ជំរឿនបណ្ដាជន
៤ ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅកាន់ម៉ូសេនិងអេរ៉ុនថា៖ ២ «ចូរធ្វើជំរឿនកូនចៅកូហាត+ពីកុលសម្ព័ន្ធលេវី តាមក្រុមគ្រួសារ និងតាមវង្សត្រកូលពួកគេ ៣ គឺអស់អ្នកដែលមានអាយុចាប់ពី៣០ឆ្នាំ+ដល់៥០ឆ្នាំ។+ ពួកអ្នកទាំងនោះនៅក្នុងក្រុមដែលមានភារកិច្ចធ្វើការនៅក្នុងត្រសាលជំនុំ។+
៤ «កិច្ចបម្រើរបស់កូនចៅកូហាតនៅក្នុងត្រសាលជំនុំ+គឺទាក់ទងនឹងអ្វីដែលបរិសុទ្ធបំផុត។ ៥ ពេលរើជំរំ អេរ៉ុននិងកូនប្រុសៗរបស់គាត់ត្រូវចូលក្នុងត្រសាលជំនុំ រួចដោះវាំងននសម្រាប់ខណ្ឌ+ ហើយយកទៅគ្របហឹប+នៃសេចក្ដីរំលឹក។ ៦ បន្ទាប់មក ពួកគាត់ត្រូវយកផ្ទាំងស្បែកទន់*គ្របពីលើ ហើយគ្របផ្ទាំងក្រណាត់ពណ៌ខៀវពីលើមួយជាន់ទៀត រួចស៊កឈើស្នែង+ហឹប។
៧ «បន្ថែមទៀត ពួកគាត់ត្រូវយកផ្ទាំងក្រណាត់ពណ៌ខៀវគ្របលើតុដាក់នំប៉័ងតាំងទុក+ រួចដាក់ចាន ពែង ចានគោម និងថូដាក់គ្រឿងបូជាជាស្រា។+ នំប៉័ង+ដែលជាគ្រឿងបូជា ត្រូវមាននៅលើនោះជានិច្ច។ ៨ ពួកគាត់ត្រូវយកផ្ទាំងក្រណាត់ពណ៌ក្រហមគ្របពីលើ ហើយគ្របផ្ទាំងស្បែកទន់*ពីលើមួយជាន់ទៀត រួចស៊កឈើស្នែងតុ។+ ៩ បន្ទាប់មក ពួកគាត់ត្រូវយកផ្ទាំងក្រណាត់ពណ៌ខៀវគ្របជើងចង្កៀង+និងចង្កៀង+ ប្រដាប់ពន្លត់ប្រឆេះ ប្រដាប់ដាក់កម្ទេចប្រឆេះ+ និងប្រដាប់ដាក់ប្រេងសម្រាប់ចង្កៀង។ ១០ ពួកគាត់ត្រូវយកផ្ទាំងស្បែកទន់* រុំជើងចង្កៀងនិងប្រដាប់ប្រដាទាំងនោះ រួចដាក់លើប្រដាប់សែង។ ១១ ពួកគាត់ត្រូវយកផ្ទាំងក្រណាត់ពណ៌ខៀវគ្របលើទីបូជាធ្វើពីមាស+ ហើយគ្របផ្ទាំងស្បែកទន់*ពីលើមួយជាន់ទៀត រួចស៊កឈើស្នែង+ទីបូជា។ ១២ បន្ទាប់មក ពួកគាត់ត្រូវយកប្រដាប់ប្រដាទាំងអស់+ដែលប្រើប្រាស់នៅកន្លែងបរិសុទ្ធ ខ្ចប់ក្នុងផ្ទាំងក្រណាត់ពណ៌ខៀវ រួចយកផ្ទាំងស្បែកទន់*រុំពីលើមួយជាន់ទៀត ហើយយកទៅដាក់លើប្រដាប់សែង។
