ចម្រៀងសរសើរព្រះ
ទំនុករបស់ដាវីឌ។
២៨ ឱព្រះយេហូវ៉ាជាថ្មដារបស់ខ្ញុំ ខ្ញុំស្រែករកលោកឥតឈប់+
សូមលោកស្ដាប់ខ្ញុំ
បើលោកនៅស្ងៀមមិនតបឆ្លើយមកខ្ញុំ
នោះខ្ញុំនឹងបានដូចជាអស់អ្នកដែលកំពុងចុះទៅក្នុងផ្នូរ។*+
២ ពេលខ្ញុំស្រែកសុំជំនួយពីលោក សូមលោកឮពាក្យអង្វរកររបស់ខ្ញុំ
កាលដែលខ្ញុំលើកដៃឆ្ពោះទៅបន្ទប់ខាងក្នុងបំផុតនៃកន្លែងបរិសុទ្ធរបស់លោក។+
៣ កុំរាប់បញ្ចូលខ្ញុំជាមួយនឹងជនទុច្ចរិត*ជាអ្នកប្រព្រឹត្តអំពើអាក្រក់ឡើយ+
គឺអ្នកដែលនិយាយល្អជាមួយនឹងអ្នកឯទៀត តែក្នុងចិត្តពេញទៅដោយពិសពុល។+
៤ សូមតបស្នងចំពោះការប្រព្រឹត្តរបស់ពួកគេ+
ស្របតាមអំពើអាក្រក់ដែលពួកគេបានធ្វើ។
សូមដាក់ទោសពួកគេឲ្យសមនឹងទង្វើរបស់ពួកគេ។+
៥ ព្រោះពួកគេមិនបានយកចិត្តទុកដាក់ចំពោះកិច្ចការរបស់ព្រះយេហូវ៉ា+
ហើយក៏មិនបានអើពើនឹងស្នាដៃរបស់លោកដែរ។+
លោកនឹងផ្ដួលពួកគេ ហើយមិនលើកពួកគេឡើងវិញឡើយ។
៦ សូមឲ្យព្រះយេហូវ៉ាទទួលការសរសើរតម្កើង
ព្រោះលោកបានឮខ្ញុំអង្វរសុំលោកឲ្យជួយ។
៧ ព្រះយេហូវ៉ាជាកម្លាំង+និងខែលរបស់ខ្ញុំ+
ខ្ញុំទុកចិត្តលោក+
ខ្ញុំបានទទួលជំនួយពីលោក ហើយខ្ញុំសប្បាយចិត្តណាស់
ហេតុនេះ ខ្ញុំនឹងច្រៀងសរសើរលោក។
៨ ព្រះយេហូវ៉ាជាកម្លាំងដល់រាស្ត្ររបស់លោក
លោកជាបន្ទាយមាំមួន ដែលផ្ដល់សេចក្ដីសង្គ្រោះដល់អ្នកដែលលោកបានរើសតាំង។+