សៀវភៅម៉ាកុស
១ ដំណឹងល្អអំពីលោកយេស៊ូគ្រិស្តជាបុត្ររបស់ព្រះ ចាប់ផ្ដើមដូចតទៅនេះ៖ ២ ដូចអេសាយដែលជាអ្នកប្រកាសទំនាយ បានសរសេរថា៖ «(មើល! ខ្ញុំនឹងចាត់ទូតរបស់ខ្ញុំឲ្យទៅមុនអ្នក ហើយគាត់នឹងរៀបចំផ្លូវទុកសម្រាប់អ្នក)+ ៣ មានសំឡេងមនុស្សម្នាក់ស្រែកប្រកាសនៅតំបន់ស្ងាត់ជ្រងំថា៖ ‹ចូររៀបចំផ្លូវទទួលព្រះយេហូវ៉ា!* ចូរធ្វើឲ្យផ្លូវរបស់លោកត្រង់›»។+ ៤ យ៉ូហានដែលជាអ្នកជ្រមុជទឹកបានមកតំបន់ស្ងាត់ជ្រងំ ហើយប្រកាសប្រាប់មនុស្សថា ពួកគេគួរប្រែចិត្តពីអំពើខុសឆ្គងរបស់ខ្លួន ដោយទទួលការជ្រមុជទឹក* ដើម្បីឲ្យព្រះអភ័យទោសឲ្យពួកគេ។+ ៥ បណ្ដាជនទាំងអស់នៅតំបន់យូឌា និងមនុស្សគ្រប់គ្នានៅក្រុងយេរូសាឡិម* បានចេញទៅជួបយ៉ូហាន។ រួចពួកគេបានសារភាពអំពើខុសឆ្គងរបស់ខ្លួនជាសាធារណៈ ហើយយ៉ូហានបានជ្រមុជទឹកឲ្យពួកគេក្នុងទន្លេយ៉ូដាន់។+ ៦ យ៉ូហានស្លៀកសម្លៀកបំពាក់ធ្វើពីរោមអូដ្ឋ ឯខ្សែក្រវាត់របស់គាត់ធ្វើពីស្បែក+ ហើយអាហាររបស់គាត់គឺជាសត្វកណ្ដូបនិងទឹកឃ្មុំព្រៃ។+ ៧ គាត់ធ្លាប់ប្រកាសថា៖ «លោកដែលមកក្រោយខ្ញុំ គឺខ្លាំងជាងខ្ញុំ។ ខ្ញុំមិនសមទាំងឱនស្រាយខ្សែស្បែកជើងរបស់លោកផង។+ ៨ ខ្ញុំបានជ្រមុជអ្នករាល់គ្នាក្នុងទឹក តែលោកនឹងជ្រមុជអ្នករាល់គ្នាក្នុងឫទ្ធានុភាពបរិសុទ្ធ»។+
៩ នៅគ្រានោះ លោកយេស៊ូបានមកពីក្រុងណាសារ៉ែតនៃស្រុកកាលីឡេ ហើយយ៉ូហានបានជ្រមុជទឹកឲ្យលោកក្នុងទន្លេយ៉ូដាន់។+ ១០ ក្រោយងើបពីទឹកភ្លាម លោកក៏ឃើញមេឃបើកចំហ ហើយឃើញឫទ្ធានុភាពរបស់ព្រះដូចជាសត្វព្រាប ចុះមកសណ្ឋិតលើលោក។+ ១១ រួចមានសំឡេងមួយមកពីលើមេឃថា៖ «អ្នកជាបុត្រជាទីស្រឡាញ់របស់ខ្ញុំ។ ខ្ញុំពេញចិត្តអ្នកណាស់»។+
១២ រំពេចនោះ ឫទ្ធានុភាពរបស់ព្រះបានបណ្ដាលចិត្តលោកឲ្យទៅតំបន់ស្ងាត់ជ្រងំ។ ១៣ ម្ល៉ោះហើយ លោកបាននៅតំបន់ស្ងាត់ជ្រងំអស់៤០ថ្ងៃ នៅទីនោះមានសត្វព្រៃ។ សាថាន*បានមកល្បួងលោក។+ ក្រោយមក ពួកទេវតាបានមកបម្រើលោក។+
១៤ ក្រោយពេលដែលយ៉ូហានត្រូវគេចាប់ខ្លួន លោកយេស៊ូបានទៅស្រុកកាលីឡេ+ ហើយផ្សព្វផ្សាយដំណឹងល្អរបស់ព្រះ+ ១៥ ដោយពោលថា៖ «គ្រាកំណត់បានមកដល់ហើយ រាជាណាចក្ររបស់ព្រះគឺជិតដល់ហើយ។ ចូរប្រែចិត្ត+ ហើយមានជំនឿលើដំណឹងល្អចុះ!»។
