សៀវភៅសាំយូអែលទី១
២ បន្ទាប់មក ហាណាអធិដ្ឋានទៅព្រះថា៖
ខ្ញុំហ៊ានពោលពាក្យតតាំងនឹងសត្រូវរបស់ខ្ញុំ
ពីព្រោះសេចក្ដីសង្គ្រោះរបស់លោកធ្វើឲ្យខ្ញុំមានអំណរខ្លាំងពន់ពេក។
២ គ្មានព្រះណាដែលបរិសុទ្ធដូចព្រះយេហូវ៉ាឡើយ
គឺមានតែលោកប៉ុណ្ណោះ។+
ព្រះរបស់យើងរឹងមាំដូចថ្មដា គ្មានព្រះណាដូចលោកទេ។+
៣ កុំឲ្យអ្នកពោលពាក្យអួតក្អេងក្អាងឡើយ
កុំឲ្យអំណួតចេញពីមាត់របស់អ្នកឲ្យសោះ
ព្រោះព្រះយេហូវ៉ាជាព្រះដែលជ្រាបអ្វីៗទាំងអស់+
ហើយលោកវិនិច្ឆ័យដោយយុត្តិធម៌។
៤ ធ្នូរបស់មនុស្សខ្លាំងពូកែបានបាក់បែកខ្ទេចខ្ទីអស់ទៅ
ប៉ុន្តែពួកអ្នកដែលខ្សោយ បានទទួលកម្លាំងឡើងវិញ។+
៥ ពួកអ្នកដែលបរិភោគឆ្អែត បែរជាទៅបម្រើគេដើម្បីបានអាហារ
ចំណែកពួកអ្នកដែលអត់ឃ្លាន ពួកគេបែរជាបរិភោគឆ្អែតវិញ។+
ឯស្ត្រីដែលមិនអាចមានកូន បែរជាបង្កើតកូនបានដល់ទៅ៧នាក់+
តែស្ត្រីដែលមានកូនច្រើន នឹងលែងមានកូនទៀត។
៦ ព្រះយេហូវ៉ាអាចបំផ្លាញជីវិត ហើយលោកក៏អាចរក្សាជីវិតដែរ
លោកអាចនាំជីវិតមនុស្សទៅឯផ្នូរ* ហើយលោកក៏អាចប្រោសពួកគេពីផ្នូរឲ្យរស់ឡើងវិញដែរ។+
៧ ព្រះយេហូវ៉ាអាចធ្វើឲ្យមនុស្សទៅជាក្រ ហើយលោកក៏អាចធ្វើឲ្យពួកគេទៅជាមានដែរ។+
លោកអាចធ្វើឲ្យពួកគេអាប់ឱន ហើយលោកក៏អាចលើកតម្កើងពួកគេឡើងដែរ។+
៨ លោកលើកមនុស្សទន់ទាបឡើងពីធូលីដី
ហើយលោកលើកមនុស្សក្រីក្រឡើងពីគំនរផេះ*+
ដើម្បីឲ្យពួកគេអង្គុយជាមួយនឹងពួកមានឋានៈខ្ពស់
លោកឲ្យពួកគេអង្គុយនៅកន្លែងកិត្តិយស។
គ្រឹះផែនដីជារបស់ព្រះយេហូវ៉ា+
ហើយលោកដាក់ផែនដីនៅលើគ្រឹះទាំងនោះ។
៩ លោកការពារអ្នកដែលមានភក្ដីភាពចំពោះលោក+
ប៉ុន្តែ មនុស្សទុច្ចរិតនឹងត្រូវបំផ្លាញក្នុងទីងងឹត+
ព្រោះមនុស្សមិនអាចមានជ័យជម្នះ ដោយអាងកម្លាំងរបស់ខ្លួនឡើយ។+
១០ ព្រះយេហូវ៉ានឹងបំផ្លាញពួកអ្នកដែលប្រឆាំងលោក*+
លោកនឹងបញ្ចេញផ្គរលាន់ពីលើមេឃមកទាស់នឹងពួកគេ។+
