ដើមកំណើត
២៤ ឯអាប្រាហាំ គាត់កាន់តែមានវ័យចាស់ណាស់ហើយ។ ព្រះយេហូវ៉ាបានឲ្យពរគាត់ក្នុងគ្រប់ការទាំងអស់។+ ២ ថ្ងៃមួយ អាប្រាហាំបានហៅអ្នកបម្រើដែលមានវ័យចាស់ជាងគេឲ្យចូលមកជួបគាត់។ អ្នកបម្រើនោះជាអ្នកមើលការខុសត្រូវលើទ្រព្យសម្បត្តិទាំងអស់របស់អាប្រាហាំ។+ អាប្រាហាំនិយាយទៅកាន់គាត់ថា៖ «ចូរដាក់ដៃអ្នកនៅក្រោមភ្លៅខ្ញុំ ៣ ហើយស្បថនឹងខ្ញុំដោយនូវនាមព្រះយេហូវ៉ាជាព្រះនៃស្ថានសួគ៌និងផែនដីថា អ្នកនឹងមិនឲ្យកូនប្រុសខ្ញុំរៀបការជាមួយនឹងកូនស្រីជនជាតិកាណាន ដែលកំពុងរស់នៅជុំវិញខ្ញុំឡើយ។+ ៤ ប៉ុន្តែ អ្នកត្រូវធ្វើដំណើរទៅឯញាតិសន្ដានខ្ញុំនៅឯស្រុកខ្ញុំ+ ហើយនាំយកនារីម្នាក់មកឲ្យអ៊ីសាកកូនខ្ញុំ ធ្វើជាប្រពន្ធ»។
៥ អ្នកបម្រើបានសួរថា៖ «លោកម្ចាស់ ចុះបើនារីនោះមិនព្រមមកជាមួយនឹងខ្ញុំ? តើខ្ញុំត្រូវនាំកូនលោកធ្វើដំណើរទៅស្រុកនោះឬ?»។+ ៦ អាប្រាហាំឆ្លើយថា៖ «អ្នកមិនត្រូវនាំកូនខ្ញុំទៅទីនោះជាដាច់ខាត+ ៧ ព្រោះព្រះយេហូវ៉ាជាព្រះនៃស្ថានសួគ៌ ដែលបាននាំខ្ញុំចេញពីផ្ទះរបស់ឪពុកខ្ញុំ និងពីស្រុករបស់ញាតិសន្ដានខ្ញុំ+ លោកបានស្បថនឹងខ្ញុំដោយមានប្រសាសន៍ថា៖+ ‹ខ្ញុំនឹងប្រគល់ស្រុកនេះ+ឲ្យដល់កូនចៅ*របស់អ្នក›។+ ព្រះនឹងចាត់ទេវតារបស់លោកឲ្យទៅមុនអ្នក+ ហើយអ្នកប្រាកដជានាំនារីម្នាក់ពីស្រុកនោះមកឲ្យធ្វើជាប្រពន្ធរបស់កូនខ្ញុំបានជាមិនខាន។+ ៨ ប៉ុន្តែ បើនារីនោះមិនព្រមមកជាមួយនឹងអ្នកទេ អ្នកនឹងរួចពីសម្បថនេះហើយ។ ទោះជាដូច្នោះក៏ដោយ អ្នកមិនត្រូវនាំកូនខ្ញុំទៅទីនោះឡើយ»។ ៩ ឮដូច្នេះ អ្នកបម្រើនោះបានដាក់ដៃនៅក្រោមភ្លៅអាប្រាហាំជាម្ចាស់របស់គាត់ ហើយស្បថនឹងអាប្រាហាំអំពីរឿងនេះ។+
១០ ដូច្នេះ អ្នកបម្រើនោះបានយកសត្វអូដ្ឋ១០ក្បាលរបស់ម្ចាស់គាត់ ព្រមទាំងរបស់របរមានតម្លៃគ្រប់យ៉ាង ហើយចេញដំណើរទៅតំបន់មេសូប៉ូតាមា ឆ្ពោះទៅក្រុងណេឃ័រ។ ១១ ពេលទៅដល់ខាងក្រៅក្រុង គាត់បានឲ្យអូដ្ឋលុតជង្គង់ចុះក្បែរអណ្ដូងទឹកមួយ។ ពេលនោះជាពេលល្ងាចហើយ ជាពេលដែលពួកស្រីៗចេញមកដងទឹក។ ១២ បន្ទាប់មក គាត់បានអធិដ្ឋានថា៖ «ឱព្រះយេហូវ៉ាជាព្រះនៃអាប្រាហាំម្ចាស់របស់ខ្ញុំអើយ! ថ្ងៃនេះសូមលោកជួយខ្ញុំឲ្យសម្រេចកិច្ចការខ្ញុំផង។ សូមលោកបង្ហាញសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ចំពោះអាប្រាហាំម្ចាស់ខ្ញុំផង។ ១៣ ឥឡូវខ្ញុំកំពុងនៅជិតអណ្ដូងទឹកមួយ ហើយកូនស្រីៗរបស់អ្នកក្រុងនេះកំពុងចេញមកដងទឹក។ ១៤ បើខ្ញុំនិយាយទៅកាន់នារីណាម្នាក់ថា៖ ‹សូមផ្អៀងក្អម ចាក់ទឹកឲ្យខ្ញុំផឹកផង› ហើយបើនាងនិយាយថា៖ ‹សូមអញ្ជើញពិសាចុះ! ខ្ញុំនឹងដងទឹកឲ្យអូដ្ឋលោកផឹកដែរ› សូមឲ្យនាងនោះជានារីដែលលោកជ្រើសរើសឲ្យអ៊ីសាកជាអ្នកបម្រើលោក។ យ៉ាងនេះ ខ្ញុំនឹងដឹងថាលោកបង្ហាញសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ចំពោះម្ចាស់ខ្ញុំពិតប្រាកដមែន»។
១៥ កាលគាត់អធិដ្ឋានមិនទាន់រួចពីមាត់ផង ស្រាប់តែរេបិកាបានមកដល់ទាំងលីក្អមទឹកមកជាមួយ។ នាងជាកូនបេធូអែល+ ត្រូវជាចៅរបស់មីលកា+ដែលជាប្រពន្ធរបស់ណេឃ័រ+ ណេឃ័រជាបងប្រុសអាប្រាហាំ។ ១៦ នាងក្រមុំនោះមានរូបឆោមស្រស់ស្អាតណាស់ ហើយមិនដែលរួមដំណេកជាមួយនឹងបុរសណាឡើយ។ នាងបានចុះទៅឯប្រភពទឹក ហើយដងទឹកពេញក្អម រួចឡើងមកវិញ។ ១៧ ភ្លាមនោះ អ្នកបម្រើនោះបានរត់ទៅជួបនាង ហើយនិយាយថា៖ «សូមឲ្យទឹកខ្ញុំផឹកបន្តិចផង»។ ១៨ នាងឆ្លើយតបថា៖ «សូមអញ្ជើញពិសាលោកម្ចាស់»។ នាងក៏ប្រញាប់ផ្អៀងក្អមចាក់ទឹកឲ្យគាត់ពិសា។ ១៩ ពេលឲ្យទឹកគាត់ពិសាហើយ នាងបាននិយាយថា៖ «ខ្ញុំនឹងដងទឹកឲ្យសត្វអូដ្ឋលោក ផឹកទាល់តែឆ្អែតដែរ»។ ២០ ដូច្នេះ នាងបានចាក់ទឹកទៅក្នុងស្នូក រួចរត់ទៅដងទឹកពីអណ្ដូងម្ដងហើយម្ដងទៀត រហូតដល់អូដ្ឋទាំងអស់បានផឹកឆ្អែត។ ២១ អំឡុងពេលនោះ អ្នកបម្រើនោះសម្លឹងមើលនាងទាំងនឹកស្ងើចក្នុងចិត្ត ហើយឆ្ងល់ថាព្រះយេហូវ៉ាធ្វើឲ្យកិច្ចការរបស់ខ្លួនសម្រេចឬយ៉ាងណា។
