សៀវភៅសាំយូអែលទី១
៨ កាលដែលសាំយូអែលមានវ័យកាន់តែចាស់ គាត់បានតែងតាំងកូនប្រុសៗរបស់គាត់ឲ្យធ្វើជាអ្នកវិនិច្ឆ័យក្ដីឲ្យជនជាតិអ៊ីស្រាអែល។ ២ កូនប្រុសទី១ឈ្មោះយ៉ូអែល និងកូនប្រុសទី២ឈ្មោះអាប៊ីយ៉ា។+ ពួកគេជាអ្នកវិនិច្ឆ័យក្ដីនៅក្រុងបៀរសេបា។ ៣ ក៏ប៉ុន្តែ ពួកគេមិនបានប្រព្រឹត្តតាមគន្លងរបស់ឪពុកទេ។ ពួកគេខំរកកម្រៃតាមរបៀបមិនទៀងត្រង់។+ ពួកគេទទួលសំណូក+ ថែមទាំងកាត់ក្ដីដោយអយុត្តិធម៌ទៀតផង។+
៤ ក្រោយមក បុរសចាស់ទុំទាំងអស់នៃជនជាតិអ៊ីស្រាអែលបានមកជួបជុំគ្នា រួចទៅជួបសាំយូអែលនៅក្រុងរ៉ាម៉ា។ ៥ ពួកគេនិយាយទៅកាន់សាំយូអែលថា៖ «មើល! អ្នកចាស់ហើយ។ តែកូនប្រុសៗរបស់អ្នកមិនដើរតាមគន្លងរបស់អ្នកទេ។ ឥឡូវ សូមតែងតាំងស្ដេចម្នាក់ឲ្យគ្រប់គ្រង*លើយើង ដូចជនជាតិឯទៀតដែរ»។+ ៦ ប៉ុន្តែ សាំយូអែលមិនពេញចិត្តទេ ពេលឮពួកគេនិយាយថា៖ «សូមតែងតាំងស្ដេចម្នាក់ឲ្យគ្រប់គ្រងលើយើង»។ ដូច្នេះ សាំយូអែលក៏អធិដ្ឋានទៅព្រះយេហូវ៉ា។ ៧ ព្រះយេហូវ៉ាមានប្រសាសន៍ទៅសាំយូអែលថា៖ «ចូរធ្វើតាមពាក្យសម្ដីទាំងអស់របស់បណ្ដាជនចុះ។ ពួកគេមិនមែនបដិសេធអ្នកទេ តែពួកគេបដិសេធខ្ញុំវិញ ព្រោះពួកគេមិនចង់ឲ្យខ្ញុំធ្វើជាស្ដេចរបស់ពួកគេឡើយ។+ ៨ តាំងពីពេលដែលខ្ញុំនាំពួកគេចេញពីស្រុកអេហ្ស៊ីប ពួកគេបានប្រព្រឹត្តបែបនេះរហូតមកដល់ពេលនេះ។ ពួកគេបោះបង់ចោលខ្ញុំម្ដងហើយម្ដងទៀត+ ហើយទៅបម្រើព្រះដទៃ។+ ឥឡូវ ពួកគេក៏ប្រព្រឹត្តយ៉ាងដូច្នោះចំពោះអ្នកដែរ។ ៩ ចូរអ្នកធ្វើតាមសម្ដីរបស់ពួកគេចុះ។ ក៏ប៉ុន្តែ អ្នកត្រូវព្រមានពួកគេយ៉ាងម៉ឺងម៉ាត់ ហើយប្រាប់ថាស្ដេចដែលនឹងគ្រប់គ្រងលើពួកគេមានសិទ្ធិបង្គាប់អ្វីខ្លះ»។
