យេរេមា
១៦ ព្រះយេហូវ៉ាមានប្រសាសន៍មកខ្ញុំម្ដងទៀតថា៖ ២ «អ្នកមិនត្រូវរៀបការ ហើយក៏មិនត្រូវមានកូនប្រុសកូនស្រីក្នុងស្រុកនេះទេ។ ៣ ព្រោះស្ដីអំពីកូនប្រុសកូនស្រីដែលកើតក្នុងស្រុកនេះ និងម្ដាយដែលបានសម្រាលពួកគេ ព្រមទាំងឪពុកដែលបានបង្កើតពួកគេ ខ្ញុំយេហូវ៉ាមានប្រសាសន៍ថា៖ ៤ ‹ពួកគេនឹងស្លាប់ទៅដោយជំងឺសាហាវៗ+ តែគ្មាននរណាយំកាន់ទុក្ខពួកគេ ឬយកពួកគេទៅបញ្ចុះទេ ពួកគេនឹងទៅជាជីនៅលើដី។+ ឯអ្នកដែលនៅសល់ ពួកគេនឹងវិនាសទៅដោយដាវនិងការអត់ឃ្លាន+ ហើយសពពួកគេនឹងទៅជាចំណីដល់សត្វស្លាបនៅលើមេឃនិងសត្វសាហាវនៅលើដី›។
៥ ព្រោះព្រះយេហូវ៉ាមានប្រសាសន៍ថា៖
‹កុំចូលទៅក្នុងផ្ទះដែលមានពិធីបុណ្យសពឡើយ
ហើយក៏កុំយំទួញឬចូលរួមរំលែកទុក្ខពួកគេដែរ›។+
ព្រះយេហូវ៉ាប្រកាសថា៖ ‹ព្រោះខ្ញុំបានដកសេចក្ដីសុខសាន្តចេញពីចំណោមរាស្ត្ររបស់ខ្ញុំ
ហើយក៏លែងបង្ហាញសេចក្ដីមេត្តាករុណានិងសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ដល់ពួកគេទៀតដែរ។+
៦ មនុស្សនឹងស្លាប់ក្នុងស្រុកនេះ គឺទាំងអ្នកតូចទាំងអ្នកធំ។
គ្មាននរណានឹងយកសពពួកគេទៅបញ្ចុះ ឬយំស្រណោះពួកគេទេ
ហើយក៏គ្មាននរណានឹងឆូតសាច់ខ្លួន ឬកោរសក់កាន់ទុក្ខពួកគេដែរ។*
៧ គ្មាននរណាផ្ដល់អាហារដល់អ្នកកាន់ទុក្ខ ដើម្បីសម្រាលទុក្ខពួកគេទេ។
គ្មាននរណាជូនពែងនៃការសម្រាលទុក្ខ
ដើម្បីឲ្យពួកគេផឹកក្នុងពិធីបុណ្យសពឪពុកម្ដាយពួកគេឡើយ។
៨ កុំចូលក្នុងផ្ទះដែលមានពិធីជប់លៀង
ហើយអង្គុយបរិភោគជាមួយនឹងពួកគេឲ្យសោះ›។
៩ «ព្រោះព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌និងជាព្រះនៃជនជាតិអ៊ីស្រាអែល មានប្រសាសន៍ថា៖ ‹នៅគ្រាអ្នក និងនៅចំពោះមុខអ្នក ខ្ញុំនឹងធ្វើឲ្យលែងមានសម្រែកហ៊ោកញ្ជ្រៀវនៅស្រុកនេះទៀត ព្រមទាំងលែងមានសម្រែកអរសប្បាយរបស់កូនកំឡោះនិងកូនក្រមុំទៀតហើយ›។+
១០ «ពេលអ្នកប្រាប់ពាក្យទាំងនេះដល់បណ្ដាជន ពួកគេនឹងសួរអ្នកថា៖ ‹ហេតុអ្វីព្រះយេហូវ៉ាចេះតែមានប្រសាសន៍អំពីអន្តរាយដ៏ធំមកលើយើងដូច្នេះ? តើយើងបានធ្វើខុសអ្វីទាស់នឹងព្រះយេហូវ៉ាជាព្រះរបស់យើងទៅ?›។+ ១១ អ្នកត្រូវតបទៅពួកគេវិញថា៖ ‹ព្រះយេហូវ៉ាប្រកាសថា៖ «នេះគឺដោយសារបុព្វបុរសអ្នករាល់គ្នាបានបោះបង់ចោលខ្ញុំ+ ហើយកាន់តាមព្រះដទៃ និងគោរពបម្រើព្រះទាំងនោះ។+ ពួកគេបានបោះបង់ចោលខ្ញុំ ហើយមិនធ្វើតាមច្បាប់របស់ខ្ញុំទេ។+ ១២ រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាបានប្រព្រឹត្តអាក្រក់ជាងបុព្វបុរសរបស់អ្នករាល់គ្នាទៅទៀត+ គឺចេះតែធ្វើតាមចិត្តរឹងចចេសនិងចិត្តអាក្រក់របស់ខ្លួន ហើយមិនបានស្ដាប់បង្គាប់ខ្ញុំសោះ។+ ១៣ ម្ល៉ោះហើយ ខ្ញុំនឹងបណ្ដេញអ្នករាល់គ្នាចេញពីស្រុកនេះឲ្យទៅរស់នៅស្រុកដទៃ ដែលអ្នករាល់គ្នានិងបុព្វបុរសរបស់អ្នករាល់គ្នាមិនដែលស្គាល់ឡើយ។+ នៅទីនោះ អ្នករាល់គ្នានឹងបម្រើព្រះឯទៀតទាំងយប់ទាំងថ្ងៃ+ ព្រោះខ្ញុំនឹងមិនបង្ហាញចិត្តអាណិតអាសូរដល់អ្នករាល់គ្នាទៀតទេ»›។
១៤ «ព្រះយេហូវ៉ាប្រកាសថា៖ ‹ទោះជាយ៉ាងនោះក៏ដោយ នឹងមានគ្រាមួយដែលពួកគេនឹងលែងស្បថថា៖ «ដូចព្រះយេហូវ៉ាដែលមានជីវិតរស់នៅ ជាព្រះដែលបាននាំប្រជាជាតិអ៊ីស្រាអែលចេញពីស្រុកអេហ្ស៊ីប!»។+ ១៥ ផ្ទុយទៅវិញ ពួកគេនឹងប្រើពាក្យសម្បថដែលថា៖ «ដូចព្រះយេហូវ៉ាដែលមានជីវិតរស់នៅ ជាព្រះដែលបាននាំប្រជាជាតិអ៊ីស្រាអែលពីស្រុកដែលនៅភាគខាងជើង និងពីស្រុកទាំងឡាយដែលលោកបានកម្ចាត់កម្ចាយពួកគេ!»។ ពេលនោះ ខ្ញុំនឹងនាំរាស្ត្រខ្ញុំត្រឡប់មកស្រុករបស់ពួកគេវិញ ជាស្រុកដែលខ្ញុំបានប្រគល់ឲ្យបុព្វបុរសរបស់ពួកគេ›។+
១៦ ព្រះយេហូវ៉ាប្រកាសថា៖ ‹មើល! ខ្ញុំនឹងចាត់គេឲ្យទៅហៅពួកអ្នកនេសាទជាច្រើន
ឲ្យមកនេសាទរាស្ត្រខ្ញុំដូចជានេសាទត្រី។
ខ្ញុំនឹងចាត់គេឲ្យទៅហៅនាយព្រានជាច្រើន
ឲ្យមកតាមបរបាញ់រាស្ត្រខ្ញុំនៅគ្រប់ភ្នំនិងទីទួលទាំងប៉ុន្មាន
ព្រមទាំងនៅតាមក្រហែងថ្មផងដែរ។
១៧ ព្រោះខ្ញុំឃើញការប្រព្រឹត្តគ្រប់យ៉ាងរបស់ពួកគេ
គ្មានអ្វីមួយអាចលាក់កំបាំងពីភ្នែកខ្ញុំឡើយ
សូម្បីតែកំហុសឆ្គងទាំងអស់របស់ពួកគេ ក៏ខ្ញុំឃើញដែរ។
១៨ ដំបូង ខ្ញុំនឹងសងពួកគេឲ្យសមនឹងអំពើរំលងនិងអំពើខុសឆ្គងរបស់ពួកគេ+
ព្រោះពួកគេបានធ្វើឲ្យស្រុករបស់ខ្ញុំទៅជាស្មោកគ្រោកដោយរូបព្រះឥតជីវិតនិងដ៏គួរឲ្យស្អប់ខ្ពើម
ហើយធ្វើឲ្យស្រុកដែលជាកម្មសិទ្ធិរបស់ខ្ញុំពេញទៅដោយអ្វីដែលគួរឲ្យខ្ពើមរអើម›»។+
១៩ ឱព្រះយេហូវ៉ាអើយ! លោកជាកម្លាំងនិងជាបន្ទាយដ៏រឹងមាំរបស់ខ្ញុំ
ជាកន្លែងដែលខ្ញុំអាចរត់ទៅពឹងជ្រកនៅគ្រាលំបាក។+
ប្រជាជាតិទាំងឡាយនឹងមកហូរហែពីចុងផែនដី មកឯលោក
ពួកគេនឹងនិយាយថា៖ «បុព្វបុរសរបស់យើងបានធ្វើតាមទំនៀមទម្លាប់ក្នុងការគោរពបូជារូបព្រះ*
គឺជាអ្វីដែលឥតបានការនិងគ្មានប្រយោជន៍ទាល់តែសោះ»។+
២០ តើមនុស្សអាចបង្កើតព្រះណាមួយសម្រាប់ខ្លួនបានទេ?
អ្វីដែលគាត់ធ្វើនោះមិនមែនជាព្រះពិតទេ។+
២១ «ដូច្នេះ នៅគ្រានេះខ្ញុំនឹងបង្ហាញឲ្យពួកគេឃើញ
គឺឃើញថាមពលនិងឫទ្ធានុភាពដ៏ខ្លាំងក្លារបស់ខ្ញុំ
នោះពួកគេនឹងដឹងថានាមខ្ញុំគឺយេហូវ៉ា»។