សៀវភៅលូកា
៦ នៅថ្ងៃឈប់សម្រាកមួយ លោកកំពុងដើរកាត់វាលស្រូវសាលី ហើយពួកអ្នកកាន់តាមលោកដើរបណ្ដើរ កាច់កួរស្រូវមកឈ្លីបរិភោគបណ្ដើរ។+ ២ ឃើញដូច្នេះ ពួកផារិស៊ីខ្លះសួរថា៖ «ហេតុអ្វីអ្នករាល់គ្នាកំពុងធ្វើអ្វីដែលច្បាប់មិនអនុញ្ញាតឲ្យធ្វើនៅថ្ងៃឈប់សម្រាកដូច្នេះ?»។+ ៣ លោកយេស៊ូក៏តបថា៖ «តើអ្នករាល់គ្នាមិនធ្លាប់អានអំពីអ្វីដែលដាវីឌបានធ្វើ ពេលគាត់និងពួកបុរសដែលនៅជាមួយនឹងគាត់ឃ្លានទេឬ?+ ៤ គាត់បានចូលក្នុងវិហារ*របស់ព្រះ ហើយយកនំប៉័ងតាំងទុកជាគ្រឿងបូជា មកបរិភោគជាមួយនឹងពួកបុរសរបស់គាត់ ដែលគ្មានអ្នកណាមានច្បាប់បរិភោគទេ ក្រៅពីពួកសង្ឃ មែនទេ?»។+ ៥ រួចលោកមានប្រសាសន៍ទៅពួកគេទៀតថា៖ «កូនមនុស្សជាម្ចាស់លើថ្ងៃឈប់សម្រាក»។+
៦ នៅថ្ងៃឈប់សម្រាកមួយទៀត+ លោកបានចូលទៅក្នុងសាលាប្រជុំ ហើយចាប់ផ្ដើមបង្រៀន។ នៅទីនោះ មានបុរសម្នាក់ស្វិតដៃស្ដាំ។+ ៧ ពេលនោះ ពួកអ្នកជំនាញខាងច្បាប់និងពួកផារិស៊ីចាំសង្កេតមើលថា លោកយេស៊ូនឹងធ្វើឲ្យបុរសនោះជាសះស្បើយនៅថ្ងៃឈប់សម្រាកឬយ៉ាងណា ដើម្បីមានហេតុចោទប្រកាន់លោក។ ៨ ប៉ុន្តែ លោកជ្រាបអំពីអ្វីដែលពួកគេកំពុងរិះគិតក្នុងចិត្ត។+ លោកក៏មានប្រសាសន៍ទៅបុរសស្វិតដៃថា៖ «ចូរក្រោកឡើង ហើយមកឈរនៅចំកណ្ដាលនេះ»។ ឮដូច្នោះ បុរសនោះក៏ក្រោកឡើង ហើយមកឈរនៅទីនោះ។ ៩ បន្ទាប់មក លោកយេស៊ូមានប្រសាសន៍ទៅពួកគេថា៖ «ខ្ញុំចង់សួរអ្នករាល់គ្នាថា នៅថ្ងៃឈប់សម្រាក តើមានច្បាប់ឲ្យធ្វើអំពើល្អ ឬធ្វើអំពើអាក្រក់? តើមានច្បាប់ឲ្យសង្គ្រោះជីវិត* ឬសម្លាប់ជីវិត?»។+ ១០ ក្រោយពីបានមើលមុខពួកគេទាំងអស់គ្នាហើយ លោកប្រាប់បុរសស្វិតដៃថា៖ «ចូរលាដៃរបស់អ្នក»។ បុរសនោះក៏លាដៃ ហើយដៃរបស់គាត់បានជាឡើងវិញ។ ១១ ប៉ុន្តែ ពួកអ្នកជំនាញខាងច្បាប់និងពួកផារិស៊ីបានខឹងយ៉ាងខ្លាំង រួចពួកគេក៏ពិភាក្សាគ្នារកវិធីធ្វើបាបលោកយេស៊ូ។
១២ នៅថ្ងៃមួយ លោកបានឡើងលើភ្នំដើម្បីអធិដ្ឋាន+ ហើយលោកបានអធិដ្ឋានទៅព្រះពេញមួយយប់។+ ១៣ លុះព្រឹកឡើង លោកហៅពួកអ្នកកាន់តាមឲ្យមកឯលោក។ ពីក្នុងចំណោមពួកគេ លោកបានជ្រើសរើស១២នាក់ ហើយហៅពួកគេថាសាវ័ក។* ពួកគេមានឈ្មោះដូចតទៅ៖+ ១៤ ស៊ីម៉ូនដែលលោកដាក់ឈ្មោះមួយទៀតថាពេត្រុស និងអនទ្រេជាប្អូន ហើយក៏មានយ៉ាកុប យ៉ូហាន ភីលីព+ បាថូឡូម៉េ ១៥ ម៉ាថាយ ថូម៉ាស់+ យ៉ាកុបជាកូនអាល់ផៀស និងស៊ីម៉ូនដែលគេហៅថា«អ្នកខ្នះខ្នែង» ១៦ យូដាសជាកូនយ៉ាកុប និងយូដាសអ៊ីស្ការីយ៉ុតដែលក្រោយមកបានក្បត់លោកយេស៊ូ។
