ជូនចំពោះគ្រិស្តសាសនិកនៅក្រុងរ៉ូម
១៤ ចូរទទួលស្វាគមន៍អ្នកដែលមានចំណុចខ្សោយក្នុងជំនឿរបស់គាត់+ តែកុំវិនិច្ឆ័យអំពីរបៀបគិតគូររបស់គាត់ឡើយ។* ២ អ្នកដែលមានជំនឿ បរិភោគអ្វីទាំងអស់ ប៉ុន្តែអ្នកដែលខ្សោយ បរិភោគតែបន្លែប៉ុណ្ណោះ។ ៣ អ្នកដែលបរិភោគ មិនត្រូវមើលងាយអ្នកដែលមិនបរិភោគឡើយ ឯអ្នកដែលមិនបរិភោគ ក៏មិនត្រូវវិនិច្ឆ័យអ្នកដែលបរិភោគដែរ+ ព្រោះព្រះបានទទួលស្វាគមន៍អ្នកនោះ។ ៤ តើអ្នកជាអ្នកណាបានជាវិនិច្ឆ័យអ្នកបម្រើក្នុងផ្ទះអ្នកដទៃ?+ ម្ចាស់របស់អ្នកបម្រើនោះជាអ្នកសម្រេចថា គាត់ត្រូវឈរ ឬត្រូវដួល។+ គាត់ប្រាកដជានឹងឈរមែន ព្រោះព្រះយេហូវ៉ា*អាចធ្វើឲ្យគាត់ឈរ។
៥ មនុស្សម្នាក់វិនិច្ឆ័យថាថ្ងៃមួយគឺសំខាន់ជាងថ្ងៃមួយទៀត+ ឯមនុស្សម្នាក់ទៀតវិនិច្ឆ័យថាថ្ងៃទាំងអស់គឺដូចគ្នា។+ ចូរឲ្យមនុស្សម្នាក់ៗជឿប្រាកដក្នុងគំនិតរបស់ខ្លួន។ ៦ អ្នកណាដែលកាន់ថ្ងៃណាមួយ គឺកាន់ថ្ងៃនោះដោយគិតដល់ព្រះយេហូវ៉ា* ហើយអ្នកណាដែលបរិភោគ ក៏បរិភោគដោយគិតដល់ព្រះយេហូវ៉ា*ដែរ ព្រោះគាត់អរគុណព្រះ។+ ឯអ្នកដែលមិនបរិភោគ ក៏គិតដល់ព្រះយេហូវ៉ា*ដែរ ព្រោះគាត់នៅតែអរគុណព្រះ។+ ៧ តាមការពិត ក្នុងចំណោមយើងគ្មានអ្នកណាម្នាក់រស់ដើម្បីតែខ្លួនឯងប៉ុណ្ណោះទេ+ ក៏គ្មានអ្នកណាម្នាក់ស្លាប់ដើម្បីតែខ្លួនឯងប៉ុណ្ណោះដែរ។ ៨ ព្រោះប្រសិនបើយើងរស់ យើងរស់ដើម្បីព្រះយេហូវ៉ា*+ ហើយបើយើងស្លាប់ យើងស្លាប់ដើម្បីព្រះយេហូវ៉ា។* ដូច្នេះ ទោះជាយើងរស់ឬស្លាប់ក៏ដោយ យើងជារបស់ព្រះយេហូវ៉ា។*+ ៩ ព្រោះនេះជាមូលហេតុដែលគ្រិស្តបានស្លាប់ ហើយរស់ឡើងវិញ គឺដើម្បីឲ្យលោកទៅជាម្ចាស់លើមនុស្សស្លាប់និងលើមនុស្សរស់។+
១០ ប៉ុន្តែ ហេតុអ្វីបានជាអ្នកវិនិច្ឆ័យបងប្អូនរបស់អ្នក?+ ឬហេតុអ្វីអ្នកមើលងាយបងប្អូនរបស់អ្នក? ព្រោះយើងទាំងអស់គ្នានឹងឈរនៅមុខកន្លែងកាត់ក្ដីរបស់ព្រះ។+ ១១ ព្រោះបទគម្ពីរចែងថា៖ «ព្រះយេហូវ៉ា*មានប្រសាសន៍ថា៖ ‹ខ្ញុំស្បថដោយនូវនាមខ្ញុំជាព្រះដែលមានជីវិតរស់នៅ+ថា មនុស្សទាំងអស់នឹងលុតជង្គង់ ហើយមនុស្សជាតិគ្រប់រូបនឹងប្រកាសទទួលស្គាល់ជាចំហថាខ្ញុំជាព្រះ›»។+ ១២ ដូច្នេះ ព្រះនឹងវិនិច្ឆ័យយើងម្នាក់ៗតាមការប្រព្រឹត្តរបស់យើង។+
