សំបុត្រទី១ជូនចំពោះគ្រិស្តសាសនិកនៅក្រុងកូរិនថូស
១៤ ចូរខំឲ្យអស់ពីសមត្ថភាពដើម្បីបង្ហាញសេចក្ដីស្រឡាញ់ តែក៏ត្រូវបន្តខំប្រឹងឲ្យបានអំណោយនៃឫទ្ធានុភាពរបស់ព្រះផងដែរ ជាពិសេសអំណោយជាសមត្ថភាពប្រកាសទំនាយ។+ ២ ព្រោះអ្នកណាដែលទទួលអំណោយជាការនិយាយភាសាផ្សេង អ្នកនោះនិយាយទៅព្រះ មិនមែននិយាយទៅមនុស្សទេ+ ពីព្រោះទោះជាអ្នកនោះនិយាយអំពីអាថ៌កំបាំងដ៏ពិសិដ្ឋ+ដោយឫទ្ធានុភាពរបស់ព្រះក៏ដោយ ក៏គ្មានអ្នកណាស្ដាប់បានដែរ។ ៣ រីឯអ្នកដែលប្រកាសទំនាយវិញ គាត់ពោលពាក្យដែលពង្រឹងកម្លាំងចិត្ត លើកទឹកចិត្ត និងសម្រាលទុក្ខមនុស្ស។ ៤ អ្នកដែលនិយាយភាសាផ្សេងពង្រឹងកម្លាំងចិត្តខ្លួនឯង តែអ្នកដែលប្រកាសទំនាយពង្រឹងកម្លាំងចិត្តក្រុមជំនុំ។ ៥ ខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នានិយាយភាសាផ្សេងៗ+ តែខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាប្រកាសទំនាយជាង។+ អ្នកដែលប្រកាសទំនាយគឺឧត្ដមជាងអ្នកដែលនិយាយភាសាផ្សេងៗ លុះត្រាតែមានការបកប្រែ យ៉ាងនេះក្រុមជំនុំអាចមានកម្លាំងចិត្តកាន់តែខ្លាំង។ ៦ ក៏ប៉ុន្តែ បងប្អូនអើយ ប្រសិនបើឥឡូវនេះខ្ញុំមកឯអ្នករាល់គ្នាដោយនិយាយភាសាផ្សេងៗ តើនឹងមានប្រយោជន៍អ្វីដល់អ្នករាល់គ្នា? តែប្រសិនបើខ្ញុំនិយាយទៅអ្នករាល់គ្នាអំពីការបើកបង្ហាញពីព្រះ+ អំពីចំណេះ+ អំពីទំនាយ ឬអំពីសេចក្ដីបង្រៀន នោះអ្នករាល់គ្នានឹងទទួលប្រយោជន៍។
៧ នេះដូចគ្នានឹងឧបករណ៍តន្ត្រីដែរ ដូចជាខ្លុយឬពិណជាដើម។ ប្រសិនបើគេមិនប្ដូរសូរវាឲ្យខ្ពស់ទាបទេ តើធ្វើដូចម្ដេចទើបដឹងថាគេកំពុងលេងបទអ្វី? ៨ ព្រោះប្រសិនបើត្រែបញ្ចេញសូរសំឡេងឥតច្បាស់ តើអ្នកណានឹងត្រៀមខ្លួនទៅច្បាំង? ៩ ដូចគ្នាដែរ ប្រសិនបើអ្នករាល់គ្នាមិននិយាយសម្ដីដែលគេស្រួលយល់ តើធ្វើដូចម្ដេចឲ្យគេដឹងថាអ្នករាល់គ្នាកំពុងនិយាយអ្វី? នោះមានន័យថាអ្នករាល់គ្នាកំពុងនិយាយឥតប្រយោជន៍។ ១០ ក្នុងពិភពលោកមានភាសាជាច្រើន ហើយភាសាទាំងអស់សុទ្ធតែមានអត្ថន័យ។ ១១ ដូច្នេះ ប្រសិនបើខ្ញុំមិនយល់ពាក្យរបស់អ្នកដែលនិយាយមកខ្ញុំ អ្នកនោះនឹងចាត់ទុកខ្ញុំជាជនបរទេស ហើយខ្ញុំនឹងចាត់ទុកអ្នកនោះជាជនបរទេស។ ១២ អ្នករាល់គ្នាក៏ដូច្នេះដែរ ដោយសារអ្នករាល់គ្នាចង់បានយ៉ាងខ្លាំងនូវអំណោយនៃឫទ្ធានុភាពរបស់ព្រះ នោះចូរខំព្យាយាមឲ្យបានអំណោយជាបរិបូរដើម្បីពង្រឹងកម្លាំងចិត្តក្រុមជំនុំ។+
