យ៉ូអែល
១ ព្រះយេហូវ៉ាមានប្រសាសន៍ទៅកាន់យ៉ូអែល*ជាកូនភេធូអែលថា៖
២ «ពួកអ្នកចាស់ទុំអើយ! ចូរស្ដាប់ចុះ!
ពួកអ្នកស្រុកទាំងមូលអើយ! ចូរយកចិត្តទុកដាក់ស្ដាប់។
ក្នុងគ្រារបស់អ្នករាល់គ្នា តើធ្លាប់មានរឿងនេះកើតឡើងឬ?
ចុះក្នុងគ្រាបុព្វបុរសរបស់អ្នករាល់គ្នាវិញ តើធ្លាប់មានរឿងនេះដែរឬទេ?+
៣ ចូររៀបរាប់ហេតុការណ៍នេះប្រាប់ដល់កូនៗរបស់អ្នករាល់គ្នា
ហើយឲ្យពួកគេប្រាប់ដល់កូនចៅរបស់ខ្លួន
រួចឲ្យកូនចៅទាំងនោះប្រាប់ដល់ជំនាន់ក្រោយៗទៀត។
៤ អ្វីៗដែលសល់ពីហ្វូងកណ្ដូប*ដំបូងស៊ីបំផ្លាញ នោះកណ្ដូបមួយហ្វូងទៀតនឹងហើរមកស៊ីបង្ហិន+
អ្វីៗដែលសល់ពីកណ្ដូបហើរចូលស៊ី នោះកូនកណ្ដូបស៊ីបង្ខូច
អ្វីៗដែលសល់ពីកូនកណ្ដូប នោះកណ្ដូបឯទៀតមកស៊ីបំផ្លាញអស់។+
៥ ឱមនុស្សប្រមឹកអើយ!+ ចូរក្រោកឡើង ហើយស្រែកយំទៅ!
ឱពួកអ្នកផឹកស្រាអើយ! ចូរទ្រហោយំចុះ!
ព្រោះនឹងលែងមានស្រាផ្អែមផឹកទៀតហើយ។+
៦ ព្រោះមានទ័ពកណ្ដូបមួយកងធំចូលមកក្នុងទឹកដីរបស់ខ្ញុំ ជាកងទ័ពខ្លាំងក្លា ហើយមានចំនួនច្រើនឥតគណនា។+
ធ្មេញពួកវាដូចជាធ្មេញតោ+ ហើយថ្គាមពួកវាដូចជាថ្គាមសិង្ហ។
៧ ពួកវាស៊ីបំផ្លាញដើមទំពាំងបាយជូររបស់ខ្ញុំ ហើយស៊ីដើមល្វាខ្ញុំអស់សល់តែគល់។
ពួកវាស៊ីសម្បកឈើទម្លាក់ចោលអស់រលីង
បន្សល់ទុកតែបណ្ដូលសៗប៉ុណ្ណោះ។
៨ ចូរទ្រហោយំដូចជាកូនក្រមុំដែលស្លៀកបាវ
យំស្ដាយស្រណោះកូនកំលោះ។
៩ នៅវិហារព្រះយេហូវ៉ាលែងមានការជូនគ្រឿងបូជាពីស្រូវ+និងការជូនគ្រឿងបូជាជាស្រា+ទៀតហើយ។
រីឯពួកសង្ឃដែលបម្រើព្រះយេហូវ៉ា ពួកគេយំកាន់ទុក្ខ។
១០ វាលស្រែបានត្រូវបំផ្លាញ ហើយដីក៏យំកាន់ទុក្ខ+
ព្រោះស្រូវបានហិនវិនាសអស់ ហើយស្រាថ្មីនិងប្រេងក៏លែងមានទៀត។+
១១ ពួកកសិករបាក់ទឹកចិត្ត ហើយពួកអ្នកថែចម្ការទំពាំងបាយជូរទ្រហោយំ
ដោយសារស្រូវសាលី និងស្រូវបាលី
និងភោគផលទាំងប៉ុន្មាននៅឯវាលបានហិនវិនាសអស់។
