យេរេមា
១៨ ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅកាន់យេរេមាថា៖ ២ «ចូរក្រោកឡើង ហើយធ្វើដំណើរទៅផ្ទះរបស់ជាងស្មូន+ នៅទីនោះខ្ញុំនឹងនិយាយជាមួយអ្នក»។
៣ ដូច្នេះ ខ្ញុំក៏ធ្វើដំណើរទៅផ្ទះជាងស្មូន ហើយឃើញជាងស្មូនកំពុងសូនភាជនៈមួយនៅតុវិលរបស់គាត់។ ៤ ប៉ុន្តែ កាលគាត់កំពុងសូន ភាជនៈដែលនៅក្នុងដៃក៏ខូចទៅ។ ម្ល៉ោះហើយ ជាងស្មូនបានសូនភាជនៈនោះទៅជាភាជនៈមួយផ្សេងទៀតដែលគាត់យល់ថាស័ក្ដិសម។
៥ បន្ទាប់មក ព្រះយេហូវ៉ាមានប្រសាសន៍តាមរយៈខ្ញុំថា៖ ៦ «‹ឱពូជពង្សអ៊ីស្រាអែលអើយ! តើខ្ញុំមិនអាចធ្វើទៅលើអ្នកដូចជាជាងស្មូននេះទេឬ?›។ ព្រះយេហូវ៉ាប្រកាសទៀតថា៖ ‹ឱពូជពង្សអ៊ីស្រាអែលអើយ! ដូចដីឥដ្ឋនៅក្នុងដៃរបស់ជាងស្មូនយ៉ាងណា នោះអ្នករាល់គ្នាក៏នៅក្នុងដៃខ្ញុំយ៉ាងនោះដែរ។+ ៧ នៅវេលាណាដែលខ្ញុំនិយាយអំពីការដករំលើង ការរំលំ និងការបំផ្លាញប្រជាជាតិឬរាជាណាចក្រមួយ+ ៨ ហើយបើប្រជាជាតិនោះបោះបង់ចោលអំពើទុច្ចរិតដែលខ្ញុំផ្ដន្ទាទោស នោះខ្ញុំនឹងប្រែគំនិត មិនធ្វើឲ្យមានសេចក្ដីវេទនាធ្លាក់ទៅលើពួកគេ ដូចដែលខ្ញុំបានគ្រោងទុកទេ។+ ៩ ប៉ុន្តែ នៅវេលាណាដែលខ្ញុំនិយាយអំពីការស្ថាបនាប្រជាជាតិមួយ ឬការតាំងរាជាណាចក្រមួយ ១០ រួចប្រជាជាតិឬរាជាណាចក្រនោះ ប្រព្រឹត្តអ្វីដែលខ្ញុំមិនពេញចិត្ត ព្រមទាំងមិនស្ដាប់បង្គាប់ខ្ញុំ នោះខ្ញុំនឹងប្រែគំនិត លែងធ្វើល្អទៅលើពួកគេ ដូចដែលខ្ញុំបានគ្រោងទុកហើយ›។
១១ «ឥឡូវ សូមអ្នកនិយាយទៅកាន់ពួកយូដានិងអ្នកក្រុងយេរូសាឡិមថា៖ ‹ព្រះយេហូវ៉ាមានប្រសាសន៍ថា៖ «មើល! ខ្ញុំកំពុងរៀបគម្រោងធ្វើឲ្យមានសេចក្ដីវេទនាធ្លាក់មកលើអ្នករាល់គ្នាហើយ។ ដូច្នេះ សូមបែរចេញពីផ្លូវអាក្រក់ និងកែប្រែការប្រព្រឹត្តរបស់ខ្លួនទៅ»›»។+
១២ ប៉ុន្តែ ពួកគេនិយាយថា៖ «គ្មានផ្លូវទេ!+ យើងនឹងកាន់តាមគំនិតរបស់យើង ហើយធ្វើតាមចិត្តរឹងរូសនិងចិត្តអាក្រក់របស់ខ្លួនយើងវិញ»។+
១៣ ហេតុនេះ ព្រះយេហូវ៉ាមានប្រសាសន៍ថា៖
«សូមសួរគេក្នុងចំណោមប្រជាជាតិទាំងឡាយទៅ
តើមាននរណាធ្លាប់ឮរឿងដូចនេះទេ?
កូនក្រមុំបរិសុទ្ធនៃអ៊ីស្រាអែលបានធ្វើអំពើដ៏អាក្រក់ជួជាតិ។+
១៤ តើព្រិលលើផ្ទាំងថ្មនៅជម្រាលភ្នំលីបង់អាចរលាយបានទេ?
