បណ្ដាស្ដេចទី១
១៩ រួចមក អាហាប់+បានប្រាប់យេសិបិល+នូវអ្វីគ្រប់យ៉ាងដែលអេលីយ៉ាបានធ្វើ ព្រមទាំងអំពីការដែលគាត់សម្លាប់ពួកអ្នកប្រកាសទំនាយទាំងអស់។+ ២ ដូច្នេះ យេសិបិលបានចាត់អ្នកនាំសារម្នាក់ឲ្យទៅប្រាប់អេលីយ៉ាថា៖ «ថ្ងៃស្អែកថ្មើរនេះ បើខ្ញុំមិនប្រព្រឹត្តទៅលើអ្នកដូចអ្នកប្រព្រឹត្តទៅលើពួកអ្នកប្រកាសទំនាយទាំងនោះទេ នោះសូមឲ្យព្រះទាំងប៉ុន្មានដាក់ទោសខ្ញុំយ៉ាងធ្ងន់ចុះ»។ ៣ ពេលឮដូច្នោះ អេលីយ៉ាបានក្រោកឡើងរត់គេចឲ្យរួចជីវិត ទាំងភ័យខ្លាចជាខ្លាំង។+ គាត់បានរត់ទៅដល់បៀរសេបា+ជាទឹកដីស្រុកយូដា+ ហើយគាត់បានទុកអ្នកបម្រើរបស់គាត់ឲ្យនៅទីនោះ។ ៤ គាត់បានធ្វើដំណើរពេញមួយថ្ងៃក្នុងតំបន់ស្ងាត់ជ្រងំ ហើយបានអង្គុយសម្រាកនៅក្រោមដើមឈើមួយ។* បន្ទាប់មក គាត់បានអង្វរសុំឲ្យខ្លួនគាត់ស្លាប់ ដោយនិយាយថា៖ «ឱព្រះយេហូវ៉ាអើយ! ល្មមហើយ សូមយកជីវិតខ្ញុំទៅ+ ព្រោះខ្ញុំមិនវិសេសជាងបុព្វបុរសរបស់ខ្ញុំទេ»។
៥ បន្ទាប់មក គាត់បានទម្រេតខ្លួន ហើយដេកលក់ក្រោមដើមឈើនោះទៅ។ ពេលនោះ ស្រាប់តែមានទេវតាមួយមកដាស់គាត់+ ហើយនិយាយថា៖ «ចូរក្រោកឡើងបរិភោគសិន»។+ ៦ ខណៈនោះ គាត់ក៏បើកភ្នែកឡើង ហើយឃើញមាននំដុតមួយដុំនៅលើថ្មក្ដៅ និងទឹកមួយក្អមនៅក្បែរក្បាលដំណេក។ គាត់បានក្រោកឡើងបរិភោគនំនិងផឹកទឹកនោះ រួចក៏ដេកទៅវិញ។ ៧ ក្រោយមក ទេវតារបស់ព្រះយេហូវ៉ាបានមកវិញជាលើកទី២ ហើយដាស់គាត់ថា៖ «ចូរក្រោកឡើងបរិភោគសិន ព្រោះផ្លូវដែលអ្នកត្រូវធ្វើដំណើរនោះឆ្ងាយហួសពីកម្លាំងរបស់អ្នក»។ ៨ ដូច្នេះ អេលីយ៉ាបានក្រោកឡើង ហើយក៏បរិភោគ។ ដោយសារអាហារនោះគាត់មានកម្លាំងធ្វើដំណើរអស់រយៈពេល៤០ថ្ងៃ៤០យប់ រហូតទៅដល់ភ្នំហូរែបជាភ្នំរបស់ព្រះពិត។+
៩ នៅទីនោះ គាត់បានចូលទៅសម្រាកក្នុងរអាងភ្នំមួយ។+ នៅយប់នោះ ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅកាន់គាត់ថា៖ «អេលីយ៉ា តើអ្នកមកទីនេះធ្វើអ្វី?»។ ១០ គាត់ក៏បានឆ្លើយតបថា៖ «ខ្ញុំមានចិត្តខ្នះខ្នែងជាខ្លាំងចំពោះព្រះយេហូវ៉ាជាព្រះនៃបណ្ដាកងទ័ពស្ថានសួគ៌+ ព្រោះបណ្ដាជនអ៊ីស្រាអែលមិនបានធ្វើតាមកិច្ចព្រមព្រៀងរបស់លោក+ ហើយក៏បានបំបាក់បំបែកទីបូជារបស់លោកដែរ។ ឯអ្នកប្រកាសទំនាយរបស់លោកវិញ ត្រូវគេសម្លាប់អស់ហើយ+ សល់តែខ្ញុំម្នាក់ប៉ុណ្ណោះ ហើយឥឡូវពួកគេកំពុងតាមសម្លាប់ខ្ញុំទៀត»។+ ១១ ប៉ុន្តែ ព្រះបានមានប្រសាសន៍ថា៖ «ចូរចេញទៅឈរលើភ្នំ នៅចំពោះព្រះយេហូវ៉ា»។ រំពេចនោះ ព្រះយេហូវ៉ាឆ្លងកាត់មុខអេលីយ៉ា+ ហើយមានខ្យល់ព្យុះយ៉ាងខ្លាំងបំបាក់បំបែកភ្នំនិងផ្ទាំងថ្មខ្ទេចខ្ទីអស់នៅចំពោះព្រះយេហូវ៉ា។+ ប៉ុន្តែ ព្រះយេហូវ៉ាមិននៅក្នុងខ្យល់នោះទេ។ បន្ទាប់ពីខ្យល់ ក៏មានរញ្ជួយដី+ តែព្រះយេហូវ៉ាមិននៅក្នុងដីដែលរញ្ជួយនោះទេ។ ១២ ក្រោយពីរញ្ជួយដី ក៏មានភ្លើងឆេះ+ តែព្រះយេហូវ៉ាមិននៅក្នុងភ្លើងនោះទេ។ ក្រោយពីភ្លើង ក៏មានឮសំឡេងស្រាលស្រទន់។+ ១៣ ក្រោយពីអេលីយ៉ាបានឮសំឡេងនោះភ្លាម គាត់ក៏បានទាញអាវ*មកបាំងមុខ+ ហើយចេញទៅឈរនៅមាត់រអាង។ រួចមានសំឡេងមួយសួរគាត់ថា៖ «អេលីយ៉ា តើអ្នកមកទីនេះធ្វើអ្វី?»។ ១៤ គាត់ក៏បានតបឆ្លើយវិញថា៖ «ខ្ញុំមានចិត្តខ្នះខ្នែងជាខ្លាំងចំពោះព្រះយេហូវ៉ាជាព្រះនៃបណ្ដាកងទ័ពស្ថានសួគ៌ ព្រោះបណ្ដាជនអ៊ីស្រាអែលមិនបានធ្វើតាមកិច្ចព្រមព្រៀងរបស់លោក+ ហើយក៏បានបំបាក់បំបែកទីបូជារបស់លោកដែរ។ ឯអ្នកប្រកាសទំនាយរបស់លោកវិញ ត្រូវគេសម្លាប់អស់ហើយ សល់តែខ្ញុំម្នាក់ប៉ុណ្ណោះ ហើយឥឡូវពួកគេកំពុងតាមសម្លាប់ខ្ញុំទៀត»។+
១៥ ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅកាន់គាត់ថា៖ «ចូរត្រឡប់ទៅវិញ ទៅតំបន់ស្ងាត់ជ្រងំនៃក្រុងដាម៉ាស់។ ពេលទៅដល់ទីនោះ ចូរចាក់ប្រេងតែងតាំងហាសេអែល+ឲ្យធ្វើជាស្ដេចលើស្រុកស៊ីរី។ ១៦ មួយទៀត អ្នកត្រូវចាក់ប្រេងតែងតាំងយេហ៊ូ+ជាចៅរបស់នីមសាយ ឲ្យធ្វើជាស្ដេចលើស្រុកអ៊ីស្រាអែល។ រួចអ្នកត្រូវចាក់ប្រេងតែងតាំងអេលីសេ*ជាកូនសាផាតពីក្រុងអេបិលមិហូឡា ឲ្យធ្វើជាអ្នកប្រកាសទំនាយបន្ទាប់ពីអ្នក។+ ១៧ អ្នកណាដែលគេចរួចពីដាវរបស់ហាសេអែល+ នោះយេហ៊ូនឹងសម្លាប់។+ ឯអ្នកណាដែលគេចរួចពីដាវរបស់យេហ៊ូ នោះអេលីសេនឹងសម្លាប់។+ ១៨ ខ្ញុំនៅមានមនុស្ស៧.០០០នាក់ទៀតក្នុងស្រុកអ៊ីស្រាអែល+ ដែលមិនបានលុតជង្គង់ក្រាបគោរពដល់រូបព្រះបាល+ និងមិនបានថើបរូបនោះឡើយ»។+
១៩ ដូច្នេះ អេលីយ៉ាបានធ្វើដំណើរចេញពីទីនោះ ហើយឃើញអេលីសេជាកូនសាផាត កំពុងភ្ជួរស្រែជាមួយអ្នកឯទៀត ដោយមានគោ១២នឹមភ្ជួរបន្តបន្ទាប់គ្នា ហើយគាត់ភ្ជួរនៅនឹមខាងក្រោយគេបង្អស់។ ដូច្នេះ អេលីយ៉ាដើរទៅជិតអេលីសេ រួចបំពាក់អាវ*របស់គាត់+ឲ្យអេលីសេ។ ២០ ភ្លាមនោះ អេលីសេបានទុកគោរបស់គាត់ចោល រួចរត់ទៅតាមអេលីយ៉ា។ អេលីសេនិយាយថា៖ «សូមឲ្យខ្ញុំទៅថើបលាឪពុកម្ដាយរបស់ខ្ញុំសិន។ រួចខ្ញុំនឹងទៅតាមលោក»។ អេលីយ៉ាតបទៅវិញថា៖ «ចូរទៅចុះ ខ្ញុំមិនឃាត់អ្នកទេ»។ ២១ ដូច្នេះ គាត់បានត្រឡប់ទៅវិញ រួចយកគោមួយនឹមជូនជាគ្រឿងបូជា។ គាត់ក៏យកឧបករណ៍ភ្ជួររាស់ទៅដុតដើម្បីស្ងោរសាច់គោនោះ រួចចែកដល់បណ្ដាជនបរិភោគ។ ក្រោយនោះ គាត់ក្រោកឡើងទៅតាមអេលីយ៉ា ហើយបម្រើគាត់។+