អេម៉ុស
៧ នេះជាអ្វីដែលព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតបើកបង្ហាញឲ្យខ្ញុំឃើញ។ មើល! នៅវេលាដែលផលចុងរដូវបានលាស់ឡើង គឺក្រោយពេលកាត់វាលស្មៅឲ្យស្ដេច ព្រះបានបណ្ដាលឲ្យមានកណ្ដូបមួយហ្វូងមកស៊ីបំផ្លាញភោគផលទាំងនោះ។ ២ ពេលកណ្ដូបស៊ីបំផ្លាញដំណាំអស់ពីក្នុងស្រុក ខ្ញុំបាននិយាយថា៖ «ឱព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតអើយ! សូមលោកមេត្តាអភ័យទោសឲ្យរាស្ត្រលោកផង!+ តើយ៉ាកុបអាចរួចជីវិតម្ដេចនឹងបានទៅ? ព្រោះគាត់ខ្សោយណាស់!»។+
៣ ដូច្នេះ ព្រះយេហូវ៉ាក៏គិតឡើងវិញអំពីរឿងនេះ+ ហើយព្រះយេហូវ៉ាមានប្រសាសន៍ថា៖ «រឿងនេះនឹងមិនកើតឡើងទេ»។
៤ នេះជាអ្វីដែលព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតបើកបង្ហាញឲ្យខ្ញុំឃើញ។ មើល! ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតបានកាត់ទោសពួកគេដោយធ្វើឲ្យមានភ្លើងឆេះ។ ភ្លើងនោះធ្វើឲ្យទឹកសមុទ្ររីងស្ងួត ថែមទាំងឆាបឆេះផ្ទៃដីមួយផ្នែកទៀតផង។ ៥ បន្ទាប់មក ខ្ញុំបាននិយាយថា៖ «ឱព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតអើយ! សូមលោកកុំឲ្យរឿងនេះកើតឡើងអី។+ តើយ៉ាកុបអាចរួចជីវិតម្ដេចនឹងបានទៅ? ព្រោះគាត់ខ្សោយណាស់!»។+
៦ ដូច្នេះ ព្រះយេហូវ៉ាក៏គិតឡើងវិញអំពីរឿងនេះ+ ហើយលោកមានប្រសាសន៍ថា៖ «រឿងនេះនឹងមិនកើតឡើងទេ»។ នេះជាប្រសាសន៍របស់ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុត។
៧ នេះជាអ្វីដែលព្រះយេហូវ៉ាបើកបង្ហាញឲ្យខ្ញុំឃើញ។ មើល! លោកកំពុងឈរនៅលើកំពែងដែលបានត្រូវវាស់ដោយខ្សែប្រយោល ហើយលោកកាន់ខ្សែប្រយោលក្នុងដៃ។ ៨ បន្ទាប់មក ព្រះយេហូវ៉ាមានប្រសាសន៍មកខ្ញុំថា៖ «អេម៉ុសអើយ! តើអ្នកឃើញអ្វី?»។ ខ្ញុំក៏ឆ្លើយថា៖ «ខ្ញុំឃើញខ្សែប្រយោល»។ រួចព្រះយេហូវ៉ាមានប្រសាសន៍ថា៖ «មើល! ខ្ញុំកំពុងដាក់ខ្សែប្រយោលនៅក្នុងចំណោមប្រជាជាតិអ៊ីស្រាអែល។ ខ្ញុំលែងអភ័យទោសឲ្យពួកគេទៀតហើយ។+ ៩ ទីខ្ពស់ៗរបស់អ៊ីសាក+ នឹងត្រូវកម្ទេចចោល។ ឯទីបរិសុទ្ធទាំងប៉ុន្មានរបស់អ៊ីស្រាអែល ក៏នឹងត្រូវបំផ្លាញចោលដែរ។+ ខ្ញុំនឹងមកទាស់នឹងពូជពង្សយេរ៉ូបោមដោយដាវ»។+