១១ រួចមក អេលកាណាបានត្រឡប់ទៅផ្ទះនៅក្រុងរ៉ាម៉ាវិញ។ ក៏ប៉ុន្តែ កូនតូចនោះនៅបម្រើព្រះយេហូវ៉ា+ជាមួយនឹងអេលីដែលជាសង្ឃ។
១២ ចំណែកកូនប្រុសៗរបស់អេលី ពួកគេជាមនុស្សទុច្ចរិត។+ ពួកគេគ្មានការគោរពចំពោះព្រះយេហូវ៉ាទេ។ ១៣ ស្ដីអំពីចំណែកដែលពួកសង្ឃមានសិទ្ធិទទួលពីបណ្ដាជន នេះជាអ្វីដែលកូនប្រុសៗអេលីបានធ្វើ+ គឺកាលណាមនុស្សណាម្នាក់មកជូនគ្រឿងបូជា ហើយឲ្យសាច់យកទៅស្ងោរ នោះអ្នកបម្រើម្នាក់របស់សង្ឃកាន់សមធំមួយមក។ ១៤ អ្នកបម្រើនោះយកសមទៅចាក់សាច់ក្នុងឆ្នាំងណាមួយ។ ពេលដែលអ្នកបម្រើដកសមមកវិញ សាច់ផ្នែកណាដែលជាប់នឹងសម សង្ឃទុកសម្រាប់ខ្លួនឯង។ នោះជាអ្វីដែលពួកគេធ្វើចំពោះជនជាតិអ៊ីស្រាអែលទាំងអស់ដែលមកជូនគ្រឿងបូជានៅក្រុងស៊ីឡូរ។ ១៥ មិនត្រឹមតែប៉ុណ្ណោះ មុនពេលគេដុតខ្លាញ់នៃគ្រឿងបូជា+ អ្នកបម្រើម្នាក់របស់សង្ឃបានទៅនិយាយនឹងអ្នកជូនថា៖ «ចូរឲ្យសាច់ទៅសង្ឃដើម្បីអាំង ព្រោះគាត់មិនទទួលសាច់ស្ងោរពីអ្នកទេ គឺទទួលតែសាច់ឆៅប៉ុណ្ណោះ»។ ១៦ ពេលដែលអ្នកនោះនិយាយថា៖ «ចាំឲ្យគេដុតខ្លាញ់ហើយសិន+ រួចសឹមយកតាមចិត្តចុះ»។ អ្នកបម្រើសង្ឃតបថា៖ «អត់ទេ! ឲ្យសាច់មកភ្លាម បើមិនឲ្យទេ ខ្ញុំនឹងចាប់យកទៅ!»។ ១៧ ដោយហេតុនេះ ពួកអ្នកបម្រើសង្ឃមានកំហុសកាន់តែធំចំពោះព្រះយេហូវ៉ា+ ដោយសារពួកគេមើលងាយគ្រឿងបូជារបស់ព្រះយេហូវ៉ា។
១៨ នៅពេលនោះ សាំយូអែលកំពុងបម្រើ+នៅចំពោះមុខព្រះយេហូវ៉ា។ ទោះបីគាត់ជាក្មេងតូចក៏ដោយ គាត់ពាក់អាវអេផូឌ*ធ្វើពីក្រណាត់សាច់ល្អ។+ ១៩ ម្យ៉ាងទៀត ជារៀងរាល់ឆ្នាំ ម្ដាយរបស់សាំយូអែលធ្វើអាវវែងតូចមួយ*សម្រាប់គាត់។ នាងយកអាវនោះឲ្យគាត់ ពេលដែលនាងនិងប្ដីនាងធ្វើដំណើរឡើងទៅជូនគ្រឿងបូជា។+ ២០ អេលីបានជូនពរអេលកាណានិងប្រពន្ធថា៖ «សូមព្រះយេហូវ៉ាឲ្យប្រពន្ធអ្នកមានកូនមួយទៀត ជំនួសកូនដែលអ្នកបានជូនព្រះយេហូវ៉ា»។+ រួចពួកគាត់ត្រឡប់ទៅផ្ទះវិញ។ ២១ ព្រះយេហូវ៉ាបានធ្វើតាមសេចក្ដីអធិដ្ឋានរបស់ហាណា។ ក្រោយមក នាងក៏មានកូនថែមទៀតគឺ+ កូនប្រុសបីនាក់ និងកូនស្រីពីរនាក់។ រីឯក្មេងប្រុសសាំយូអែលក៏ធំឡើងនៅចំពោះមុខព្រះយេហូវ៉ា។+
