សៀវភៅសាំយូអែលទី១
២៥ មិនយូរក្រោយមក សាំយូអែល+បានទទួលមរណភាព។ ជនជាតិអ៊ីស្រាអែលទាំងអស់បានជួបជុំគ្នា ហើយយំកើតទុក្ខនឹងគាត់។ ពួកគេបញ្ចុះសពគាត់ជិតផ្ទះរបស់គាត់នៅក្រុងរ៉ាម៉ា។+ បន្ទាប់មក ដាវីឌធ្វើដំណើរចុះទៅតំបន់ស្ងាត់ជ្រងំប៉ារ៉ាន។
២ នៅឯក្រុងម៉ាអន+ មានបុរសម្នាក់ជាអ្នកមានស្តុកស្តម្ភ។ គាត់មានទ្រព្យសម្បត្តិនៅក្រុងកើមែល។*+ គាត់មានចៀម៣.០០០ក្បាល និងពពែ១.០០០ក្បាល។ នៅពេលនោះ គាត់កំពុងកាត់រោមចៀមនៅក្រុងកើមែល។ ៣ គាត់ឈ្មោះណាបាល+ មានប្រពន្ធឈ្មោះអាប៊ីកែល។+ នាងជាស្ត្រីដែលចេះគិតពិចារណានិងមានរូបសម្ផស្សស្រស់ស្អាត។ ឯណាបាលប្ដីនាងជាកូនចៅកាលែប+ គាត់ជាមនុស្សកោងកាចនិងមានកិរិយាអាក្រក់ខ្លាំងណាស់។+ ៤ ពេលដាវីឌនៅតំបន់ស្ងាត់ជ្រងំ គាត់បានឮថាណាបាលកំពុងកាត់រោមចៀម។ ៥ ដូច្នេះ ដាវីឌចាត់បុរស១០នាក់ឲ្យទៅជួបណាបាល ហើយដាវីឌប្រាប់ពួកគេថា៖ «ចូរឡើងទៅក្រុងកើមែល។ ពេលអ្នករាល់គ្នាជួបណាបាល សូមប្រាប់គាត់ថាខ្ញុំផ្ដាំសួរសុខទុក្ខគាត់។ ៦ រួចជូនពរគាត់ថា៖ ‹សូមឲ្យអ្នកមានអាយុវែង និងមានសុខភាពល្អ។* សូមឲ្យក្រុមគ្រួសាររបស់អ្នកនិងអ្វីៗដែលអ្នកមាន បានចម្រុងចម្រើន។ ៧ ពេលនេះ ខ្ញុំឮថាអ្នកកំពុងកាត់រោមចៀម។ កាលដែលពួកគង្វាលរបស់អ្នកនៅជាមួយនឹងយើង យើងមិនដែលធ្វើបាបពួកគេទេ។+ ក្នុងអំឡុងពេលពួកគេនៅក្រុងកើមែល ពួកគេមិនដែលបាត់អ្វីសោះឡើយ។ ៨ អ្នកអាចសួរពួកបុរសរបស់អ្នកបាន ពួកគេនឹងប្រាប់អ្នក។ សូមអ្នកទទួលពួកបុរសរបស់ខ្ញុំដោយរាក់ទាក់ ព្រោះយើងមកចំពេលដ៏សប្បាយរីករាយ។ សូមមេត្តាឲ្យអ្វីក៏ដោយដែលអ្នកអាចឲ្យបានដល់យើងដែលជាអ្នកបម្រើ និងឲ្យដល់ដាវីឌជាកូន*អ្នកផង›»។+
៩ លុះដាវីឌនិយាយចប់ហើយ ពួកបុរសរបស់គាត់ធ្វើដំណើរទៅជួបណាបាល ហើយប្រាប់ណាបាលតាមពាក្យសម្ដីទាំងអស់របស់ដាវីឌ។ ពេលពួកគេនិយាយចប់ ១០ ណាបាលឆ្លើយទៅវិញថា៖ «តើដាវីឌជាអ្នកណា? តើកូនប្រុសអ៊ីសាយជាអ្នកណា? សព្វថ្ងៃនេះ អ្នកបម្រើច្រើនណាស់រត់ចោលម្ចាស់របស់ពួកគេ។+ ១១ ហេតុអ្វីខ្ញុំត្រូវយកនំប៉័ង ទឹក និងសាច់ដែលខ្ញុំកាប់សម្រាប់ពួកអ្នកកាត់រោមចៀម ឲ្យដល់មនុស្សដែលខ្ញុំមិនដឹងថាមកពីណាផងនោះ?»។
