ម៉ាឡាគី
១ សេចក្ដីប្រកាស៖
នេះជាប្រសាសន៍របស់ព្រះយេហូវ៉ាទៅកាន់ជនជាតិអ៊ីស្រាអែល តាមរយៈម៉ាឡាគី៖*
២ ព្រះយេហូវ៉ាមានប្រសាសន៍ថា៖ «ខ្ញុំបានបង្ហាញសេចក្ដីស្រឡាញ់ដល់អ្នករាល់គ្នា»។+
ប៉ុន្តែ អ្នករាល់គ្នាបែរជានិយាយថា៖ «តើលោកបានធ្វើអ្វីខ្លះដែលបង្ហាញថាលោកស្រឡាញ់ពួកយើង?»។
ព្រះយេហូវ៉ាតបថា៖ «តើអេសាវមិនមែនជាបងប្រុសរបស់យ៉ាកុបទេឬ?+ តែខ្ញុំស្រឡាញ់យ៉ាកុប ៣ ហើយខ្ញុំស្អប់អេសាវ។+ ខ្ញុំបានធ្វើឲ្យភ្នំរបស់គាត់ក្លាយជាកន្លែងដែលគេទុកចោល+ ហើយឲ្យមត៌ករបស់គាត់ដល់ឆ្កែព្រៃនៅតំបន់ស្ងាត់ជ្រងំ»។+
៤ «ទោះជាអេដំនិយាយថា៖ ‹យើងបានត្រូវបំផ្លាញចោលក៏ពិតមែន តែយើងនឹងត្រឡប់មកវិញ ហើយសង់ក្រុងដែលខូចបង់សាជាថ្មី›។ ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌បានមានប្រសាសន៍ថា៖ ‹ពួកគេនឹងសង់ តែខ្ញុំនឹងរំលំចោល ហើយមនុស្សនឹងហៅទីនោះថា«ទឹកដីនៃអំពើទុច្ចរិត» ហើយហៅពួកគេថា«បណ្ដាជនដែលនៅជាប់ការផ្ដន្ទាទោសពីព្រះយេហូវ៉ាជាដរាប»។+ ៥ អ្នករាល់គ្នានឹងឃើញដោយផ្ទាល់ភ្នែក រួចអ្នករាល់គ្នានឹងពោលថា៖ «សូមឲ្យព្រះយេហូវ៉ាទទួលការលើកតម្កើងនៅទូទាំងទឹកដីនៃអ៊ីស្រាអែល»›»។
៦ «ខ្ញុំយេហូវ៉ាជាព្រះនៃបណ្ដាកងទ័ពស្ថានសួគ៌បានមានប្រសាសន៍ទៅកាន់ពួកសង្ឃដែលប្រមាថនាមរបស់ខ្ញុំ។ ខ្ញុំបានប្រាប់ពួកគេថា៖ ‹តាមធម្មតា កូនគោរពឪពុក+ ហើយអ្នកបម្រើគោរពចៅហ្វាយ។ ចុះបើខ្ញុំជាឪពុក+ ហេតុអ្វីបានជាអ្នករាល់គ្នាមិនគោរពខ្ញុំ?+ ហើយបើខ្ញុំជាម្ចាស់* ហេតុអ្វីបានជាអ្នករាល់គ្នាមិនកោតខ្លាច*ខ្ញុំ?›។+
«‹ប៉ុន្តែ អ្នករាល់គ្នានិយាយថា៖ «តើនៅពេលណាដែលពួកយើងបានប្រមាថនាមរបស់លោក?»›។
៧ «‹អ្នករាល់គ្នាបានជូនអាហារស្មោកគ្រោកនៅលើទីបូជារបស់ខ្ញុំ›។
«‹ហើយអ្នករាល់គ្នាស្រដីថា៖ «តើពួកយើងបានធ្វើឲ្យលោកស្មោកគ្រោកនៅពេលណា?»›។
«‹អ្នករាល់គ្នាក៏ពោលទៀតថា៖ «តុរបស់ព្រះយេហូវ៉ា+ពិតជាគួរឲ្យខ្ពើមណាស់»។ ៨ ពេលអ្នករាល់គ្នាជូនសត្វខ្វាក់ភ្នែកជាគ្រឿងបូជា អ្នករាល់គ្នាពោលថា៖ «មិនមែនជាអ្វីអាក្រក់ទេ» ហើយពេលអ្នករាល់គ្នាជូនសត្វពិការជើងឬសត្វដែលឈឺ អ្នករាល់គ្នាក៏តែងពោលថា៖ «មិនមែនជាអ្វីអាក្រក់ទេ»›»។+
«សូមអ្នករាល់គ្នាសាកជូនអ្វីទាំងនោះដល់អភិបាលរបស់អ្នក តើគាត់នឹងពេញចិត្តអ្នក ឬព្រមទទួលអ្នកដោយរាក់ទាក់ឬទេ?»។ នេះជាប្រសាសន៍របស់ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌។
