ដើមកំណើត
២៨ ដូច្នេះ អ៊ីសាកបានហៅយ៉ាកុបមកជួប ហើយឲ្យពរគាត់ ថែមទាំងបង្គាប់គាត់ថា៖ «កូនមិនត្រូវរៀបការជាមួយនឹងកូនស្រីជនជាតិកាណានឡើយ។+ ២ ចូរកូនទៅឯតំបន់ប៉ាដាន់អេរ៉ាម ទៅផ្ទះរបស់បេធូអែលជាជីតាខាងម្ដាយកូន ហើយចូរកូនរៀបការជាមួយនឹងកូនស្រីរបស់ឡាបាន់+អ៊ំប្រុសរបស់កូន។ ៣ ព្រះដ៏មានឫទ្ធានុភាពខ្លាំងក្លាបំផុតនឹងឲ្យពរកូន ហើយលោកនឹងធ្វើឲ្យកូនមានកូនចៅជាច្រើន។ បណ្ដាជនមួយក្រុមដ៏ធំនឹងកើតចេញពីកូន។+ ៤ ព្រះនឹងឲ្យពរដល់កូននិងកូនចៅ*របស់កូន ជាពរដែលលោកបានឲ្យដល់អាប្រាហាំ+ ដើម្បីឲ្យកូនអាចទទួលស្រុកនេះជាមត៌ក ជាស្រុកដែលកូនរស់នៅជាជនបរទេស និងជាស្រុកដែលព្រះបានឲ្យដល់អាប្រាហាំ»។+
៥ បន្ទាប់ពីនិយាយរួច អ៊ីសាកបានឲ្យយ៉ាកុបធ្វើដំណើរទៅតំបន់ប៉ាដាន់អេរ៉ាម គឺទៅឯឡាបាន់ជាកូនបេធូអែលជាជនជាតិអេរ៉ាម។+ ឡាបាន់ត្រូវជាបងប្រុសរបស់រេបិកា+ម្ដាយយ៉ាកុបនិងអេសាវ។
៦ ឯអេសាវវិញ គាត់បានឃើញថាអ៊ីសាកបានឲ្យពរដល់យ៉ាកុប និងឲ្យយ៉ាកុបទៅតំបន់ប៉ាដាន់អេរ៉ាមដើម្បីយកប្រពន្ធនៅទីនោះ។ នៅពេលនោះ គាត់ក៏បានឮឪពុកបង្គាប់ដល់យ៉ាកុបថា៖ «កូនមិនត្រូវរៀបការជាមួយនឹងកូនស្រីជនជាតិកាណានឡើយ»។+ ៧ គាត់បានឃើញយ៉ាកុបធ្វើតាមបង្គាប់ឪពុកម្ដាយ ដោយធ្វើដំណើរទៅតំបន់ប៉ាដាន់អេរ៉ាម។+ ៨ ដូច្នេះ អេសាវបានយល់ថាឪពុកគាត់មិនពេញចិត្តនឹងកូនស្រីជនជាតិកាណានទេ។+ ៩ ម្ល៉ោះហើយ អេសាវបានធ្វើដំណើរទៅឯអ៊ីសម៉ាអែលជាកូនអាប្រាហាំ ហើយយកម៉ាហាឡាតជាកូនស្រីរបស់អ៊ីសម៉ាអែលធ្វើជាប្រពន្ធមួយទៀត។ នាងត្រូវជាប្អូនស្រីណេបេយ៉ោត។+
១០ ចំណែកយ៉ាកុប គាត់បានចេញពីក្រុងបៀរសេបា ហើយបន្តដំណើរឆ្ពោះទៅក្រុងហារ៉ាន។+ ១១ លុះថ្ងៃលិច គាត់បានទៅដល់កន្លែងមួយ ហើយសម្រាកនៅទីនោះ។ គាត់យកថ្មមួយដុំមកកើយ រួចក៏ដេកលក់ទៅ។+ ១២ នៅយប់នោះ គាត់បានយល់សប្ដិឃើញមានជណ្ដើរមួយឡើងពីផែនដីទៅស្ថានសួគ៌ ហើយឃើញមានទេវតារបស់ព្រះកំពុងឡើងចុះតាមជណ្ដើរនោះ។+ ១៣ នៅខាងលើជណ្ដើរនោះឃើញមានព្រះយេហូវ៉ា ហើយលោកបានមានប្រសាសន៍មកគាត់ថា៖
