ច្បាប់លេវី
១១ បន្ទាប់មក ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅកាន់ម៉ូសេនិងអេរ៉ុនថា៖ ២ «ចូរប្រាប់បណ្ដាជនអ៊ីស្រាអែលថា៖ ‹ក្នុងចំណោមសត្វដែលរស់នៅលើដីគោក សត្វដែលអ្នករាល់គ្នាអាចបរិភោគបានមានដូចតទៅ៖+ ៣ សត្វណាដែលមានក្រចកឆែក ហើយទំពាអៀង អ្នករាល់គ្នាអាចបរិភោគបាន។
៤ «‹ប៉ុន្តែ អ្នករាល់គ្នាមិនត្រូវបរិភោគសត្វណាដែលគ្រាន់តែមានក្រចកឆែក ឬគ្រាន់តែទំពាអៀងប៉ុណ្ណោះ។ សត្វទាំងនោះមានដូចតទៅ៖ សត្វអូដ្ឋ វាទំពាអៀង តែគ្មានក្រចកឆែកទេ។ ដូច្នេះ ត្រូវចាត់ទុកវាជាសត្វមិនស្អាតបរិសុទ្ធ។+ ៥ ទន្សាយថ្ម+ វាទំពាអៀង តែគ្មានក្រចកឆែកទេ។ ដូច្នេះ ត្រូវចាត់ទុកវាជាសត្វមិនស្អាតបរិសុទ្ធ។ ៦ ទន្សាយព្រៃ វាទំពាអៀង តែគ្មានក្រចកឆែកទេ។ ដូច្នេះ ត្រូវចាត់ទុកវាជាសត្វមិនស្អាតបរិសុទ្ធ។ ៧ សត្វជ្រូក+ វាមានក្រចកឆែក តែមិនទំពាអៀងទេ។ ដូច្នេះ ត្រូវចាត់ទុកវាជាសត្វមិនស្អាតបរិសុទ្ធ។ ៨ អ្នករាល់គ្នាមិនត្រូវបរិភោគសាច់សត្វទាំងនោះ ឬប៉ះសពពួកវាឡើយ ព្រោះពួកវាជាសត្វមិនស្អាតបរិសុទ្ធ។+
៩ «‹សត្វនៅក្នុងទឹកដែលអ្នករាល់គ្នាអាចបរិភោគបានមានដូចតទៅ៖ សត្វណាដែលមានព្រុយនិងស្រកា ទោះជារស់នៅក្នុងសមុទ្រឬទន្លេក្ដី អ្នករាល់គ្នាអាចបរិភោគបាន។+ ១០ ប៉ុន្តែ បើសត្វណាដែលគ្មានព្រុយនិងស្រកា ទោះជានៅក្នុងសមុទ្រឬទន្លេក្ដី រួមទាំងពពួកសត្វល្អិត* និងសត្វឯទៀតដែលរស់នៅក្នុងទឹក អ្នករាល់គ្នាត្រូវចាត់ទុកពួកវាជាសត្វដែលគួរឲ្យខ្ពើម។ ១១ ដោយហេតុនេះ អ្នករាល់គ្នាមិនត្រូវបរិភោគពួកវាឡើយ+ ហើយក៏ត្រូវខ្ពើមឆ្អើមសពរបស់ពួកវាដែរ។ ១២ សត្វនៅក្នុងទឹកដែលគ្មានព្រុយនិងស្រកា អ្នករាល់គ្នាត្រូវចាត់ទុកពួកវាជាសត្វគួរឲ្យខ្ពើម។
១៣ «‹សត្វស្លាបដែលអ្នករាល់គ្នាត្រូវខ្ពើមឆ្អើមនិងមិនត្រូវបរិភោគ មានដូចតទៅ៖ ឥន្ទ្រី+ ស្ទាំង ត្មាតខ្មៅ+ ១៤ ខ្លែងក្រហម និងខ្លែងខ្មៅគ្រប់ប្រភេទ ១៥ ក្អែកគ្រប់ប្រភេទ ១៦ អូទ្រីស ទីទុយ រំពេ និងអកគ្រប់ប្រភេទ ១៧ មៀម ក្អែកទឹក ទីទុយត្រចៀកវែង ១៨ ក្ងាន ទុង និងត្មាត ១៩ កុក ក្រសារគ្រប់ប្រភេទ សត្វស្លាបហ៊ូផូ* និងប្រចៀវ ២០ ពពួកសត្វល្អិត*ដែលមានស្លាប និងដើរដោយជើងបួន អ្នករាល់គ្នាត្រូវចាត់ទុកពួកវាជាសត្វគួរឲ្យខ្ពើម។