១៣ ម្ល៉ោះហើយ ចូរយើងឈប់វិនិច្ឆ័យគ្នាតទៅទៀត។+ ផ្ទុយទៅវិញ ចូរអ្នករាល់គ្នាតាំងចិត្តថានឹងមិនដាក់ឧបសគ្គដែលនាំឲ្យបងប្អូនជំពប់ដួល ឬដែលនាំឲ្យវង្វេងចេញពីជំនឿឡើយ។+ ១៤ ក្នុងនាមជាអ្នកកាន់តាមលោកម្ចាស់យេស៊ូ ខ្ញុំដឹងហើយក៏ជឿជាក់ថា គ្មានអ្វីដែលមិនស្អាតបរិសុទ្ធឡើយ+ ទាល់តែមានអ្នកណាម្នាក់ចាត់ទុករបស់ណាមួយថាមិនស្អាតបរិសុទ្ធ ទើបរបស់នោះមិនស្អាតបរិសុទ្ធចំពោះអ្នកនោះ។ ១៥ ព្រោះប្រសិនបើបងប្អូនរបស់អ្នកទើសចិត្តដោយសារអាហាររបស់អ្នក នោះអ្នកលែងប្រព្រឹត្តដោយសេចក្ដីស្រឡាញ់ទៀតហើយ។+ កុំបំផ្លាញ*បងប្អូនដោយអាហាររបស់អ្នក ព្រោះគ្រិស្តបានស្លាប់ដើម្បីបងប្អូននោះរួចហើយ។+ ១៦ ដូច្នេះ កុំឲ្យគេនិយាយអាក្រក់អំពីការល្អដែលអ្នករាល់គ្នាធ្វើ។ ១៧ ព្រោះរាជាណាចក្ររបស់ព្រះមិនមែនទាក់ទងនឹងការបរិភោគនិងការផឹកនោះទេ+ តែទាក់ទងនឹងសេចក្ដីសុចរិត សន្តិភាព និងអំណរដែលមកពីឫទ្ធានុភាពបរិសុទ្ធវិញ។ ១៨ ព្រោះអ្នកណាដែលធ្វើការដូចជាខ្ញុំបម្រើដើម្បីគ្រិស្តក្នុងរឿងនេះ អ្នកនោះនឹងទទួលការពេញចិត្តពីព្រះនិងពីមនុស្ស។
១៩ ដូច្នេះ ចូរយើងខំព្យាយាមធ្វើអ្វីដែលនាំឲ្យមានសន្តិភាព+ និងធ្វើអ្វីដែលជួយគ្នាឲ្យរឹងមាំ។+ ២០ ឈប់បំផ្លាញស្នាដៃរបស់ព្រះព្រោះតែអាហារ។+ ពិតមែនតែអ្វីៗទាំងអស់ស្អាតបរិសុទ្ធ ប៉ុន្តែបើអ្នកណាម្នាក់បរិភោគ ហើយបណ្ដាលឲ្យគេជំពប់ដួល នោះជាការអាក្រក់វិញ។+ ២១ ជាការល្អបំផុត ប្រសិនបើមិនបរិភោគសាច់ ឬផឹកស្រា ឬធ្វើអ្វីក៏ដោយដែលបណ្ដាលឲ្យបងប្អូនរបស់អ្នកជំពប់ដួល។+ ២២ ជំនឿដែលអ្នកមាន ចូរទុកជារឿងរវាងអ្នកនិងព្រះ។ អ្នកណាដែលមិនផ្ដន្ទាទោសខ្លួនចំពោះអ្វីដែលខ្លួនសម្រេចចិត្តធ្វើ អ្នកនោះមានសុភមង្គលហើយ។ ២៣ ប៉ុន្តែ បើអ្នកនោះសង្ស័យ ហើយបរិភោគ នោះគាត់មានទោសហើយ ព្រោះគាត់មិនមែនបរិភោគដោយមានជំនឿទេ។ អ្វីៗទាំងអស់ដែលមិនមកពីជំនឿ គឺជាការខុសឆ្គង។