១៦ កាលដែលលោកកំពុងដើរតាមឆ្នេរសមុទ្រ*កាលីឡេ លោកឃើញស៊ីម៉ូននិងអនទ្រេជាប្អូន+កំពុងបង់សំណាញ់ក្នុងសមុទ្រ+ ពីព្រោះពួកគាត់ជាអ្នកនេសាទ។+ ១៧ ដូច្នេះ លោកយេស៊ូមានប្រសាសន៍ទៅពួកគាត់ថា៖ «ចូរមកតាមខ្ញុំចុះ! ហើយខ្ញុំនឹងធ្វើឲ្យអ្នកក្លាយទៅជាអ្នកនេសាទមនុស្សវិញ»។+ ១៨ ពួកគាត់បានទុកសំណាញ់ចោលភ្លាម ហើយទៅតាមលោក។+ ១៩ ពេលលោកដើរទៅមុខបន្តិច ក៏ឃើញកូនប្រុសៗរបស់សេបេដេ គឺយ៉ាកុបនិងប្អូនរបស់គាត់ឈ្មោះយ៉ូហាន។ ពួកគាត់នៅក្នុងទូកកំពុងជួសជុលសំណាញ់។+ ២០ លោកក៏បានហៅពួកគាត់ភ្លាមៗ។ ដូច្នេះ ពួកគាត់ក៏បានចាកចេញពីសេបេដេជាឪពុកដែលនៅក្នុងទូកជាមួយនឹងពួកកូនឈ្នួល រួចទៅតាមលោក។ ២១ ក្រោយមក លោកនិងពួកគាត់បានទៅដល់ក្រុងកាពើណិម។
ពេលថ្ងៃឈប់សម្រាក*មកដល់ភ្លាម លោកក៏ចូលទៅសាលាប្រជុំ* ហើយចាប់ផ្ដើមបង្រៀន។+ ២២ អស់អ្នកដែលបានស្ដាប់ក៏នឹកអស្ចារ្យនឹងវិធីបង្រៀនរបស់លោក ពីព្រោះលោកមិនមែនបង្រៀនដូចពួកអ្នកជំនាញខាងច្បាប់*ទេ តែបង្រៀនដូចអ្នកដែលបានទទួលអំណាចពីព្រះ។+ ២៣ នៅពេលនោះដែរ ក្នុងសាលាប្រជុំមានបុរសម្នាក់ដែលមានវិញ្ញាណអសោចចូល ហើយគាត់បានស្រែកសួរថា៖ ២៤ «នែ! យេស៊ូពីក្រុងណាសារ៉ែត!+ តើអ្នកមករំខានពួកយើងធ្វើអ្វី? តើអ្នកមកបំផ្លាញពួកយើងឬ? ខ្ញុំដឹងច្បាស់ថាអ្នកជាអ្នកណា។ អ្នកជាអ្នកបរិសុទ្ធរបស់ព្រះ»។+ ២៥ ប៉ុន្តែ លោកយេស៊ូស្ដីបន្ទោសវាថា៖ «ស្ងៀមទៅ! ហើយចេញពីគាត់!»។ ២៦ រួចវិញ្ញាណអសោចបានចេញពីបុរសនោះ ក្រោយពីបានស្រែកអស់សំឡេង ហើយធ្វើឲ្យគាត់ដួលប្រកាច់។ ២៧ មនុស្សទាំងឡាយនឹកស្ងើចក្នុងចិត្តដល់ម្ល៉េះ បានជាពួកគេចាប់ផ្ដើមនិយាយគ្នាថា៖ «តើនេះជាអ្វីទៅ? នេះជាសេចក្ដីបង្រៀនថ្មី! លោកមានអំណាចបង្គាប់ទាំងវិញ្ញាណអសោច ហើយពួកវាស្ដាប់បង្គាប់លោក»។ ២៨ ដូច្នេះ ដំណឹងអំពីលោកបានចាប់ផ្ដើមឮសុសសាយយ៉ាងលឿនទូទាំងស្រុកកាលីឡេ។
២៩ លោកនិងពួកគាត់ក៏ចាកចេញពីសាលាប្រជុំ រួចចូលផ្ទះរបស់ស៊ីម៉ូននិងអនទ្រេជាមួយនឹងយ៉ាកុបនិងយ៉ូហាន។+ ៣០ ពេលនោះ ម្ដាយក្មេករបស់ស៊ីម៉ូន+កំពុងសម្រាន្តលើគ្រែដោយសារគាត់គ្រុនក្ដៅ។ ពួកគាត់បានជម្រាបលោកភ្លាមអំពីគាត់។ ៣១ លោកបានដើរទៅជិត ហើយចាប់ដៃគាត់ឲ្យងើបឡើង នោះគ្រុនក្ដៅក៏បាត់ទៅ។ រួចគាត់ចាប់ផ្ដើមធ្វើអាហារជូនលោកនិងពួកគាត់។
