ដើមកំណើត
២១ ក្រោយមក ព្រះយេហូវ៉ាបានគិតដល់សារ៉ា ដូចលោកបានមានប្រសាសន៍។ ព្រះយេហូវ៉ាបានធ្វើតាមពាក្យដែលលោកបានសន្យានឹងសារ៉ាមែន។+ ២ ដូច្នេះ សារ៉ាចាប់ផ្ដើមមានផ្ទៃពោះ+ ហើយក្រោយមកបង្កើតបានកូនប្រុសមួយឲ្យអាប្រាហាំក្នុងគ្រាដែលគាត់ចាស់ហើយ គឺតាមពេលកំណត់ដែលព្រះបានសន្យាចំពោះអាប្រាហាំ។+ ៣ អាប្រាហាំបានដាក់ឈ្មោះឲ្យកូនប្រុសនោះថា អ៊ីសាក។+ ៤ នៅពេលអ៊ីសាកមានអាយុ៨ថ្ងៃ អាប្រាហាំបានកាត់ចុងស្បែកឲ្យគាត់ តាមបង្គាប់របស់ព្រះ។+ ៥ ពេលអ៊ីសាកកើតមក អាប្រាហាំមានអាយុ១០០ឆ្នាំ។ ៦ រួចមក សារ៉ាបាននិយាយថា៖ «ព្រះបានធ្វើឲ្យខ្ញុំអស់សំណើចមែន គ្រប់គ្នាដែលឮអំពីនេះក៏សើចជាមួយនឹងខ្ញុំ*ដែរ»។ ៧ សារ៉ាបានបន្ថែមថា៖ «តើអ្នកណានឹកស្មានដល់ថាប្រពន្ធអាប្រាហាំនឹងបង្កើតកូនឲ្យគាត់? ទោះជាដូច្នោះក៏ដោយ ខ្ញុំពិតជាបានបង្កើតកូនឲ្យគាត់មែន គឺនៅពេលដែលគាត់មានវ័យចាស់ណាស់ហើយ»។
៨ លុះអ៊ីសាកបានធំបន្តិច ហើយត្រូវផ្ដាច់ដោះ អាប្រាហាំបានរៀបចំពិធីភោជនាហារដ៏ធំសម្រាប់គាត់នៅថ្ងៃនោះតែម្ដង។ ៩ ប៉ុន្តែ សារ៉ាបានសម្គាល់ឃើញថាកូនប្រុសរបស់ហាកា+ជាស្ត្រីជនជាតិអេហ្ស៊ីប ចេះតែចំអកឲ្យអ៊ីសាក។+ (កូនប្រុសនោះជាកូនដែលហាកាបានបង្កើតឲ្យអាប្រាហាំ) ១០ ដូច្នេះ សារ៉ាបាននិយាយទៅកាន់អាប្រាហាំថា៖ «ចូរបណ្ដេញស្រីបម្រើនិងកូនប្រុសរបស់នាងចេញទៅ ព្រោះកូនរបស់ស្រីបម្រើនេះនឹងមិនទទួលមត៌កជាមួយនឹងអ៊ីសាកកូនខ្ញុំឡើយ!»។+ ១១ ប៉ុន្តែ អ្វីដែលសារ៉ាបាននិយាយអំពីកូនប្រុសអាប្រាហាំ ធ្វើឲ្យអាប្រាហាំមិនពេញចិត្តទាល់តែសោះ។+ ១២ បន្ទាប់មក ព្រះបានមានប្រសាសន៍ទៅកាន់អាប្រាហាំថា៖ «កុំអាក់អន់ចិត្តព្រោះតែអ្វីដែលសារ៉ាប្រាប់អំពីកូនប្រុសនិងស្រីបម្រើនោះឡើយ។ ចូរស្ដាប់តាមសារ៉ាចុះ ព្រោះកូនចៅ*របស់អ្នកនឹងកើតពីអ៊ីសាក។+ ១៣ ចំណែកកូនប្រុសរបស់ហាកាវិញ+ ខ្ញុំនឹងធ្វើឲ្យមានប្រជាជាតិមួយកើតចេញពីគាត់+ ព្រោះគាត់ក៏ជាកូនរបស់អ្នកដែរ»។
១៤ លុះព្រលឹមឡើង អាប្រាហាំបានរៀបចំនំប៉័ងនិងដាក់ទឹកក្នុងថង់ស្បែក ហើយឲ្យហាកាស្ពាយ រួចឲ្យនាងធ្វើដំណើរចេញទៅជាមួយនឹងកូន។+ នាងបានដើរវិលវល់ក្នុងតំបន់ស្ងាត់ជ្រងំក្បែរក្រុងបៀរសេបា។+ ១៥ ទីបំផុត ទឹកក្នុងថង់ស្បែកក៏អស់ទៅ ហើយនាងបានទុកកូនចោលនៅក្រោមដើមឈើតូចមួយ។ ១៦ រួចនាងចេញទៅអង្គុយនៅកន្លែងមួយតែម្នាក់ឯងឆ្ងាយពីកូន* ព្រោះនាងបាននិយាយថា៖ «ខ្ញុំមិនចង់ឃើញកូនខ្ញុំស្លាប់នៅមុខខ្ញុំទេ»។ ម្ល៉ោះហើយ នាងបានអង្គុយចុះនៅទីនោះ ហើយស្រែកយំយ៉ាងខ្លាំង។
