សាការី
៨ ប្រសាសន៍របស់ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌បានមកម្ដងទៀតថា៖ ២ «ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌ប្រាប់ថា៖ ‹ខ្ញុំប្រាកដជានឹងការពារស៊ីយ៉ូន+ ខ្ញុំប្រាកដជានឹងការពារនាងដោយកំហឹងដ៏ខ្លាំងរបស់ខ្ញុំ›»។
៣ «ព្រះយេហូវ៉ាមានប្រសាសន៍ថា៖ ‹ខ្ញុំនឹងត្រឡប់ទៅឯស៊ីយ៉ូន+ ហើយអាស្រ័យនៅក្នុងយេរូសាឡិមវិញ។+ គេនឹងហៅយេរូសាឡិមថាក្រុងនៃសេចក្ដីពិត*+ ហើយហៅភ្នំរបស់ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌ថាភ្នំបរិសុទ្ធ›»។+
៤ «ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌ប្រាប់ថា៖ ‹មនុស្សចាស់ទាំងប្រុសទាំងស្រីនឹងអង្គុយនៅតាមទីលានសាធារណៈក្នុងយេរូសាឡិម។ ពួកគេម្នាក់ៗនឹងកាន់ឈើច្រត់ ដោយសារតែវ័យចាស់ជរា។+ ៥ ម្យ៉ាងទៀត នៅតាមទីលានសាធារណៈក្នុងក្រុង នឹងពេញដោយក្មេងៗទាំងប្រុសទាំងស្រីរត់លេងសប្បាយ›»។+
៦ «ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌មានប្រសាសន៍ថា៖ ‹ទោះជានៅពេលនោះ បណ្ដាជនដែលនៅសេសសល់ប្រហែលជាគិតថាការនោះពិបាកនឹងកើតឡើងក៏ដោយ ប៉ុន្តែតើការនោះពិបាកពេកចំពោះខ្ញុំឬ?›។ ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌មានប្រសាសន៍ដូច្នោះ»។
៧ «ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌មានប្រសាសន៍ថា៖ ‹ខ្ញុំនឹងសង្គ្រោះរាស្ត្ររបស់ខ្ញុំចេញពីទឹកដីផ្សេងៗនៃទិសខាងកើតនិងខាងលិច។*+ ៨ ខ្ញុំនឹងនាំពួកគេចូលមកក្នុងយេរូសាឡិម ហើយពួកគេនឹងរស់នៅទីនោះ។+ ពួកគេនឹងទៅជារាស្ត្ររបស់ខ្ញុំ ហើយខ្ញុំនឹងទៅជាព្រះរបស់ពួកគេ+ ជាព្រះដែលប្រកបដោយសេចក្ដីពិត*និងសេចក្ដីសុចរិត›»។
៩ «ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌មានប្រសាសន៍ថា៖ ‹ចូរអ្នករាល់គ្នាក្លាហានឡើង។+ សម្ដីដែលអ្នករាល់គ្នាបានឮពីមាត់ពួកអ្នកប្រកាសទំនាយនៅពេលនេះ+ គឺដូចគ្នានឹងសម្ដីដែលបានត្រូវប្រាប់នៅថ្ងៃដែលគេចាក់គ្រឹះសង់វិហាររបស់ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌។ ១០ មុនគ្រានោះ គ្មានថ្លៃឈ្នួលសម្រាប់មនុស្សនិងសត្វទេ។+ ចំណែកឯមនុស្សដែលធ្វើដំណើរទៅមក ក៏គ្មានសុវត្ថិភាពដែរ ព្រោះតែមានខ្មាំងសត្រូវ ដោយសារខ្ញុំបានធ្វើឲ្យមនុស្សទាំងអស់ទាស់ប្រឆាំងគ្នា›។
១១ «ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌មានប្រសាសន៍ថា៖ ‹ប៉ុន្តែពេលនេះ ខ្ញុំនឹងមិនប្រព្រឹត្តចំពោះបណ្ដាជនដែលនៅសេសសល់ដូចនៅជំនាន់មុនឡើយ។+ ១២ ពីព្រោះពួកគេនឹងសាបព្រោះពូជដែលបង្កើតផលជាសេចក្ដីសុខសាន្ត ហើយវល្លិទំពាំងបាយជូរនឹងចេញផ្លែ ហើយដីនឹងផ្ដល់ភោគផលយ៉ាងបរិបូរ។+ ឯមេឃនឹងធ្លាក់សន្សើមចុះមក។ ខ្ញុំនឹងប្រគល់អ្វីៗទាំងអស់នោះដល់បណ្ដាជនដែលនៅសេសសល់នេះទុកជាមត៌ក។+ ១៣ ឱពូជពង្សយូដានិងពូជពង្សអ៊ីស្រាអែលអើយ ទោះជាប្រជាជាតិនានាធ្លាប់យកឈ្មោះអ្នករាល់គ្នាទៅដាក់បណ្ដាសាគេក៏ដោយ+ តែខ្ញុំនឹងសង្គ្រោះអ្នករាល់គ្នា ហើយពួកគេនឹងយកឈ្មោះអ្នករាល់គ្នាទៅជូនពរគេវិញ។+ ដូច្នេះ កុំភ័យខ្លាចឡើយ!+ ចូរអ្នករាល់គ្នាក្លាហានឡើង›។+
