អេសាយ
៣១ វេទនាហើយ! អស់អ្នកដែលធ្វើដំណើរទៅសុំជំនួយពីស្រុកអេហ្ស៊ីប+
គឺអស់អ្នកដែលពឹងផ្អែកលើកម្លាំងសេះ+
ជាអស់អ្នកដែលទុកចិត្តលើរទេះចម្បាំងដែលមានចំនួនច្រើន
ហើយទុកចិត្តលើទ័ពសេះដែលខ្លាំងក្លា។
អ្នកទាំងនោះមិនបានពឹងផ្អែកលើ*ព្រះដ៏បរិសុទ្ធនៃអ៊ីស្រាអែលទេ
ហើយពួកគេមិនបានស្វែងរកព្រះយេហូវ៉ាឡើយ។
២ ប៉ុន្តែ លោកក៏មានប្រាជ្ញាដែរ លោកនឹងនាំឲ្យមានសេចក្ដីហិនវិនាស
ហើយលោកនឹងមិនដកពាក្យសម្ដីរបស់លោកទេ។
លោកនឹងក្រោកឡើងប្រឆាំងនឹងពូជពង្សមនុស្សទុច្ចរិត
ហើយទាស់នឹងអស់អ្នកដែលជួយមនុស្សអាក្រក់។+
៣ ពួកអេហ្ស៊ីបគ្រាន់តែជាមនុស្សប៉ុណ្ណោះ មិនមែនជាព្រះទេ
ហើយសេះរបស់ពួកគេគ្រាន់តែជាសត្វប៉ុណ្ណោះ មិនមែនជាបុគ្គលវិញ្ញាណទេ។+
ពេលព្រះយេហូវ៉ាលើកដៃវាយប្រហារ
នោះអ្នកណាក៏ដោយដែលផ្ដល់ជំនួយនឹងជំពប់ដួល
ហើយអ្នកណាក៏ដោយដែលគេជួយនឹងដួលចុះ
គឺពួកគេនឹងវិនាសសាបសូន្យទៅនៅពេលដំណាលគ្នា។
៤ ព្រោះព្រះយេហូវ៉ាបានមានប្រសាសន៍មកខ្ញុំដូច្នេះថា៖
«ដូចតោស្ទាវគ្រហឹមការពារចំណី
វាមិនភ័យនឹងសំឡេងរបស់ក្រុមគង្វាល
ដែលបានត្រូវហៅមកឲ្យបង្អើលវាទេ
គឺវាមិនខ្លាចសំឡេងដេញរបស់ពួកគេឡើយ
នោះព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌ក៏ធ្វើដូច្នោះដែរ ពេលលោកចុះមកច្បាំង ដើម្បីការពារភ្នំស៊ីយ៉ូននិងទីទួលនៅទីនោះ។
៥ ដូចបក្សីហោះហើរការពារកូន នោះព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌នឹងការពារក្រុងយេរូសាឡិមដែរ។+
លោកនឹងការពារ ហើយសង្គ្រោះក្រុងនោះ។
លោកនឹងរំដោះក្រុងនោះឲ្យរួចផុតពីការបំផ្លាញ»។
៦ «ឱប្រជាជាតិអ៊ីស្រាអែលអើយ! ចូរត្រឡប់មករកព្រះដែលអ្នករាល់គ្នាបានបះបោរប្រឆាំងវិញទៅ។+ ៧ នៅគ្រានោះ អ្នករាល់គ្នាម្នាក់ៗនឹងបោះបង់ចោលរូបព្រះពីមាសពីប្រាក់ ដែលឥតបានការនិងគ្មានតម្លៃទៀតហើយ។ អ្នករាល់គ្នាបានប្រព្រឹត្តខុសឆ្គងដោយធ្វើរូបទាំងនោះ។
៨ ពួកអាស៊ីរីនឹងដួលស្លាប់ដោយដាវ តែមិនមែនដោយដាវមនុស្សទេ
ពួកគេនឹងត្រូវបំផ្លាញដោយដាវ តែមិនមែនដោយដាវមនុស្សឡើយ។+
ពួកគេនឹងរត់គេចខ្លួនពីដាវនោះ។
ឯពួកបុរសវ័យក្មេងនឹងត្រូវគេចាប់បង្ខំឲ្យធ្វើការធ្ងន់ៗ។
៩ ផ្ទាំងថ្មរបស់ពួកគេនឹងដួលរលំទៅ ព្រោះតែភ័យញាប់ញ័រ
ហើយពួកអ្នកគ្រប់គ្រងរបស់ពួកគេនឹងតក់ស្លុត ដោយសារតែបង្គោលសញ្ញា»។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា។
ពន្លឺរបស់លោកនៅភ្នំស៊ីយ៉ូន និងគុកភ្លើងរបស់លោកនៅក្រុងយេរូសាឡិម។