១៧ ពេលនោះ ព្រះបានឮសំឡេងកូនប្រុសនោះ+ ហើយទេវតារបស់ព្រះបានហៅហាកាពីលើមេឃមកថា៖+ «ហាកាអើយ! តើនាងមានរឿងអ្វីហ្នឹង? កុំខ្លាចឡើយ ព្រះបានឮសំឡេងកូនប្រុសអ្នកពីទីនោះហើយ។ ១៨ ចូរក្រោកឡើងទៅលើកកូនប្រុសរបស់អ្នក ហើយដឹកដៃគាត់ទៅ ខ្ញុំនឹងធ្វើឲ្យគាត់ក្លាយទៅជាប្រជាជាតិដ៏ធំមួយ»។+ ១៩ បន្ទាប់មក ព្រះបានធ្វើឲ្យនាងឃើញអណ្ដូងទឹកមួយ។ នាងក៏ដើរទៅអណ្ដូងនោះ រួចដាក់ទឹកពេញថង់ស្បែក ហើយយកទៅឲ្យកូនផឹក។ ២០ កាលដែលកូននោះមានវ័យចម្រើនឡើង ព្រះបន្តនៅជាមួយនឹងគាត់។+ គាត់បានអាស្រ័យនៅក្នុងតំបន់ស្ងាត់ជ្រងំ ហើយបានក្លាយទៅជាអ្នកបាញ់ធ្នូ។ ២១ គាត់បានតាំងទីលំនៅក្នុងតំបន់ស្ងាត់ជ្រងំប៉ារ៉ាន+ ហើយម្ដាយរបស់គាត់បានឲ្យគាត់រៀបការជាមួយនឹងស្ត្រីម្នាក់ពីស្រុកអេហ្ស៊ីប។
២២ នៅគ្រានោះ អាប៊ីម៉ាឡិចនិងភីកុលជាមេទ័ពគាត់ បាននិយាយទៅកាន់អាប្រាហាំថា៖ «ព្រះនៅជាមួយនឹងអ្នកក្នុងគ្រប់ការទាំងអស់ដែលអ្នកធ្វើ។+ ២៣ ដូច្នេះ សូមស្បថនឹងខ្ញុំនៅទីនេះ ដោយនូវនាមរបស់ព្រះថា អ្នកនឹងមិនប្រព្រឹត្តដោយអយុត្តិធម៌មកលើខ្ញុំនិងកូនចៅខ្ញុំទេ។ បន្ថែមទៀត អ្នកក៏ត្រូវបង្ហាញសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ចំពោះខ្ញុំនិងស្រុកដែលអ្នកកំពុងរស់នៅនេះ ដូចដែលខ្ញុំបានបង្ហាញចំពោះអ្នកដែរ»។+ ២៤ ដូច្នេះ អាប្រាហាំបាននិយាយថា៖ «ខ្ញុំព្រមស្បថ»។
២៥ ប៉ុន្តែ ក្រោយមកអាប្រាហាំបានប្ដឹងអាប៊ីម៉ាឡិចអំពីអណ្ដូងទឹក ដែលអ្នកបម្រើរបស់អាប៊ីម៉ាឡិចបានដណ្ដើមយកដោយកម្លាំង។+ ២៦ អាប៊ីម៉ាឡិចបានតបថា៖ «ខ្ញុំមិនដឹងថាអ្នកណាបានធ្វើដូច្នេះទេ។ ព្រោះអ្នកមិនបានប្រាប់ខ្ញុំឲ្យដឹងសោះ ខ្ញុំទើបតែឮនៅថ្ងៃនេះ»។ ២៧ ពេលនោះ អាប្រាហាំបានប្រគល់ចៀមនិងគោមួយចំនួនឲ្យដល់អាប៊ីម៉ាឡិច ហើយពួកគាត់ទាំងពីរបានចុះកិច្ចព្រមព្រៀងជាមួយគ្នា។ ២៨ ពេលឃើញអាប្រាហាំញែកកូនចៀមញី៧ក្បាលចេញពីហ្វូង ២៩ អាប៊ីម៉ាឡិចក៏សួរអាប្រាហាំថា៖ «ហេតុអ្វីអ្នកញែកកូនចៀមញី៧ក្បាលចេញពីហ្វូងដូច្នេះ?»។ ៣០ គាត់បានឆ្លើយតបថា៖ «សូមលោកទទួលយកចៀមញី៧ក្បាលនេះពីដៃខ្ញុំទៅ ដើម្បីបញ្ជាក់ថាខ្ញុំពិតជាបានជីកអណ្ដូងនេះមែន»។ ៣១ ហេតុនេះហើយបានជាគាត់ហៅកន្លែងនោះថាបៀរសេបា*+ ព្រោះពួកគាត់បានស្បថនឹងគ្នានៅទីនោះ។ ៣២ ក្រោយពីពួកគាត់បានធ្វើកិច្ចព្រមព្រៀង+ជាមួយគ្នានៅបៀរសេបារួច អាប៊ីម៉ាឡិចបានចេញដំណើរជាមួយនឹងភីកុលជាមេទ័ពរបស់គាត់ ទៅស្រុកភីលីស្ទីនវិញ។+ ៣៣ ក្រោយមក អាប្រាហាំបានដាំដើមថាម៉ារីសមួយនៅបៀរសេបា ហើយគាត់បានសរសើរតម្កើងនាមព្រះយេហូវ៉ា+ ជាព្រះដែលមានជីវិតជារៀងរហូត។+ ៣៤ អាប្រាហាំបានស្នាក់នៅ*ក្នុងស្រុកភីលីស្ទីនអស់រយៈពេលយ៉ាងយូរ។+