ជូនចំពោះគ្រិស្តសាសនិកជនជាតិហេប្រឺ
៧ ព្រោះម៉េលគីសេដិកដែលជាស្ដេចក្រុងសាឡិម និងជាសង្ឃរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត បានជួបអាប្រាហាំហើយឲ្យពរដល់គាត់ ក្រោយដែលអាប្រាហាំបានត្រឡប់មកពីវាយឈ្នះស្ដេចមួយចំនួន។+ ២ អាប្រាហាំបានឲ្យ១ភាគ១០នៃអ្វីៗទាំងអស់ដល់ម៉េលគីសេដិក ដែលឈ្មោះរបស់គាត់មានន័យថា«ស្ដេចនៃសេចក្ដីសុចរិត» ហើយគាត់ជាស្ដេចនៃក្រុងសាឡិម ឬ«ស្ដេចនៃសន្តិភាព»។ ៣ មិនមានកំណត់ត្រាអំពីឪពុក ម្ដាយ ពង្សាវតារ និងអំពីថ្ងៃកើតឬថ្ងៃស្លាប់របស់ស្ដេចនោះទេ តែស្ដេចនោះបានត្រូវធ្វើឲ្យដូចជាបុត្ររបស់ព្រះ។ ហេតុនេះ គាត់គឺជាសង្ឃជាដរាប។+
៤ ដូច្នេះ តើអ្នករាល់គ្នាឃើញឬទេ? បុរសនេះគឺឧត្ដុង្គឧត្ដមណាស់។ ហេតុនេះហើយបានជាអាប្រាហាំដែលជាមេគ្រួសារ បានឲ្យគាត់១ភាគ១០នៃរបស់ល្អបំផុតដែលរឹបអូសបាន។+ ៥ ពិតមែន អស់អ្នកពីចំណោមកូន*លេវី+ ដែលមានតំណែងជាសង្ឃ បានត្រូវបង្គាប់តាមច្បាប់*ឲ្យប្រមូល១ភាគ១០ពីបណ្ដាជន+ គឺពីបងប្អូនរបស់ពួកគេ ទោះជាបងប្អូនទាំងនោះជាកូនចៅរបស់អាប្រាហាំក៏ដោយ។ ៦ ប៉ុន្តែ បុរសនេះដែលមិនមែនមកពីវង្សត្រកូលលេវី បានយក១ភាគ១០ពីអាប្រាហាំ ហើយបានឲ្យពរដល់គាត់ដែលជាអ្នកទទួលសេចក្ដីសន្យា។+ ៧ មនុស្សទាំងអស់យល់ស្របថា អ្នកតូចជាងទទួលពរពីអ្នកដែលធំជាង។ ៨ លេវីបានទទួល១ភាគ១០ ហើយជាមនុស្សដែលអាចស្លាប់ តែបុរសម្នាក់ទៀតដែលបានទទួល១ភាគ១០ បទគម្ពីរបញ្ជាក់ថាគាត់បន្តមានជីវិតរស់នៅ។+ ៩ ដូច្នេះ អាចនិយាយបានថា សូម្បីតែលេវីដែលទទួល១ភាគ១០ ក៏បានឲ្យ១ភាគ១០ដែរ តាមរយៈអាប្រាហាំ ១០ ព្រោះលេវីមិនទាន់កើតមកពីពូជពង្សអាប្រាហាំនៅឡើយ ពេលដែលម៉េលគីសេដិកជួបអាប្រាហាំ។+
១១ ការរៀបចំឲ្យមានសង្ឃពីកុលសម្ព័ន្ធលេវី គឺជាផ្នែកមួយនៃច្បាប់ម៉ូសេដែលជនជាតិអ៊ីស្រាអែលបានទទួល។ បើសង្ឃពីកុលសម្ព័ន្ធលេវីអាចនាំឲ្យមានភាពល្អឥតខ្ចោះ+ តើយើងត្រូវការសង្ឃម្នាក់ទៀតតាមរបៀបដូចម៉េលគីសេដិកឬទេ?+ តើការមានសង្ឃតាមរបៀបដូចអេរ៉ុន មិនគ្រប់គ្រាន់ឬ? ១២ ដោយសាររបៀបរៀបចំជាសង្ឃបានត្រូវផ្លាស់ប្ដូរ នោះច្បាប់ក៏ចាំបាច់ត្រូវផ្លាស់ប្ដូរដែរ។+ ១៣ ព្រោះបុរសម្នាក់នោះដែលបានត្រូវពិពណ៌នាដូច្នេះ គាត់មកពីកុលសម្ព័ន្ធមួយផ្សេងទៀត ដែលមិនធ្លាប់មានអ្នកណាម្នាក់បំពេញកិច្ចបម្រើនៅទីបូជាទេ។+ ១៤ ព្រោះប្រាកដហើយថា លោកម្ចាស់របស់យើងបានកើតមកពីកុលសម្ព័ន្ធយូដា+ តែម៉ូសេមិនបានប្រាប់ថានឹងមានសង្ឃចេញមកពីកុលសម្ព័ន្ធនោះទេ។