១២ ពួកបុរសទាំងនោះនាំពាក្យសម្ដីទាំងអស់របស់ណាបាលទៅប្រាប់ដាវីឌវិញ។ ១៣ ខណៈនោះ ដាវីឌបញ្ជាពួកបុរសរបស់គាត់ថា៖ «ចូរគ្រប់គ្នាប្រដាប់ដាវរបស់ខ្លួន!»។+ ដូច្នេះ ពួកគេទាំងអស់ប្រដាប់ដាវរៀងៗខ្លួន ហើយដាវីឌក៏ប្រដាប់ដាវរបស់គាត់ដែរ។ បុរសដែលទៅជាមួយនឹងដាវីឌ មានចំនួនប្រហែល៤០០នាក់។ រីឯបុរស២០០នាក់ទៀតនៅយាមអីវ៉ាន់។
១៤ ដំណាលគ្នានោះ អ្នកបម្រើម្នាក់បានទៅប្រាប់អាប៊ីកែលដែលជាប្រពន្ធណាបាលថា៖ «លោកស្រី! ដាវីឌបានចាត់អ្នកនាំដំណឹងពីតំបន់ស្ងាត់ជ្រងំឲ្យមកជូនពរលោកម្ចាស់ឲ្យបានសេចក្ដីសុខ តែលោកម្ចាស់បែរជាស្រែកប្រមាថមើលងាយពួកគេទៅវិញ។+ ១៥ បុរសទាំងនោះល្អនឹងយើងខ្លាំងណាស់។ ក្នុងអំឡុងពេលយើងនៅឯវាលជាមួយនឹងពួកគេ ពួកគេមិនដែលធ្វើបាបយើងទេ ហើយយើងក៏មិនដែលបាត់អ្វីដែរ។+ ១៦ ពេលដែលយើងឃ្វាលហ្វូងចៀមនៅជិតពួកគេ ពួកគេប្រៀបដូចជាកំពែងការពារជុំវិញយើងទាំងយប់ទាំងថ្ងៃ។ ១៧ ឥឡូវនេះ តើលោកស្រីគិតធ្វើយ៉ាងណា? ព្រោះអន្តរាយច្បាស់ជាកើតមានដល់លោកម្ចាស់និងយើងគ្រប់គ្នាហើយ។+ លោកម្ចាស់ជាមនុស្សកោងកាច*+ ហើយគាត់មិនស្ដាប់អ្នកណាឡើយ»។
១៨ ពេលអាប៊ីកែល+ឮដូច្នេះ នាងរូតរះរៀបចំនំប៉័ង២០០ដុំ ស្រា២ក្រឡធំៗ លាជ៥រង្វាល់* នំទំពាំងបាយជូរក្រៀម១០០ នំល្វា២០០ ព្រមទាំងចៀម៥ក្បាលដែលបានត្រូវសម្លាប់ជាស្រេច រួចយកអ្វីទាំងនោះទៅដាក់លើខ្នងលា។+ ១៩ បន្ទាប់មក នាងប្រាប់អ្នកបម្រើថា៖ «សូមទៅមុនខ្ញុំចុះ! ខ្ញុំនឹងទៅតាមក្រោយ»។ ប៉ុន្តែ នាងមិនបានប្រាប់ណាបាលទេ។
២០ កាលដែលនាងកំពុងជិះលាតាមជម្រាលភ្នំ គាប់ជួនដាវីឌនិងពួកបុរសរបស់គាត់ក៏ធ្វើដំណើរឆ្ពោះមកឯនាងដែរ តែពួកគេមិនបានឃើញនាងទេដោយសារបាំងភ្នំ។ នៅទីបំផុត នាងជួបពួកគេ។ ២១ មុននោះ ដាវីឌបាននិយាយថា៖ «ខ្ញុំខំការពារទ្រព្យទាំងប៉ុន្មានរបស់បុរសនេះនៅតំបន់ស្ងាត់ជ្រងំ គ្មានទ្រព្យណាមួយរបស់គាត់បានបាត់ឡើយ+ តែអ្វីដែលខ្ញុំធ្វើគ្មានតម្លៃសោះ។ ផ្ទុយទៅវិញ គាត់តបស្នងអំពើល្អរបស់ខ្ញុំដោយអំពើអាក្រក់។+ ២២ បើខ្ញុំទុកបុរសណាម្នាក់របស់គាត់ឲ្យនៅរស់រហូតដល់ព្រឹកស្អែក នោះសូមព្រះដាក់ទោសខ្ញុំឲ្យធ្ងន់ចុះ!»។