១៣ «ពួកគាត់ត្រូវប្រមូលផេះចេញពីទីបូជា+ ហើយយកផ្ទាំងក្រណាត់ពណ៌ស្វាយ*គ្របពីលើទីបូជានោះ។ ១៤ រួចដាក់ប្រដាប់ប្រដាផ្សេងៗនៅលើនោះ ជាប្រដាប់ប្រដាសម្រាប់បំពេញកិច្ចបម្រើនៅទីបូជា ដែលរួមមាន៖ ប្រដាប់ដាក់រងើកភ្លើង សម ប៉ែល ចានគោម រួមទាំងប្រដាប់ប្រដាឯទៀតដែរ។+ បន្ទាប់មក ពួកគាត់ត្រូវយកផ្ទាំងស្បែកទន់*គ្របពីលើ រួចស៊កឈើស្នែង+ទីបូជា។
១៥ «កាលណារើជំរំ អេរ៉ុននិងកូនប្រុសៗរបស់គាត់ ត្រូវគ្របកន្លែងបរិសុទ្ធ+និងឧបករណ៍ទាំងអស់ក្នុងនោះឲ្យបានរួចរាល់។ បន្ទាប់មក កូនចៅរបស់កូហាតត្រូវចូលមកសែងរបស់ទាំងនោះ។+ ប៉ុន្តែ ពួកគេមិនត្រូវប៉ះកន្លែងបរិសុទ្ធឡើយ។ ព្រោះបើប៉ះ ពួកគេនឹងត្រូវស្លាប់ជាមិនខាន។+ នេះហើយជាកិច្ចការទាំងប៉ុន្មានដែលវង្សត្រកូលកូហាតត្រូវបំពេញនៅឯត្រសាលជំនុំ។
១៦ «អេលាសារ+ជាកូនរបស់អេរ៉ុនដែលជាសង្ឃ គាត់មើលខុសត្រូវខាងប្រេងចង្កៀង+ គ្រឿងក្រអូប+ គ្រឿងបូជាពីស្រូវដែលត្រូវជូនជាប្រចាំ និងប្រេងសម្រាប់ចាក់តែងតាំង។+ ដូច្នេះ គាត់មើលខុសត្រូវត្រសាលជំនុំទាំងមូល និងអ្វីៗដែលនៅក្នុងនោះ រួមទាំងកន្លែងបរិសុទ្ធនិងប្រដាប់ប្រដាឯទៀត»។
១៧ ព្រះយេហូវ៉ាមានប្រសាសន៍ទៅកាន់ម៉ូសេនិងអេរ៉ុនតទៅទៀតថា៖ ១៨ «មិនត្រូវកាត់វង្សត្រកូលកូហាត+ចេញពីកុលសម្ព័ន្ធលេវីឡើយ។ ១៩ ម្ល៉ោះហើយ អ្នកត្រូវធ្វើដូច្នោះដើម្បីកុំឲ្យពួកគេត្រូវស្លាប់ កាលដែលពួកគេចូលទៅជិតអ្វីដែលបរិសុទ្ធបំផុត។+ អេរ៉ុននិងកូនប្រុសៗរបស់គាត់នឹងចូលទៅ រួចចាត់ចែងកិច្ចការឲ្យពួកគេ ហើយប្រាប់អ្វីដែលពួកគេត្រូវសែង។ ២០ ពួកគេមិនត្រូវចូលមើលប្រដាប់ប្រដាបរិសុទ្ធជាដាច់ខាត សូម្បីតែមួយភ្លែតក៏មិនបានដែរ។ ព្រោះបើមើល ពួកគេនឹងត្រូវស្លាប់ជាមិនខាន»។+
២១ បន្ទាប់មក ព្រះយេហូវ៉ាមានប្រសាសន៍ទៅកាន់ម៉ូសេថា៖ ២២ «ចូរធ្វើជំរឿនកូនចៅគើសុន+ តាមក្រុមគ្រួសារ និងតាមវង្សត្រកូលរបស់ពួកគេ ២៣ គឺអស់អ្នកដែលមានអាយុចាប់ពី៣០ឆ្នាំដល់៥០ឆ្នាំ។ ពួកអ្នកទាំងនោះនៅក្នុងក្រុមដែលមានភារកិច្ចធ្វើការនៅត្រសាលជំនុំ។ ២៤ កូនចៅគើសុនមានភារកិច្ចមើលថែ និងសែងរបស់ដូចតទៅ៖+ ២៥ ពួកគេត្រូវសែងផ្ទាំងក្រណាត់គ្របត្រសាលជំនុំ+ គឺផ្ទាំងក្រណាត់សាច់ល្អ ផ្ទាំងស្បែកធ្វើពីរោមពពែ ផ្ទាំងស្បែកចៀមឈ្មោល និងផ្ទាំងស្បែកទន់*ដែលនៅលើបំផុត+ ព្រមទាំងវាំងននបាំងច្រកចូលត្រសាលជំនុំ។+ ២៦ ពួកគេក៏ត្រូវសែងរនាំងទីធ្លា+ដែលនៅជុំវិញត្រសាលជំនុំនិងទីបូជា រួមទាំងវាំងននច្រកចូលទីធ្លា+ ខ្សែចងត្រសាលនិងគ្រឿងត្រសាល និងអ្វីផ្សេងទៀតដែលទាក់ទងនឹងកិច្ចការនោះដែរ។ នេះហើយជាភារកិច្ចរបស់ពួកគេ។ ២៧ កូនចៅគើសុន+បំពេញកិច្ចការទាំងអស់ក្រោមការមើលខុសត្រូវរបស់អេរ៉ុននិងកូនប្រុសៗរបស់គាត់។ អ្នកត្រូវប្រគល់ភារកិច្ចទាំងនេះដល់កូនចៅគើសុន។ ២៨ នេះហើយជាកិច្ចការទាំងប៉ុន្មានដែលវង្សត្រកូលគើសុនត្រូវបំពេញនៅក្នុងត្រសាលជំនុំ។+ ពួកគេធ្វើការនៅក្រោមការណែនាំរបស់អ៊ីតតាម៉ា+ជាកូនអេរ៉ុនជាសង្ឃ។
២៩ «ស្ដីអំពីកូនចៅមេរេរ៉ាយ+ អ្នកក៏ត្រូវធ្វើជំរឿនពួកគេតាមក្រុមគ្រួសារ និងតាមវង្សត្រកូលដែរ ៣០ គឺអស់អ្នកដែលមានអាយុចាប់ពី៣០ឆ្នាំដល់៥០ឆ្នាំ។ ពួកអ្នកទាំងនោះនៅក្នុងក្រុមដែលមានភារកិច្ចធ្វើការនៅត្រសាលជំនុំ។ ៣១ ពួកគេមានភារកិច្ចនៅឯត្រសាលជំនុំ គឺសែងរបស់ដូចតទៅ៖+ ក្ដារស៊ុម+ត្រសាលជំនុំ រនុក+ សសរ+ និងជើងទ្រ+ ៣២ បង្គោល+រនាំងជុំវិញទីធ្លា ជើងទ្រ+ ស្នឹងត្រសាល+ ខ្សែចងត្រសាលនិងគ្រឿងត្រសាល ព្រមទាំងអ្វីៗទាំងអស់ដែលទាក់ទងនឹងកិច្ចបម្រើនេះ។ អ្នកត្រូវប្រាប់ឈ្មោះប្រដាប់ប្រដាទាំងនោះឲ្យពួកគេសែង។ ៣៣ នេះហើយជាកិច្ចការទាំងប៉ុន្មានដែលវង្សត្រកូលមេរេរ៉ាយ+ត្រូវបំពេញនៅឯត្រសាលជំនុំ។ ពួកគេធ្វើការនៅក្រោមការណែនាំរបស់អ៊ីតតាម៉ាជាកូនអេរ៉ុនជាសង្ឃ»។+
