អ្នកសម្រេចក្ដី
១៨ នៅសម័យនោះ មិនមានស្ដេចក្នុងស្រុកអ៊ីស្រាអែលទេ។+ ដំណាលគ្នានោះដែរ កុលសម្ព័ន្ធដាន់+កំពុងធ្វើដំណើរស្វែងរកទឹកដីដើម្បីអាស្រ័យនៅ ពីព្រោះពួកគេមិនទាន់បានកាន់កាប់ទឹកដីទាំងមូលដែលជាមត៌ករបស់ពួកគេ ដូចកុលសម្ព័ន្ធឯទៀតក្នុងស្រុកអ៊ីស្រាអែលឡើយ។+
២ មនុស្សក្នុងកុលសម្ព័ន្ធដាន់ចាត់បុរសដែលមានសមត្ថភាពប្រាំនាក់ក្នុងវង្សត្រកូលពួកគេពីក្រុងសូរ៉ានិងក្រុងអែសថោល+ ឲ្យទៅស៊ើបអង្កេតនិងពិនិត្យមើលទឹកដី។ ពួកគេបង្គាប់បុរសទាំងនោះថា៖ «ចូរទៅពិនិត្យមើលទឹកដី»។ ពេលបុរសទាំងនោះធ្វើដំណើរទៅដល់ផ្ទះរបស់មីកា នៅតំបន់ភ្នំស្រុកអេប្រាអ៊ីម+ ពួកគេក៏គេងនៅទីនោះ។ ៣ កាលដែលពួកគេនៅជិតផ្ទះរបស់មីកា ពួកគេបានឮសំឡេងរបស់យុវជនជាកូនចៅលេវីនោះ។ ដូច្នេះ ពួកគេទៅជួបគាត់ ហើយសួរថា៖ «តើអ្នកណានាំអ្នកមកផ្ទះនេះ? តើអ្នកមកធ្វើអ្វី? ហេតុអ្វីអ្នកស្នាក់នៅទីនេះ?»។ ៤ គាត់ក៏ប្រាប់ពួកគេអំពីអ្វីដែលមីកាបានធ្វើសម្រាប់គាត់ ហើយនិយាយថែមទៀតថា៖ «មីកាបានជួលខ្ញុំឲ្យធ្វើជាសង្ឃរបស់គាត់»។+ ៥ រួចពួកគេនិយាយទៅគាត់ថា៖ «សូមសួរព្រះឲ្យពួកយើងបន្តិចថា ការធ្វើដំណើររបស់ពួកយើងនឹងបានជោគជ័យឬយ៉ាងណា»។ ៦ សង្ឃនោះឆ្លើយថា៖ «សូមទៅឲ្យបានសេចក្ដីសុខចុះ។ ព្រះយេហូវ៉ានឹងនៅជាមួយនឹងអ្នកក្នុងការធ្វើដំណើរនេះ»។
៧ ដូច្នេះ បុរសប្រាំនាក់នោះក៏បន្តដំណើរ ហើយបានទៅដល់ក្រុងឡាអ៊ីស។+ ពួកគេសង្កេតឃើញថាបណ្ដាជនក្នុងក្រុងនោះរស់នៅដោយមិនពឹងពាក់ស្រុកណាឡើយ ដូចពួកអ្នកក្រុងស៊ីដូនដែរ។ ពួកគេរស់នៅដោយស្ងៀមស្ងាត់ និងដោយមិនមានអ្វីការពារខ្លួនឡើយ។+ ម្យ៉ាងទៀត មិនមានសត្រូវឯណាមករុករានឬរំខានពួកគេទេ។ ពួកគេរស់នៅឆ្ងាយពីក្រុងស៊ីដូន ហើយពួកគេគ្មានទំនាក់ទំនងជាមួយនឹងអ្នកណាទាំងអស់។
៨ ពេលបុរសប្រាំនាក់នោះត្រឡប់មកជួបបងប្អូនរបស់ពួកគេនៅក្រុងសូរ៉ានិងក្រុងអែសថោលវិញ+ បងប្អូនរបស់ពួកគេសួរថា៖ «តើទៅពិនិត្យមើលទឹកដីយ៉ាងណាដែរ?»។ ៩ ពួកគេឆ្លើយថា៖ «យើងបានឃើញថាទឹកដីនោះល្អណាស់។ ដូច្នេះ ចូរយើងឡើងទៅច្បាំងនឹងពួកគេ។ កុំអែអង់យូរឡើយ ចូរប្រញាប់ទៅចាប់យកទឹកដីនោះចុះ។ ១០ ពេលទៅដល់ អ្នករាល់គ្នានឹងឃើញថាបណ្ដាជនទាំងនោះមិនមានអ្វីការពារខ្លួនទេ។+ រីឯទឹកដីវិញគឺធំល្វឹងល្វើយ ហើយមានអ្វីៗសព្វបែបយ៉ាង។ ព្រះបានប្រគល់ទឹកដីនោះមកក្នុងកណ្ដាប់ដៃរបស់អ្នករាល់គ្នាហើយ»។+
