អ្នកសម្រេចក្ដី
១៦ នៅថ្ងៃមួយ សាំសុនបានទៅក្រុងកាសា។ ពេលគាត់ឃើញស្ត្រីពេស្យាម្នាក់នៅទីនោះ គាត់ក៏ចូលទៅក្នុងផ្ទះនាង។ ២ មានមនុស្សទៅប្រាប់អ្នកក្រុងកាសាថា៖ «សាំសុនមកទីនេះហើយ»។ ដូច្នេះ ពួកគេក៏ទៅឡោមព័ទ្ធ ហើយលបចាំវាយឆ្មក់គាត់អស់ពេញមួយយប់នៅទ្វារកំពែងក្រុង។ នៅពេញមួយយប់នោះ ពួកគេសម្ងំចាំ ទាំងនិយាយគ្នាថា៖ «ពេលមេឃភ្លឺ សឹមយើងសម្លាប់គាត់ចោល»។
៣ ក៏ប៉ុន្តែ សាំសុននៅដេកទីនោះរហូតដល់អធ្រាត្រ។ រួចមក គាត់ក្រោកឡើង ហើយទៅចាប់ទាញទ្វារកំពែងក្រុង ទាំងរំលើងសសរទាំងពីរ ព្រមទាំងរនុកផង។ បន្ទាប់មក គាត់លើករបស់ទាំងអស់នោះដាក់លើស្មា ហើយលីទៅកំពូលភ្នំ ដែលនៅទល់មុខក្រុងហេប្រុន។
៤ ក្រោយពីនោះមក គាត់ក៏ធ្លាក់ក្នុងអន្លង់ស្នេហ៍នារីម្នាក់ដែលរស់នៅជិតជ្រលងសូរេក។ នាងមានឈ្មោះថាដេលីឡា។+ ៥ ដូច្នេះ ពួកមេដឹកនាំភីលីស្ទីនបានមកជួបដេលីឡា ហើយនិយាយថា៖ «ចូរនាងលួងលោមសាំសុន+ ហើយជជីកសួរឲ្យដឹងថាអ្វីទៅដែលធ្វើឲ្យគាត់មានកម្លាំងខ្លាំងមហិមាបែបនេះ ហើយត្រូវធ្វើដូចម្ដេចទើបអាចចាប់ចង និងបង្ក្រាបគាត់បាន។ នោះយើងម្នាក់ៗនឹងឲ្យនាង១.១០០កាក់ធ្វើពីប្រាក់»។
៦ បន្ទាប់មក ដេលីឡានិយាយទៅសាំសុនថា៖ «បងប្រាប់អូនមក តើបងមានកម្លាំងខ្លាំងមហិមាបែបនេះមកពីណា? តើអាចយកអ្វីមកចងបង្ក្រាបបងបាន?»។ ៧ សាំសុនប្រាប់នាងថា៖ «បើពួកគេយកខ្សែធ្នូ៧សរសៃដែលមិនទាន់ស្ងួតមកចងបង នោះកម្លាំងបងនឹងចុះខ្សោយដូចមនុស្សទូទៅដែរ»។ ៨ ដូច្នេះ ពួកមេដឹកនាំភីលីស្ទីនបានឲ្យខ្សែធ្នូ៧ខ្សែដែលមិនទាន់ស្ងួតទៅដេលីឡា។ បន្ទាប់មក នាងយកខ្សែទាំងនោះទៅចងសាំសុន។ ៩ ពួកគេបានឲ្យមនុស្សទៅលាក់ខ្លួននៅបន្ទប់ខាងក្នុង។ រួចនាងស្រែកប្រាប់សាំសុនថា៖ «សាំសុនបងអើយ! ពួកភីលីស្ទីនមកចាប់បងហើយ»។ ឮដូច្នោះ សាំសុនក៏បណ្ដាច់ខ្សែធ្នូយ៉ាងងាយ ដូចខ្សែអំបោះផ្លេច*ដែលត្រូវភ្លើងរោល។+ យ៉ាងនេះ គ្មានអ្នកណាដឹងពីអាថ៌កំបាំងនៃកម្លាំងរបស់គាត់ទេ។
១០ រួចមក ដេលីឡានិយាយទៅសាំសុនថា៖ «បង! បងកុហកបោកប្រាស់អូន។ ឥឡូវប្រាប់អូនមក តើអាចយកអ្វីមកចងបងបាន?»។ ១១ សាំសុនក៏ឆ្លើយថា៖ «បើពួកគេយកខ្សែពួរថ្មីដែលមិនទាន់ប្រើមកចងបង នោះកម្លាំងបងនឹងទៅជាខ្សោយដូចមនុស្សទូទៅដែរ»។ ១២ ដូច្នេះ ដេលីឡាបានយកខ្សែពួរថ្មីទៅចងសាំសុន រួចនាងស្រែកឡើងថា៖ «សាំសុនបងអើយ! ពួកភីលីស្ទីនមកចាប់បងហើយ» (អំឡុងពេលនោះ មានមនុស្សលាក់ខ្លួននៅបន្ទប់ខាងក្នុង)។ ឮដូច្នោះ សាំសុនក៏បណ្ដាច់ខ្សែពួរនោះចេញពីដៃគាត់ ដូចបណ្ដាច់ខ្សែអំបោះ។+