២១ «‹ឯពពួកសត្វល្អិត*ដែលមានស្លាប និងដើរដោយជើងបួន តែមានជើងវែងពីរសម្រាប់លោតលើដី អ្នករាល់គ្នាអាចបរិភោគបាន។ ២២ សត្វទាំងនោះមានដូចតទៅ៖ កណ្ដូបគ្រប់ប្រភេទ+ និងចង្រិត។ ២៣ ពពួកសត្វល្អិត*ឯទៀតដែលមានស្លាបនិងមានជើងបួន ជាសត្វដែលគួរឲ្យខ្ពើមរអើមដល់អ្នករាល់គ្នា។ ២៤ សត្វទាំងនេះនឹងធ្វើឲ្យអ្នករាល់គ្នាមិនស្អាតបរិសុទ្ធ។ អ្នកណាក៏ដោយដែលប៉ះសពសត្វទាំងនេះ នឹងទៅជាមិនស្អាតបរិសុទ្ធរហូតដល់ល្ងាច។+ ២៥ អ្នកណាដែលកាន់សពសត្វទាំងនោះ ត្រូវបោកសម្លៀកបំពាក់ខ្លួន+ ហើយគាត់នឹងទៅជាមិនស្អាតបរិសុទ្ធរហូតដល់ល្ងាច។
២៦ «‹សត្វណាដែលមានក្រចកឆែក តែមិនឆែកទាំងស្រុង និងមិនទំពាអៀង អ្នករាល់គ្នាត្រូវចាត់ទុកជាមិនស្អាតបរិសុទ្ធ។ អ្នកណាដែលប៉ះសត្វទាំងនោះនឹងទៅជាមិនស្អាតបរិសុទ្ធ។+ ២៧ ក្នុងចំណោមសត្វជើងបួន សត្វណាដែលមានបាតជើងទន់* នឹងត្រូវចាត់ទុកជាមិនស្អាតបរិសុទ្ធ។ អ្នកណាក៏ដោយដែលប៉ះសពសត្វទាំងនោះ នឹងទៅជាមិនស្អាតបរិសុទ្ធរហូតដល់ល្ងាច។ ២៨ អ្នកណាដែលកាន់សពសត្វទាំងនោះ ត្រូវបោកសម្លៀកបំពាក់ខ្លួនចេញ+ ហើយគាត់នឹងទៅជាមិនស្អាតបរិសុទ្ធរហូតដល់ល្ងាច។+ សត្វទាំងនោះជាសត្វមិនស្អាតបរិសុទ្ធដល់អ្នករាល់គ្នា។
២៩ «‹សត្វតូចៗដែលរស់នៅផ្ដុំគ្នាដែលមិនស្អាតបរិសុទ្ធ មានដូចតទៅ៖ កណ្ដុរប្រមេះ កណ្ដុរប្រែង+ និងថ្លែនគ្រប់ប្រភេទ ៣០ តុកកែ ទន្សង ជីងចក់ ជាស និងបង្កួយ ៣១ សត្វទាំងនេះត្រូវចាត់ទុកជាសត្វមិនស្អាតបរិសុទ្ធដល់អ្នករាល់គ្នា។+ អ្នកណាដែលប៉ះសពសត្វទាំងនោះ នឹងទៅជាមិនស្អាតបរិសុទ្ធរហូតដល់ល្ងាច។+
៣២ «‹បើសត្វទាំងនោះងាប់ ហើយធ្លាក់លើរបស់ណាមួយ របស់ទាំងនោះនឹងទៅជាមិនស្អាតបរិសុទ្ធ ទោះជាបាវ ស្បែក សម្លៀកបំពាក់ ឬប្រដាប់ប្រដាធ្វើពីឈើក្ដី។ របស់ទាំងនោះត្រូវសម្អាតក្នុងទឹក ហើយនៅជាមិនស្អាតបរិសុទ្ធរហូតដល់ល្ងាច។ ក្រោយនោះ នឹងបានស្អាតបរិសុទ្ធវិញ។ ៣៣ បើសត្វទាំងនោះធ្លាក់ទៅក្នុងភាជនៈធ្វើពីដី អ្នករាល់គ្នាត្រូវវាយបំបែកចោល ហើយអ្វីដែលនៅក្នុងនោះនឹងទៅជាមិនស្អាតបរិសុទ្ធ។+ ៣៤ អាហារណាដែលទឹកនោះខ្ទាតលើ នឹងទៅជាមិនស្អាតបរិសុទ្ធ ហើយគ្រឿងផឹកដែលនៅក្នុងភាជនៈនោះ ក៏នឹងទៅជាមិនស្អាតបរិសុទ្ធដែរ។ ៣៥ អ្វីណាក៏ដោយដែលសពសត្វទាំងនោះធ្លាក់លើ នឹងទៅជាមិនស្អាតបរិសុទ្ធ ទោះជាឡឬជើងក្រានក្ដី ត្រូវវាយបំបែកចោល។ អ្វីទាំងនោះគឺមិនស្អាតបរិសុទ្ធ ហើយនឹងនៅជាមិនស្អាតបរិសុទ្ធដល់អ្នករាល់គ្នា។ ៣៦ បើសពសត្វទាំងនោះធ្លាក់ទៅក្នុងប្រភពទឹកឬអណ្ដូង ទឹកក្នុងនោះនឹងនៅស្អាតបរិសុទ្ធ តែមនុស្សដែលប៉ះសពរបស់ពួកវានឹងទៅជាមិនស្អាតបរិសុទ្ធវិញ។ ៣៧ បើសពសត្វទាំងនោះធ្លាក់លើគ្រាប់ពូជណាមួយដែលទុកសម្រាប់សាបព្រោះ គ្រាប់ពូជនោះនៅស្អាតបរិសុទ្ធដដែល។ ៣៨ បើគ្រាប់ពូជនោះសើម ហើយមានផ្នែកណាមួយពីសពសត្វធ្លាក់លើ គ្រាប់ពូជនោះនឹងទៅជាមិនស្អាតបរិសុទ្ធដល់អ្នករាល់គ្នា។
៣៩ «‹ឯសត្វដែលអ្នករាល់គ្នាប្រើសម្រាប់ជាអាហារវិញ បើវាងាប់ អ្នកណាដែលប៉ះសពវានឹងទៅជាមិនស្អាតបរិសុទ្ធរហូតដល់ល្ងាច។+ ៤០ បើអ្នកណាបរិភោគសាច់វាឬកាន់សពវា អ្នកនោះត្រូវបោកសម្លៀកបំពាក់ខ្លួន ហើយទៅជាមិនស្អាតបរិសុទ្ធរហូតដល់ល្ងាច។+ ៤១ ពពួកសត្វល្អិត*ទាំងអស់នៅផែនដី គឺជាសត្វគួរឲ្យខ្ពើមឆ្អើម+ អ្នករាល់គ្នាមិនត្រូវបរិភោគឡើយ។ ៤២ ពពួកសត្វល្អិត*ដែលលូនវារ ដើរដោយជើងបួន ឬជើងច្រើន អ្នករាល់គ្នាមិនត្រូវបរិភោគឡើយ ព្រោះសត្វទាំងនោះជាសត្វដែលគួរឲ្យខ្ពើមឆ្អើម។+ ៤៣ អ្នករាល់គ្នាមិនត្រូវធ្វើឲ្យខ្លួនទៅជាស្មោកគ្រោក គួរឲ្យខ្ពើមឆ្អើម ឬមិនស្អាតបរិសុទ្ធ ដោយសារសត្វទាំងនោះឡើយ។+ ៤៤ ព្រោះខ្ញុំគឺយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា+ ខ្ញុំបរិសុទ្ធ+ ដូច្នេះ អ្នករាល់គ្នាត្រូវញែកខ្លួនជាបរិសុទ្ធ។+ អ្នករាល់គ្នាមិនត្រូវធ្វើឲ្យខ្លួនទៅជាមិនស្អាតបរិសុទ្ធ ដោយសារតែពពួកសត្វល្អិត*ដែលរស់នៅលើផែនដីឡើយ។ ៤៥ ព្រោះខ្ញុំជាយេហូវ៉ា ជាអ្នកដែលនាំអ្នករាល់គ្នាចេញពីស្រុកអេហ្ស៊ីប ដើម្បីបង្ហាញថាខ្លួនខ្ញុំជាព្រះរបស់អ្នករាល់គ្នា។+ ដូច្នេះ អ្នករាល់គ្នាត្រូវតែបរិសុទ្ធ+ ព្រោះខ្ញុំបរិសុទ្ធ។+
៤៦ «‹នេះហើយជាច្បាប់ស្ដីអំពីសត្វនានា គឺសត្វជើងបួន សត្វស្លាប សត្វគ្រប់ប្រភេទដែលរស់នៅក្នុងទឹក និងពពួកសត្វល្អិត*ដែលរស់នៅផែនដី ៤៧ ដើម្បីឲ្យអ្នករាល់គ្នាចេះសម្គាល់សត្វណាដែលស្អាតបរិសុទ្ធ និងសត្វណាដែលមិនស្អាតបរិសុទ្ធ ព្រមទាំងសត្វណាដែលអាចបរិភោគបាន និងសត្វណាដែលមិនអាចបរិភោគបាន›»។+