សកម្មភាពរបស់ពួកសាវ័ក
២៨ ក្រោយពីយើងបានទៅដល់ឆ្នេរដោយសុវត្ថិភាពហើយ ទើបយើងដឹងថាកោះនោះឈ្មោះម៉ល់តា។+ ២ អ្នកកោះ*នោះប្រព្រឹត្តមកលើយើងដោយចិត្តសប្បុរសក្រៃលែង។ ពួកគេបានបង្កាត់ភ្លើងនិងទទួលយើងទាំងអស់គ្នាយ៉ាងរាក់ទាក់ ព្រោះពេលនោះកំពុងធ្លាក់ភ្លៀង ហើយអាកាសធាតុក៏ត្រជាក់ផង។ ៣ ប៉ុន្តែ ពេលដែលប៉ូលប្រមូលអុសមួយកងមកដាក់លើភ្លើង ស្រាប់តែមានពស់ពិសមួយក្បាលចេញមកដោយសារត្រូវកម្ដៅភ្លើង ហើយក៏ចឹកដៃគាត់ជាប់។ ៤ កាលដែលអ្នកកោះនោះឃើញសត្វមានពិសនៅជាប់នឹងដៃគាត់ ពួកគេចាប់ផ្ដើមនិយាយគ្នាថា៖ «បុរសនេះប្រាកដជាឃាតករ ហើយទោះជាគាត់បានរួចពីសមុទ្រដោយសុវត្ថិភាពក៏ដោយ យុត្តិធម៌*មិនអនុញ្ញាតឲ្យគាត់រស់តទៅទៀតទេ»។ ៥ ក៏ប៉ុន្តែ ប៉ូលរលាស់សត្វនោះឲ្យធ្លាក់ទៅក្នុងភ្លើង ហើយគាត់មិនមានគ្រោះថ្នាក់អ្វីទេ។ ៦ អ្នកកោះនោះចាំមើលថាគាត់ហើមខ្លួន ឬដួលស្លាប់ភ្លាមៗឬយ៉ាងណា។ ក្រោយពីបានចាំយ៉ាងយូរ ហើយមិនឃើញថាមានអ្វីកើតឡើងដល់គាត់ទេ នោះពួកគេក៏ផ្លាស់គំនិត រួចចាប់ផ្ដើមនិយាយថាគាត់ជាព្រះមួយទៅវិញ។
៧ នៅតំបន់នោះ បុរសម្នាក់ឈ្មោះផឹបភ្លាស ដែលជាអ្នកធំជាងគេនៅកោះនោះ គាត់មានដីច្រើន ហើយគាត់ទទួលយើងយ៉ាងរាក់ទាក់ដោយចិត្តសប្បុរសអស់បីថ្ងៃ។ ៨ ពេលនោះ ឪពុករបស់ផឹបភ្លាសកំពុងសម្រាន្តលើគ្រែ ដោយសារឈឺគ្រុនក្ដៅនិងរាកមួល។ រួចប៉ូលចូលទៅឯគាត់ អធិដ្ឋាន ហើយដាក់ដៃលើគាត់ធ្វើឲ្យជាសះស្បើយ។+ ៩ បន្ទាប់ពីការនេះ អ្នកឯទៀតដែលឈឺនៅកោះនោះចាប់ផ្ដើមមករកប៉ូល ហើយពួកគេក៏បានជាសះស្បើយដែរ។+ ១០ ម្យ៉ាងទៀត ពួកគេបានធ្វើអំណោយជាច្រើនដើម្បីបង្ហាញការគោរពចំពោះយើង ហើយពេលយើងចេញសំពៅ ពួកគេបានឲ្យអ្វីៗជាច្រើនសន្ធឹកដែលយើងត្រូវការ។