«ខ្ញុំជាព្រះយេហូវ៉ាជាព្រះនៃអាប្រាហាំបុព្វបុរសរបស់អ្នក និងជាព្រះនៃអ៊ីសាកឪពុកអ្នក។+ ខ្ញុំនឹងប្រគល់ដីដែលអ្នកកំពុងដេកលើនេះ ឲ្យដល់អ្នកនិងកូនចៅអ្នក។+ ១៤ ខ្ញុំនឹងធ្វើឲ្យកូនចៅអ្នកមានចំនួនច្រើនដូចលម្អងធូលីនៅផែនដី+ ហើយទឹកដីរបស់អ្នកនឹងលាតសន្ធឹងទៅដល់ភាគខាងលិច ខាងកើត ខាងជើង និងខាងត្បូង។ គ្រប់ក្រុមគ្រួសារនៅផែនដីនឹងទទួលពរតាមរយៈអ្នកនិងកូនចៅអ្នក។+ ១៥ ខ្ញុំនៅជាមួយអ្នកជានិច្ច ហើយនៅកន្លែងណាដែលអ្នកទៅ ខ្ញុំនឹងការពារអ្នក។ ខ្ញុំនឹងនាំអ្នកត្រឡប់មកទឹកដីនេះវិញ។+ ខ្ញុំនឹងមិនចាកចេញពីអ្នកឡើយ ទាល់តែខ្ញុំបានសម្រេចតាមសេចក្ដីសន្យារបស់ខ្ញុំចំពោះអ្នក»។+
១៦ បន្ទាប់មក យ៉ាកុបបានភ្ញាក់ឡើង ហើយនិយាយថា៖ «ព្រះយេហូវ៉ាប្រាកដជានៅកន្លែងនេះមែន តែខ្ញុំមិនបានដឹងសោះ!»។ ១៧ គាត់បានស្ញែងខ្លាចនិងនឹកអស្ចារ្យក្នុងចិត្តជាខ្លាំង ហើយនិយាយបន្ថែមថា៖ «កន្លែងនេះមិនមែនជាកន្លែងធម្មតាទេ តែជាកន្លែងបរិសុទ្ធ! ទីនេះច្បាស់ជាផ្ទះរបស់ព្រះហើយ។+ នេះជាខ្លោងទ្វារនៃស្ថានសួគ៌»។+ ១៨ ដូច្នេះ គាត់បានក្រោកពីព្រលឹម ហើយយកថ្មដែលគាត់បានកើយ ទៅបញ្ឈរជាបង្គោលមួយ រួចចាក់ប្រេងលើនោះ។+ ១៩ គាត់បានដាក់ឈ្មោះកន្លែងនោះថាបេតអែល* តែពីមុនក្រុងនោះឈ្មោះថាលូស។+
២០ បន្ទាប់មក យ៉ាកុបបានសន្យានឹងព្រះថា៖ «បើលោកបន្តនៅជាមួយនឹងខ្ញុំ ហើយជួយការពារខ្ញុំតាមផ្លូវ ផ្ដល់អាហារនិងសម្លៀកបំពាក់ដល់ខ្ញុំ ២១ ព្រមទាំងជួយខ្ញុំឲ្យត្រឡប់ទៅផ្ទះឪពុកខ្ញុំវិញដោយសុខសាន្ត នោះលោកនឹងបង្ហាញថាលោកជាព្រះយេហូវ៉ា ជាព្រះរបស់ខ្ញុំពិតមែន។ ២២ កន្លែងដែលខ្ញុំបានដំឡើងថ្មទុកជាបង្គោលរំលឹក នឹងក្លាយទៅជាផ្ទះរបស់ព្រះ។+ ខ្ញុំនឹងជូនលោក១ភាគ១០នៃអ្វីទាំងអស់ដែលលោកបានប្រគល់ដល់ខ្ញុំ»។