តើទឹកត្រជាក់ដែលហូរពីកន្លែងឆ្ងាយនឹងរីងស្ងួតឬ?
១៥ ប៉ុន្តែ រាស្ត្ររបស់ខ្ញុំបានបំភ្លេចខ្ញុំ។+
ព្រោះពួកគេជូនគ្រឿងបូជា*ដល់អ្វីដែលឥតប្រយោជន៍+
ពួកគេធ្វើឲ្យអ្នកឯទៀតជំពប់ដួលលើផ្លូវពីបុរាណដែលពួកគេធ្លាប់ដើរ+
ហើយបែរទៅតាមផ្លូវវាងដែលរដិបរដុបមិនរាបស្មើវិញ។
១៦ យ៉ាងនេះ ស្រុករបស់ពួកគេនឹងទៅជាកន្លែងដ៏គួរឲ្យរន្ធត់+
ហើយត្រូវគេពេបមាត់មើលងាយជានិច្ច។+
អស់អ្នកដែលដើរឆ្លងកាត់នឹងស្រឡាំងកាំង ហើយនឹកហួសចិត្តទាំងគ្រវីក្បាលផង។+
១៧ ដូចខ្យល់បក់ពីទិសខាងកើត ខ្ញុំនឹងធ្វើឲ្យពួកគេខ្ចាត់ខ្ចាយនៅមុខពួកសត្រូវ។
នៅគ្រាដែលពួកគេមានសេចក្ដីវេទនា ខ្ញុំនឹងបែរខ្នងដាក់ពួកគេហើយមិនឲ្យពួកគេឃើញមុខខ្ញុំឡើយ»។+
១៨ ពួកគេនិយាយថា៖ «ចូរយើងរៀបគម្រោងដើម្បីប្រឆាំងនឹងយេរេមាទៅ+ ព្រោះយើងមានពួកសង្ឃបង្រៀនច្បាប់ដល់យើង ហើយមានពួកអ្នកប្រាជ្ញឲ្យយោបល់ ព្រមទាំងមានពួកអ្នកប្រកាសទំនាយនាំដំណឹងពីព្រះហើយ។ ចូរយើងនាំគ្នាទៅនិយាយជំទាស់នឹងគាត់ចុះ ហើយមិនចាំបាច់ស្ដាប់គាត់ទេ»។
១៩ ឱព្រះយេហូវ៉ាអើយ! សូមលោកយកចិត្តទុកដាក់នឹងខ្ញុំផង
ហើយសូមស្ដាប់ពាក្យរបស់ពួកអ្នកប្រឆាំងដែលកំពុងនិយាយទាស់នឹងខ្ញុំ។
២០ តើគួរយកការអាក្រក់ស្នងនឹងការល្អឬ?
ព្រោះពួកគេបានជីករណ្ដៅចាំកប់ខ្ញុំហើយ។+
សូមលោកនឹកចាំពេលដែលខ្ញុំឈរនៅមុខលោក ហើយនិយាយល្អអំពីពួកគេ
ដើម្បីអង្វរលោកកុំឲ្យខឹងនឹងពួកគេទៀត។
២១ ដូច្នេះ សូមឲ្យកូនៗរបស់ពួកគេស្លាប់ដោយការអត់ឃ្លាន
ហើយឲ្យពួកអ្នកទាំងនោះវិនាសទៅដោយមុខដាវ+
ព្រមទាំងឲ្យប្រពន្ធពួកគេព្រាត់កូននិងព្រាត់ប្រាសប្ដី+
និងឲ្យពួកបុរសរបស់ពួកគេស្លាប់ដោយជំងឺដ៏សាហាវ
ថែមទាំងឲ្យពួកយុវជនស្លាប់ក្នុងសង្គ្រាម។+
២២ សូមលោកបណ្ដាលឲ្យក្រុមចោរ មកប្លន់ផ្ទះពួកគេភ្លាមមួយរំពេច
ដើម្បីឲ្យពួកគេស្រែកទួញយំ។
ព្រោះពួកគេបានជីករណ្ដៅដើម្បីចាប់ខ្ញុំ ហើយដាក់អន្ទាក់ចាំចាប់ខ្ញុំ។+
២៣ ឱព្រះយេហូវ៉ាអើយ! លោកជ្រាបហើយ
នូវគម្រោងទាំងអស់របស់ពួកអ្នកដែលចង់សម្លាប់ខ្ញុំ។+
សូមលោកកុំគ្របបាំងអំពើរំលងរបស់ពួកគេ
ហើយកុំលុបអំពើខុសឆ្គងរបស់ពួកគេចេញពីមុខលោកឡើយ។