៣៤ បន្ទាប់មក ម៉ូសេ អេរ៉ុន និងពួកមេដឹកនាំ+ពួកជំនុំ បានធ្វើជំរឿនកូនចៅកូហាត+តាមក្រុមគ្រួសារ និងតាមវង្សត្រកូលពួកគេ ៣៥ គឺអស់អ្នកដែលមានអាយុចាប់ពី៣០ឆ្នាំដល់៥០ឆ្នាំ។ ពួកអ្នកទាំងនោះនៅក្នុងក្រុមដែលមានភារកិច្ចធ្វើការនៅត្រសាលជំនុំ។+ ៣៦ ចំនួនពួកគេដែលមានឈ្មោះក្នុងបញ្ជី សរុបគឺ២.៧៥០នាក់។+ ៣៧ នេះហើយជាចំនួនកូនចៅកូហាតដែលមានឈ្មោះក្នុងបញ្ជី គឺអស់អ្នកដែលបម្រើនៅត្រសាលជំនុំ។ ម៉ូសេនិងអេរ៉ុនបានធ្វើជំរឿនពួកគេតាមបង្គាប់ព្រះយេហូវ៉ា។+
៣៨ កូនចៅគើសុន+បានត្រូវចុះឈ្មោះតាមក្រុមគ្រួសារ និងតាមវង្សត្រកូល ៣៩ គឺអស់អ្នកដែលមានអាយុចាប់ពី៣០ឆ្នាំដល់៥០ឆ្នាំ។ ពួកអ្នកទាំងនោះនៅក្នុងក្រុមដែលមានភារកិច្ចធ្វើការនៅត្រសាលជំនុំ។ ៤០ ចំនួនពួកគេដែលមានឈ្មោះក្នុងបញ្ជី សរុបគឺ២.៦៣០នាក់។+ ៤១ នេះហើយជាចំនួនកូនចៅគើសុនដែលមានឈ្មោះក្នុងបញ្ជី គឺអស់អ្នកដែលបម្រើនៅត្រសាលជំនុំ។ ម៉ូសេនិងអេរ៉ុនបានធ្វើជំរឿនពួកគេតាមបង្គាប់ព្រះយេហូវ៉ា។+
៤២ កូនចៅមេរេរ៉ាយបានត្រូវចុះឈ្មោះតាមក្រុមគ្រួសារ និងតាមវង្សត្រកូល ៤៣ គឺអស់អ្នកដែលមានអាយុចាប់ពី៣០ឆ្នាំដល់៥០ឆ្នាំ។ ពួកអ្នកទាំងនោះនៅក្នុងក្រុមដែលមានភារកិច្ចធ្វើការនៅត្រសាលជំនុំ។+ ៤៤ ចំនួនពួកគេដែលមានឈ្មោះក្នុងបញ្ជី សរុបគឺ៣.២០០នាក់។+ ៤៥ នេះហើយជាចំនួនកូនចៅមេរេរ៉ាយដែលមានឈ្មោះក្នុងបញ្ជី ដែលម៉ូសេនិងអេរ៉ុនបានធ្វើជំរឿនតាមបង្គាប់ព្រះយេហូវ៉ា។+
៤៦ ម៉ូសេ អេរ៉ុន និងពួកមេដឹកនាំពួកជំនុំ បានធ្វើជំរឿនកុលសម្ព័ន្ធលេវីទាំងអស់តាមក្រុមគ្រួសារ និងតាមវង្សត្រកូលពួកគេ ៤៧ គឺអស់អ្នកដែលមានអាយុចាប់ពី៣០ឆ្នាំដល់៥០ឆ្នាំ។ ពួកគេមានភារកិច្ចធ្វើការនៅត្រសាលជំនុំ និងសែងប្រដាប់ប្រដានៅក្នុងនោះដែរ។+ ៤៨ ចំនួនពួកគេដែលមានឈ្មោះក្នុងបញ្ជី សរុបគឺ៨.៥៨០នាក់។+ ៤៩ ពួកគេបានត្រូវចុះឈ្មោះតាមបង្គាប់ព្រះយេហូវ៉ាតាមរយៈម៉ូសេ។ ក្រុមពួកគេនីមួយៗបានទទួលភារកិច្ច ព្រមទាំងប្រដាប់ប្រដាដែលត្រូវសែង។ ពួកគេបានត្រូវចុះឈ្មោះដូចដែលព្រះយេហូវ៉ាបានបង្គាប់ម៉ូសេ។