១២ ដើមទំពាំងបាយជូរបានស្វិតស្រពោន
ហើយដើមល្វាបានក្រៀមស្វិតទៅ។
ឯដើមទទឹម ដើមលម៉ើ និងដើមប៉ោម
ព្រមទាំងដើមឈើទាំងឡាយនៅឯវាលបានងាប់អស់។+
បណ្ដាជនលែងមានអំណរទៀត មានតែសេចក្ដីអាម៉ាស់ប៉ុណ្ណោះ។
១៣ ឱពួកសង្ឃអើយ! ចូរស្លៀកបាវហើយយំកាន់ទុក្ខ។*
ឱពួកអ្នកបម្រើនៅទីបូជាអើយ! ចូរទ្រហោយំទៅ!+
ឱពួកអ្នកបម្រើព្រះនៃខ្ញុំអើយ! ចូរនាំគ្នាចូលមក ហើយស្លៀកបាវពេញមួយយប់
ព្រោះលែងមានការជូនគ្រឿងបូជាពីស្រូវ+និងការជូនគ្រឿងបូជាជាស្រា+នៅវិហាររបស់ព្រះនៃអ្នករាល់គ្នាទៀតហើយ។
១៤ ចូរប្រកាសឲ្យមានការតមអាហារ ហើយហៅបណ្ដាជនឲ្យមកចូលរួមការប្រជុំពិសេស។+
ចូរអញ្ជើញពួកអ្នកចាស់ទុំ ព្រមទាំងអ្នកស្រុកទាំងអស់
ឲ្យមកឯវិហាររបស់ព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា+ហើយស្រែកសុំជំនួយពីព្រះយេហូវ៉ា។
១៥ វេទនាហើយ! ព្រោះថ្ងៃនោះមកកាន់តែកៀកណាស់ហើយ!
គឺថ្ងៃរបស់ព្រះយេហូវ៉ាជិតមកដល់ហើយ។+
ថ្ងៃនោះនឹងមកទាំងនាំការបំផ្លិចបំផ្លាញពីព្រះដែលមានឫទ្ធានុភាពខ្លាំងក្លាបំផុត។
១៦ ស្បៀងអាហារបានបាត់អស់ពីមុខយើង មែនទេ?
ហើយក៏លែងមានអំណរនិងការសប្បាយរីករាយនៅវិហាររបស់ព្រះនៃយើងទៀតដែរ។
១៧ នៅក្រោមប៉ែលមានសុទ្ធតែគ្រាប់ពូជក្រៀមស្វិត។*
ចំណែកឃ្លាំងនានាត្រូវគេទុកចោល
ហើយជង្រុកទាំងប៉ុន្មានត្រូវគេរំលំអស់ ព្រោះលែងមានស្រូវទៀត។
១៨ រីឯហ្វូងសត្វវិញ ពួកវាក៏ស្រែកថ្ងូរ។
ហ្វូងគោដើរខ្ចាត់ព្រាត់ ព្រោះគ្មានវាលស្មៅសោះ!
ហើយសូម្បីតែហ្វូងចៀមក៏រងទុក្ខដែរ។
១៩ ឱព្រះយេហូវ៉ាអើយ! ខ្ញុំនឹងស្រែកហៅរកលោក+
ព្រោះភ្លើងបានឆេះបំផ្លាញវាលស្មៅនៅតំបន់ស្ងាត់ជ្រងំ
ហើយអណ្ដាតភ្លើងបានឆាបឆេះដើមឈើទាំងអស់នៅឯវាល។
២០ សូម្បីតែសត្វព្រៃក៏សម្លឹងមើលទៅលោកដោយសេចក្ដីស្រេកឃ្លានដែរ
ព្រោះផ្លូវទឹកទាំងប៉ុន្មានបានរីងស្ងួតអស់
ហើយភ្លើងបានឆេះបំផ្លាញវាលស្មៅនៅតំបន់ស្ងាត់ជ្រងំអស់គ្មានសល់»។