សំបុត្រទី១ជូនចំពោះគ្រិស្តសាសនិកនៅក្រុងកូរិនថូស
៦ ក្នុងចំណោមអ្នករាល់គ្នា ពេលដែលអ្នកណាម្នាក់មានទំនាស់ជាមួយនឹងម្នាក់ទៀត+ ហេតុអ្វីអ្នករាល់គ្នាហ៊ានទៅតុលាការដើម្បីឈរនៅមុខមនុស្សមិនសុចរិត ជាជាងឈរនៅមុខពួកអ្នកបរិសុទ្ធ? ២ ឬតើអ្នករាល់គ្នាមិនដឹងទេឬថា ពួកអ្នកបរិសុទ្ធនឹងវិនិច្ឆ័យពិភពលោក?+ ហើយប្រសិនបើអ្នករាល់គ្នានឹងវិនិច្ឆ័យពិភពលោក តើអ្នករាល់គ្នាមិនអាចជំនុំជម្រះរឿងតូចតាចបានទេឬ? ៣ តើអ្នករាល់គ្នាមិនដឹងទេឬថា យើងនឹងវិនិច្ឆ័យពួកទេវតា?+ បើដូច្នេះ ហេតុអ្វីយើងមិនអាចវិនិច្ឆ័យរឿងរ៉ាវនៃជីវិតនេះបាន? ៤ ម្ល៉ោះហើយ ប្រសិនបើអ្នករាល់គ្នាមានរឿងរ៉ាវនៃជីវិតនេះដែលត្រូវជំនុំជម្រះ+ ហេតុអ្វីបានជាអ្នករាល់គ្នាជ្រើសរើសមនុស្សដែលមិនទទួលការគោរពពីក្រុមជំនុំឲ្យធ្វើជាអ្នកវិនិច្ឆ័យទៅវិញ? ៥ ខ្ញុំនិយាយដូច្នេះដើម្បីធ្វើឲ្យអ្នករាល់គ្នាអៀនខ្មាស។ ក្នុងចំណោមអ្នករាល់គ្នា តើគ្មានអ្នកណាម្នាក់ដែលមានប្រាជ្ញាដើម្បីវិនិច្ឆ័យរឿងរ៉ាវរវាងបងប្អូនខ្លួនទេឬ? ៦ ផ្ទុយទៅវិញ បងប្អូនបែរជាប្ដឹងបងប្អូនទៅតុលាការ ហើយឈរនៅមុខពួកអ្នកមិនជឿថែមទៀត!
៧ ដោយសារអ្នករាល់គ្នាប្ដឹងផ្ដល់គ្នាដូច្នេះ នេះមានន័យថាអ្នករាល់គ្នាបានបរាជ័យទាំងស្រុង។ ហេតុអ្វីអ្នករាល់គ្នាមិនសុខចិត្តទ្រាំអំពើអយុត្ដិធម៌?+ ហេតុអ្វីមិនសុខចិត្តទ្រាំពេលបងប្អូនបោកយកទ្រព្យ? ៨ ផ្ទុយទៅវិញ អ្នករាល់គ្នាប្រព្រឹត្តដោយអយុត្ដិធម៌ ហើយបោកយកទ្រព្យពីបងប្អូនរបស់ខ្លួនទៀត!
