ជូនចំពោះភីលេម៉ូន
១ ពីខ្ញុំ ប៉ូល ជាអ្នកទោស+ដើម្បីគ្រិស្ត*យេស៊ូ និងពីធីម៉ូថេ+ជាប្អូនប្រុសរបស់យើង ជូនចំពោះភីលេម៉ូនជាទីស្រឡាញ់ ដែលជាអ្នករួមការងារជាមួយនឹងយើង ២ ហើយជូនចំពោះអាប់ភាជាបងស្រីរបស់យើង និងអាឃីប៉ុស+ជាទាហានដូចយើង ព្រមទាំងជូនចំពោះក្រុមជំនុំដែលប្រជុំគ្នានៅផ្ទះរបស់អ្នក៖+
៣ សូមឲ្យអ្នករាល់គ្នាបានប្រកបដោយគុណដ៏វិសេសលើសលប់ និងសេចក្ដីសុខសាន្តពីព្រះដែលជាបិតា ព្រមទាំងពីលោកម្ចាស់យេស៊ូគ្រិស្ត។
៤ ខ្ញុំអរគុណព្រះរបស់ខ្ញុំជានិច្ច ពេលដែលខ្ញុំអធិដ្ឋានអំពីអ្នក+ ៥ ព្រោះយើងតែងតែឮអំពីជំនឿនិងសេចក្ដីស្រឡាញ់ដែលអ្នកមានចំពោះលោកម្ចាស់យេស៊ូ និងចំពោះពួកអ្នកបរិសុទ្ធទាំងអស់។ ៦ ខ្ញុំអធិដ្ឋានសូមឲ្យជំនឿរបស់អ្នកនិងជំនឿរបស់បងប្អូនឯទៀត ជំរុញចិត្តអ្នកឲ្យទទួលស្គាល់ថា ពរជាច្រើនដែលយើងបានទទួល គឺតាមរយៈគ្រិស្ត។ ៧ ប្អូនប្រុសអើយ ខ្ញុំបានទទួលការសម្រាលទុក្ខនិងអំណរខ្លាំងណាស់ ពេលបានឮអំពីសេចក្ដីស្រឡាញ់របស់អ្នក ព្រោះអ្នកបានធ្វើឲ្យពួកអ្នកបរិសុទ្ធមានកម្លាំងចិត្តឡើងវិញ។
៨ ហេតុនេះ ក្នុងនាមជាសាវ័ក*របស់គ្រិស្ត ទោះជាខ្ញុំមានសិទ្ធិបង្គាប់អ្នកឲ្យធ្វើអ្វីដែលត្រឹមត្រូវក៏ដោយ ៩ តែខ្ញុំសូមអង្វរអ្នកវិញ ព្រោះខ្ញុំដឹងថាអ្នកមានសេចក្ដីស្រឡាញ់។ ខ្ញុំ ប៉ូល ពេលនេះខ្ញុំចាស់ហើយ ថែមទាំងជាប់គុកដើម្បីគ្រិស្តយេស៊ូទៀតផង។ ១០ ខ្ញុំអង្វរអ្នកជំនួសកូនរបស់ខ្ញុំ គឺអូណេស៊ីម។+ ខ្ញុំបានទៅជាឪពុករបស់គាត់+ ពេលខ្ញុំជាប់គុក។* ១១ ពីមុនគាត់គ្មានប្រយោជន៍សោះចំពោះអ្នក តែឥឡូវគាត់មានប្រយោជន៍ចំពោះអ្នកនិងខ្ញុំដែរ។ ១២ ខ្ញុំស្រឡាញ់គាត់ខ្លាំងណាស់ តែខ្ញុំនឹងចាត់គាត់ឲ្យទៅឯអ្នកវិញ។