២២ ឥឡូវ អេលីមានវ័យចាស់ណាស់ហើយ។ គាត់បានឮអំពីអ្វីទាំងអស់ដែលកូនប្រុសៗគាត់បានប្រព្រឹត្ត+ទៅលើជនជាតិអ៊ីស្រាអែលទាំងឡាយ ព្រមទាំងរឿងដែលកូនប្រុសៗគាត់បានរួមដំណេកជាមួយនឹងស្ត្រីដែលបម្រើនៅទ្វារត្រសាលជំនុំ។+ ២៣ អេលីរមែងសួរកូនប្រុសៗថា៖ «ហេតុអ្វីបានជាកូនចេះតែធ្វើអំពើបែបនេះ? អ្វីដែលពុកបានឮមនុស្សទាំងអស់និយាយអំពីកូន សុទ្ធតែអាក្រក់។ ២៤ ឈប់ទៅកូន! រឿងដែលពុកឮរាស្ត្ររបស់ព្រះយេហូវ៉ានិយាយអំពីកូន គឺមិនល្អទេ។ ២៥ បើមនុស្សម្នាក់ធ្វើខុសចំពោះមនុស្សម្នាក់ទៀត នោះអ្នកឯទៀតអាចអធិដ្ឋានអង្វរព្រះយេហូវ៉ាឲ្យគាត់បាន* តែបើមនុស្សម្នាក់ធ្វើខុសចំពោះព្រះយេហូវ៉ា+ តើអ្នកណាអាចអធិដ្ឋានអង្វរឲ្យគាត់បាន?»។ ក៏ប៉ុន្តែ កូនប្រុសទាំងនោះមិនស្ដាប់បង្គាប់ឪពុកទេ ព្រោះព្រះយេហូវ៉ាបានតាំងចិត្តសម្លាប់ពួកគេចោល។+ ២៦ ដំណាលគ្នានោះដែរ ក្មេងប្រុសសាំយូអែលកាន់តែធំឡើង ហើយទាំងព្រះយេហូវ៉ាទាំងមនុស្សពេញចិត្តគាត់កាន់តែខ្លាំងឡើងៗ។+
២៧ ព្រះបានចាត់បុរសម្នាក់ឲ្យមកជួបអេលី ហើយប្រាប់ថា៖ «ព្រះយេហូវ៉ាមានប្រសាសន៍ថា៖ ‹កាលដែលបុព្វបុរសរបស់អ្នកធ្វើជាខ្ញុំបម្រើផារ៉ូ*នៅស្រុកអេហ្ស៊ីប តើខ្ញុំមិនបានធ្វើឲ្យពួកគេស្គាល់ខ្ញុំយ៉ាងច្បាស់ទេឬ?+ ២៨ ហើយពីគ្រប់កុលសម្ព័ន្ធនៃជនជាតិអ៊ីស្រាអែល ខ្ញុំបានជ្រើសរើសគាត់+ឲ្យធ្វើជាសង្ឃរបស់ខ្ញុំ ហើយឲ្យឡើងទៅទីបូជារបស់ខ្ញុំ+ដើម្បីជូនគ្រឿងបូជា ដុតគ្រឿងក្រអូប* និងពាក់អាវអេផូឌនៅចំពោះមុខខ្ញុំ។ កាលដែលជនជាតិអ៊ីស្រាអែលឲ្យគេដុតគ្រឿងបូជា ខ្ញុំបានឲ្យគ្រឿងបូជាដុតទាំងអស់នោះដល់កូនចៅរបស់បុព្វបុរសអ្នក។+ ២៩ ហេតុអ្វីបានជាអ្នករាល់គ្នាប្រមាថមើលងាយគ្រឿងបូជា និងជំនូនដែលខ្ញុំបង្គាប់ឲ្យជូននៅក្នុងទីអាស្រ័យនៅរបស់ខ្ញុំ?+ ហេតុអ្វីអ្នកលើកកិត្តិយសកូនរបស់អ្នកច្រើនជាងលើកកិត្តិយសខ្ញុំ ដោយចម្អែតខ្លួនអ្នករាល់គ្នានូវផ្នែកល្អបំផុតពីគ្រប់ទាំងគ្រឿងបូជារបស់អ៊ីស្រាអែលដែលជារាស្ត្ររបស់ខ្ញុំ?+
