មីកា
២ «វេទនាហើយ ពួកអ្នកដែលរៀបគម្រោងអាក្រក់
គឺពួកអ្នកដែលដេកគិតរកឧបាយកល!
លុះព្រឹកឡើង ពួកគេធ្វើតាមគម្រោងការនោះ
ព្រោះពួកគេមានអំណាចក្នុងដៃហើយ។+
២ ពួកគេចង់បានស្រែចម្ការអ្នកឯទៀត ហើយចាប់យកស្រែចម្ការទាំងនោះ។+
ពួកគេថែមទាំងចង់បានផ្ទះសម្បែងអ្នកឯទៀត ហើយក៏រឹបអូសយក។
ពួកគេយកផ្ទះនិងមត៌ករបស់អ្នកដទៃ ដោយការបោកប្រាស់។+
៣ ហេតុនេះហើយបានជាព្រះយេហូវ៉ាមានប្រសាសន៍ថា៖
‹មើល! ខ្ញុំនឹងបណ្ដាលឲ្យមានសេចក្ដីវេទនាធ្លាក់មកលើអ្នករាល់គ្នា+ ហើយនឹងគ្មានអ្នកណាម្នាក់រត់រួចឡើយ។+
អ្នករាល់គ្នានឹងលែងប្រព្រឹត្តដោយក្រអឺតក្រអោងទៀត+ ព្រោះគ្រានោះអ្នករាល់គ្នានឹងវេទនាជាមិនខាន។+
៤ នៅគ្រានោះ បណ្ដាជននឹងពោលសុភាសិតមួយអំពីអ្នករាល់គ្នា
ហើយពួកគេនឹងទួញយំស្រណោះអ្នករាល់គ្នាយ៉ាងខ្លាំង។+
ពួកគេនឹងនិយាយថា៖ «យើងបានត្រូវបំផ្លាញទាំងស្រុងហើយ!+
លោកបានដកយកចំណែករបស់ជនរួមជាតិខ្ញុំ ទៅប្រគល់ឲ្យអ្នកផ្សេងវិញ!+
គឺលោកប្រគល់ដីស្រែចម្ការរបស់យើងដល់ពួកអ្នកដែលមិនស្មោះត្រង់»។
៥ ដូច្នេះ នឹងគ្មានអ្នករាល់គ្នាណាម្នាក់លាខ្សែវាស់
ដើម្បីវាស់វែងបែងចែកដីធ្លីនៅក្នុងពួកជំនុំព្រះយេហូវ៉ាឡើយ។
៦ ពួកគេនិយាយថា៖ «ឈប់ផ្សព្វផ្សាយទៅ!
ពួកអ្នកទាំងនោះមិនត្រូវផ្សព្វផ្សាយអំពីរឿងទាំងនេះទេ។
យើងនឹងមិនរងសេចក្ដីអាម៉ាស់ជាដាច់ខាត!»។
៧ ឱពូជពង្សយ៉ាកុបអើយ! តើគេកំពុងនិយាយថា៖
«ឫទ្ធានុភាពរបស់ព្រះយេហូវ៉ាលែងអត់ធ្មត់ហើយឬ?
តើការទាំងនេះជាស្នាដៃរបស់លោកឬ?»
តើពាក្យរបស់ខ្ញុំមិននាំឲ្យមានសេចក្ដីល្អដល់ពួកអ្នកដែលដើរដោយទៀងត្រង់ទេឬ?
៨ ប៉ុន្តែ ថ្មីៗនេះរាស្ត្ររបស់ខ្ញុំបានក្រោកឡើងដូចជាពួកសត្រូវ។
អ្នករាល់គ្នាបានដោះគ្រឿងលម្អប្រណីតៗជាមួយនឹង*សម្លៀកបំពាក់
ពីពួកអ្នកដែលដើរឆ្លងកាត់ដោយមានទំនុកចិត្ត ដូចជាពួកអ្នកដែលត្រឡប់មកពីសង្គ្រាម។
៩ អ្នករាល់គ្នាបានបណ្ដេញពួកស្រីៗដែលជារាស្ត្រខ្ញុំចេញពីផ្ទះដ៏គាប់ចិត្តរបស់ពួកគេ
ហើយអ្នករាល់គ្នាបានដកសិរីរុងរឿងរបស់ខ្ញុំចេញពីកូនៗរបស់ពួកគេជារៀងរហូត។
១០ ចូរក្រោកឡើង ហើយចេញទៅចុះ ព្រោះកន្លែងនេះមិនមែនជាកន្លែងសម្រាកទេ។
ដោយសារតែភាពមិនស្អាតបរិសុទ្ធ+ នោះនឹងមានការបំផ្លិចបំផ្លាញគឺការបំផ្លាញយ៉ាងសាហាវ។+
១១ បើមនុស្សម្នាក់ដើរតាមខ្យល់និងការបោកប្រាស់ ហើយនិយាយពាក្យកុហកនេះថា៖
«ខ្ញុំនឹងផ្សព្វផ្សាយដល់អ្នករាល់គ្នាអំពីស្រាទំពាំងបាយជូរនិងគ្រឿងស្រវឹង»
នោះគាត់ជាអ្នកផ្សព្វផ្សាយដែលគ្រាន់តែនិយាយផ្គាប់ចិត្តបណ្ដាជននេះប៉ុណ្ណោះ!+
១២ ឱយ៉ាកុបអើយ! ខ្ញុំនឹងប្រមូលអ្នករាល់គ្នាជាមិនខាន។
ខ្ញុំនឹងប្រមូលបណ្ដាជនអ៊ីស្រាអែលដែលនៅសេសសល់ជាប្រាកដ។+
ខ្ញុំនឹងដាក់ពួកគេឲ្យនៅជាមួយគ្នា ដូចចៀមនៅក្នុងក្រោល
ហើយដូចហ្វូងចៀមនៅឯវាលស្មៅ។+
នៅពេលនោះ នឹងមានសំឡេងអ៊ូអរឡើងវិញ›។+
១៣ ឯអ្នកដែលបុកទម្លាយ គាត់នឹងទៅមុខពួកគេ
ពួកគេនឹងបុកទម្លាយកំពែង ហើយឆ្លងកាត់ខ្លោងទ្វារក្រុងចេញទៅ។+
ស្ដេចរបស់ពួកគេនឹងដើរនៅមុខពួកគេ
ដោយមានព្រះយេហូវ៉ាជាអ្នកនាំមុខ»។+