សកម្មភាពរបស់ពួកសាវ័ក
១៨ បន្ទាប់ពីការទាំងនេះ ប៉ូលចេញពីក្រុងអាថែន ហើយទៅដល់ក្រុងកូរិនថូស។ ២ រួចមក គាត់ជួបជនជាតិយូដាម្នាក់ជាអ្នកស្រុកប៉ុនតុស ឈ្មោះអាគីឡា+ ដែលទើបតែមកពីស្រុកអ៊ីតាលី ជាមួយនឹងប្រពន្ធរបស់គាត់ឈ្មោះព្រីស៊ីល ពីព្រោះក្លូឌាសបានបង្គាប់ឲ្យជនជាតិយូដាទាំងអស់ចេញពីក្រុងរ៉ូម។ ដូច្នេះ ប៉ូលទៅឯពួកគាត់ ៣ ហើយបានធ្វើការនិងស្នាក់នៅផ្ទះជាមួយនឹងពួកគាត់+ ដោយសារប៉ូលមានមុខរបរដូចពួកគាត់ដែរ ព្រោះពួកគាត់ជាអ្នកធ្វើត្រសាល។ ៤ រាល់ថ្ងៃឈប់សម្រាក+ ប៉ូលតែងតែថ្លែងសុន្ទរកថា*នៅសាលាប្រជុំ+ ហើយបានជជែកវែកញែកនាំឲ្យជនជាតិយូដានិងពួកក្រិចជឿ។
៥ ក្រោយពីស៊ីឡាស+និងធីម៉ូថេ+បានចុះមកពីតំបន់ម៉ាសេដូន ប៉ូលចាប់ផ្ដើមផ្ចង់អារម្មណ៍ទាំងស្រុងទៅលើការផ្សព្វផ្សាយបណ្ដាំរបស់ព្រះ ដោយធ្វើជាសាក្សីបញ្ជាក់ហេតុផលប្រាប់ជនជាតិយូដាថា លោកយេស៊ូគឺជាគ្រិស្ត។+ ៦ ប៉ុន្តែ ក្រោយពីពួកគេចេះតែប្រឆាំង ហើយនិយាយប្រមាថគាត់ នោះគាត់រលាស់សម្លៀកបំពាក់របស់គាត់+ ហើយនិយាយទៅពួកគេថា៖ «អ្នករាល់គ្នាត្រូវទទួលខុសត្រូវចំពោះអ្វីក៏ដោយដែលកើតឡើងដល់អ្នករាល់គ្នា។*+ ខ្ញុំគ្មានទោសទេ។+ ចាប់ពីពេលនេះទៅ ខ្ញុំនឹងទៅឯជនជាតិដទៃវិញ»។+ ៧ ម្ល៉ោះហើយ គាត់ចាកចេញពីកន្លែងនោះ*ទៅផ្ទះរបស់បុរសម្នាក់ឈ្មោះទីទិយុសយូស្ទុស ជាអ្នកគោរពប្រណិប័តន៍ព្រះ ដែលមានផ្ទះនៅជាប់សាលាប្រជុំ។ ៨ ប៉ុន្តែ គ្រីស្ពូស+ដែលជាអ្នកទទួលខុសត្រូវសាលាប្រជុំបានទៅជាអ្នកជឿលោកម្ចាស់ ហើយពួកអ្នកផ្ទះទាំងអស់របស់គាត់ក៏ដូច្នោះដែរ។ អ្នកក្រុងកូរិនថូសជាច្រើននាក់ដែលបានឮ ក៏ចាប់ផ្ដើមជឿ ហើយទទួលការជ្រមុជទឹក។* ៩ ម្យ៉ាងទៀត នៅពេលយប់ ប៉ូលបានទទួលការបើកបង្ហាញក្នុងគំនិត ដោយឮលោកម្ចាស់មានប្រសាសន៍ថា៖ «កុំខ្លាចឡើយ តែចូរបន្តនិយាយ ហើយកុំនៅស្ងៀម ១០ ពីព្រោះខ្ញុំនៅជាមួយនឹងអ្នក+ ហើយគ្មានអ្នកណាម្នាក់នឹងវាយធ្វើបាបអ្នកឡើយ ព្រោះខ្ញុំមានមនុស្សជាច្រើននៅក្រុងនេះ»។ ១១ ដូច្នេះ គាត់បាននៅទីនោះអស់មួយឆ្នាំកន្លះ ដោយបង្រៀនពួកគេអំពីបណ្ដាំរបស់ព្រះ។
១២ ក្នុងអំឡុងពេលដែលកាលីយ៉ូជាអភិបាលខេត្តអាខេយ៉ា នោះជនជាតិយូដាបាននាំគ្នាតតាំងប្រឆាំងប៉ូល ហើយយកគាត់ទៅឯកន្លែងវិនិច្ឆ័យក្ដី។ ១៣ ពួកគេនិយាយថា៖ «បុរសនេះបញ្ចុះបញ្ចូលមនុស្សឲ្យគោរពប្រណិប័តន៍ព្រះតាមរបៀបខុសច្បាប់»។ ១៤ ប៉ុន្តែ ពេលដែលប៉ូលបម្រុងនឹងហាមាត់និយាយ កាលីយ៉ូក៏ប្រាប់ជនជាតិយូដាថា៖ «ឱជនជាតិយូដាអើយ ប្រសិនបើមានអំពើខុសឆ្គងឬបទឧក្រិដ្ឋធ្ងន់ធ្ងរណាមួយ ខ្ញុំទំនងជាទ្រាំស្ដាប់អ្នករាល់គ្នា។ ១៥ ប៉ុន្តែ ប្រសិនបើជាទំនាស់អំពីពាក្យសម្ដី ឬឈ្មោះ ឬច្បាប់របស់អ្នករាល់គ្នា+ នោះអ្នករាល់គ្នាត្រូវដោះស្រាយដោយខ្លួនឯង។ ខ្ញុំមិនចង់វិនិច្ឆ័យរឿងទាំងនេះទេ»។ ១៦ លុះនិយាយចប់ហើយ គាត់បណ្ដេញពួកគេចេញពីកន្លែងវិនិច្ឆ័យក្ដីទៅ។ ១៧ ពេលនោះពួកគេក៏ចាប់សូស្តែន+ ដែលជាអ្នកមើលការខុសត្រូវសាលាប្រជុំ ហើយចាប់ផ្ដើមវាយគាត់នៅមុខកន្លែងវិនិច្ឆ័យក្ដី។ ប៉ុន្តែ កាលីយ៉ូមិនព្រមរវីរវល់នឹងរឿងទាំងនេះសោះ។
១៨ ក្រោយពីប៉ូលបាននៅទីនោះអស់ជាច្រើនថ្ងៃទៀត គាត់ក៏លាបងប្អូន រួចចុះទូកចេញដំណើរទៅស្រុកស៊ីរីជាមួយនឹងព្រីស៊ីលនិងអាគីឡា។ ប៉ូលបានកាត់សក់ឲ្យខ្លីនៅក្រុងសង់គ្រា+ ដោយសារជាប់សម្បថ។ ១៩ ក្រោយមក ពួកគាត់ទៅដល់ក្រុងអេភេសូរ ហើយប៉ូលបានទុកព្រីស៊ីលនិងអាគីឡានៅទីនោះ។ រួចប៉ូលក៏ចូលសាលាប្រជុំ ហើយជជែកវែកញែកជាមួយនឹងជនជាតិយូដា។+ ២០ ទោះជាពួកគេសុំគាត់ឲ្យនៅយូរជាងក៏ដោយ ក៏គាត់មិនព្រមដែរ។ ២១ គាត់លាពួកគេ ហើយនិយាយថា៖ «ប្រសិនបើព្រះយេហូវ៉ា*ពេញចិត្ត ខ្ញុំនឹងត្រឡប់មកឯអ្នករាល់គ្នាម្ដងទៀត»។ រួចគាត់ចុះទូកចេញដំណើរពីក្រុងអេភេសូរ ២២ ហើយចុះទៅក្រុងសេសារៀ។ បន្ទាប់មក គាត់ឡើងទៅ*សួរសុខទុក្ខក្រុមជំនុំ រួចចុះទៅក្រុងអាន់ទីយ៉ូក។+
២៣ ក្រោយពីគាត់បានចំណាយពេលយូរបន្តិចនៅទីនោះ គាត់ក៏ចាកចេញ ហើយធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយពេញស្រុកកាឡាទីនិងស្រុកព្រីគា+ ដើម្បីពង្រឹងកម្លាំងចិត្តពួកអ្នកកាន់តាមគ្រប់គ្នា។+
២៤ អ្នកក្រុងអាឡិចសង់ទ្រាម្នាក់ឈ្មោះអាប៉ូឡុស+ ដែលជាជនជាតិយូដា និងជាអ្នកដែលប្រសប់និយាយ ក៏មកដល់ក្រុងអេភេសូរ គាត់ជាអ្នកដែលស្គាល់បទគម្ពីរច្បាស់។ ២៥ បុរសនេះបានត្រូវបង្រៀន*អំពីផ្លូវរបស់ព្រះយេហូវ៉ា* ហើយដោយសារឫទ្ធានុភាពរបស់ព្រះ គាត់មានចិត្តខ្នះខ្នែងដោយក្ដីរំភើប ក៏បាននិយាយនិងបង្រៀនយ៉ាងត្រឹមត្រូវអំពីលោកយេស៊ូ ប៉ុន្តែគាត់ស្គាល់តែការជ្រមុជទឹករបស់យ៉ូហានប៉ុណ្ណោះ។ ២៦ បុរសនេះចាប់ផ្ដើមនិយាយយ៉ាងក្លាហានក្នុងសាលាប្រជុំ។ នៅពេលដែលព្រីស៊ីលនិងអាគីឡា+បានឮ នោះពួកគេក៏នាំគាត់ទៅដោយឡែកពីគេ ហើយពន្យល់អំពីផ្លូវរបស់ព្រះឲ្យគាត់យល់បានត្រឹមត្រូវជាង។ ២៧ ម្យ៉ាងទៀត ដោយសារអាប៉ូឡុសចង់ឆ្លងទៅខេត្តអាខេយ៉ា បងប្អូនបានសរសេរសំបុត្រទៅពួកអ្នកកាន់តាម ដោយលើកទឹកចិត្តឲ្យទទួលគាត់យ៉ាងរាក់ទាក់។ ដូច្នេះ តាមរយៈគុណដ៏វិសេសលើសលប់របស់ព្រះ ពេលដែលគាត់ទៅដល់ គាត់បានផ្ដល់ជំនួយយ៉ាងច្រើនដល់អស់អ្នកដែលបានទៅជាអ្នកជឿ។ ២៨ គាត់បញ្ជាក់ជាសាធារណៈដោយចិត្តខ្នះខ្នែង ទាំងវែកញែកហេតុផលដល់ជនជាតិយូដាពីបទគម្ពីរថាលោកយេស៊ូគឺជាគ្រិស្ត ហើយបង្ហាញពួកគេថាសេចក្ដីបង្រៀនរបស់ពួកគេគឺខុស។+