៣០ «‹ហេតុនេះហើយបានជាព្រះយេហូវ៉ាជាព្រះនៃជនជាតិអ៊ីស្រាអែល លោកមានប្រសាសន៍ថា៖ «ខ្ញុំធ្លាប់និយាយថាកូនចៅរបស់អ្នកនិងរបស់បុព្វបុរសអ្នក នឹងបម្រើខ្ញុំជានិច្ច»។+ ប៉ុន្តែឥឡូវ ព្រះយេហូវ៉ាប្រកាសថា៖ «ខ្ញុំនឹងមិនឲ្យការនោះកើតឡើងឡើយ ព្រោះខ្ញុំនឹងលើកកិត្តិយសអ្នកដែលបានលើកកិត្តិយសខ្ញុំ+ តែអ្នកដែលប្រមាថមើលងាយខ្ញុំ ខ្ញុំនឹងចាត់ទុកអ្នកនោះថាគ្មានតម្លៃ»។ ៣១ មើល! នៅគ្រានោះមកដល់ ខ្ញុំនឹងផ្ដាច់អំណាចរបស់អ្នក ព្រមទាំងអំណាចកូនចៅរបស់ឪពុកអ្នកដែរ ហើយគ្មានកូនចៅណាម្នាក់របស់អ្នកដែលនឹងរស់នៅរហូតដល់ចាស់ឡើយ។+ ៣២ ក្នុងអំឡុងពេលដែលជនជាតិអ៊ីស្រាអែលកំពុងចម្រុងចម្រើន អ្នកនឹងឃើញសត្រូវនៅក្នុងទីអាស្រ័យរបស់ខ្ញុំ+ ហើយកូនចៅរបស់អ្នកនឹងស្លាប់មុនអាយុ។ ៣៣ ចំណែកកូនចៅម្នាក់របស់អ្នកដែលខ្ញុំមិនបានកាត់ចេញពីការបម្រើខ្ញុំនៅទីបូជា អ្នកនោះនឹងធ្វើឲ្យភ្នែកអ្នកទៅជាងងឹត ព្រមទាំងនាំឲ្យអ្នកមានទុក្ខសោក ហើយកូនចៅភាគច្រើនរបស់អ្នកនឹងត្រូវស្លាប់ដោយដាវ។+ ៣៤ អ្វីដែលកើតឡើងចំពោះកូនប្រុសទាំងពីររបស់អ្នក គឺហូណាយនិងភីនេហាស នឹងទៅជាសញ្ញាសម្គាល់ដល់អ្នក ពោលគឺពួកគេទាំងពីរនាក់នឹងស្លាប់ក្នុងថ្ងៃតែមួយ។+ ៣៥ រួចមក ខ្ញុំនឹងជ្រើសរើសសង្ឃស្មោះត្រង់ម្នាក់សម្រាប់ខ្ញុំ។+ គាត់នឹងធ្វើតាមបំណងប្រាថ្នារបស់ខ្ញុំ ហើយខ្ញុំនឹងធ្វើឲ្យកូនចៅគាត់នៅស្ថិតស្ថេរ។* គាត់នឹងបម្រើជាសង្ឃសម្រាប់អ្នកដែលខ្ញុំបានរើសតាំងរហូតតទៅ។ ៣៦ រីឯកូនចៅរបស់អ្នកដែលនៅមានជីវិត ពួកគេនឹងមកក្រាបអង្វរសុំប្រាក់កម្រៃ និងសុំអាហារ*ពីគាត់ ដោយនិយាយថា៖ «សូមឲ្យខ្ញុំបានតំណែងជាសង្ឃម្នាក់ ដើម្បីបានចំណែកអាហារបន្តិចបន្តួច*បរិភោគផង»›»។+