១៣ បន្ទាប់មក ដេលីឡានិយាយទៅសាំសុនថា៖ «រហូតមកដល់ពេលនេះ បងនៅតែកុហកបោកប្រាស់អូន។+ សូមប្រាប់អូនមក តើអាចយកអ្វីមកចងបងបាន?»។ គាត់ប្រាប់នាងថា៖ «ទាល់តែយកអំបោះមកត្បាញសក់ក្រង៧ជួររបស់បង នោះបងនឹងលែងមានកម្លាំងទៀត»។ ១៤ ក្រោយមក នាងត្បាញសក់សាំសុន ព្រមទាំងបោះស្នឹងពីលើផង។ រួចនាងស្រែកថា៖ «សាំសុនបងអើយ! ពួកភីលីស្ទីនមកចាប់បងហើយ»។ ពេលឮដូច្នោះ សាំសុនស្ទុះក្រោកពីដំណេក ទាញស្នឹងនិងអំបោះតម្បាញចេញពីសក់របស់គាត់។
១៥ ដេលីឡានិយាយទៅសាំសុនថា៖ «អស់បីដងហើយដែលបងកុហកបោកប្រាស់អូន។ បងមិនព្រមប្រាប់អូនសោះ ថាបងបានកម្លាំងខ្លាំងមហិមាមកពីណា។+ តើបងអាចនិយាយថា‹បងស្រឡាញ់អូន›ដូចម្ដេចបាន+ កាលដែលបងនៅតែលាក់បាំងនឹងអូនដូច្នេះ?»។ ១៦ ដោយសារនាងចេះតែរំអុកសួរសាំសុនដដែលៗរាល់ថ្ងៃ នោះធ្វើឲ្យគាត់ធុញទ្រាន់ស្ទើរស្លាប់។+ ១៧ នៅទីបំផុត គាត់ក៏ដាច់ចិត្តប្រាប់នាងថា៖ «សក់បងមិនដែលកាត់ឡើយ ព្រោះបងជាណាសារីតនៃព្រះតាំងពីនៅក្នុងផ្ទៃម្ដាយមកម្ល៉េះ។+ បើបងកាត់សក់ កម្លាំងបងនឹងចុះខ្សោយ ហើយបងនឹងដូចមនុស្សទូទៅដែរ»។
១៨ ពេលដែលដេលីឡាឃើញថាសាំសុនបានប្រាប់គ្រប់យ៉ាងដល់នាងហើយ នាងក៏ស្រូតទៅរាយការណ៍ដល់ពួកមេដឹកនាំភីលីស្ទីន+ថា៖ «សូមពួកលោកឡើងមកម្ដងទៀត ព្រោះគាត់បានប្រាប់គ្រប់យ៉ាងដល់ខ្ញុំហើយ»។ ហេតុនេះ ពួកមេដឹកនាំភីលីស្ទីនក៏មកជួបនាង ព្រមទាំងយកប្រាក់មកជាមួយផង។ ១៩ ដេលីឡាធ្វើឲ្យសាំសុនលង់លក់លើភ្លៅរបស់នាង។ រួចនាងហៅបុរសម្នាក់ឲ្យមកកោរសក់ក្រង៧ជួររបស់គាត់។ ម្ល៉ោះហើយ នាងចាប់ផ្ដើមកាន់កាប់លើសាំសុន ព្រោះកម្លាំងរបស់គាត់បានរលាយទៅ។ ២០ រួចដេលីឡាស្រែកឡើងថា៖ «សាំសុនបងអើយ! ពួកភីលីស្ទីនមកចាប់បងហើយ»។ ពេលឮដូច្នោះ សាំសុនភ្ញាក់ពីដំណេក ហើយពោលថា៖ «បងនឹងចេញទៅដូចលើកមុនៗ+ ហើយដោះខ្លួនឲ្យរួច»។ ប៉ុន្តែ សាំសុនមិនដឹងថា ព្រះយេហូវ៉ាបានចាកចេញពីគាត់ឡើយ។ ២១ ជាលទ្ធផល ពួកភីលីស្ទីនក៏ចាប់គាត់បាន ហើយចាក់ខ្វេះភ្នែកគាត់ទាំងគូចេញ។ រួចពួកគេនាំគាត់ទៅក្រុងកាសា ហើយយកខ្នោះស្ពាន់មកដាក់គាត់។ ពួកគេបានឲ្យគាត់ធ្វើជាអ្នកបង្វិលត្បាល់កិននៅក្នុងគុក។ ២២ ប៉ុន្តែក្នុងអំឡុងពេលនោះ សក់របស់សាំសុនចាប់ផ្ដើមដុះឡើងវិញ។+