២២ ពេលអូដ្ឋផឹកឆ្អែតហើយ អ្នកបម្រើនោះបានឲ្យក្រវិលមាស*ដល់នាង ទម្ងន់កន្លះហ្សេគិល* ព្រមទាំងកងដៃមាសពីរ ទម្ងន់១០ហ្សេគិល។ ២៣ គាត់បានសួរនាងថា៖ «សូមប្រាប់ខ្ញុំ តើនាងជាកូនចៅអ្នកណា? ហើយតើផ្ទះឪពុកនាងមានកន្លែងសម្រាប់ឲ្យពួកខ្ញុំស្នាក់នៅយប់នេះបានទេ?»។ ២៤ ពេលនោះនាងឆ្លើយទៅគាត់ថា៖ «ខ្ញុំជាកូនស្រីរបស់បេធូអែល+ ត្រូវជាចៅរបស់ណេឃ័រនិងមីលកា»។+ ២៥ រួចនាងបានបន្ថែមទៀតថា៖ «នៅផ្ទះខ្ញុំមានស្មៅក្រៀមនិងចំបើងគ្រប់គ្រាន់សម្រាប់សត្វអូដ្ឋ ព្រមទាំងកន្លែងស្នាក់នៅផងដែរ»។ ២៦ ពេលឮដូច្នេះ អ្នកបម្រើនោះបានក្រាបក្បាលដល់ដីនៅចំពោះព្រះយេហូវ៉ា ២៧ ហើយបាននិយាយថា៖ «សូមឲ្យព្រះយេហូវ៉ាជាព្រះនៃអាប្រាហាំម្ចាស់របស់ខ្ញុំ ទទួលការសរសើរតម្កើង ព្រោះលោកតែងតែបង្ហាញសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ចំពោះម្ចាស់របស់ខ្ញុំ។ ព្រះយេហូវ៉ាបាននាំផ្លូវខ្ញុំឲ្យមកដល់ផ្ទះរបស់បងប្អូនម្ចាស់ខ្ញុំ»។
២៨ ឯរេបិកា នាងបានរត់ទៅប្រាប់ម្ដាយនិងក្រុមគ្រួសារនាងអំពីរឿងនេះ។ ២៩ នាងមានបងប្រុសម្នាក់ឈ្មោះឡាបាន់។+ ភ្លាមនោះ ឡាបាន់បានរត់ទៅឯអណ្ដូងទឹកនៅខាងក្រៅក្រុង ដើម្បីជួបនឹងអ្នកបម្រើនោះ ៣០ ព្រោះឡាបាន់បានឮរេបិការៀបរាប់អំពីអ្វីដែលអ្នកបម្រើនោះប្រាប់ ថែមទាំងបានឃើញប្អូនស្រីពាក់ក្រវិលនៅច្រមុះ និងពាក់កងដៃនៅដៃរបស់នាង។ ពេលនោះ អ្នកបម្រើនោះកំពុងឈរនៅជិតសត្វអូដ្ឋក្បែរអណ្ដូងទឹកនៅឡើយ។ ៣១ ភ្លាមនោះ ឡាបាន់បាននិយាយថា៖ «ឱអ្នកដែលព្រះយេហូវ៉ាឲ្យពរអើយ! សូមអញ្ជើញមក! ម្ដេចក៏អ្នកនៅឈរនៅទីនេះដូច្នេះ? ខ្ញុំបានរៀបចំកន្លែងឲ្យអ្នកស្នាក់នៅ និងកន្លែងសម្រាប់សត្វអូដ្ឋហើយ»។ ៣២ អ្នកបម្រើនោះក៏ធ្វើដំណើរទៅផ្ទះជាមួយនឹងគាត់ ហើយគាត់*បានដោះអីវ៉ាន់ចេញពីខ្នងអូដ្ឋ។ រួចមក គាត់បានឲ្យស្មៅក្រៀមនិងចំបើងដល់សត្វអូដ្ឋ ព្រមទាំងយកទឹកមកលាងជើងឲ្យអ្នកបម្រើនោះ និងពួកបុរសដែលមកជាមួយដែរ។ ៣៣ ប៉ុន្តែ ពេលដែលគេលើកអាហារមកជូនអ្នកបម្រើនោះ គាត់បាននិយាយថា៖ «ខ្ញុំមិនទាន់ពិសាទេ ទាល់តែខ្ញុំប្រាប់រឿងខ្ញុំជាមុនសិន»។ ដូច្នេះ ឡាបាន់បាននិយាយថា៖ «សូមប្រាប់មកចុះ!»។