១៤ «ព្រោះព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌មានប្រសាសន៍ថា៖ ‹«ពីមុនខ្ញុំបានតាំងចិត្តនាំអន្តរាយមកលើអ្នករាល់គ្នា ដោយសារបុព្វបុរសរបស់អ្នករាល់គ្នាបានធ្វើឲ្យខ្ញុំក្ដៅក្រហាយ ហើយខ្ញុំមិនបានផ្លាស់ប្ដូរគំនិតទេ។*+ ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌មានប្រសាសន៍ដូច្នេះ។ ១៥ ប៉ុន្តែនៅពេលនេះ ខ្ញុំបានតាំងចិត្តធ្វើល្អចំពោះយេរូសាឡិមនិងពូជពង្សយូដា។+ ដូច្នេះ កុំភ័យខ្លាចឡើយ!»›។+
១៦ «‹អ្នករាល់គ្នាគួរធ្វើអ្វីៗទាំងនេះ៖ ចូរនិយាយពាក្យពិតចំពោះគ្នា។+ ពេលអ្នករាល់គ្នាវិនិច្ឆ័យក្ដីនៅឯទ្វារក្រុង អ្នករាល់គ្នាត្រូវវិនិច្ឆ័យដោយត្រឹមត្រូវ ហើយត្រូវជួយបណ្ដាជនឲ្យមានសេចក្ដីសុខសាន្តផង។+ ១៧ កុំគិតធ្វើអាក្រក់ចំពោះគ្នា+ ហើយឈប់ស្បថបំពានទៀត+ ព្រោះខ្ញុំស្អប់អ្វីទាំងអស់នោះ›។+ ព្រះយេហូវ៉ាមានប្រសាសន៍ដូច្នោះ»។
១៨ ប្រសាសន៍របស់ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌បានមកដល់ខ្ញុំម្ដងទៀតថា៖ ១៩ «ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌មានប្រសាសន៍ថា៖ ‹ការតមអាហារនៅខែទី៤+ ខែទី៥+ ខែទី៧+ និងខែទី១០+ នឹងទៅជាឱកាសដ៏សប្បាយរីករាយ គឺជាពិធីដ៏រីករាយត្រេកអរ ហើយក៏ជាពេលវេលាដែលពូជពង្សយូដាមានអំណរ។+ ដូច្នេះ ចូរអ្នករាល់គ្នាស្រឡាញ់សេចក្ដីពិតនិងសេចក្ដីសុខសាន្ត›។
២០ «ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌មានប្រសាសន៍ថា៖ ‹នឹងមានគ្រាមួយដែលជនជាតិផ្សេងៗ ព្រមទាំងមនុស្សដែលរស់នៅក្រុងនានា នឹងនាំគ្នាមក ២១ ហើយអស់អ្នកដែលរស់នៅក្រុងមួយនឹងទៅប្រាប់មនុស្សនៅក្រុងមួយទៀតថា៖ «ចូរយើងទៅជាមួយគ្នាដើម្បីអង្វរសុំសេចក្ដីមេត្តាករុណាពីព្រះយេហូវ៉ា ហើយទៅបម្រើព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌។ ខ្ញុំក៏ទៅដែរ»។+ ២២ ជនជាតិជាច្រើន ព្រមទាំងប្រជាជាតិនានាដែលខ្លាំងក្លា នឹងនាំគ្នាមកយេរូសាឡិមដើម្បីបម្រើព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌+ និងដើម្បីអង្វរសុំសេចក្ដីមេត្តាករុណាពីព្រះយេហូវ៉ា›។
២៣ «ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌មានប្រសាសន៍ថា៖ ‹នៅគ្រានោះ មនុស្ស១០នាក់ពីគ្រប់ភាសាគ្រប់ប្រជាជាតិ+នឹងចាប់កាន់ជាយអាវ*របស់យូដាម្នាក់* គឺនឹងចាប់យ៉ាងជាប់ ដោយនិយាយថា៖ «យើងចង់ទៅជាមួយនឹងអ្នកដែរ+ ព្រោះយើងបានឮថាព្រះនៅជាមួយនឹងអ្នករាល់គ្នា»›»។+