២៣ ពួកមេដឹកនាំភីលីស្ទីនបានជួបជុំគ្នា ដើម្បីជូនគ្រឿងបូជាសន្ធឹកសន្ធាប់ដល់ដាកុន+ជាព្រះរបស់ពួកគេ ហើយពួកគេជប់លៀងអបអរសាទរ ដោយនិយាយថា៖ «ព្រះរបស់យើងបានប្រគល់សាំសុនដែលជាសត្រូវ មកក្នុងកណ្ដាប់ដៃយើង!»។ ២៤ ពេលបណ្ដាជនឃើញរូបព្រះនោះ ក៏នាំគ្នាសរសើរតម្កើងព្រះនោះ ហើយពោលថា៖ «ព្រះរបស់យើងបានប្រគល់សត្រូវមកក្នុងកណ្ដាប់ដៃយើង។ វាជាសត្រូវដែលបានបំផ្លិចបំផ្លាញទឹកដីរបស់យើង+ ហើយសម្លាប់ជនជាតិយើងអស់ជាច្រើននាក់»។+
២៥ ខណៈដែលពួកគេកំពុងសប្បាយរីករាយយ៉ាងខ្លាំង ពួកគេនិយាយថា៖ «ចូរទៅនាំសាំសុនមកដើម្បីឲ្យយើងបានសើចសប្បាយ»។ ដូច្នេះ ពួកគេនាំសាំសុនចេញពីគុកមកឲ្យពួកគេទាំងអស់គ្នាមើលកម្សាន្ត។ ពួកគេបាននាំគាត់ទៅឈរនៅចន្លោះសសរវិហារ។ ២៦ សាំសុននិយាយទៅកាន់ក្មេងប្រុសដែលដឹកដៃគាត់ថា៖ «សូមឲ្យខ្ញុំប៉ះសសរវិហារបន្តិច ដើម្បីខ្ញុំអាចទប់ខ្លួនបាន»។ ២៧ (ពេលនោះ ក្នុងវិហារមានប្រុសមានស្រីច្រើនកុះករ ហើយពួកមេដឹកនាំភីលីស្ទីនទាំងឡាយក៏នៅទីនោះដែរ។ រីឯនៅលើដំបូលវិញ មានមនុស្សប្រុសស្រីប្រហែល៣.០០០នាក់កំពុងមើលសាំសុន)។
២៨ សាំសុន+ក៏បន្លឺសំឡេងយ៉ាងខ្លាំងទៅព្រះយេហូវ៉ាថា៖ «ឱព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតអើយ សូមលោកមេត្តានឹកចាំខ្ញុំផង សូមលោកផ្ដល់កម្លាំងឲ្យខ្ញុំ+តែម្ដងនេះទៀត ដើម្បីខ្ញុំអាចសងសឹកពួកភីលីស្ទីន យ៉ាងហោចណាស់ឲ្យសមនឹងភ្នែកម្ខាងរបស់ខ្ញុំ»។+
២៩ បន្ទាប់មក សាំសុនទប់ជំហរនៅកណ្ដាលសសរពីរដែលទ្រវិហារនោះ។ គាត់ដាក់ដៃស្ដាំទល់នឹងសសរម្ខាង ហើយដាក់ដៃឆ្វេងទល់នឹងសសរម្ខាងទៀត។ ៣០ សាំសុនស្រែកឡើងថា៖ «ខ្ញុំសូមស្លាប់ជាមួយនឹងពួកភីលីស្ទីន!»។ រួចគាត់ខំប្រឹងច្រានសសរអស់ពីកម្លាំង នោះវិហារក៏រលំទៅលើពួកមេដឹកនាំ និងបណ្ដាជនទាំងអស់ដែលមានវត្តមាននៅទីនោះ។+ ដូច្នេះ មនុស្សដែលស្លាប់ព្រមគ្នានឹងសាំសុន មានចំនួនច្រើនជាងអ្នកដែលគាត់បានសម្លាប់ កាលដែលគាត់នៅរស់ទៅទៀត។+
៣១ ក្រោយមក បងប្អូននិងក្រុមគ្រួសារទាំងអស់ខាងឪពុកសាំសុន បានមកយកសាកសពគាត់ត្រឡប់ទៅវិញ។ ពួកគេបញ្ចុះសពគាត់ក្នុងផ្នូររបស់ម៉ាណូអា+ជាឪពុក ដែលនៅរវាងក្រុងសូរ៉ា+និងក្រុងអែសថោល។ សាំសុនបានធ្វើជាអ្នកសម្រេចក្ដីឲ្យជនជាតិអ៊ីស្រាអែលអស់រយៈពេល២០ឆ្នាំ។+