៣៤ បន្ទាប់មក អ្នកបម្រើនោះនិយាយថា៖ «ខ្ញុំជាអ្នកបម្រើរបស់អាប្រាហាំ។+ ៣៥ ព្រះយេហូវ៉ាបានឲ្យពរដល់ម្ចាស់របស់ខ្ញុំយ៉ាងច្រើនក្រៃលែង លោកបានធ្វើឲ្យគាត់ក្លាយទៅជាអ្នកមានស្តុកស្តម្ភ មានមាសប្រាក់ អ្នកបម្រើប្រុសស្រី និងហ្វូងចៀម ហ្វូងគោ សត្វអូដ្ឋ និងលាជាច្រើន។+ ៣៦ បន្ថែមទៀត សារ៉ាប្រពន្ធចៅហ្វាយខ្ញុំ គាត់បានបង្កើតកូនប្រុសមួយឲ្យចៅហ្វាយខ្ញុំ ក្នុងកាលដែលគាត់មានវ័យចាស់ណាស់ហើយ។+ ឯចៅហ្វាយខ្ញុំ គាត់នឹងប្រគល់អ្វីៗគ្រប់យ៉ាងដែលគាត់មានឲ្យដល់កូននោះ។+ ៣៧ ដូច្នេះ ចៅហ្វាយខ្ញុំបានឲ្យខ្ញុំស្បថនឹងគាត់ថា៖ ‹អ្នកនឹងមិនត្រូវឲ្យកូនប្រុសខ្ញុំរៀបការជាមួយនឹងកូនស្រីជនជាតិកាណាន ដែលកំពុងរស់នៅជុំវិញខ្ញុំឡើយ។+ ៣៨ ប៉ុន្តែ អ្នកត្រូវធ្វើដំណើរទៅផ្ទះឪពុកខ្ញុំនិងញាតិសន្ដានខ្ញុំ+ ហើយនាំយកនារីម្នាក់មកឲ្យកូនខ្ញុំ ធ្វើជាប្រពន្ធ›។+ ៣៩ ប៉ុន្តែ ខ្ញុំបានសួរចៅហ្វាយខ្ញុំថា៖ ‹ចុះបើនារីនោះមិនព្រមមកជាមួយនឹងខ្ញុំ?›។+ ៤០ គាត់បាននិយាយថា៖ ‹ព្រះយេហូវ៉ាជាព្រះដែលខ្ញុំបានដើរជាមួយ+ លោកនឹងចាត់ទេវតា+របស់លោកឲ្យទៅមុនអ្នក ហើយអ្នកប្រាកដជានាំនារីម្នាក់ពីញាតិសន្ដានខ្ញុំនិងពីផ្ទះឪពុកខ្ញុំ ឲ្យមកធ្វើជាប្រពន្ធរបស់កូនខ្ញុំបានជាមិនខាន។+ ៤១ ប៉ុន្តែ បើញាតិសន្ដានខ្ញុំមិនព្រមឲ្យនាងមកជាមួយនឹងអ្នកទេ អ្នកនឹងរួចពីសម្បថដែលអ្នកបានស្បថនឹងខ្ញុំហើយ›។+
៤២ «ថ្ងៃនេះ ពេលខ្ញុំមកដល់អណ្ដូង ខ្ញុំបានអធិដ្ឋានថា៖ ‹ឱព្រះយេហូវ៉ាជាព្រះនៃអាប្រាហាំម្ចាស់របស់ខ្ញុំអើយ! សូមលោកជួយខ្ញុំឲ្យសម្រេចកិច្ចការរបស់ខ្ញុំផង។ ៤៣ ឥឡូវខ្ញុំកំពុងនៅជិតអណ្ដូងទឹកមួយ។ សូមឲ្យកើតឡើងដូច្នេះ បើមាននារីណាម្នាក់+ចេញមកដងទឹក ហើយខ្ញុំនឹងនិយាយថា៖ «សូមឲ្យទឹកខ្ញុំផឹកបន្តិចផង» ៤៤ នោះនាងនឹងនិយាយមកកាន់ខ្ញុំថា៖ «សូមអញ្ជើញពិសាចុះ! ខ្ញុំនឹងដងទឹកឲ្យសត្វអូដ្ឋលោកផឹកដែរ»។ សូមឲ្យនាងនោះជានារីដែលព្រះយេហូវ៉ាបានជ្រើសរើសឲ្យកូនប្រុសរបស់ចៅហ្វាយខ្ញុំ›។+
