អ្នកសម្រេចក្ដី
៧ ក្រោយមកគេឌានដែលហៅថាយេរូបាល+ និងមនុស្សទាំងអស់ដែលនៅជាមួយនឹងគាត់បានក្រោកពីព្រលឹម ហើយទៅបោះទ័ពនៅប្រភពទឹកហារ៉ុត។ ដំណាលគ្នានោះ ពួកម៉ាឌានបានបោះទ័ពនៅខាងជើងជំរំទ័ពគេឌាន ត្រង់ទួលម៉ូរេក្នុងវាលទំនាប។ ២ ព្រះយេហូវ៉ាមានប្រសាសន៍ទៅគេឌានថា៖ «អ្នកមានទាហានច្រើនពេក ខ្ញុំមិនប្រគល់ពួកម៉ាឌានទៅក្នុងដៃរបស់ពួកគេឡើយ។+ ព្រោះបើខ្ញុំឲ្យពួកគេឈ្នះ នោះជនជាតិអ៊ីស្រាអែលអាចមានអំណួត ហើយនិយាយថា‹ខ្ញុំឈ្នះដោយសារកម្លាំង*របស់ខ្ញុំ›។+ ៣ ឥឡូវ ចូរទៅប្រកាសប្រាប់ពួកទាហានថា៖ ‹អ្នកណាដែលភ័យញ័រ ចូរត្រឡប់ទៅផ្ទះវិញ›»។+ ពេលគេឌានប្រកាសដូច្នោះ នោះមានទាហាន២២.០០០នាក់ត្រឡប់ទៅផ្ទះវិញ នៅសល់តែ១០.០០០នាក់ប៉ុណ្ណោះ។
៤ ទោះជាយ៉ាងនោះក៏ដោយ ព្រះយេហូវ៉ាមានប្រសាសន៍ទៅគេឌានទៀតថា៖ «ចំនួនទាហាននៅតែមានច្រើនពេក។ ចូរនាំពួកគេចុះទៅឯស្ទឹង ខ្ញុំនឹងសាកល្បងពួកគេនៅទីនោះ។ ពេលខ្ញុំប្រាប់អ្នកថា៖ ‹ម្នាក់នេះទៅជាមួយនឹងអ្នកបាន› នោះគាត់ត្រូវទៅជាមួយនឹងអ្នក តែពេលខ្ញុំប្រាប់ថា៖ ‹ម្នាក់នេះទៅជាមួយនឹងអ្នកមិនបានទេ› នោះគាត់មិនត្រូវទៅជាមួយនឹងអ្នកឡើយ»។ ៥ ដូច្នេះ គេឌានក៏នាំពួកទាហានចុះទៅឯស្ទឹង។
រួចព្រះយេហូវ៉ាបង្គាប់គេឌានថា៖ «ចូរញែកទាហានដែលប្រើដៃក្បង់ទឹកផឹក* ចេញពីទាហានដែលលុតជង្គង់ផឹកទឹក»។ ៦ ពេលនោះ ទាហានដែលប្រើដៃក្បង់ទឹកផឹកមានចំនួន៣០០នាក់។ សល់ប៉ុន្មានទៀត គឺទាហានដែលលុតជង្គង់ផឹកទឹក។
៧ ព្រះយេហូវ៉ាមានប្រសាសន៍ទៅគេឌានថា៖ «ខ្ញុំនឹងជួយសង្គ្រោះពួកអ្នក ដោយប្រើទាហាន៣០០នាក់ដែលក្បង់ទឹកផឹក ហើយខ្ញុំនឹងប្រគល់ពួកម៉ាឌានទៅក្នុងដៃរបស់អ្នក។+ ចំណែកឯទាហានទាំងប៉ុន្មានទៀត ចូរឲ្យពួកគេត្រឡប់ទៅផ្ទះវិញចុះ»។ ៨ ដូច្នេះ ពួកគេយកស្បៀងអាហារនិងស្នែងពីទាហានទាំងនោះ។ រួចមក គេឌានឲ្យទាហានអ៊ីស្រាអែលទាំងនោះត្រឡប់ទៅផ្ទះវិញ ទុកតែទាហាន៣០០នាក់នោះប៉ុណ្ណោះ។ ពេលនោះជំរំទ័ពរបស់ពួកម៉ាឌាននៅខាងក្រោមក្នុងវាលទំនាប។+