១១ បន្ទាប់មក បុរសពីកុលសម្ព័ន្ធដាន់ ចំនួន៦០០នាក់ប្រដាប់ដោយគ្រឿងចម្បាំង បានធ្វើដំណើរចាកចេញពីក្រុងសូរ៉ានិងក្រុងអែសថោល។+ ១២ ពួកគេបានឡើងទៅបោះជំរំនៅខាងលិច ជិតក្រុងគារីអាតយារីម+ស្រុកយូដា។ នេះជាមូលហេតុដែលគេហៅកន្លែងនោះថាម៉ាហានេដាន់*+រហូតដល់សព្វថ្ងៃ។ ១៣ រួចមក ពួកគេធ្វើដំណើរចេញពីទីនោះ ឆ្ពោះទៅតំបន់ភ្នំស្រុកអេប្រាអ៊ីម ហើយទៅដល់ផ្ទះរបស់មីកា។+
១៤ ក្រោយមក បុរសប្រាំនាក់ដែលបានស៊ើបអង្កេតមើលទឹកដីក្រុងឡាអ៊ីស+ និយាយទៅកាន់បងប្អូនរបស់ពួកគេថា៖ «អ្នករាល់គ្នាដឹងទេ ក្នុងផ្ទះទាំងនោះមានអាវអេផូឌ រូបធេរ៉ាភីម* រូបឆ្លាក់ និងរូបសំណាក។*+ សូមគិតទៅថាអ្នករាល់គ្នាចង់ធ្វើយ៉ាងណា»។ ១៥ ដូច្នេះ ពួកគេក៏ផ្អាកដំណើរនៅទីនោះ។ រួចបុរសប្រាំនាក់ទៅផ្ទះរបស់មីកា ហើយសួរសុខទុក្ខយុវជនដែលជាកូនចៅលេវី។+ ១៦ អំឡុងពេលនោះ បុរស៦០០នាក់ពីកុលសម្ព័ន្ធដាន់+ដែលប្រដាប់ដោយគ្រឿងចម្បាំង ឈរត្រៀបត្រានៅច្រកចូល។ ១៧ រួចបុរសប្រាំនាក់ដែលបានស៊ើបអង្កេតមើលទឹកដី+ បានចូលទៅខាងក្នុង ដើម្បីប្រមូលយករូបឆ្លាក់ អាវអេផូឌ+ រូបធេរ៉ាភីម+ និងរូបសំណាក+ (ពេលនោះ យុវជនលេវីដែលជាសង្ឃ+កំពុងឈរនៅច្រកចូលជាមួយនឹងបុរស៦០០នាក់ដែលប្រដាប់ដោយគ្រឿងចម្បាំង) ១៨ ពួកគេបានចូលទៅខាងក្នុងផ្ទះរបស់មីកា ហើយយករូបឆ្លាក់ អាវអេផូឌ រូបធេរ៉ាភីម និងរូបសំណាកចេញមកក្រៅ។ ពេលឃើញដូច្នោះ សង្ឃសួរពួកគេថា៖ «តើពួកអ្នកកំពុងធ្វើអ្វី?»។ ១៩ ប៉ុន្តែ ពួកគេតបថា៖ «ឈប់និយាយ នៅឲ្យស្ងៀម ហើយមកធ្វើជាទីប្រឹក្សានិងជាសង្ឃរបស់ពួកយើង។ អ្នកគិតទៅមើល រវាងការធ្វើជាសង្ឃរបស់ក្រុមគ្រួសារមួយ+ និងការធ្វើជាសង្ឃរបស់វង្សត្រកូលមួយ ឬរហូតដល់ធ្វើជាសង្ឃរបស់កុលសម្ព័ន្ធមួយក្នុងស្រុកអ៊ីស្រាអែល+ តើមួយណាល្អជាង?»។ ២០ ពេលឮដូច្នេះ សង្ឃនោះក៏ពេញចិត្ត ហើយគាត់យកអាវអេផូឌ រូបធេរ៉ាភីម និងរូបឆ្លាក់+ រួចចេញទៅជាមួយនឹងពួកគេ។