១១ ក្រោយពីយើងបានស្នាក់នៅកោះនោះអស់បីខែ យើងក៏ចេញដំណើរតាមសំពៅមួយពីក្រុងអាឡិចសង់ទ្រា ដែលបានចតនៅកោះនោះក្នុងអំឡុងរដូវត្រជាក់។ នៅក្បាលសំពៅនោះមានរូបមួយដែលមានអក្សរថា កូនរបស់ព្រះសឺស។ ១២ រួចមក យើងចតនៅកំពង់ផែស៊ីរ៉ាគូស ហើយនៅក្រុងនោះអស់បីថ្ងៃ។ ១៣ ពីកន្លែងនោះ យើងចេញដំណើរទៅដល់ក្រុងរេគៀម។ មួយថ្ងៃក្រោយមក ខ្យល់បក់មកពីទិសខាងត្បូង ហើយនៅថ្ងៃទី២ យើងបានទៅដល់កំពង់ផែពូតេអូលី។ ១៤ នៅទីនោះយើងរកឃើញបងប្អូន ហើយពួកគាត់បានសុំយើងឲ្យនៅជាមួយនឹងពួកគាត់អស់៧ថ្ងៃ។ រួចយើងចេញដំណើរឆ្ពោះទៅក្រុងរ៉ូម។ ១៥ ពេលដែលបងប្អូននៅក្រុងរ៉ូមបានទទួលដំណឹងអំពីយើង ពួកគាត់បានមករហូតដល់ផ្សារអាពីយូសនិងផ្ទះសម្នាក់បី ដើម្បីជួបយើង។ កាលដែលប៉ូលឃើញបងប្អូន គាត់អរគុណព្រះ ហើយក៏មានកម្លាំងចិត្ត។*+ ១៦ នៅទីបំផុត យើងបានចូលក្រុងរ៉ូម ហើយប៉ូលបានត្រូវអនុញ្ញាតឲ្យស្នាក់នៅម្នាក់ឯង ជាមួយនឹងទាហានម្នាក់ដែលយាមគាត់។
១៧ ក៏ប៉ុន្តែ បីថ្ងៃក្រោយមក ប៉ូលសុំគេឲ្យហៅបុរសដែលមានមុខមានមាត់ក្នុងចំណោមជនជាតិយូដាឲ្យមកជុំគ្នា។ លុះបានជួបជុំគ្នាហើយ គាត់និយាយទៅពួកគេថា៖ «បងប្អូនអើយ ខ្ញុំមិនបានធ្វើអ្វីប្រឆាំងនឹងបណ្ដាជនឬទំនៀមទម្លាប់បុព្វបុរសរបស់យើងទេ។+ ទោះជាយ៉ាងនោះក៏ដោយ គេបានប្រគល់ខ្ញុំជាអ្នកទោសពីក្រុងយេរូសាឡិម ទៅក្នុងកណ្ដាប់ដៃជនជាតិរ៉ូម។+ ១៨ ក្រោយពីសួរចម្លើយខ្ញុំ+ អ្នកទាំងនោះចង់ដោះលែងខ្ញុំ ដោយឃើញថាខ្ញុំមិនបានធ្វើអ្វីឲ្យសមនឹងទទួលទោសដល់ស្លាប់ឡើយ។+ ១៩ ប៉ុន្តែ ជនជាតិយូដាចេះតែជំទាស់ ទើបខ្ញុំត្រូវសុំលើករឿងក្ដីទៅសេសារ*+ តែមិនមែនដោយសារខ្ញុំមានរឿងអ្វីដែលចង់ចោទប្រកាន់ជាតិខ្ញុំទេ។ ២០ ហេតុនេះហើយបានជាខ្ញុំសុំគេឲ្យអ្នករាល់គ្នាមក ដើម្បីខ្ញុំអាចជួបនិងអាចនិយាយជាមួយនឹងអ្នករាល់គ្នា ព្រោះខ្ញុំជាប់ច្រវាក់នេះដោយសារតែសេចក្ដីសង្ឃឹមរបស់អ៊ីស្រាអែល»។+ ២១ ពួកគេនិយាយទៅគាត់ថា៖ «យើងមិនបានទទួលសំបុត្រពីតំបន់យូឌាស្ដីអំពីអ្នកទេ ហើយក្នុងចំណោមបងប្អូនដែលទើបតែមកដល់ ក៏គ្មានអ្នកណាបានរាយការណ៍ឬនិយាយអ្វីអាក្រក់អំពីអ្នកដែរ។ ២២ ប៉ុន្តែ យើងគិតថាជាការត្រឹមត្រូវឲ្យយើងឮអ្នកនិយាយផ្ទាល់អំពីគំនិតរបស់អ្នក ព្រោះយើងដឹងច្បាស់ថានៅគ្រប់ទីកន្លែងគេតែងនិយាយប្រឆាំងនិកាយនេះ»។+
