ដើមកំណើត
៤២ ក្រោយមក យ៉ាកុបបានឮថាមានស្រូវនៅស្រុកអេហ្ស៊ីប។+ ដូច្នេះ គាត់បាននិយាយទៅកាន់កូនប្រុសៗរបស់គាត់ថា៖ «តើកូនៗនៅអង្គុយមើលមុខគ្នាដល់កាលណាទៀត?»។ ២ យ៉ាកុបបានបន្ថែមថា៖ «ពុកឮថាមានស្រូវនៅស្រុកអេហ្ស៊ីប។ ដូច្នេះ ចូរកូនៗទៅទិញស្រូវខ្លះពីទីនោះមក ដើម្បីកុំឲ្យយើងដាច់ពោះស្លាប់»។+ ៣ ម្ល៉ោះហើយ បងៗទាំង១០នាក់របស់យ៉ូសែប+ក៏បានធ្វើដំណើរទៅស្រុកអេហ្ស៊ីបដើម្បីទិញស្រូវ។ ៤ ប៉ុន្តែ យ៉ាកុបមិនបានអនុញ្ញាតឲ្យបេនយ៉ាមីន+ប្អូនយ៉ូសែប ទៅជាមួយនឹងបងៗរបស់គាត់ទេ ព្រោះយ៉ាកុបនិយាយថា៖ «ពុកខ្លាចគាត់មានគ្រោះថ្នាក់ដល់ជីវិត»។+
៥ ដូច្នេះ កូនប្រុសៗរបស់អ៊ីស្រាអែលបានធ្វើដំណើរទៅទិញស្រូវនៅស្រុកអេហ្ស៊ីបជាមួយនឹងអ្នកឯទៀត ព្រោះនៅស្រុកកាណានក៏មានការអត់ឃ្លានដែរ។+ ៦ នៅគ្រានោះ យ៉ូសែបមានអំណាចត្រួតត្រាលើស្រុកអេហ្ស៊ីប+ ហើយគាត់ជាអ្នកចាត់ចែងលើការលក់ស្រូវដល់បណ្ដាជនដែលមកពីគ្រប់ទិសទី។+ ពេលបងៗរបស់យ៉ូសែបទៅដល់ ពួកគេបានចូលទៅក្រាបមុខដល់ដីនៅចំពោះគាត់។+ ៧ ពេលឃើញពួកគេភ្លាម យ៉ូសែបស្គាល់ច្បាស់ថាជាបងៗរបស់គាត់។ ប៉ុន្តែ គាត់មិនបានឲ្យពួកគេដឹងថាគាត់ជាយ៉ូសែបទេ។+ ដូច្នេះ គាត់បានសួរពួកគេយ៉ាងម៉ឺងម៉ាត់ថា៖ «តើអ្នករាល់គ្នាមកពីណា?»។ ពួកគេតបវិញថា៖ «ពួកខ្ញុំបាទ មកពីស្រុកកាណានដើម្បីមកទិញស្បៀងអាហារ»។+
៨ យ៉ូសែបស្គាល់បងៗគាត់ តែពួកគេមិនបានស្គាល់គាត់ឡើយ។ ៩ ភ្លាមនោះ យ៉ូសែបបាននឹកឃើញសុបិនស្ដីអំពីពួកគេ។+ គាត់បាននិយាយទៅកាន់ពួកគេថា៖ «អ្នករាល់គ្នាជាអ្នកស៊ើបការណ៍! អ្នករាល់គ្នាមករកមើលចំណុចខ្សោយរបស់ស្រុកយើង!»។ ១០ ប៉ុន្តែ ពួកគេបាននិយាយថា៖ «មិនមែនទេ លោកម្ចាស់ ពួកខ្ញុំបាទមកទីនេះដើម្បីទិញស្បៀងអាហារទេ។ ១១ ពួកខ្ញុំបាទ ជាបងប្អូនរួមឪពុក។ ពួកខ្ញុំបាទជាមនុស្សទៀងត្រង់ មិនមែនជាអ្នកស៊ើបការណ៍ទេ»។ ១២ ប៉ុន្តែ យ៉ូសែបបាននិយាយទៅកាន់ពួកគេថា៖ «មិនពិតទេ! អ្នករាល់គ្នាមករកមើលចំណុចខ្សោយរបស់ស្រុកយើងហើយ!»