យ៉ូប
១៦ យ៉ូបតបទៅវិញថា៖
២ «ខ្ញុំធ្លាប់ឮពាក្យដូចនេះច្រើនមកហើយ។
អ្នករាល់គ្នាមកសម្រាលទុក្ខខ្ញុំ តែបែរជាធ្វើឲ្យខ្ញុំឈឺចាប់កាន់តែខ្លាំង!+
៣ តើដល់ពេលណាទើបអ្នក*ឈប់និយាយពាក្យឥតបានការទៀត?
ហេតុអ្វីបានជាអ្នកពោលពាក្យដូច្នេះមកកាន់ខ្ញុំ?
៤ បើអ្នករាល់គ្នាជួបបញ្ហាដូចខ្ញុំ
ខ្ញុំអាចនិយាយដូច្នោះទៅអ្នករាល់គ្នាវិញ
ហើយខ្ញុំក៏អាចនិយាយរិះគន់អ្នករាល់គ្នាដែរ
ថែមទាំងគ្រវីក្បាលដាក់អ្នករាល់គ្នាទៀតផង។+
៥ ប៉ុន្តែខ្ញុំមិនធ្វើដូច្នោះទេ ខ្ញុំនឹងពោលពាក្យដែលផ្ដល់កម្លាំងចិត្តឲ្យអ្នករាល់គ្នា
ហើយខ្ញុំនឹងសម្រាលទុក្ខអ្នករាល់គ្នាដោយសម្ដីសប្បុរស។+
៦ ទោះជាខ្ញុំនិយាយក៏ដោយ សេចក្ដីឈឺចាប់របស់ខ្ញុំមិនរសាយទេ+
ហើយបើខ្ញុំមិននិយាយ ខ្ញុំនៅតែឈឺចាប់ដដែល។
៧ ប៉ុន្តែឥឡូវ ព្រះធ្វើឲ្យខ្ញុំរហិតរហៃ+
លោកបានធ្វើឲ្យពួកអ្នកផ្ទះរបស់ខ្ញុំវិនាសទាំងស្រុង។
៨ មិនត្រឹមតែប៉ុណ្ណោះ លោកបានចាប់ខ្ញុំ ហើយអ្នកណាៗក៏ឃើញស្ថានភាពរបស់ខ្ញុំដែរ
ខ្ញុំធ្លាក់ខ្លួនស្គមស្គាំងជាហេតុដែលនាំឲ្យគេចោទប្រកាន់ខ្ញុំ។
៩ លោកខឹងរហូតដល់ហែកខ្ញុំជាចម្រៀកៗ ហើយលោកក្ដៅចិត្តគុំកួននឹងខ្ញុំ+
លោកសង្កៀតធ្មេញដាក់ខ្ញុំ
លោកសម្លក់សម្លឹងខ្ញុំ ដូចសត្រូវដែលចង់ស៊ីសាច់ហុតឈាមខ្ញុំ។+
១០ ពួកគេបើកមាត់ធំប្រឆាំងនឹងខ្ញុំ+ ហើយទះកំផ្លៀងមើលងាយខ្ញុំ
ពួកគេជាច្រើនព្រួតគ្នាទាស់នឹងខ្ញុំ។+
១១ ព្រះប្រគល់ខ្ញុំទៅឲ្យពួកក្មេងពាល
ហើយលោកច្រានខ្ញុំទៅក្នុងដៃរបស់មនុស្សទុច្ចរិត។+
១២ ខ្ញុំធ្លាប់រស់នៅយ៉ាងសុខសប្បាយ តែលោកមកបំផ្លាញខ្ញុំ+
លោកចាប់កញ្ចឹងកខ្ញុំ ហើយកម្ទេចខ្ញុំ។ លោកយកខ្ញុំធ្វើជាគោលដៅបាញ់។
១៣ ពលធ្នូរបស់លោកព័ទ្ធជុំវិញខ្ញុំ+
លោកទម្លុះតម្រងនោមខ្ញុំ+ដោយឥតត្រាប្រណី
លោកបង្ហូរទឹកប្រមាត់របស់ខ្ញុំមកលើដី។
១៤ លោកប្រហារខ្ញុំម្ដងហើយម្ដងទៀត ដូចគេទម្លាយជញ្ជាំង
លោកសម្រុកមកខ្ញុំដូចអ្នកចម្បាំងដ៏ខ្លាំងក្លា។
១៦ ខ្ញុំយំឡើងមុខក្រហម+
ហើយរង្វង់ភ្នែកខ្ញុំឡើងពណ៌ខ្មៅ។
១៧ ប៉ុន្តែ ខ្ញុំមិនបានប្រព្រឹត្តអំពើឃោរឃៅទេ
ហើយខ្ញុំនៅតែអធិដ្ឋានអស់ពីដួងចិត្ត។
១៨ ឱផែនដីអើយ កុំគ្របបាំងឈាមរបស់ខ្ញុំ!+
ហើយកុំលាក់សម្រែករបស់ខ្ញុំឡើយ!
១៩ ឥឡូវនេះ សាក្សីរបស់ខ្ញុំស្ថិតនៅស្ថានសួគ៌
អ្នកដែលអាចធ្វើជាសាក្សីគាំទ្រខ្ញុំ គឺនៅទីខ្ពស់។
២០ ចំណែកអ្នកដែលស្គាល់ខ្ញុំវិញ ពួកគេចំអកឡកឡឺយឲ្យខ្ញុំ+
២១ ចូរឲ្យអ្នកណាម្នាក់ធ្វើជាអាជ្ញាកណ្ដាលរវាងមនុស្សនិងព្រះ
ដូចអាជ្ញាកណ្ដាលរវាងមនុស្សនិងមនុស្ស។+