២៣ រួចពួកគេបានណាត់ថ្ងៃជួបប៉ូលម្ដងទៀត។ នៅថ្ងៃណាត់នោះ ពួកគេមកកន្លែងដែលប៉ូលស្នាក់នៅ ដោយមានគ្នាច្រើនជាងមុន ហើយតាំងពីព្រឹកដល់ល្ងាច គាត់បានពន្យល់ពួកគេអំពីរឿងនោះ ដោយធ្វើជាសាក្សីបញ្ជាក់យ៉ាងសព្វគ្រប់អំពីរាជាណាចក្ររបស់ព្រះ ហើយខំបញ្ជាក់ហេតុផលដើម្បីឲ្យពួកគេជឿអំពីលោកយេស៊ូ+ ដោយផ្អែកលើច្បាប់ម៉ូសេ+និងសេចក្ដីបង្រៀនរបស់ពួកអ្នកប្រកាសទំនាយ។+ ២៤ អ្នកខ្លះចាប់ផ្ដើមជឿអ្វីដែលគាត់និយាយ តែអ្នកខ្លះទៀតមិនព្រមជឿទេ។ ២៥ ដូច្នេះ ដោយសារពួកគេខ្វែងគំនិតគ្នា នោះពួកគេចាប់ផ្ដើមចាកចេញទៅ។ ពេលនោះ ប៉ូលនិយាយថា៖
«អ្វីដែលឫទ្ធានុភាពបរិសុទ្ធបាននិយាយទៅកាន់ពួកបុព្វបុរសរបស់អ្នករាល់គ្នា តាមរយៈអេសាយជាអ្នកប្រកាសទំនាយ នោះគឺត្រឹមត្រូវណាស់ ២៦ ពេលថា៖ ‹ចូរទៅឯបណ្ដាជននេះ ហើយនិយាយថា៖ «អ្នករាល់គ្នានឹងស្ដាប់ឮ តែមិនយល់អត្ថន័យអ្វីសោះ ហើយអ្នករាល់គ្នានឹងមើល តែមិនឃើញអ្វីសោះ។+ ២៧ ពីព្រោះចិត្តរបស់បណ្ដាជននេះបានទៅជារឹង ហើយពួកគេបានឮនឹងត្រចៀក តែមិនបានអើពើទេ។ ពួកគេបានបិទភ្នែកដើម្បីកុំឲ្យមើលឃើញ ហើយបិទត្រចៀកដើម្បីកុំឲ្យស្ដាប់ឮ ហើយយល់អត្ថន័យ រួចប្រែចិត្ត ដើម្បីឲ្យខ្ញុំធ្វើឲ្យពួកគេជាសះស្បើយឡើយ»›។+ ២៨ ដូច្នេះ ចូរអ្នករាល់គ្នាដឹងថា ដំណឹងនេះស្ដីអំពីរបៀបដែលព្រះផ្ដល់សេចក្ដីសង្គ្រោះ បានត្រូវផ្សាយដល់ប្រជាជាតិនានា។+ ពួកគេប្រាកដជានឹងស្ដាប់»។+ ២៩ *——
៣០ ដូច្នេះ ប៉ូលស្នាក់នៅក្នុងផ្ទះដែលគាត់ជួលអស់ពីរឆ្នាំ+ ហើយគាត់តែងតែទទួលអស់អ្នកដែលមកជួបគាត់យ៉ាងរាក់ទាក់។ ៣១ គាត់ក៏ផ្សព្វផ្សាយប្រាប់ពួកគេអំពីរាជាណាចក្ររបស់ព្រះ ហើយបង្រៀនអំពីលោកម្ចាស់យេស៊ូគ្រិស្តដោយក្លាហានបំផុត+ និងដោយគ្មានអ្វីមករារាំងគាត់ឡើយ។