៩ នៅយប់នោះ ព្រះយេហូវ៉ាប្រាប់គេឌានថា៖ «ចូរក្រោកឡើងទៅវាយប្រហារជំរំទ័ពរបស់ពួកគេ ព្រោះខ្ញុំបានប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃអ្នកហើយ។+ ១០ ប៉ុន្តែ បើអ្នកខ្លាចមិនហ៊ានវាយប្រហារពួកគេ ចូរទៅស៊ើបជំរំពួកគេជាមួយនឹងភូរ៉ាជាអ្នកបម្រើរបស់អ្នកចុះ។ ១១ ចូរស្ដាប់ថាពួកគេនិយាយគ្នាអំពីអ្វី ក្រោយមកអ្នកនឹងមានចិត្តក្លាហានវាយប្រហារជំរំរបស់ពួកគេ»។ ដូច្នេះ គេឌាននិងភូរ៉ាជាអ្នកបម្រើបានចុះទៅឯជាយជំរំទ័ពសត្រូវ។
១២ រីឯពួកម៉ាឌាន ពួកអាម៉ាលេក និងពួកអ្នកមកពីស្រុកខាងកើតទាំងអស់+ ពួកគេនៅត្រៀបត្រាពេញវាលទំនាបដូចកណ្ដូបទាំងហ្វូង ហើយសត្វអូដ្ឋរបស់ពួកគេមានចំនួនច្រើនរាប់មិនអស់+ ដូចគ្រាប់ខ្សាច់នៅឆ្នេរសមុទ្រ។ ១៣ ពេលគេឌានទៅដល់ទីនោះ គាត់ស្ដាប់ឮទាហានម្នាក់កំពុងរៀបរាប់សុបិនប្រាប់មិត្តភក្ដិថា៖ «ខ្ញុំយល់សប្ដិឃើញនំប៉័ងម្សៅបាលីមួយដុំកំពុងរមៀលចុះមកឯជំរំទ័ពពួកម៉ាឌាន។ នំប៉័ងនោះបានបុកត្រសាលយ៉ាងពេញទំហឹង ធ្វើឲ្យត្រសាលផ្ងារជើងរលំរាបទៅនឹងដី»។+ ១៤ មិត្តភក្ដិនោះតបថា៖ «នេះច្បាស់ជាដាវរបស់គេឌាន+ដែលជាកូនយ៉ូអាស ជនជាតិអ៊ីស្រាអែលនោះហើយ។ ព្រះបានប្រគល់ពួកម៉ាឌាន និងជំរំទ័ពទាំងអស់ទៅក្នុងកណ្ដាប់ដៃគាត់»។+
១៥ មិនយូរក្រោយពីគេឌានបានឮគេនិយាយគ្នាអំពីសុបិននិងអត្ថន័យសុបិននោះ+ គាត់ក៏លំឱនកាយគោរពព្រះ។ រួចគាត់ត្រឡប់មកជំរំទ័ពអ៊ីស្រាអែលវិញ ហើយនិយាយថា៖ «ចូរក្រោកឡើង ព្រោះព្រះយេហូវ៉ាបានប្រគល់ជំរំទ័ពពួកម៉ាឌានមកក្នុងកណ្ដាប់ដៃអ្នករាល់គ្នាហើយ»។ ១៦ បន្ទាប់មក គាត់បែងចែកបុរស៣០០នាក់នោះ ជា៣ក្រុម។ គាត់ឲ្យស្នែង+និងក្អមធំមានចន្លុះខាងក្នុងដល់ពួកគេម្នាក់មួយៗ។ ១៧ រួចគាត់បង្គាប់ពួកគេថា៖ «ចូរមើលខ្ញុំ ហើយធ្វើតាមខ្ញុំ។ ពេលខ្ញុំទៅដល់ជាយជំរំទ័ព បើឃើញខ្ញុំធ្វើអ្វី អ្នករាល់គ្នាត្រូវធ្វើតាមខ្ញុំ។ ១៨ ពេលខ្ញុំនិងពួកអ្នកដែលនៅក្នុងក្រុមជាមួយនឹងខ្ញុំ ផ្លុំស្នែងឡើង នោះអ្នករាល់គ្នាក៏ត្រូវផ្លុំស្នែងនៅជុំវិញជំរំទ័ពដែរ ហើយស្រែកឲ្យខ្លាំងៗថា៖ ‹ដើម្បីព្រះយេហូវ៉ានិងដើម្បីគេឌាន!›»។
