អេសាយ
៥៦ ព្រះយេហូវ៉ាមានប្រសាសន៍ដូច្នេះថា៖
«ចូរកាន់ខ្ជាប់តាមយុត្តិធម៌+ ហើយប្រព្រឹត្តអ្វីដែលសុចរិតចុះ
ព្រោះសេចក្ដីសង្គ្រោះរបស់ខ្ញុំជិតដល់ហើយ
ហើយសេចក្ដីសុចរិតរបស់ខ្ញុំនឹងត្រូវបើកបង្ហាញ។+
២ មានសុភមង្គលហើយ! អ្នកណាដែលធ្វើដូច្នេះ
មានសុភមង្គលហើយ! មនុស្សណាដែលកាន់ខ្ជាប់តាមការនេះ
ព្រមទាំងកាន់តាមថ្ងៃឈប់សម្រាក ហើយរក្សាថ្ងៃនោះឲ្យនៅបរិសុទ្ធ+
និងមិនលើកដៃប្រព្រឹត្តអំពើអាក្រក់។
៣ ឯជនបរទេសដែលគោរពប្រណិប័តន៍ព្រះយេហូវ៉ា+មិនគួរនិយាយថា៖
‹ព្រះយេហូវ៉ាមុខជាញែកខ្ញុំចេញពីរាស្ត្ររបស់លោកមិនខាន›។
ចំណែកជនគម្រៀវវិញ ពួកគេមិនគួរនិយាយថា៖
‹មើល! ខ្ញុំប្រៀបដូចជាដើមឈើដែលក្រៀមស្វិត›»។
៤ ព្រោះខ្ញុំគឺយេហូវ៉ា ខ្ញុំនិយាយទៅកាន់ជនគម្រៀវដែលកាន់តាមថ្ងៃឈប់សម្រាករបស់ខ្ញុំ ព្រមទាំងធ្វើអ្វីដែលខ្ញុំពេញចិត្ត ហើយកាន់ខ្ជាប់តាមកិច្ចព្រមព្រៀងរបស់ខ្ញុំ។ ខ្ញុំមានប្រសាសន៍ដូចតទៅ៖
៥ «ខ្ញុំនឹងឲ្យពួកគេមានកេរ្តិ៍ឈ្មោះនៅក្នុងវិហាររបស់ខ្ញុំ ហើយពួកគេនឹងមានបង្គោលសម្រាប់រំលឹកអំពីខ្លួន។
នេះជាអ្វីដែលប្រសើរជាងការមានកូនប្រុសកូនស្រីទៅទៀត។
ខ្ញុំនឹងឲ្យពួកគេមានឈ្មោះដ៏ស្ថិតស្ថេរជារៀងរហូត ហើយមិនសាបសូន្យឡើយ។
៦ ចំពោះជនបរទេសដែលមកគោរពបម្រើខ្ញុំជាយេហូវ៉ា
ហើយស្រឡាញ់នាមខ្ញុំជាយេហូវ៉ា+ ថែមទាំងចង់ធ្វើជាអ្នកបម្រើរបស់ខ្ញុំ
គឺអស់អ្នកដែលកាន់តាមថ្ងៃឈប់សម្រាកនិងរក្សាថ្ងៃនោះឲ្យនៅបរិសុទ្ធ
ព្រមទាំងកាន់ខ្ជាប់តាមកិច្ចព្រមព្រៀងរបស់ខ្ញុំ
៧ នោះខ្ញុំនឹងនាំពួកគេមកឯភ្នំបរិសុទ្ធរបស់ខ្ញុំ+
ហើយធ្វើឲ្យពួកគេមានអំណរក្នុងកន្លែងបរិសុទ្ធសម្រាប់អធិដ្ឋានដល់ខ្ញុំ។
ខ្ញុំនឹងព្រមទទួលគ្រឿងបូជាដុតនិងគ្រឿងបូជាដែលពួកគេជូននៅលើទីបូជារបស់ខ្ញុំ។
ព្រោះកន្លែងគោរពបូជារបស់ខ្ញុំនឹងត្រូវហៅថាកន្លែងសម្រាប់ប្រជាជាតិទាំងអស់មកអធិដ្ឋាន»។+
៨ ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតកំពុងប្រមូលជនជាតិអ៊ីស្រាអែលដែលបានខ្ចាត់ខ្ចាយឲ្យជុំគ្នាវិញ។+ លោកប្រកាសថា៖
«ក្រៅពីពួកអ្នកដែលបានត្រូវប្រមូលរួចហើយ ខ្ញុំនឹងប្រមូលអ្នកផ្សេងទៀតមកឯគាត់»។+
៩ ឱសត្វព្រៃនៅឯវាលអើយ! ចូរមកស៊ីចំណីចុះ។
ឱសត្វសាហាវនៅក្នុងព្រៃអើយ! ចូរមកស៊ីទៅ។+
១០ ពួកអ្នកចាំយាមរបស់គាត់ ប្រៀបដូចជាមនុស្សខ្វាក់+ដែលមិនយកចិត្តទុកដាក់នឹងហេតុការណ៍ដែលកើតឡើង។+
ពួកគេទាំងអស់គ្នាប្រៀបដូចជាឆ្កែគដែលព្រុសមិនបានឡើយ។+
ពួកគេចេះតែដង្ហក់ ហើយក្រាបខ្លួនចុះ គឺពួកគេចូលចិត្តដេកខ្លាំងណាស់។
១១ ពួកគេប្រៀបដូចជាឆ្កែដែលស្រេកឃ្លាន ហើយស៊ីមិនចេះឆ្អែតឡើយ។
ពួកគេជាគង្វាលដែលគ្មានការយល់ដឹងទាល់តែសោះ។+
ពួកគេធ្វើតាមតែអំពើចិត្តខ្លួន
ហើយស្វែងរកកម្រៃដោយការមិនទៀងត្រង់។ ពួកគេនិយាយថា៖
១២ «ចូរមក ខ្ញុំទៅយកស្រាទំពាំងបាយជូរ ហើយយើងនាំគ្នាផឹកឲ្យជោកជាំទៅ។+
ថ្ងៃស្អែកនឹងដូចថ្ងៃនេះដែរ ហើយក៏កាន់តែប្រសើរជាងនេះទៅទៀត!»។