អ្នកទូន្មាន
១២ ដូច្នេះ ចូរនឹកចាំអំពីព្រះដ៏ឧត្ដមដែលបានបង្កើតអ្នក កាលដែលអ្នកនៅក្មេងនៅឡើយ+ មុនថ្ងៃនៃទុក្ខលំបាក*មកដល់+ និងមុនឆ្នាំដែលអ្នកនឹងនិយាយថា៖ «ខ្ញុំអស់សប្បាយហើយ»។ ២ មុនពេលពន្លឺនៃដួងអាទិត្យ ដួងខែ និងដួងផ្កាយងងឹតទៅ+ ហើយពពកចេញមកវិញក្រោយភ្លៀងធំ* ៣ គឺមុនថ្ងៃដែលអ្នកយាមផ្ទះញ័រញាក់ បុរសខ្លាំងក្លាឈរលែងត្រង់ ពួកស្ត្រីឈប់កិនម្សៅព្រោះមានគ្នាតិច និងមុនពេលស្រីៗមើលទៅខាងក្រៅតាមបង្អួចឃើញតែភាពងងឹត។+ ៤ មុនពេលទ្វារទៅឯផ្លូវត្រូវបិទ សំឡេងត្បាល់កិនឮតិចទៅៗ មុនពេលអ្នកក្រោកឡើងកាលដែលឮសំឡេងសត្វស្លាប និងមុនពេលកូនស្រីៗទាំងអស់ច្រៀងមិនសូវឮ។+ ៥ មុនពេលអ្នកភ័យខ្លាចទីខ្ពស់ ឬព្រួយបារម្ភអំពីគ្រោះថ្នាក់តាមផ្លូវ និងមុនពេលដើមអល់ម៉ុនចេញផ្កា+ សត្វកណ្ដូបធ្វើដំណើរទាំងអូសខ្លួន ផ្លែដើមខេបផឺប្រេះបែក ហើយមនុស្សដើរទៅផ្ទះដែលពួកគេត្រូវនៅយូរអង្វែង+ និងពួកអ្នកយំកាន់ទុក្ខដើរចុះឡើងតាមផ្លូវ។+ ៦ គឺមុនខ្សែពួរប្រាក់ត្រូវដកចេញ ចានគោមមាសត្រូវបំបែក ក្អមនៅប្រភពទឹកត្រូវបំផ្លាញ ហើយមុនរហាត់ទឹកនៅអណ្ដូងត្រូវកម្ទេច។ ៧ រួចធូលីត្រឡប់ទៅឯដីដូចដើមវិញ+ ហើយកម្លាំងជីវិតវិលទៅឯព្រះពិតដែលជាអ្នកផ្ដល់កម្លាំងជីវិត។+
៨ អ្នកទូន្មានពោលថា៖ «អ្វីៗទាំងអស់សុទ្ធតែអសារឥតការ!+ សុទ្ធតែអសារឥតការ»។+
៩ អ្នកទូន្មានមិនគ្រាន់តែមានប្រាជ្ញាច្រើនប៉ុណ្ណោះទេ តែគាត់ក៏បន្តបង្រៀនបណ្ដាជនអំពីអ្វីដែលគាត់ដឹងដែរ។+ គាត់រំពឹងគិតនិងស្រាវជ្រាវយ៉ាងហ្មត់ចត់ ដើម្បីចងក្រងសុភាសិតជាច្រើន។+ ១០ អ្នកទូន្មានបានស្វះស្វែងរកពាក្យពេចន៍ពីរោះៗ+ ហើយខិតខំកត់ទុកពាក្យពិតយ៉ាងត្រឹមត្រូវ។
១១ សម្ដីរបស់មនុស្សមានប្រាជ្ញាប្រៀបដូចជាជន្លួញ+ ហើយសុភាសិតដែលគេបានប្រមូលទុក ប្រៀបដូចជាដែកគោលដែលបានត្រូវបោះយ៉ាងជាប់។ គេបានសម្ដីទាំងនោះមកពីគង្វាលម្នាក់។ ១២ ប៉ុន្តែ កូនអើយ ក្រៅពីអ្វីទាំងនោះ សូមប្រយ័ត្ន ព្រោះមនុស្សរៀបរៀងសៀវភៅមិនចេះចប់ឡើយ ហើយការព្យាយាមសិក្សាសៀវភៅទាំងនោះធ្វើឲ្យខ្លួនប្រាណខ្សោះកម្លាំង។+
១៣ ក្រោយពីបានស្ដាប់អ្វីៗទាំងអស់នេះរួចហើយ សរុបសេចក្ដីគឺ៖ ចូរគោរពកោតខ្លាចព្រះពិត+ ហើយធ្វើតាមបញ្ញត្តិរបស់លោកជានិច្ច+ ព្រោះនេះជាកាតព្វកិច្ចទាំងមូលរបស់មនុស្ស។+ ១៤ ព្រោះព្រះពិតនឹងវិនិច្ឆ័យការប្រព្រឹត្តទាំងអស់ រួមទាំងអ្វីៗដែលលាក់កំបាំងផង ដើម្បីសម្រេចថាជាការល្អឬអាក្រក់។+