៤៥ «ពេលខ្ញុំកំពុងអធិដ្ឋានក្នុងចិត្ត ស្រាប់តែរេបិកាបានមកដល់ទាំងលីក្អមទឹកមកជាមួយ។ នាងដើរមកឯអណ្ដូងទឹក ហើយចុះទៅដងទឹក។ រួចខ្ញុំនិយាយទៅកាន់នាងថា៖ ‹សូមឲ្យទឹកខ្ញុំផឹកបន្តិចផង›។+ ៤៦ ដូច្នេះ នាងប្រញាប់ផ្អៀងក្អមពីស្មា ហើយនិយាយថា៖ ‹សូមអញ្ជើញពិសា+ ខ្ញុំនឹងដងទឹកឲ្យសត្វអូដ្ឋលោកផឹកដែរ›។ រួចមក ខ្ញុំបានពិសាទឹក ហើយនាងក៏ដងទឹកឲ្យអូដ្ឋផឹកដែរ។ ៤៧ ក្រោយនោះ ខ្ញុំបានសួរនាងថា៖ ‹តើនាងជាកូនចៅអ្នកណា?›។ នាងបានឆ្លើយថា៖ ‹ខ្ញុំជាកូនស្រីរបស់បេធូអែល ត្រូវជាចៅរបស់ណេឃ័រនិងមីលកា›។ ដូច្នេះ ខ្ញុំបានបំពាក់ក្រវិលនៅច្រមុះនាង និងកងដៃនៅដៃនាងទាំងសងខាង។+ ៤៨ ខ្ញុំបានក្រាបក្បាលដល់ដីនៅចំពោះព្រះយេហូវ៉ា ហើយសរសើរតម្កើងព្រះយេហូវ៉ាជាព្រះនៃអាប្រាហាំចៅហ្វាយខ្ញុំ។+ លោកបាននាំខ្ញុំឲ្យមកជួបកូនស្រីរបស់បងប្អូនចៅហ្វាយខ្ញុំ ដើម្បីខ្ញុំអាចនាំនាងទៅធ្វើជាប្រពន្ធរបស់កូនគាត់។ ៤៩ ឥឡូវសូមប្រាប់ខ្ញុំផង ថាអ្នកចង់បង្ហាញសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ និងប្រព្រឹត្តដោយទៀងត្រង់ចំពោះចៅហ្វាយខ្ញុំឬយ៉ាងណា ដើម្បីឲ្យខ្ញុំដឹងថាគួរធ្វើអ្វីទៀត»។+
៥០ បន្ទាប់មក ឡាបាន់និងបេធូអែលបានឆ្លើយថា៖ «យើងមិនអាចនិយាយថាបានឬមិនបាននោះទេ ព្រោះរឿងនេះមកពីព្រះយេហូវ៉ា។ ៥១ មើល! រេបិកានៅចំពោះមុខអ្នកស្រាប់ហើយ ចូរនាំនាងទៅចុះ ហើយចូរឲ្យនាងធ្វើជាប្រពន្ធរបស់កូនប្រុសចៅហ្វាយអ្នក ដូចដែលព្រះយេហូវ៉ាបានមានប្រសាសន៍ចុះ»។ ៥២ ពេលអ្នកបម្រើអាប្រាហាំឮពាក្យទាំងនេះ គាត់ក៏ក្រាបក្បាលដល់ដីនៅចំពោះព្រះយេហូវ៉ា។ ៥៣ រួចមក អ្នកបម្រើនោះបានយកគ្រឿងមាសគ្រឿងប្រាក់ និងសម្លៀកបំពាក់ប្រគល់ឲ្យរេបិកា។ អ្នកបម្រើនោះក៏ប្រគល់របស់របរមានតម្លៃឲ្យដល់បងប្រុសនិងម្ដាយនាងផងដែរ។ ៥៤ ក្រោយពីនោះ អ្នកបម្រើអាប្រាហាំនិងពួកប្រុសៗដែលមកជាមួយគាត់ បានបរិភោគអាហារ ហើយនៅពេលយប់ពួកគេបានសម្រាកនៅទីនោះ។