៩ «ឥឡូវសូមយើងរាល់គ្នាអង្វរព្រះ ក្រែងលោលោកបង្ហាញសេចក្ដីមេត្តាករុណាដល់យើង។ បើអ្នករាល់គ្នានៅតែជូនគ្រឿងបូជាបែបនោះ តើលោកនឹងពេញចិត្តទទួលអ្នករាល់គ្នាណាម្នាក់ឬ?»។ នេះជាប្រសាសន៍របស់ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌។
១០ «ក្នុងចំណោមអ្នករាល់គ្នា តើមានអ្នកណាស្ម័គ្រចិត្តទៅបិទទ្វារ*ទេ?+ ព្រោះសូម្បីតែដុតភ្លើងនៅទីបូជារបស់ខ្ញុំ ក៏អ្នករាល់គ្នាមិនទាំងធ្វើផង បើគ្មានកម្រៃនោះ។+ ខ្ញុំមិនពេញចិត្តអ្នករាល់គ្នាទាល់តែសោះ ហើយក៏មិនពេញចិត្តគ្រឿងបូជាណាមួយដែលអ្នករាល់គ្នាបានជូនដល់ខ្ញុំដែរ»។ នេះជាប្រសាសន៍របស់ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌។+
១១ «ចាប់ពីទិសខាងកើតដល់ទិសខាងលិច នាមរបស់ខ្ញុំនឹងបានឧត្តុង្គឧត្តមក្នុងចំណោមប្រជាជាតិនានា។+ នៅគ្រប់កន្លែងនឹងមានការដុតគ្រឿងបូជាឲ្យផ្សែងហុយឡើង ព្រមទាំងមានការជូនគ្រឿងបូជាដើម្បីលើកតម្កើងនាមរបស់ខ្ញុំ ជាជំនូនដែលខ្ញុំព្រមទទួល។ ព្រោះនាមរបស់ខ្ញុំនឹងបានឧត្តុង្គឧត្តមក្នុងចំណោមប្រជាជាតិនានា»។+ នេះជាប្រសាសន៍របស់ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌។
១២ «ប៉ុន្តែ អ្នករាល់គ្នាកំពុងបង្អាប់បង្អោននាមរបស់ខ្ញុំ*+ ដោយនិយាយថា៖ ‹តុរបស់ព្រះយេហូវ៉ាគឺស្មោកគ្រោក ទាំងផ្លែឈើ ទាំងអាហារដែលនៅលើតុនោះផង សុទ្ធតែជារបស់ដែលគួរឲ្យខ្ពើមរអើម›។+ ១៣ មិនត្រឹមតែប៉ុណ្ណោះ អ្នករាល់គ្នាធ្វើមុខពេបជ្រាយចំពោះអ្វីទាំងនោះ ហើយពោលថា៖ ‹មើល! នេះពិតជាគួរឲ្យធុញទ្រាន់ណាស់!›»។ នេះជាប្រសាសន៍របស់ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌។ ព្រះយេហូវ៉ាមានប្រសាសន៍ថា៖ «អ្នករាល់គ្នាបានយកសត្វដែលលួចពីគេ សត្វពិការ និងសត្វមានជំងឺ មកជូនខ្ញុំ! តើគួរឲ្យខ្ញុំទទួលជំនូននោះពីដៃរបស់អ្នកទេ?»។+
១៤ «មនុស្សមានកលល្បិចត្រូវបណ្ដាសាហើយ ព្រោះអ្នកនោះមានសត្វល្អឥតខ្ចោះ តែបែរជាស្បថ ហើយយកសត្វដែលមិនល្អ*ធ្វើជាគ្រឿងបូជាជូនព្រះយេហូវ៉ាទៅវិញ។ ខ្ញុំជាស្ដេចដ៏ឧត្តុង្គឧត្តម+ ហើយនាមរបស់ខ្ញុំគួរឲ្យកោតស្ញប់ស្ញែងក្នុងចំណោមប្រជាជាតិនានា»។+ នេះជាប្រសាសន៍របស់ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌។