែងចំពោះព្រះនៃអ៊ីស្រាអែល។+
២៤ អស់អ្នកដែលមានចិត្តគំនិតវៀចវេរ នឹងទទួលការយល់ដឹង
ហើយអស់អ្នកដែលរអ៊ូរទាំ នឹងទទួលការណែនាំ»។