១៩ ពេលពួកម៉ាឌានទើបតែប្ដូរវេនគ្នាយាមល្បាតនៅវេលាជិតពាក់កណ្ដាលអធ្រាត្រ* នោះគេឌាននិងទាហាន១០០នាក់បានមកដល់ជាយជំរំ ហើយពួកគេផ្លុំស្នែងឡើង+ រួចបំបែកក្អមដែលពួកគេកាន់។+ ២០ ដូច្នេះ ពួកទាហានទាំង៣ក្រុមផ្លុំស្នែងឡើង ហើយបំបែកក្អម។ ពួកគេកាន់ចន្លុះនៅដៃឆ្វេង ហើយផ្លុំស្នែងនៅដៃស្ដាំ រួចស្រែកខ្លាំងៗថា៖ «ចម្បាំងរបស់ព្រះយេហូវ៉ានិងរបស់គេឌាន!»។ ២១ ក្នុងពេលនោះ ពួកគេគ្រប់គ្នាឈរព័ទ្ធជុំវិញជំរំ។ រីឯពួកទ័ពម៉ាឌានទាំងមូលនាំគ្នារត់ចេញទាំងស្រែកយ៉ាងខ្លាំង។+ ២២ កាលដែលពួកបុរស៣០០នាក់បន្តផ្លុំស្នែង ព្រះយេហូវ៉ាបានធ្វើឲ្យកងទ័ពម៉ាឌានប្រយុទ្ធគ្នាឯងពេញជំរំ+ ហើយកងទ័ពទាំងនោះបានរត់គេចខ្លួនរហូតដល់ក្រុងបេតស៊ីតា និងសេរេរ៉ា ព្រមទាំងរហូតដល់ជាយក្រុងអេបិលមិហូឡា+ ក្បែរថាបាត។
២៣ បុរសជនជាតិអ៊ីស្រាអែលពីកុលសម្ព័ន្ធណែបថាលី ពីកុលសម្ព័ន្ធអេស៊ើរ និងបុរសទាំងអស់ពីកុលសម្ព័ន្ធម៉ាណាសេ+ បានត្រូវហៅឲ្យមកជួបជុំគ្នា រួចដេញតាមពួកម៉ាឌាន។ ២៤ គេឌានបានចាត់អ្នកនាំសារឲ្យទៅប្រាប់មនុស្សទាំងអស់ដែលនៅតំបន់ភ្នំស្រុកអេប្រាអ៊ីមថា៖ «ចូរនាំគ្នាចុះទៅវាយប្រហារពួកម៉ាឌាន ហើយចាប់យកដៃទន្លេទាំងប៉ុន្មានរហូតដល់បេតបារ៉ានិងទន្លេយ៉ូដាន់»។ ម្ល៉ោះហើយ ពួកបុរសទាំងអស់ពីកុលសម្ព័ន្ធអេប្រាអ៊ីមបានប្រមូលផ្ដុំគ្នា ហើយចាប់យកដៃទន្លេទាំងប៉ុន្មានរហូតដល់បេតបារ៉ានិងទន្លេយ៉ូដាន់។ ២៥ មិនត្រឹមតែប៉ុណ្ណោះ ពួកគេបានចាប់អ្នកគ្រប់គ្រងទាំងពីរនាក់របស់ពួកម៉ាឌាន គឺអូរេប និងសៀប។ រួចពួកគេសម្លាប់អូរេបនៅលើថ្មធំមួយ ក្រោយមកគេហៅថ្មនោះថាថ្មអូរេប។+ ពួកគេសម្លាប់សៀបនៅកន្លែងជាន់ផ្លែទំពាំងបាយជូរយកទឹកធ្វើស្រា ក្រោយមកគេហៅកន្លែងនោះតាមឈ្មោះរបស់គាត់។ ពួកគេបន្តដេញតាមសម្លាប់ពួកម៉ាឌាន+ ហើយយកក្បាលរបស់អូរេបនិងក្បាលរបស់សៀប មកឲ្យគេឌាននៅតំបន់ទន្លេយ៉ូដាន់។