១៧ រួចលោកនិងពួកគាត់ចុះពីលើភ្នំ ហើយឈរនៅកន្លែងមួយដែលរាបស្មើ។ នៅទីនោះ មានអ្នកកាន់តាមលោកមួយក្រុមធំ និងមនុស្សជាច្រើនកុះករមកពីគ្រប់ទីកន្លែងក្នុងតំបន់យូឌា និងក្រុងយេរូសាឡិម ហើយមកពីក្រុងទីរ៉ុសនិងក្រុងស៊ីដូនដែលនៅមាត់សមុទ្រ។ មនុស្សទាំងនោះបានមកដើម្បីស្ដាប់លោក និងដើម្បីឲ្យលោកធ្វើឲ្យពួកគេជាសះស្បើយពីជំងឺ។ ១៨ សូម្បីតែអស់អ្នកដែលពួកវិញ្ញាណអសោចធ្វើទុក្ខ ក៏បានជាដែរ។ ១៩ ពេលមនុស្សបានប៉ះលោក ឫទ្ធានុភាពបានចេញពីលោក+ ហើយធ្វើឲ្យពួកគេជាសះស្បើយ។ ហេតុនេះហើយបានជាបណ្ដាជនគ្រប់គ្នាចង់ប៉ះលោក។
២០ រួចលោកមើលមុខពួកអ្នកកាន់តាម ហើយចាប់ផ្ដើមមានប្រសាសន៍ថា៖
«អ្នករាល់គ្នាដែលក្រីក្រ មានសុភមង្គលហើយ! ពីព្រោះរាជាណាចក្រព្រះជារបស់អ្នករាល់គ្នា។+
២១ «អ្នករាល់គ្នាដែលស្រេកឃ្លានឥឡូវនេះ មានសុភមង្គលហើយ! ពីព្រោះអ្នកនឹងបានឆ្អែតស្កប់ស្កល់។+
«អ្នករាល់គ្នាដែលយំឥឡូវនេះ មានសុភមង្គលហើយ! ពីព្រោះអ្នកនឹងសើចសប្បាយ។+
២២ «អ្នករាល់គ្នាដែលគេស្អប់+ គេឈប់រាប់អាន+ គេជេរប្រមាថ គេបង្ខូចកេរ្តិ៍ឈ្មោះ និងគេចាត់ទុកថាជាមនុស្សទុច្ចរិតដោយសារកូនមនុស្ស នោះអ្នករាល់គ្នាមានសុភមង្គលហើយ! ២៣ នៅពេលជួបរឿងនោះ ចូរត្រេកអរ ហើយលោតកញ្ឆេងចុះ ព្រោះមើល! អ្នករាល់គ្នាមានរង្វាន់យ៉ាងធំនៅស្ថានសួគ៌ ពីព្រោះបុព្វបុរសរបស់ពួកគេធ្លាប់ប្រព្រឹត្តចំពោះពួកអ្នកប្រកាសទំនាយយ៉ាងដូច្នោះដែរ។+
២៤ «ប៉ុន្តែ អ្នករាល់គ្នាដែលជាអ្នកមាន នឹងត្រូវវេទនាណាស់!+ ពីព្រោះអ្នកបានទទួលភាពស្រណុកសុខស្រួលគ្រប់សព្វរួចហើយ។+
២៥ «អ្នករាល់គ្នាដែលឆ្អែតស្កប់ស្កល់ឥឡូវនេះ នឹងត្រូវវេទនាណាស់! ពីព្រោះអ្នកនឹងអត់ឃ្លានវិញ។
«អ្នករាល់គ្នាដែលសើចឥឡូវនេះ នឹងត្រូវវេទនាណាស់! ពីព្រោះអ្នកនឹងយំដោយក្ដីទុក្ខព្រួយ។+
២៦ «អ្នករាល់គ្នាដែលមនុស្សទាំងអស់សរសើរ នឹងត្រូវវេទនាណាស់!+ ពីព្រោះបុព្វបុរសរបស់មនុស្សទាំងអស់នោះក៏ធ្លាប់សរសើរពួកអ្នកប្រកាសទំនាយមិនពិតយ៉ាងដូច្នោះដែរ។