លុះព្រឹកឡើង អ្នកបម្រើនោះនិយាយថា៖ «ខ្ញុំសូមត្រឡប់ទៅឯចៅហ្វាយរបស់ខ្ញុំវិញហើយ»។ ៥៥ ម្ដាយនិងបងប្រុសរបស់រេបិកាបាននិយាយថា៖ «សូមឲ្យនាងនៅជាមួយនឹងយើងបន្តិចសិន ចាំ១០ថ្ងៃទៀតសឹមនាំនាងយកទៅចុះ»។ ៥៦ ប៉ុន្តែ អ្នកបម្រើនោះបានឆ្លើយទៅពួកគេថា៖ «ព្រះយេហូវ៉ាបានធ្វើឲ្យកិច្ចការរបស់ខ្ញុំបានសម្រេចហើយ ដូច្នេះសូមកុំឃាត់ខ្ញុំអី ឲ្យខ្ញុំត្រឡប់ទៅឯចៅហ្វាយខ្ញុំវិញទៅ»។ ៥៧ ដូច្នេះ ពួកគេបាននិយាយថា៖ «ចាំពួកខ្ញុំហៅនាងមកសួរសិន»។ ៥៨ ពួកគេបានហៅរេបិកាមក ហើយសួរនាងថា៖ «តើនាងព្រមទៅជាមួយនឹងបុរសនេះឬទេ?»។ នាងឆ្លើយថា៖ «ខ្ញុំព្រមទៅ»។
៥៩ ដូច្នេះ ពួកគេបានឲ្យរេបិកា+និងមេដោះនាង+ ចាកចេញទៅជាមួយនឹងអ្នកបម្រើរបស់អាប្រាហាំ និងពួកប្រុសៗដែលមកជាមួយគាត់។ ៦០ ពួកគេបានជូនពរដល់រេបិកា ដោយនិយាយថា៖ «ឱរេបិកាអើយ! សូមឲ្យនាងមានកូនចៅរាប់សែនរាប់លាន ហើយសូមឲ្យកូនចៅនាងចាប់យកបណ្ដាក្រុងរបស់ពួកអ្នកដែលស្អប់ពួកគេ»។+ ៦១ បន្ទាប់មក រេបិកានិងពួកស្រីបម្រើរបស់នាងបានឡើងជិះលើខ្នងអូដ្ឋ ហើយធ្វើដំណើរតាមក្រោយអ្នកបម្រើរបស់អាប្រាហាំ។ ដូច្នេះ អ្នកបម្រើនោះបាននាំរេបិកាធ្វើដំណើរចេញទៅ។
៦២ ចំណែកអ៊ីសាក គាត់បានដើរមកតាមផ្លូវពីបៀរឡាហាយរយ+ ព្រោះគាត់ស្នាក់នៅស្រុកណេកេប។+ ៦៣ លុះពេលល្ងាច អ៊ីសាកបានដើរនៅឯវាលដើម្បីរំពឹងគិត។+ ពេលនោះ គាត់ក្រឡេកទៅឃើញ ក្បួនអូដ្ឋកំពុងធ្វើដំណើរមក។ ៦៤ ឯរេបិកា នាងក៏ឃើញអ៊ីសាកដែរ។ ពេលនោះ នាងក៏ប្រញាប់ចុះពីលើខ្នងអូដ្ឋ។ ៦៥ រួចនាងសួរអ្នកបម្រើនោះថា៖ «តើបុរសដែលកំពុងដើរតម្រង់មករកយើងនោះជាអ្នកណា?»។ អ្នកបម្រើបានឆ្លើយថា៖ «គាត់គឺជាម្ចាស់របស់ខ្ញុំ»។ ដូច្នេះ នាងក៏យកស្បៃមកបាំងមុខ។ ៦៦ អ្នកបម្រើនោះបានប្រាប់អ៊ីសាកអំពីអ្វីទាំងអស់ដែលគាត់បានធ្វើ។ ៦៧ បន្ទាប់មក អ៊ីសាកបាននាំរេបិកាចូលក្នុងត្រសាលរបស់សារ៉ាជាម្ដាយ។+ យ៉ាងនេះ គាត់បានយករេបិកាធ្វើជាប្រពន្ធ ហើយគាត់ចាប់ចិត្តស្រឡាញ់នាង។+ ដូច្នេះ អ៊ីសាកបានស្រាកស្រាន្តពីការនឹកស្រណោះដល់ម្ដាយគាត់ដែលបានស្លាប់ទៅ។+