២៣ ពេលអាប៊ីកែលឃើញដាវីឌភ្លាម នាងក៏ស្ទុះស្ទាចុះពីលើខ្នងលា ហើយក្រាបក្បាលដល់ដីគោរពដាវីឌ។ ២៤ រួចនាងលំឱនកាយនៅជិតជើងដាវីឌ ទាំងនិយាយថា៖ «លោកម្ចាស់ សូមដាក់ទោសខ្ញុំវិញ។ សូមអនុញ្ញាតឲ្យខ្ញុំជាអ្នកបម្រើលោកនិយាយជាមួយនឹងលោកបន្តិចសិន។ សូមមេត្តាស្ដាប់ខ្ញុំផង។ ២៥ សូមលោកម្ចាស់កុំស្ដាប់សម្ដីរបស់ណាបាលជាមនុស្សកោងកាចម្នាក់នោះឡើយ។+ គាត់ឈ្មោះណាបាល* គាត់ដូចឈ្មោះរបស់គាត់មែន ដោយសារគាត់មិនចេះគិតពិចារណាទាល់តែសោះ។ ពេលពួកបុរសរបស់លោកម្ចាស់អញ្ជើញមក ខ្ញុំជាអ្នកបម្រើលោកមិននៅទីនោះទេ។ ២៦ លោកម្ចាស់ ខ្ញុំសូមយកព្រះយេហូវ៉ាជាសាក្សី* ហើយសូមស្បថជូនលោកម្ចាស់ថា គឺព្រះយេហូវ៉ាជាអ្នកឃាត់លោក+មិនឲ្យមានទោសសម្លាប់មនុស្ស*+ និងរារាំងលោកមិនឲ្យសងសឹកដោយដៃលោកផ្ទាល់ឡើយ។ សូមឲ្យសត្រូវរបស់លោកនិងអ្នកដែលតាមធ្វើអាក្រក់ចំពោះលោក បានដូចជាណាបាលចុះ។ ២៧ ខ្ញុំជាអ្នកបម្រើរបស់លោកបានយកអំណោយទាំងនេះ+មកជូនលោកម្ចាស់ សូមលោកទទួលយកទុកចែកដល់ពួកបុរសដែលនៅជាមួយនឹងលោក។+ ២៨ សូមលោកម្ចាស់លើកលែងទោសចំពោះការរំលងរបស់ខ្ញុំផង។ ព្រះយេហូវ៉ាប្រាកដជាធ្វើឲ្យពូជពង្សរបស់លោកស្ថិតស្ថេររហូតទៅ+ ពីព្រោះលោកម្ចាស់ធ្វើសង្គ្រាមជូនព្រះយេហូវ៉ា+ ហើយក្នុងជីវិតរបស់លោករហូតមកដល់ពេលនេះ មិនដែលឃើញលោកប្រព្រឹត្តអាក្រក់ឡើយ។+ ២៩ បើអ្នកណាម្នាក់ដេញតាមសម្លាប់លោកម្ចាស់ ព្រះយេហូវ៉ាជាព្រះរបស់លោកម្ចាស់នឹងការពារជីវិត*លោកម្ចាស់ ដូចវេចខ្ចប់ទ្រព្យថ្លៃវិសេស។ ចំណែកជីវិត*សត្រូវរបស់លោកម្ចាស់វិញ ព្រះនឹងគ្រវែងពួកគេចោលដូចពន្លែងថ្មចេញពីខ្សែដង្ហក់។ ៣០ ក្រោយពីព្រះយេហូវ៉ាបានផ្ដល់អ្វីល្អទាំងអស់ដែលលោកសន្យាដល់លោកម្ចាស់ ហើយតែងតាំងលោកម្ចាស់ជាមេដឹកនាំជនជាតិអ៊ីស្រាអែល+ ៣១ នោះលោកម្ចាស់នឹងមិនស្ដាយក្រោយឡើយ ព្រោះលោកម្ចាស់មិនបានសម្លាប់មនុស្សដោយគ្មានមូលហេតុទេ។ លោកម្ចាស់ក៏មិនបានសងសឹកដោយដៃលោកម្ចាស់ដែរ។+ ពេលព្រះយេហូវ៉ាផ្ដល់ពរដល់លោកម្ចាស់ សូមនឹកឃើញខ្ញុំដែលជាអ្នកបម្រើលោកផង»។
៣២ ដូច្នេះ ដាវីឌនិយាយទៅកាន់អាប៊ីកែលថា៖ «សូមសរសើរតម្កើងព្រះយេហូវ៉ាជាព្រះនៃជនជាតិអ៊ីស្រាអែល ដែលចាត់នាងឲ្យមកជួបខ្ញុំនៅថ្ងៃនេះ! ៣៣ សូមព្រះឲ្យពរនាងដែលនាងចេះគិតពិចារណា! សូមព្រះឲ្យពរនាង ដោយសារនាងបានឃាត់ខ្ញុំនៅថ្ងៃនេះ កុំឲ្យមានទោសសម្លាប់មនុស្ស+ និងកុំឲ្យសងសឹកដោយដៃខ្ញុំផ្ទាល់។ ៣៤ ព្រះយេហូវ៉ាជាព្រះនៃជនជាតិអ៊ីស្រាអែលបានឃាត់ខ្ញុំមិនឲ្យធ្វើអាក្រក់ចំពោះនាង។+ ប្រសិនបើនាងមិនប្រញាប់មកជួបខ្ញុំទេ+ ខ្ញុំសូមយកព្រះជាសាក្សីថា ច្បាស់ជាគ្មានបុរសណាម្នាក់របស់ណាបាលមានជីវិតរស់រហូតដល់ព្រឹកស្អែកឡើយ»។+ ៣៥ ដូច្នេះ ដាវីឌព្រមទទួលអំណោយពីនាង ហើយគាត់ប្រាប់នាងថា៖ «សូមនាងត្រឡប់ទៅផ្ទះឲ្យបានសេចក្ដីសុខចុះ។ ខ្ញុំព្រមស្ដាប់សម្ដីរបស់នាង ហើយក៏ព្រមធ្វើតាមសំណូមពររបស់នាងដែរ»។
៣៦ ពេលអាប៊ីកែលត្រឡប់ទៅផ្ទះវិញ នាងឃើញណាបាលកំពុងធ្វើពិធីជប់លៀងដូចជាពិធីជប់លៀងរបស់ស្ដេច។ ពេលនោះណាបាលសប្បាយចិត្ត ហើយស្រវឹងស្រាខ្លាំងណាស់។ ឃើញដូច្នេះ អាប៊ីកែលមិនប្រាប់គាត់អ្វីសោះរហូតដល់ព្រឹកស្អែក។ ៣៧ លុះព្រឹកឡើង ពេលដែលណាបាលស្វាងស្រា អាប៊ីកែលប្រាប់រឿងទាំងនោះដល់គាត់។ ខណៈនោះ ស្រាប់តែបេះដូងរបស់គាត់លោតខ្សោយទៅៗ ហើយគាត់ក៏ដេកស្ដូកកម្រើកលែងបានដូចដុំថ្ម។ ៣៨ ប្រហែល១០ថ្ងៃក្រោយមក ព្រះយេហូវ៉ាបានប្រល័យជីវិតណាបាល។
៣៩ ពេលដាវីឌឮថាណាបាលស្លាប់ គាត់និយាយថា៖ «ចូរសរសើរតម្កើងព្រះយេហូវ៉ាដែលបានការពារក្ដីឲ្យខ្ញុំ+រួចពីការប្រមាថមើលងាយរបស់ណាបាល+ ហើយលោកបានឃាត់ខ្ញុំជាអ្នកបម្រើលោកមិនឲ្យធ្វើអាក្រក់ឡើយ។+ ព្រះយេហូវ៉ាបាននាំអំពើអាក្រក់របស់ណាបាលឲ្យធ្លាក់ទៅលើក្បាលរបស់គាត់វិញ!»។ ក្រោយមក ដាវីឌចាត់អ្នកបម្រើឲ្យទៅស្នើអាប៊ីកែលដើម្បីធ្វើជាប្រពន្ធរបស់គាត់។ ៤០ អ្នកបម្រើរបស់ដាវីឌបានទៅជួបអាប៊ីកែលនៅក្រុងកើមែល ហើយនិយាយទៅនាងថា៖ «ដាវីឌបានចាត់ពួកយើងមកដើម្បីស្នើនាងធ្វើជាប្រពន្ធរបស់គាត់»។ ៤១ ភ្លាមនោះ នាងក៏ក្រោកឡើង ហើយក្រាបក្បាលចុះដល់ដី រួចនិយាយថា៖ «ខ្ញុំស្ម័គ្រចិត្តធ្វើជាអ្នកបម្រើ លាងជើង+ជូនអ្នកបម្រើរបស់លោកម្ចាស់ខ្ញុំ»។ ៤២ រួចមក អាប៊ីកែល+ប្រញាប់ក្រោកឡើង ហើយជិះលើខ្នងលា ទាំងមានអ្នកបម្រើស្រី៥នាក់ដើរពីក្រោយនាង។ នាងធ្វើដំណើរជាមួយនឹងអ្នកបម្រើរបស់ដាវីឌ។ ក្រោយមក នាងក្លាយទៅជាប្រពន្ធរបស់ដាវីឌ។
៤៣ ដាវីឌក៏បានរៀបការជាមួយនឹងអាហ៊ីណោម+ពីក្រុងយេសរៀលដែរ។+ ដូច្នេះ ស្ត្រីទាំងពីរនាក់នោះបានទៅជាប្រពន្ធរបស់គាត់។+
៤៤ រីឯមីកាលជាកូនស្រីរបស់សុល+ និងជាប្រពន្ធរបស់ដាវីឌ បានត្រូវសុលលើកឲ្យផាលថាយ+ដែលជាកូនប្រុសរបស់ឡាអ៊ីសជាអ្នកក្រុងកាលីម។