១៣ តាមពិត ខ្ញុំចង់ទុកគាត់ឲ្យនៅទីនេះតទៅទៀត ដើម្បីគាត់អាចបន្តបម្រើខ្ញុំជំនួសអ្នក ក្នុងពេលដែលខ្ញុំជាប់គុកដើម្បីដំណឹងល្អ។+ ១៤ ប៉ុន្តែ ខ្ញុំមិនចង់ធ្វើអ្វីឡើយ បើគ្មានការយល់ព្រមពីអ្នក ដើម្បីឲ្យអ្នកអាចធ្វើការល្អដោយស្ម័គ្រពីចិត្ត មិនមែនធ្វើដោយបង្ខំទេ។+ ១៥ ប្រហែលនេះជាមូលហេតុដែលគាត់បានចាកចេញអស់មួយរយៈ គឺដើម្បីឲ្យអ្នកបានគាត់ត្រឡប់មកវិញជារៀងរហូត ១៦ មិនមែនក្នុងឋានៈជាខ្ញុំបម្រើទៀតទេ+ តែក្នុងឋានៈដែលល្អជាងនោះ គឺជាបងប្អូនជាទីស្រឡាញ់+ ជាពិសេសគាត់ជាទីស្រឡាញ់របស់ខ្ញុំ។ ប៉ុន្តែ គាត់ជាទីស្រឡាញ់របស់អ្នកខ្លាំងជាងនោះទៅទៀត ពោលគឺជាខ្ញុំបម្រើនិងជាបងប្អូនគ្រិស្តសាសនិក។* ១៧ ដូច្នេះ ប្រសិនបើអ្នកចាត់ទុកខ្ញុំជាមិត្ត សូមទទួលគាត់ដោយចិត្តសប្បុរស ដូចទទួលខ្ញុំដែរ។ ១៨ ម្យ៉ាងទៀត ប្រសិនបើគាត់បានធ្វើខុសចំពោះអ្នកក្នុងរឿងណាមួយឬជំពាក់អ្នកអ្វីមួយ ខ្ញុំនឹងទទួលខុសត្រូវ។ ១៩ ខ្ញុំ ប៉ូល ខ្ញុំសរសេរសេចក្ដីនេះដោយផ្ទាល់ដៃ គឺខ្ញុំនឹងសងអ្វីដែលអូណេស៊ីមជំពាក់អ្នក។ ការពិត អ្នកដឹងហើយថា អ្នកជំពាក់ខ្ញុំទាំងជីវិតអ្នកផង។ ២០ ប្អូនប្រុសអើយ ដោយសារយើងទាំងពីរនាក់ជាអ្នកកាន់តាមលោកម្ចាស់ សូមអ្នកជួយខ្ញុំក្នុងរឿងនេះ ដើម្បីឲ្យខ្ញុំមានកម្លាំងចិត្តឡើងវិញក្នុងនាមជាអ្នកកាន់តាមគ្រិស្ត។
២១ ខ្ញុំមានទំនុកចិត្តថា អ្នកនឹងធ្វើតាមសំណូមពររបស់ខ្ញុំជាមិនខាន។ ហេតុនេះ ខ្ញុំសរសេរទៅកាន់អ្នក ដោយដឹងថាអ្នកនឹងធ្វើលើសពីអ្វីដែលខ្ញុំប្រាប់ទៅទៀត។ ២២ ប៉ុន្តែព្រមជាមួយគ្នានេះ សូមរៀបចំកន្លែងមួយឲ្យខ្ញុំស្នាក់នៅ ព្រោះខ្ញុំសង្ឃឹមថាខ្ញុំអាចត្រឡប់ទៅឯអ្នករាល់គ្នាវិញ ដោយសារសេចក្ដីអធិដ្ឋានរបស់អ្នករាល់គ្នា។+
២៣ អេប៉ាប្រាស+ដែលជាអ្នកជាប់គុកជាមួយនឹងខ្ញុំដោយសារគ្រិស្តយេស៊ូ គាត់ផ្ដាំសួរសុខទុក្ខអ្នករាល់គ្នា ២៤ ហើយម៉ាកុស អារីស្ដាក+ ដេម៉ាស+ និងលូកា+ ដែលជាអ្នករួមការងារជាមួយនឹងខ្ញុំ ពួកគាត់ក៏ផ្ដាំសួរសុខទុក្ខដែរ។
២៥ សូមឲ្យគុណដ៏វិសេសលើសលប់របស់លោកម្ចាស់យេស៊ូគ្រិស្តនៅជាមួយនឹងអ្នករាល់គ្នា ពីព្រោះអ្នករាល់គ្នាបង្ហាញចិត្តគំនិតត្រឹមត្រូវ។