៩ ចុះតើអ្នករាល់គ្នាមិនដឹងទេឬថា មនុស្សមិនសុចរិតនឹងមិនទទួលរាជាណាចក្ររបស់ព្រះជាមត៌ក?+ កុំច្រឡំឲ្យសោះ!* អ្នកដែលប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ*+ អ្នកដែលគោរពបូជារូបព្រះ+ អ្នកផិតក្បត់+ បុរសដែលសុខចិត្តបម្រើបុរសឯទៀតខាងផ្លូវភេទ+ បុរសដែលរួមដំណេកជាមួយនឹងបុរសឯទៀត+ ១០ ពួកចោរ មនុស្សលោភលន់+ អ្នកប្រមឹកស្រា+ អ្នកជេរប្រមាថ និងអ្នកគំរាមយកទ្រព្យ នឹងមិនទទួលរាជាណាចក្ររបស់ព្រះជាមត៌កឡើយ។+ ១១ ក៏ប៉ុន្តែ អ្នករាល់គ្នាខ្លះធ្លាប់ជាមនុស្សបែបនោះ តែអ្នករាល់គ្នាបានត្រូវលាងសម្អាត+ ក៏បានត្រូវញែកជាបរិសុទ្ធ+ ហើយបានត្រូវប្រកាសថាជាមនុស្សសុចរិត+ ក្នុងនាមលោកម្ចាស់យេស៊ូគ្រិស្ត និងដោយឫទ្ធានុភាពនៃព្រះរបស់យើង។
១២ មានច្បាប់ឲ្យខ្ញុំធ្វើអ្វីៗទាំងអស់ ប៉ុន្តែអ្វីៗទាំងអស់មិនមែនសុទ្ធតែមានប្រយោជន៍ទេ។+ មានច្បាប់ឲ្យខ្ញុំធ្វើអ្វីៗទាំងអស់ ប៉ុន្តែខ្ញុំមិនព្រមបណ្ដោយឲ្យអ្វីសោះមានអំណាចលើខ្ញុំឡើយ។ ១៣ អាហារគឺសម្រាប់ក្រពះ ហើយក្រពះគឺសម្រាប់អាហារ ប៉ុន្តែព្រះនឹងធ្វើឲ្យទាំងក្រពះទាំងអាហារសាបសូន្យ។+ ឯរូបកាយមិនមែនសម្រាប់អំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ*ទេ តែរូបកាយគឺសម្រាប់លោកម្ចាស់វិញ+ ហើយលោកម្ចាស់គឺសម្រាប់រូបកាយ។ ១៤ ប៉ុន្តែ ព្រះបានប្រោសលោកម្ចាស់ឲ្យរស់ឡើងវិញ+ ក៏នឹងប្រោសយើងឲ្យរស់ពីស្លាប់ឡើងវិញដែរ+ ដោយឫទ្ធានុភាពរបស់លោក។+
១៥ តើអ្នករាល់គ្នាមិនដឹងទេឬថា រូបកាយរបស់អ្នករាល់គ្នាជាអវយវៈរបស់គ្រិស្ត?+ ដូច្នេះ តើខ្ញុំគួរយកអវយវៈរបស់គ្រិស្តចេញទៅធ្វើជាអវយវៈរបស់ស្រីពេស្យាឬ? មិនអាចទេ! ១៦ ចុះតើអ្នករាល់គ្នាមិនដឹងទេឬថា អ្នកណាដែលរួបរួមជាមួយនឹងស្រីពេស្យាគឺជារូបកាយតែមួយជាមួយនឹងស្រីនោះ? ព្រោះព្រះមានប្រសាសន៍ថា៖ «អ្នកទាំងពីរនឹងទៅជាសាច់ឈាមតែមួយ»។+ ១៧ ប៉ុន្តែ អ្នកណាដែលរួបរួមជាមួយនឹងលោកម្ចាស់ អ្នកនោះរួមចិត្តគំនិតតែមួយជាមួយនឹងលោក។+ ១៨ ចូររត់ចេញពីអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ!*+ អំពើខុសឆ្គងឯទៀតដែលមនុស្សប្រព្រឹត្តគឺនៅខាងក្រៅរូបកាយ តែអ្នកណាដែលប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ អ្នកនោះកំពុងធ្វើខុសចំពោះរូបកាយខ្លួន។+ ១៩ ចុះតើមិនដឹងទេឬថា រូបកាយរបស់អ្នករាល់គ្នាជាវិហារ+របស់ឫទ្ធានុភាពបរិសុទ្ធដែលស្ថិតនៅក្នុងអ្នករាល់គ្នា ជាអ្វីដែលអ្នករាល់គ្នាបានទទួលពីព្រះ?+ ម្យ៉ាងទៀត អ្នករាល់គ្នាមិនមែនជាម្ចាស់លើខ្លួនអ្នកទេ+ ២០ ព្រោះអ្នករាល់គ្នាបានត្រូវទិញក្នុងតម្លៃថ្លៃណាស់។+ ដូច្នេះ ចូរប្រើរូបកាយរបស់អ្នករាល់គ្នា+ដើម្បីសរសើរតម្កើងព្រះ។+