។ ១៣ ពួកគេឆ្លើយថា៖ «ពួកខ្ញុំបាទមានបងប្អូនប្រុស១២នាក់+ ជាកូនរបស់បុរសម្នាក់+នៅស្រុកកាណាន។ ប្អូនពៅរបស់ពួកខ្ញុំបាទ កំពុងនៅជាមួយនឹងឪពុក។+ ចំណែកម្នាក់ទៀត លែងមានទៀតហើយ»។+
១៤ ប៉ុន្តែ យ៉ូសែបបាននិយាយទៅកាន់ពួកគេថា៖ «ឃើញទេ ដូចខ្ញុំនិយាយមែន អ្នករាល់គ្នាជាអ្នកស៊ើបការណ៍! ១៥ ដូចផារ៉ូមានជីវិតរស់នៅ ខ្ញុំស្បថថាអ្នករាល់គ្នានឹងមិនអាចចាកចេញពីទីនេះបានជាដាច់ខាត លុះត្រាតែអ្នករាល់គ្នានាំប្អូនពៅមកជួបខ្ញុំ។ ឥឡូវខ្ញុំនឹងពិសោធមើលថាអ្នករាល់គ្នានិយាយពិតឬមិនពិត។+ ១៦ ចូរអ្នករាល់គ្នាចាត់ម្នាក់ឲ្យទៅនាំប្អូនពៅមក តែអ្នកទាំងប៉ុន្មានដែលនៅទីនេះត្រូវជាប់ឃុំសិន។ យ៉ាងនេះ ខ្ញុំនឹងដឹងថាពាក្យសម្ដីរបស់អ្នករាល់គ្នាជាការពិតឬមិនពិត។ ប៉ុន្តែ បើមិនមែនជាការពិតទេ ខ្ញុំនឹងដឹងប្រាកដថាពួកអ្នកជាអ្នកស៊ើបការណ៍មែន»។ ១៧ ក្រោយនិយាយចប់ភ្លាម គាត់បានឲ្យគេចាប់បងៗគាត់ដាក់ឃុំអស់បីថ្ងៃ។
១៨ លុះបីថ្ងៃក្រោយមក យ៉ូសែបបាននិយាយទៅកាន់ពួកគេថា៖ «ឥឡូវចូរធ្វើតាមបង្គាប់ខ្ញុំ ដើម្បីឲ្យរួចជីវិតចុះ ព្រោះខ្ញុំជាអ្នកគោរពកោតខ្លាចព្រះ។ ១៩ បើអ្នករាល់គ្នាជាមនុស្សទៀងត្រង់មែន ចូរទុកម្នាក់ឲ្យជាប់ឃុំនៅទីនេះ ឯអ្នកផ្សេងទៀត ចូរនាំយកស្បៀងអាហារទៅឲ្យពួកអ្នកផ្ទះដែលកំពុងមានការអត់ឃ្លាននោះចុះ។+ ២០ រួចចូរនាំប្អូនពៅរបស់អ្នករាល់គ្នាមកជួបខ្ញុំ ដើម្បីបញ្ជាក់ថាសម្ដីរបស់អ្នករាល់គ្នាគឺពិតប្រាកដមែន ហើយអ្នករាល់គ្នានឹងមិនត្រូវស្លាប់ទេ»។ ដូច្នេះ ពួកគេបានធ្វើតាមសម្ដីរបស់យ៉ូសែប។