១៣ ម្ល៉ោះហើយ ចូរឲ្យអ្នកដែលនិយាយភាសាផ្សេង អធិដ្ឋានសុំឲ្យមានសមត្ថភាពបកប្រែ។+ ១៤ ព្រោះបើខ្ញុំអធិដ្ឋានដោយនិយាយភាសាផ្សេង ខ្ញុំអធិដ្ឋានដោយសារអំណោយនៃឫទ្ធានុភាពរបស់ព្រះ ប៉ុន្តែក្នុងគំនិត ខ្ញុំមិនយល់ទេ។ ១៥ ចុះតើខ្ញុំត្រូវធ្វើយ៉ាងណា? ខ្ញុំនឹងអធិដ្ឋានដោយអំណោយនៃឫទ្ធានុភាពរបស់ព្រះ តែខ្ញុំក៏នឹងអធិដ្ឋានដោយភាសាដែលខ្ញុំយល់ដែរ។ ខ្ញុំនឹងច្រៀងសរសើរតម្កើងដោយឫទ្ធានុភាពរបស់ព្រះ តែខ្ញុំក៏នឹងច្រៀងដោយភាសាដែលខ្ញុំយល់ដែរ។ ១៦ បើមិនដូច្នេះ ពេលដែលអ្នកសរសើរព្រះដោយអំណោយនៃឫទ្ធានុភាពរបស់លោក តើមនុស្សធម្មតាអាចនិយាយថា«អាមេន»ដូចម្ដេចបាន ពេលដែលអ្នកអរគុណព្រះ? ពីព្រោះអ្នកនោះមិនដឹងថាអ្នកកំពុងនិយាយអ្វីទេ។ ១៧ ពិតមែនតែអ្នកអរគុណព្រះយ៉ាងល្អ ប៉ុន្តែមនុស្សម្នាក់ទៀតមិនទទួលការលើកទឹកចិត្តទេ។ ១៨ ខ្ញុំសូមអរគុណព្រះ ដោយសារខ្ញុំនិយាយភាសាផ្សេងៗច្រើនជាងអ្នកទាំងអស់គ្នា។ ១៩ ទោះជាយ៉ាងនោះក៏ដោយ ក្នុងក្រុមជំនុំ ខ្ញុំសុខចិត្តនិយាយប្រាំម៉ាត់ដែលអ្នកឯទៀតអាចយល់បាន ដើម្បីខ្ញុំអាចបង្រៀនពួកគេ ជាជាងនិយាយភាសាផ្សេងមួយម៉ឺនម៉ាត់ដែលពួកគេមិនយល់។+
២០ បងប្អូនអើយ កុំទៅជាអ្នកដែលមានសមត្ថភាពយល់ដឹងដូចកូនក្មេង+ ប៉ុន្តែអ្នករាល់គ្នាត្រូវធ្វើជាកូនក្មេងចំពោះសេចក្ដីអាក្រក់+ តែចំពោះសមត្ថភាពយល់ដឹង ត្រូវធ្វើជាមនុស្សពេញវ័យវិញ។+ ២១ ច្បាប់ចែងថា៖ «ព្រះយេហូវ៉ា*មានប្រសាសន៍ថា៖ ‹ខ្ញុំនឹងនិយាយទៅកាន់បណ្ដាជននេះ ដោយភាសារបស់ជនបរទេស និងដោយពាក្យរបស់ជនចម្លែក ហើយសូម្បីតែពេលនោះ ក៏ពួកគេនឹងមិនព្រមស្ដាប់ខ្ញុំដែរ›»។+ ២២ ម្ល៉ោះហើយ ការនិយាយភាសាផ្សេងៗ ជាសញ្ញាសម្គាល់សម្រាប់អ្នកមិនជឿ មិនមែនសម្រាប់អ្នកជឿទេ+ រីឯការប្រកាសទំនាយ នោះគឺសម្រាប់អ្នកជឿ មិនមែនសម្រាប់អ្នកមិនជឿឡើយ។ ២៣ ដូច្នេះ ប្រសិនបើក្រុមជំនុំទាំងមូលមកជួបជុំគ្នានៅកន្លែងមួយ ហើយទាំងអស់គ្នានិយាយភាសាផ្សេងៗ រួចមានមនុស្សធម្មតាឬអ្នកមិនជឿចូលមក ពួកគេនឹងនិយាយថាអ្នករាល់គ្នាឆ្កួតហើយ មែនទេ? ២៤ ក៏ប៉ុន្តែ ប្រសិនបើអ្នករាល់គ្នាកំពុងប្រកាសទំនាយ ហើយអ្នកមិនជឿឬមនុស្សធម្មតាម្នាក់ចូលមក សម្ដីរបស់អ្នករាល់គ្នានឹងប្រដៅតម្រង់អ្នកនោះ ហើយជំរុញគាត់ឲ្យគិតពិចារណាយ៉ាងដិតដល់អំពីអ្វីដែលគាត់បានឮ។ ២៥ យ៉ាងនេះ រឿងសម្ងាត់ក្នុងចិត្តរបស់គាត់នឹងត្រូវបង្ហាញឲ្យឃើញ រួចគាត់នឹងក្រាបខ្លួនគោរពព្រះ ដោយប្រកាសថា៖ «ព្រះនៅក្នុងចំណោមអ្នករាល់គ្នាមែន»។+
