យ៉ូប
១៣ «ខ្ញុំបានឃើញអ្វីទាំងអស់នេះ
ត្រចៀកខ្ញុំបានឮ ហើយបានយល់។
២ អ្វីដែលអ្នករាល់គ្នាដឹង ខ្ញុំក៏ដឹងដែរ។ ខ្ញុំមិនអន់ជាងអ្នករាល់គ្នាទេ។
៣ តាមពិតខ្ញុំចង់និយាយជាមួយនឹងព្រះដ៏មានឫទ្ធានុភាពខ្លាំងក្លាបំផុត
ខ្ញុំចង់តវ៉ារឿងក្ដីរបស់ខ្ញុំនៅចំពោះមុខលោក។+
៤ ប៉ុន្តែ អ្នករាល់គ្នានិយាយកុហកបង្ខូចឈ្មោះខ្ញុំ
អ្នករាល់គ្នាសុទ្ធតែជាគ្រូពេទ្យឥតបានការ។+
៥ បើអ្នករាល់គ្នានៅស្ងៀមមិនចេញវាចា
នោះបង្ហាញថាអ្នករាល់គ្នាមានប្រាជ្ញាជាង។+
៦ ឥឡូវ សូមស្ដាប់ខ្ញុំបរិយាយ
សូមយកចិត្តទុកដាក់ស្ដាប់ពាក្យអង្វររបស់ខ្ញុំ។
៧ តើអ្នករាល់គ្នាហ៊ានចោទប្រកាន់ខ្ញុំមិនពិតដោយនូវនាមរបស់ព្រះ
ហើយពោលពាក្យមិនពិតដោយអាងនាមរបស់លោកឬ?
៨ តើអ្នករាល់គ្នានឹងលម្អៀងទៅខាងព្រះពិត ហើយព្យាយាមកាន់ក្ដីឲ្យលោកឬ?
៩ បើលោកពិនិត្យមើលអ្នករាល់គ្នា តើលោកនឹងពេញចិត្តអ្នករាល់គ្នាទេ?+
តើអ្នករាល់គ្នាអាចបញ្ឆោតលោកបាន ដូចបញ្ឆោតមនុស្សឬ?
១០ លោកច្បាស់ជានឹងស្ដីបន្ទោសអ្នករាល់គ្នា
បើអ្នករាល់គ្នាហ៊ានលួចបង្ហាញចិត្តល្អៀងទៅខាងលោក។+
១១ តើសិរីរុងរឿងរបស់លោកមិនធ្វើឲ្យអ្នករាល់គ្នារន្ធត់ទេឬ?
ហើយតើអ្នករាល់គ្នាមិនស្ញែងខ្លាចលោកទេឬ?
១២ ពាក្យពេចន៍របស់អ្នករាល់គ្នា គឺជាសុភាសិតឥតប្រយោជន៍*
អំណះអំណាងរបស់អ្នករាល់គ្នា ខ្សោយដូចជាខែលធ្វើពីដីឥដ្ឋ។
១៣ សូមនៅស្ងៀម ស្ដាប់ខ្ញុំស្រដីសិន
បើមានអ្វីកើតឡើងដល់ខ្ញុំ ទុកឲ្យកើតឡើងចុះ!
១៤ ហេតុអ្វីខ្ញុំយករឿងដាក់ខ្លួន?
ម្ដេចបានជាខ្ញុំយកជីវិត*មកប្រថុយនឹងគ្រោះថ្នាក់ដូច្នេះ?
១៥ ទោះជាលោកចង់សម្លាប់ខ្ញុំក៏ដោយ ខ្ញុំនៅតែរង់ចាំ+
ខ្ញុំនឹងចាំការពាររឿងក្ដីរបស់ខ្ញុំនៅចំពោះមុខលោក។
១៦ រួចមក លោកនឹងទៅជាអ្នកសង្គ្រោះខ្ញុំ+
ព្រោះមនុស្សដែលមិនកោតខ្លាចព្រះ*មិនអាចចូលទៅចំពោះមុខលោកបានឡើយ។+
១៧ សូមប្រុងស្ដាប់សម្ដីរបស់ខ្ញុំ
សូមតាំងចិត្តស្ដាប់វាចារបស់ខ្ញុំ។
១៨ មើល! ឥឡូវខ្ញុំបានត្រៀមដាក់រឿងក្ដីរបស់ខ្ញុំ
ខ្ញុំដឹងច្បាស់ថាខ្ញុំត្រូវ។
១៩ តើមានអ្នកណាអាចប្រកែកថាខ្ញុំខុសទេ?
បើខ្ញុំនៅស្ងៀមមិននិយាយ ខ្ញុំនឹងស្លាប់ជាមិនខាន!*
២០ ឱព្រះអើយ ខ្ញុំសុំអ្វីពីរយ៉ាងប៉ុណ្ណោះពីលោក
នោះខ្ញុំនឹងមិនលាក់ខ្លួនពីលោកឡើយគឺ
២១ សូមលោកដកដៃដ៏ធ្ងន់របស់លោកចេញឲ្យឆ្ងាយពីខ្ញុំ
ហើយកុំធ្វើឲ្យខ្ញុំភ័យខ្លាចលោកទៀត។+
២២ សូមលោកមានប្រសាសន៍មុន នោះខ្ញុំនឹងឆ្លើយ
ឬបើលោកឲ្យខ្ញុំនិយាយមុន សូមលោកតបមកវិញផង។
២៣ តើខ្ញុំមានកំហុសឬខុសឆ្គងអ្វី?
សូមលោកស្រដីឲ្យខ្ញុំដឹងផង។
២៥ ខ្ញុំប្រៀបដូចជាស្លឹកឈើដែលត្រូវខ្យល់បក់ផាត់
ហើយប្រៀបដូចជាជញ្ជ្រាំងដែលក្រៀមស្វិត
ហេតុអ្វីលោកធ្វើឲ្យខ្ញុំភ័យខ្លាច ហើយដេញតាមខ្ញុំដូច្នេះ?
២៦ ពីព្រោះលោកបន្តកត់ទុកកំហុសដើម្បីចោទប្រកាន់ខ្ញុំ
ហើយលោកឲ្យខ្ញុំទទួលខុសត្រូវចំពោះកំហុសដែលខ្ញុំបានធ្វើកាលនៅគ្រាយុវវ័យ។
២៧ លោកដាក់ខ្នោះជើងខ្ញុំ
លោកពិនិត្យពិច័យខ្ញុំគ្រប់ជំហាន
ហើយសង្កេតមើលដានជើងទាំងអស់របស់ខ្ញុំ។
២៨ ដូច្នេះ មនុស្ស*រលួយទៅដូចរបស់ដែលពុកផុយ
ឬដូចសម្លៀកបំពាក់ដែលសត្វល្អិតស៊ីបំផ្លាញ។