២១ ក្រោយមក ពួកគេបាននិយាយគ្នាថា៖ «យើងបានធ្វើខុសចំពោះប្អូនយើង។+ ពេលយើងឃើញទុក្ខលំបាករបស់គាត់ យើងមិនបានបង្ហាញចិត្តអាណិតអាសូរទេ ហើយពេលគាត់សូមអង្វរយើង យើងក៏មិនបានស្ដាប់ពាក្យអង្វររបស់គាត់ដែរ។ ហេតុនេះហើយបានជាទុក្ខលំបាកនេះធ្លាក់មកលើយើងវិញ»។ ២២ រួចរូបេនបាននិយាយថា៖ «បងបានប្រាប់ហើយថា‹កុំធ្វើបាបយ៉ូសែបអី› តែប្អូនៗមិនបានស្ដាប់បងទេ។+ មើល! ឥឡូវយើងត្រូវទទួលខុសត្រូវ ព្រោះយើងបានសម្លាប់គាត់»។*+ ២៣ បងៗរបស់យ៉ូសែបមិនបានដឹងថាយ៉ូសែបស្ដាប់យល់ពួកគេនិយាយគ្នាទេ ព្រោះនៅពេលនោះយ៉ូសែបនិយាយជាមួយនឹងពួកគេតាមរយៈអ្នកបកប្រែ។ ២៤ ពេលនោះ យ៉ូសែបបានបែរចេញពីពួកគេ ហើយចាប់ផ្ដើមយំ។+ ក្រោយនោះ គាត់មកនិយាយជាមួយនឹងពួកគេម្ដងទៀត រួចចាប់ស៊ីម្មាន+ចងនៅមុខពួកគេ។+ ២៥ បន្ទាប់មក យ៉ូសែបបានបង្គាប់គេឲ្យច្រកស្រូវដាក់ពេញបាវរបស់បងៗគាត់ និងដាក់ថង់ប្រាក់របស់ពួកគេទៅក្នុងបាវរៀងៗខ្លួនវិញ។ បន្ថែមទៀត គាត់ក៏បានឲ្យអាហារពួកគេទុកបរិភោគតាមផ្លូវដែរ។ ដូច្នេះ ពួកអ្នកបម្រើគាត់បានធ្វើតាមបង្គាប់គាត់ទាំងអស់។
២៦ បន្ទាប់ពីនោះ បងៗគាត់បានដាក់បាវស្រូវលើខ្នងលា រួចធ្វើដំណើរចេញពីទីនោះទៅ។ ២៧ លុះធ្វើដំណើរដល់កន្លែងស្នាក់នៅ បងប្រុសម្នាក់របស់យ៉ូសែបបានស្រាយបាវយកចំណីឲ្យលាស៊ី ស្រាប់តែឃើញប្រាក់របស់គាត់នៅមាត់បាវ។ ២៨ ពេលនោះ គាត់បាននិយាយទៅកាន់បងប្អូនគាត់ថា៖ «គេបានដាក់ប្រាក់ឲ្យខ្ញុំវិញ មើល! វានៅក្នុងបាវខ្ញុំ!»។ ឮដូច្នោះ ពួកគេបានភ័យញ័រជាខ្លាំង ហើយនិយាយគ្នាថា៖ «ម្ដេចក៏ព្រះធ្វើដូច្នេះចំពោះយើង?»។
២៩ ក្រោយមក ពួកគេបន្តដំណើរទៅផ្ទះនៅស្រុកកាណានវិញ។ ពេលទៅដល់ ពួកគេបានរៀបរាប់ប្រាប់យ៉ាកុបជាឪពុក អំពីអ្វីទាំងអស់ដែលបានកើតឡើង។ ពួកគេបាននិយាយថា៖ ៣០ «បុរសដែលជាអ្នកត្រួតត្រាលើស្រុកនោះ បាននិយាយយ៉ាងម៉ឺងម៉ាត់មកកាន់យើង+ ហើយចោទប្រកាន់ពួកយើងថាជាអ្នកស៊ើបការណ៍។ ៣១ ប៉ុន្តែ ពួកកូនបាននិយាយថា៖ ‹ពួកខ្ញុំមិនមែនជាអ្នកស៊ើបការណ៍ទេ ពួកខ្ញុំជាមនុស្សទៀងត្រង់។+ ៣២ ពួកខ្ញុំមានបងប្អូនប្រុស១២នាក់+ ជាកូនរបស់បុរសម្នាក់នៅស្រុកកាណាន។ ប្អូនពៅរបស់ពួកខ្ញុំ កំពុងនៅជាមួយនឹងឪពុក។+ ចំណែកម្នាក់ទៀតលែងមានទៀតហើយ›។+ ៣៣ ប៉ុន្តែ បុរសដែលជាអ្នកត្រួតត្រាលើស្រុកនោះ បាននិយាយថា៖ ‹ខ្ញុំនឹងជឿថាអ្នករាល់គ្នាជាមនុស្សទៀងត្រង់មែន បើអ្នករាល់គ្នាធ្វើតាមខ្ញុំ ដោយទុកម្នាក់ឲ្យនៅជាមួយខ្ញុំ។+ ឯអ្នកផ្សេងទៀត ចូរនាំយកស្បៀងអាហារទៅឲ្យពួកអ្នកផ្ទះដែលកំពុងរងការអត់ឃ្លាននោះចុះ។+ ៣៤ រួចចូរនាំប្អូនពៅរបស់អ្នករាល់គ្នាមកជួបខ្ញុំ ដើម្បីបញ្ជាក់ថាអ្នករាល់គ្នាមិនមែនជាអ្នកស៊ើបការណ៍ទេ តែជាមនុស្សទៀងត្រង់។ ខ្ញុំនឹងប្រគល់បងប្អូនអ្នកឲ្យអ្នកវិញ ហើយអ្នករាល់គ្នាអាចជួញដូរនៅក្នុងស្រុកនេះបាន›»។
៣៥ កាលដែលបងៗយ៉ូសែបចាក់ស្រូវចេញពីបាវ ពួកគេបានឃើញថង់ប្រាក់របស់ខ្លួនក្នុងបាវទាំងនោះ។ ពេលពួកគេនិងឪពុកឃើញដូច្នោះ ពួកគេបានភ័យតក់ស្លុត។ ៣៦ យ៉ាកុបបានស្រែកឡើងថា៖ «ពួកកូនធ្វើឲ្យពុកបាត់បង់កូនអស់ហើយ!+ យ៉ូសែបលែងមានហើយ+ ឯស៊ីម្មានក៏លែងនៅដែរ។+ ឥឡូវ ពួកកូនចង់យកបេនយ៉ាមីនទៅថែមទៀត។ ហេតុអ្វីក៏រឿងទាំងអស់នេះកើតឡើងចំពោះខ្ញុំដូច្នេះ?»។ ៣៧ ប៉ុន្តែ រូបេនបានតបទៅឪពុកវិញថា៖ «ខ្ញុំសន្យាថានឹងនាំបេនយ៉ាមីនមកជូនលោកឪពុកវិញ បើមិនដូច្នោះទេ សូមលោកឪពុកសម្លាប់កូនប្រុសទាំងពីររបស់ខ្ញុំចុះ។+ សូមលោកឪពុកឲ្យគាត់ទៅជាមួយខ្ញុំទៅ។ ខ្ញុំនឹងមើលថែគាត់ ហើយនាំគាត់មកជូនលោកឪពុកវិញជាមិនខាន»។+ ៣៨ ប៉ុន្តែ យ៉ាកុបនិយាយថា៖ «ពុកមិនឲ្យបេនយ៉ាមីនទៅជាមួយនឹងកូនទេ ព្រោះគាត់មានតែម្នាក់ឯង បងគាត់បានស្លាប់ចោលគាត់ហើយ។+ បើគាត់មានគ្រោះថ្នាក់ដល់ជីវិតនៅតាមផ្លូវ ពុកមុខជាកើតទុក្ខ+រហូតដល់ស្លាប់មិនខាន»។+