១០ ចំណែកអាម៉ាស៊ាជាសង្ឃនៅក្រុងបេតអែល+ គាត់បានផ្ញើសារទៅយេរ៉ូបោម+ស្ដេចស្រុកអ៊ីស្រាអែលថា៖ «អេម៉ុសកំពុងរៀបគម្រោងប្រឆាំងនឹងលោកនៅក្នុងចំណោមពូជពង្សអ៊ីស្រាអែលតែម្ដង។+ បណ្ដាជនក្នុងស្រុកធុញទ្រាន់នឹងស្ដាប់ពាក្យរបស់គាត់ណាស់។+ ១១ ព្រោះអេម៉ុសនិយាយដូច្នេះថា៖ ‹យេរ៉ូបោមនឹងស្លាប់ដោយដាវ ហើយបណ្ដាជនអ៊ីស្រាអែលនឹងត្រូវនិរទេសចេញពីស្រុករបស់ខ្លួនជាមិនខាន›»។+
១២ បន្ទាប់មក អាម៉ាស៊ានិយាយទៅអេម៉ុសថា៖ «ឱអ្នកដែលទទួលការបើកបង្ហាញពីព្រះអើយ! ចូររត់ទៅស្រុកយូដាទៅ ហើយប្រកបមុខរបរនៅទីនោះចុះ។ នៅទីនោះ អ្នកអាចប្រកាសទំនាយបាន។+ ១៣ ប៉ុន្តែ អ្នកមិនត្រូវប្រកាសទំនាយនៅក្រុងបេតអែលទៀតទេ+ ព្រោះនេះជាកន្លែងបរិសុទ្ធរបស់ស្ដេច+ ហើយជាវិហារនៃរាជាណាចក្រនេះ»។
១៤ រួចមក អេម៉ុសបានឆ្លើយទៅអាម៉ាស៊ាថា៖ «ពីមុនខ្ញុំមិនមែនជាអ្នកប្រកាសទំនាយទេ ហើយខ្ញុំក៏មិនមែនជាកូនរបស់អ្នកប្រកាសទំនាយដែរ តែខ្ញុំជាគង្វាល+ ហើយជាអ្នកមើលថែទាំដើមល្វាតូច។ ១៥ ប៉ុន្តែ ព្រះយេហូវ៉ាបានយកខ្ញុំចេញពីការធ្វើជាគង្វាល រួចព្រះយេហូវ៉ាមានប្រសាសន៍មកខ្ញុំថា៖ ‹ចូរទៅប្រកាសទំនាយដល់អ៊ីស្រាអែលជារាស្ត្ររបស់ខ្ញុំ›។+ ១៦ ដូច្នេះ ចូរស្ដាប់ប្រសាសន៍របស់ព្រះយេហូវ៉ាដូចតទៅ៖ ‹អ្នកកំពុងនិយាយថា៖ «កុំប្រកាសទំនាយទាស់នឹងអ៊ីស្រាអែល+ ហើយកុំផ្សព្វផ្សាយ+ប្រឆាំងនឹងពូជពង្សអ៊ីសាកឲ្យសោះ»។ ១៧ ហេតុនេះ ព្រះយេហូវ៉ាមានប្រសាសន៍ដូច្នេះថា៖ «ប្រពន្ធរបស់អ្នកនឹងក្លាយទៅជាស្ត្រីពេស្យានៅក្នុងក្រុងនេះ ហើយកូនប្រុសកូនស្រីរបស់អ្នករាល់គ្នានឹងត្រូវគេសម្លាប់ដោយដាវ។ ទឹកដីរបស់អ្នកនឹងត្រូវគេវាស់ចែកគ្នា ហើយអ្នកនឹងស្លាប់នៅក្នុងទឹកដីដែលមិនស្អាតបរិសុទ្ធ។ បណ្ដាជនអ៊ីស្រាអែលនឹងត្រូវនិរទេសចេញពីស្រុកខ្លួនជាក់ជាមិនខាន»›»។+