១០ ដូច្នេះ សាំយូអែលបានប្រាប់ប្រសាសន៍ទាំងអស់របស់ព្រះយេហូវ៉ា ដល់បណ្ដាជនដែលបានទាមទារឲ្យមានស្ដេច។ ១១ គាត់ប្រាប់ថា៖ «ស្ដេចដែលនឹងគ្រប់គ្រងលើអ្នករាល់គ្នាមានសិទ្ធិបង្គាប់ដូចតទៅ៖+ ស្ដេចនឹងយកកូនប្រុសៗរបស់អ្នក+ ឲ្យធ្វើជាទាហានរទេះចម្បាំង+ និងទាហានសេះ+ ហើយឲ្យពួកគេខ្លះទៀតរត់នៅពីមុខរទេះចម្បាំង។ ១២ ស្ដេចនឹងតែងតាំងឲ្យមានមេលើក្រុមមនុស្ស១.០០០នាក់ៗ+ និងមេលើក្រុមមនុស្ស៥០នាក់ៗ។+ ស្ដេចនឹងឲ្យអ្នកខ្លះភ្ជួររាស់+ ហើយឲ្យអ្នកខ្លះច្រូតកាត់។+ ស្ដេចនឹងឲ្យអ្នកខ្លះទៀតធ្វើគ្រឿងចម្បាំង និងឧបករណ៍សម្រាប់រទេះចម្បាំងរបស់គាត់។+ ១៣ ស្ដេចនឹងយកកូនស្រីៗរបស់អ្នកឲ្យធ្វើជាអ្នកលាយប្រេងក្រអូប អ្នកចម្អិនអាហារ និងអ្នកធ្វើនំ។+ ១៤ ស្ដេចនឹងយកផលល្អបំផុតពីដីស្រែ ពីចម្ការទំពាំងបាយជូរ និងពីចម្ការផ្លែអូលីវរបស់អ្នក+ រួចស្ដេចនឹងឲ្យផលទាំងនោះដល់អ្នកបម្រើរបស់គាត់។ ១៥ ស្ដេចនឹងយកដប់ភាគរយពីផលស្រូវ និងពីផលចម្ការទំពាំងបាយជូរ ហើយឲ្យដល់មន្ត្រីជាន់ខ្ពស់និងអ្នកបម្រើរបស់ស្ដេច។ ១៦ ស្ដេចនឹងយកអ្នកបម្រើប្រុស និងអ្នកបម្រើស្រីរបស់អ្នក ព្រមទាំងហ្វូងសត្វលានិងហ្វូងសត្វដែលល្អបំផុតរបស់អ្នក ឲ្យមកធ្វើការសម្រាប់គាត់។+ ១៧ ស្ដេចនឹងយកដប់ភាគរយពីហ្វូងសត្វរបស់អ្នក+ ហើយអ្នកនឹងក្លាយទៅជាអ្នកបម្រើរបស់គាត់។ ១៨ ពេលនោះមកដល់ អ្នករាល់គ្នានឹងស្រែករកព្រះ ដោយសារស្ដេចដែលអ្នករាល់គ្នាបានជ្រើសរើស។+ ប៉ុន្តែ នៅពេលនោះព្រះយេហូវ៉ានឹងមិនឆ្លើយតបទៅអ្នករាល់គ្នាឡើយ»។
១៩ ទោះជាយ៉ាងណាក៏ដោយ បណ្ដាជនមិនព្រមស្ដាប់សាំយូអែលទេ។ ពួកគេនៅតែនិយាយថា៖ «ទេ! យើងចង់បានស្ដេចគ្រប់គ្រងលើយើង។ ២០ បើយើងមានស្ដេច យើងនឹងបានដូចជនជាតិឯទៀតដែរ។ ស្ដេចរបស់យើងនឹងគ្រប់គ្រង*លើយើង ហើយដឹកនាំយើង ព្រមទាំងចេញទៅច្បាំងនឹងសត្រូវរបស់យើងផង»។ ២១ ក្រោយពីសាំយូអែលបានស្ដាប់ពាក្យទាំងអស់របស់បណ្ដាជនហើយ គាត់បាននាំពាក្យទាំងនោះទៅជម្រាបព្រះយេហូវ៉ា។ ២២ ព្រះយេហូវ៉ាមានប្រសាសន៍ទៅសាំយូអែលថា៖ «ចូរធ្វើតាមពួកគេ ហើយតែងតាំងស្ដេចម្នាក់ឲ្យគ្រប់គ្រងលើពួកគេចុះ»។+ រួចមក សាំយូអែលនិយាយទៅកាន់ជនជាតិអ៊ីស្រាអែលថា៖ «ចូរអ្នករាល់គ្នាត្រឡប់ទៅឯក្រុងរៀងៗខ្លួនវិញ»។