៣២ លុះដល់ល្ងាច ក្រោយថ្ងៃលិច មនុស្សចាប់ផ្ដើមនាំអស់អ្នកដែលឈឺ និងអ្នកដែលមានវិញ្ញាណកំណាច*ចូល ឲ្យមកជួបលោក។+ ៣៣ អ្នកនៅក្រុងនោះទាំងអស់ បានមកមូលគ្នានៅមាត់ទ្វារផ្ទះតែម្ដង។ ៣៤ ដូច្នេះ លោកបានធ្វើឲ្យមនុស្សជាច្រើនដែលមានជំងឺផ្សេងៗជាសះស្បើយ+ ក៏បានបណ្ដេញវិញ្ញាណកំណាចជាច្រើនដែរ តែលោកមិនឲ្យវិញ្ញាណកំណាចទាំងនោះនិយាយទេ ពីព្រោះពួកវាដឹងថាលោកគឺជាគ្រិស្ត។*
៣៥ លុះព្រលឹមស្រាងៗ កាលមេឃងងឹតនៅឡើយ លោកបានភ្ញាក់ពីសម្រាន្ត ហើយចេញទៅរកកន្លែងមួយឆ្ងាយពីគេ។ នៅទីនោះ លោកចាប់ផ្ដើមអធិដ្ឋាន។+ ៣៦ ប៉ុន្តែ ស៊ីម៉ូននិងអ្នកដែលនៅជាមួយនឹងគាត់ នាំគ្នាតាមរកលោក។ ៣៧ ពេលរកឃើញហើយ ពួកគាត់ប្រាប់លោកថា៖ «មនុស្សទាំងអស់កំពុងរកលោក»។ ៣៨ ប៉ុន្តែ លោកមានប្រសាសន៍ទៅពួកគាត់ថា៖ «ចូរយើងទៅកន្លែងផ្សេងវិញ ទៅក្រុងជិតៗនេះ ដើម្បីខ្ញុំអាចផ្សព្វផ្សាយនៅទីនោះដែរ ពីព្រោះនេះជាមូលហេតុដែលខ្ញុំបានមក»។+ ៣៩ រួចលោកបានទៅផ្សព្វផ្សាយក្នុងសាលាប្រជុំទាំងឡាយពេញស្រុកកាលីឡេទាំងមូល ថែមទាំងបានបណ្ដេញវិញ្ញាណកំណាចទៀតផង។+
៤០ មានបុរសកើតជំងឺឃ្លង់ម្នាក់មករកលោក ហើយលុតជង្គង់អង្វរថា៖ «បើលោកចង់ធ្វើឲ្យខ្ញុំជាស្អាត លោកអាចធ្វើបាន»។+ ៤១ ឃើញដូច្នេះ លោកមានចិត្តក្ដួលអាណិត រួចលូកដៃទៅពាល់គាត់ ហើយពោលថា៖ «ខ្ញុំចង់ធ្វើឲ្យអ្នកជាស្អាតមែន! សូមឲ្យជាស្អាតចុះ»។+ ៤២ រំពេចនោះ ជំងឺឃ្លង់បានបាត់ពីខ្លួនគាត់ទៅ ហើយគាត់បានជាស្អាត។ ៤៣ រួចលោកប្រាប់គាត់ឲ្យចេញទៅភ្លាម ទាំងបង្គាប់គាត់យ៉ាងម៉ឺងម៉ាត់ ៤៤ ដោយពោលថា៖ «កុំប្រាប់អ្នកណាឲ្យសោះ តែដោយសារអ្នកបានជាស្អាត ចូរទៅបង្ហាញខ្លួនដល់ពួកសង្ឃ ថែមទាំងជូនអ្វីដែលច្បាប់ម៉ូសេបានបង្គាប់+ ដើម្បីឲ្យពួកសង្ឃអាចឃើញថាអ្នកបានជាស្អាតហើយ»។+ ៤៥ ប៉ុន្តែ ក្រោយពីគាត់បានចេញទៅ គាត់ចាប់ផ្ដើមប្រកាសឲ្យមនុស្សឮសុសសាយនៅទីជិតឆ្ងាយអំពីរឿងនោះ រហូតដល់លោកយេស៊ូមិនអាចចូលក្នុងក្រុងណាមួយដោយបើកចំហបានទៀត។ ផ្ទុយទៅវិញ លោកត្រូវនៅខាងក្រៅ នាកន្លែងឆ្ងាយពីគេ។ ទោះជាយ៉ាងនោះក៏ដោយ មនុស្សនៅតែមករកលោកពីគ្រប់ទិសទី។+