១៥ យើងយល់អំពីការនោះកាន់តែច្បាស់ ពេលសង្ឃម្នាក់ទៀត+ដែលស្រដៀងនឹងម៉េលគីសេដិកលេចមក។+ ១៦ លោកបានក្លាយទៅជាសង្ឃ មិនមែនដោយសារលោកមានពង្សាវតារដែលច្បាប់កំណត់ឲ្យនោះទេ តែដោយសារឫទ្ធានុភាពដែលធ្វើឲ្យលោកមានជីវិតដែលមិនអាចត្រូវបំផ្លាញបានឡើយ+ ១៧ ព្រោះបទគម្ពីរបញ្ជាក់ថា៖ «អ្នកជាសង្ឃជារៀងរហូត តាមរបៀបដូចម៉េលគីសេដិក»។+
១៨ ដូច្នេះ បញ្ញត្ដិមុនបានត្រូវធ្វើឲ្យទៅជាមោឃ ដោយសារវាខ្សោយនិងគ្មានប្រសិទ្ធភាព។+ ១៩ ព្រោះច្បាប់មិនបានធ្វើឲ្យអ្វីក្លាយទៅជាល្អឥតខ្ចោះទេ+ តែសេចក្ដីសង្ឃឹមដែលប្រសើរជាងនោះដែលព្រះផ្ដល់ឲ្យ+ បានធ្វើឲ្យក្លាយទៅជាល្អឥតខ្ចោះ ហើយតាមរយៈសេចក្ដីសង្ឃឹមនោះ យើងកំពុងចូលទៅជិតព្រះ។+ ២០ ដោយសារព្រះបានធ្វើសម្បថ ពេលលោកតែងតាំងលោកយេស៊ូជាសង្ឃ ២១ (ពិតមែនតែមានបុរសខ្លះដែលបានក្លាយទៅជាសង្ឃដោយគ្មានសម្បថពីព្រះ ប៉ុន្តែមានម្នាក់ដែលបានក្លាយទៅជាសង្ឃដោយមានសម្បថពីព្រះ។ លោកមានប្រសាសន៍អំពីអ្នកនោះថា៖ «ព្រះយេហូវ៉ា*បានស្បថថា៖ ‹អ្នកជាសង្ឃជារៀងរហូត› ហើយលោកនឹងមិនផ្លាស់ប្ដូរគំនិត*ឡើយ»)។+ ២២ ហេតុនោះ លោកយេស៊ូបានក្លាយទៅជាអ្នកធានាកិច្ចព្រមព្រៀងដែលប្រសើរជាងនោះ។+ ២៣ ម្យ៉ាងទៀត មនុស្សជាច្រើនត្រូវធ្វើជាសង្ឃតៗគ្នា+ ព្រោះពួកគេរមែងស្លាប់ ហើយមិនអាចកាន់តំណែងជាដរាបបានទេ។ ២៤ ប៉ុន្តែ ដោយសារលោករស់ជារៀងរហូត+ នោះលោកកាន់តំណែងជាសង្ឃដោយមិនត្រូវការអ្នកណាបន្តតំណែងឡើយ។ ២៥ ដូច្នេះ លោកអាចសង្គ្រោះយ៉ាងពេញលេញនូវអស់អ្នកដែលចូលទៅជិតព្រះតាមរយៈលោក ពីព្រោះលោករស់ជារៀងរហូត ដើម្បីអង្វរជំនួសពួកគេ។+
២៦ ព្រោះសម្ដេចសង្ឃបែបនេះគឺសមនឹងយើង ពោលគឺសម្ដេចសង្ឃដែលមានភក្ដីភាព គ្មានកលល្បិច ឥតសៅហ្មង+ ខុសពីមនុស្សដែលប្រព្រឹត្តអំពើខុសឆ្គងហើយលោកបានទៅជាខ្ពង់ខ្ពស់ជាងមេឃ។+ ២៧ លោកមិនចាំបាច់ជូនគ្រឿងបូជារៀងរាល់ថ្ងៃ+ សម្រាប់ការខុសឆ្គងរបស់លោកនិងរបស់បណ្ដាជនដូចសម្ដេចសង្ឃឯទៀតនោះទេ+ ព្រោះលោកបានធ្វើដូច្នេះមួយដងជាការស្រេចដោយប្រគល់ខ្លួនជាគ្រឿងបូជា។+ ២៨ ពីព្រោះច្បាប់តែងតាំងបុរសដែលមានភាពទន់ខ្សោយឲ្យធ្វើជាសម្ដេចសង្ឃ+ តែសម្បថ+ដែលមកក្រោយច្បាប់តែងតាំងបុត្រមួយ ដែលបានត្រូវធ្វើឲ្យល្អឥតខ្ចោះ+ជារៀងរហូត។