២៧ «ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាដែលកំពុងស្ដាប់ថា ចូរបន្តស្រឡាញ់សត្រូវរបស់អ្នក និងប្រព្រឹត្តល្អចំពោះអស់អ្នកដែលស្អប់អ្នករាល់គ្នា+ ២៨ ហើយជូនពរអស់អ្នកដែលប្រទេចផ្ដាសាអ្នករាល់គ្នា ព្រមទាំងអធិដ្ឋានឲ្យអស់អ្នកដែលតិះដៀលអ្នកផងដែរ។+ ២៩ បើអ្នកណាទះកំផ្លៀងអ្នកម្ខាង ចូរបែរឲ្យគេទះម្ខាងទៀតចុះ ហើយបើអ្នកណាយកសម្លៀកបំពាក់ក្រៅរបស់អ្នក ចូរឲ្យគេយកទាំងសម្លៀកបំពាក់ក្នុងផង។+ ៣០ ពេលអ្នកណាសុំអ្វីពីអ្នក ចូរឲ្យទៅគាត់ចុះ+ ហើយបើអ្នកណាយកអ្វីដែលជារបស់អ្នក កុំទារពីគាត់វិញឡើយ។
៣១ «ម្យ៉ាងទៀត ចូរប្រព្រឹត្តទៅលើអ្នកឯទៀត ដូចដែលអ្នកចង់ឲ្យពួកគេប្រព្រឹត្តមកលើអ្នកដែរ។+
៣២ «ប្រសិនបើអ្នករាល់គ្នាស្រឡាញ់តែអ្នកណាដែលស្រឡាញ់អ្នក តើមានគុណបំណាច់អ្វី? ព្រោះសូម្បីតែអ្នកប្រព្រឹត្តអំពើខុសឆ្គង ក៏ស្រឡាញ់តែអ្នកដែលស្រឡាញ់ពួកគេដែរ។+ ៣៣ បើអ្នករាល់គ្នាប្រព្រឹត្តអំពើល្អចំពោះតែអ្នកណាដែលប្រព្រឹត្តអំពើល្អចំពោះអ្នក តើមានគុណបំណាច់អ្វី? សូម្បីតែអ្នកប្រព្រឹត្តអំពើខុសឆ្គង ក៏ធ្វើដូច្នេះដែរ។ ៣៤ ម្យ៉ាងទៀត ប្រសិនបើអ្នករាល់គ្នាឲ្យអ្នកណាខ្ចី* ហើយសង្ឃឹមថាអ្នកនោះនឹងសងវិញ តើមានគុណបំណាច់អ្វី?+ សូម្បីតែអ្នកប្រព្រឹត្តអំពើខុសឆ្គង ក៏ឲ្យអ្នកផ្សេងទៀតដែលប្រព្រឹត្តអំពើខុសឆ្គងខ្ចីដែរ ដើម្បីអាចទទួលសំណងគ្រប់ចំនួន។ ៣៥ ផ្ទុយទៅវិញ ចូរបន្តស្រឡាញ់សត្រូវរបស់អ្នក ហើយប្រព្រឹត្តអំពើល្អ ថែមទាំងឲ្យគេខ្ចី ដោយមិនសង្ឃឹមថាគេនឹងសងវិញឡើយ។+ បើធ្វើដូច្នេះ អ្នករាល់គ្នានឹងមានរង្វាន់យ៉ាងធំ ហើយនឹងទៅជាកូនរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត ពីព្រោះលោកមានចិត្តសប្បុរសចំពោះមនុស្សរមិលគុណនិងមនុស្សទុច្ចរិត។+ ៣៦ ចូរបន្តមានចិត្តមេត្តាករុណា ដូចបិតារបស់អ្នករាល់គ្នាមានចិត្តមេត្តាករុណា។+
៣៧ «ម្យ៉ាងវិញទៀត ចូរឈប់វិនិច្ឆ័យអ្នកឯទៀត នោះព្រះនឹងមិនវិនិច្ឆ័យអ្នកឡើយ។+ ចូរឈប់ផ្ដន្ទាទោសអ្នកឯទៀត នោះព្រះនឹងមិនផ្ដន្ទាទោសអ្នកទេ។ ចូរបន្តអភ័យទោសឲ្យអ្នកឯទៀត* នោះព្រះនឹងអភ័យទោសឲ្យអ្នកដែរ។*+ ៣៨ ចូរទម្លាប់ឲ្យគេ ហើយគេនឹងឲ្យអ្នកវិញ។+ ពួកគេនឹងចាក់មួយរង្វាល់ពេញចូលក្នុងថ្នក់អាវរបស់អ្នក ទាំងសង្កត់ ទាំងរលាក់ ហើយបន្ថែមទាល់តែហៀរទៀតផង។ ព្រោះអ្នកវាល់ឲ្យគេប៉ុនណា គេក៏នឹងវាល់ឲ្យអ្នកប៉ុណ្ណឹងដែរ»។