២១ ពេលដែលពួកគេចាកចេញទៅ ពួកគេដឹកហ្វូងសត្វនិងរបស់មានតម្លៃ ព្រមទាំងឲ្យកូនៗដើរនៅខាងមុខពួកគេផង។ ២២ កាលដែលចេញទៅឆ្ងាយបន្តិចពីផ្ទះរបស់មីកា ពួកអ្នកជិតខាងមីកាបានប្រមូលគ្នាដេញតាមពួកកុលសម្ព័ន្ធដាន់ ហើយក៏តាមទាន់ពួកគេ។ ២៣ ពួកអ្នកជិតខាងទាំងនោះស្រែកហៅពួកកុលសម្ព័ន្ធដាន់ ហើយពួកកុលសម្ព័ន្ធដាន់ក៏បែរក្រោយ រួចសួរមីកាថា៖ «តើមានរឿងអ្វី? ហេតុអ្វីអ្នកប្រមូលគ្នាដេញតាមយើងដូច្នេះ?»។ ២៤ មីកាឆ្លើយថា៖ «ពួកអ្នកបានយករូបព្រះរបស់ខ្ញុំ ថែមទាំងនាំសង្ឃរបស់ខ្ញុំទៅទៀត ហើយនៅមានមុខមកសួរខ្ញុំថា៖ ‹តើមានរឿងអ្វីដូច្នេះ?›។ ឥឡូវ ខ្ញុំគ្មានសល់អ្វីទេ»។ ២៥ ពួកកុលសម្ព័ន្ធដាន់ឆ្លើយថា៖ «កុំមកស្រែកគំហកដាក់យើង! ក្រែងលោមានបុរសខ្លះខឹង ហើយអាចលើកដៃប្រហារធ្វើឲ្យអ្នករាល់គ្នា និងក្រុមគ្រួសាររបស់អ្នករាល់គ្នាស្លាប់អស់ទៅ»។ ២៦ ពេលមីកាឃើញថាពួកគេមានកម្លាំងច្រើនជាងខ្លួន គាត់ក៏ត្រឡប់ទៅផ្ទះវិញ។ ដូច្នេះ ពួកកុលសម្ព័ន្ធដាន់បន្តដំណើរទៅមុខទៀត។
២៧ ក្រោយពីពួកគេយករូបព្រះនិងសង្ឃរបស់មីកា ពួកគេក៏ធ្វើដំណើរទៅក្រុងឡាអ៊ីស។+ នោះជាក្រុងដែលមានបណ្ដាជនរស់នៅដោយស្ងៀមស្ងាត់ និងដោយមិនមានអ្វីការពារខ្លួន។+ ពេលទៅដល់ ពួកគេបានសម្លាប់ពួកអ្នកក្រុង ហើយដុតបំផ្លាញក្រុងនោះចោល។ ២៨ ដោយសារក្រុងនោះនៅឆ្ងាយពីក្រុងស៊ីដូន ដូច្នេះមិនមានអ្នកណាមកជួយសង្គ្រោះក្រុងនោះឡើយ ហើយពួកអ្នកក្រុងនោះគ្មានទំនាក់ទំនងជាមួយនឹងអ្នកណាទាំងអស់។ ម្យ៉ាងទៀត ក្រុងនោះមានទីតាំងនៅវាលទំនាបដែលជាកម្មសិទ្ធិរបស់ក្រុងបេតរេហុប។+ រួចមក ពួកបុរសកុលសម្ព័ន្ធដាន់ក៏សង់ក្រុងនោះឡើងវិញ ហើយចូលទៅអាស្រ័យនៅក្នុងក្រុងនោះ។ ២៩ បន្ថែមទៀត ពួកគេដាក់ឈ្មោះក្រុងនោះថាដាន់+ តាមឈ្មោះបុព្វបុរសរបស់ពួកគេគឺដាន់ដែលជាកូនរបស់អ៊ីស្រាអែល។+ រីឯឈ្មោះចាស់របស់ក្រុងនោះគឺឡាអ៊ីស។+ ៣០ ក្រោយមក កុលសម្ព័ន្ធដាន់ក៏តម្កល់រូបឆ្លាក់+ទុកសម្រាប់ពួកគេនៅក្រុងនោះ។ ចំណែកយ៉ូណាថាននិងកូនចៅរបស់គាត់ បានទៅជាសង្ឃរបស់កុលសម្ព័ន្ធដាន់រហូតដល់ថ្ងៃដែលមនុស្សនៅក្រុងនោះត្រូវនិរទេសចេញ។ យ៉ូណាថាន+ជាកូនចៅរបស់គើសោម+ដែលជាកូនម៉ូសេ។ ៣១ ម្ល៉ោះហើយ រូបឆ្លាក់របស់មីកាបានត្រូវតម្កល់ទុកនៅក្រុងនោះ ក្នុងអំឡុងពេលដែលត្រសាលរបស់ព្រះពិតនៅក្រុងស៊ីឡូរ។+