២៦ បងប្អូនអើយ បើដូច្នេះ តើត្រូវធ្វើយ៉ាងណាវិញ? ពេលដែលអ្នករាល់គ្នាមកជួបជុំគ្នា ម្នាក់ច្រៀងសរសើរព្រះ ម្នាក់បង្រៀន ម្នាក់រៀបរាប់អំពីការបើកបង្ហាញពីព្រះ ម្នាក់និយាយភាសាផ្សេង ហើយម្នាក់ទៀតបកប្រែ។+ ចូរធ្វើអ្វីៗទាំងអស់ដើម្បីពង្រឹងកម្លាំងចិត្តគ្នាទៅវិញទៅមក។ ២៧ ម្យ៉ាងទៀត បើមានអ្នកណានិយាយភាសាផ្សេង ត្រូវមានតែពីរនាក់ប៉ុណ្ណោះ ឬច្រើនបំផុតបីនាក់ ហើយពួកគាត់ត្រូវប្ដូរវេនគ្នា ក៏ត្រូវមានអ្នកបកប្រែម្នាក់ដែរ។+ ២៨ ប៉ុន្តែ ប្រសិនបើគ្មានអ្នកបកប្រែទេ ចូរឲ្យគាត់នៅស្ងៀមក្នុងក្រុមជំនុំ ហើយនិយាយក្នុងចិត្តទៅព្រះ។ ២៩ ចូរឲ្យអ្នកប្រកាសទំនាយពីរឬបីនាក់+និយាយ ហើយអ្នកឯទៀតត្រូវពិចារណាឲ្យយល់អត្ថន័យ។ ៣០ ប៉ុន្តែ ប្រសិនបើម្នាក់ទៀតទទួលការបើកបង្ហាញពីព្រះកាលដែលកំពុងអង្គុយនៅទីនោះ ចូរឲ្យអ្នកដែលកំពុងនិយាយនៅស្ងៀមវិញ។ ៣១ ព្រោះអ្នកទាំងអស់គ្នាអាចប្រកាសទំនាយម្នាក់ម្ដងៗ ដើម្បីឲ្យមនុស្សគ្រប់គ្នាអាចរៀនបាននិងទទួលការលើកទឹកចិត្ត។+ ៣២ ពួកអ្នកប្រកាសទំនាយត្រូវតែគ្រប់គ្រងអំណោយដែលពួកគាត់បានទទួលពីឫទ្ធានុភាពរបស់ព្រះ។ ៣៣ ព្រោះព្រះមិនមែនជាព្រះនៃការខ្វះសណ្ដាប់ធ្នាប់ទេ តែជាព្រះនៃសេចក្ដីសុខសាន្ត។+
ដូចក្នុងក្រុមជំនុំទាំងអស់របស់ពួកអ្នកបរិសុទ្ធ ៣៤ ចូរឲ្យពួកស្ត្រីនៅស្ងៀមព្រោះពួកគាត់មិនបានត្រូវអនុញ្ញាតឲ្យនិយាយក្នុងក្រុមជំនុំឡើយ+ តែពួកគាត់ត្រូវចេះចុះចូល+ ដូចចែងក្នុងច្បាប់។ ៣៥ ប្រសិនបើពួកគាត់ចង់រៀនអ្វីមួយ ចូរឲ្យពួកគាត់សួរប្ដីពេលនៅផ្ទះវិញ ព្រោះបើស្ត្រីនិយាយក្នុងក្រុមជំនុំ នោះជាការអាប់ឱនកិត្តិយស។
៣៦ តើប្រសាសន៍របស់ព្រះបានផ្ដើមចេញពីអ្នករាល់គ្នាឬ? ឬក៏មានតែអ្នករាល់គ្នាប៉ុណ្ណោះដែលបានទទួលប្រសាសន៍របស់ព្រះ?
៣៧ ប្រសិនបើមានអ្នកណាគិតថាខ្លួនជាអ្នកប្រកាសទំនាយ ឬបានទទួលអំណោយនៃឫទ្ធានុភាពរបស់ព្រះ អ្នកនោះត្រូវទទួលស្គាល់ថា អ្វីដែលខ្ញុំបានសរសេរមកអ្នករាល់គ្នាជាបញ្ញត្ដិរបស់លោកម្ចាស់។ ៣៨ ប៉ុន្តែ បើអ្នកណាមិនទទួលស្គាល់សេចក្ដីនោះ ព្រះក៏នឹងមិនទទួលស្គាល់អ្នកនោះដែរ។* ៣៩ ដូច្នេះ បងប្អូនអើយ ចូរបន្តព្យាយាមក្នុងការប្រកាសទំនាយ+ តែកុំហាមអ្នកណាដែលនិយាយភាសាផ្សេងៗឡើយ។+ ៤០ ប៉ុន្តែ ចូរឲ្យអ្វីៗទាំងអស់ធ្វើឡើងយ៉ាងត្រឹមត្រូវ និងដោយរបៀបរៀបរយ។+