៣៩ រួចមក លោកមានប្រសាសន៍ទៅពួកគេដោយលើកឧទាហរណ៍ថា៖ «មនុស្សងងឹតភ្នែកមិនអាចនាំផ្លូវមនុស្សងងឹតភ្នែកបានឡើយ មែនទេ? ពុំនោះសោត ពួកគេទាំងពីរនាក់នឹងធ្លាក់រណ្ដៅជាមិនខាន។+ ៤០ សិស្ស*មិនមែនធំជាងគ្រូឡើយ តែអ្នកណាដែលបានទទួលការបង្រៀនយ៉ាងល្អឥតខ្ចោះ អ្នកនោះនឹងបានដូចជាគ្រូរបស់គាត់ដែរ។ ៤១ បើដូច្នេះ ហេតុអ្វីអ្នកមើលឃើញកម្ទេចក្នុងភ្នែករបស់បងប្អូនអ្នក តែមើលមិនឃើញធ្នឹមដែលនៅក្នុងភ្នែករបស់អ្នក?+ ៤២ តើអ្នកអាចប្រាប់បងប្អូនបានយ៉ាងដូចម្ដេចថា៖ ‹បង! សូមឲ្យខ្ញុំយកកម្ទេចចេញពីភ្នែកបង› កាលដែលអ្នកមានធ្នឹមនៅក្នុងភ្នែកខ្លួនដូច្នេះ? មនុស្សមានពុតអើយ! ចូរយកធ្នឹមចេញពីភ្នែករបស់ខ្លួនជាមុនសិន ទើបអ្នកមើលឃើញច្បាស់ ហើយអាចយកកម្ទេចចេញពីភ្នែករបស់បងប្អូនអ្នកបាន។
៤៣ «ព្រោះគ្មានដើមឈើល្អណាបង្កើតផលមិនល្អទេ ហើយក៏គ្មានដើមឈើមិនល្អណាបង្កើតផលល្អដែរ។+ ៤៤ ព្រោះគេស្គាល់ដើមឈើដោយផលរបស់វា។+ ជាឧទាហរណ៍ គេមិនដែលបេះផ្លែល្វាតូច*ពីដើមបន្លាទេ ហើយក៏មិនដែលកាត់ផ្លែទំពាំងបាយជូរពីគុម្ពបន្លាដែរ។ ៤៥ មនុស្សល្អ បញ្ចេញអ្វីល្អពីរបស់ល្អដែលគាត់បានសន្សំទុកក្នុងចិត្ត តែមនុស្សអាក្រក់វិញ ពួកគេបញ្ចេញអ្វីអាក្រក់ពីរបស់អាក្រក់ដែលគាត់បានសន្សំទុកក្នុងចិត្ត ព្រោះមាត់របស់គាត់តែងនិយាយអ្វីដែលមានពោរពេញនៅក្នុងចិត្ត។+
៤៦ «បើយ៉ាងនេះ ហេតុអ្វីអ្នករាល់គ្នាហៅខ្ញុំថា‹លោកម្ចាស់! លោកម្ចាស់!› តែមិនធ្វើតាមអ្វីដែលខ្ញុំនិយាយដូច្នេះ?+ ៤៧ អ្នកណាដែលស្ដាប់ពាក្យរបស់ខ្ញុំ ហើយធ្វើតាម ខ្ញុំនឹងប្រាប់អ្នករាល់គ្នាថាអ្នកនោះគឺដូចជាអ្នកណា។+ ៤៨ អ្នកនោះគឺដូចជាមនុស្សម្នាក់ដែលកំពុងសង់ផ្ទះ។ គាត់បានជីកដីយ៉ាងជ្រៅ ក៏ចាក់គ្រឹះលើផ្ទាំងថ្ម។ ម្ល៉ោះហើយ ពេលមានទឹកជំនន់ ទឹកបានហូរមកបុកផ្ទះនោះ តែមិនខ្លាំងល្មមនឹងធ្វើឲ្យផ្ទះនោះរង្គើឡើយ ពីព្រោះផ្ទះនោះបានត្រូវសង់យ៉ាងរឹងមាំ។+ ៤៩ ផ្ទុយទៅវិញ អ្នកណាដែលឮ តែមិនធ្វើតាម+ អ្នកនោះគឺដូចជាមនុស្សម្នាក់ដែលកំពុងសង់ផ្ទះនៅលើដី តែមិនចាក់គ្រឹះឡើយ។ លុះពេលទឹកហូរមកបុកផ្ទះនោះ ផ្ទះនោះក៏បាក់ស្រុតខូចអស់ទៅ»។