សកម្មភាពរបស់ពួកសាវ័ក
២២ «បងប្អូននិងឪពុកអើយ សូមស្ដាប់ខ្ញុំពន្យល់សិន»។+ ២ កាលដែលបណ្ដាជនឮប៉ូលនិយាយភាសាហេប្រឺទៅពួកគេ នោះពួកគេកាន់តែស្ងៀមទៅ រួចគាត់និយាយថា៖ ៣ «ខ្ញុំជាជនជាតិយូដា។+ ខ្ញុំកើតនៅក្រុងតើសុសក្នុងស្រុកស៊ីលីស៊ី+ តែខ្ញុំបានទទួលការអប់រំនៅក្រុងនេះពីកាម៉េលាល+ដោយផ្ទាល់ ហើយបានត្រូវបង្រៀនឲ្យកាន់តាមច្បាប់*+នៃពួកបុព្វបុរសរបស់យើងយ៉ាងហ្មត់ចត់។ ខ្ញុំក៏ខ្នះខ្នែងក្នុងកិច្ចបម្រើព្រះដូចអ្នករាល់គ្នាកំពុងធ្វើដែរ។+ ៤ ខ្ញុំបានបៀតបៀនអស់អ្នកដែលកាន់តាមផ្លូវលោកម្ចាស់* រហូតដល់បញ្ជូនទៅឲ្យគេសម្លាប់ទៀតផង ហើយខ្ញុំចាប់ចងទាំងប្រុសទាំងស្រី រួចប្រគល់ទៅឲ្យគេដាក់គុក។+ ៥ សម្ដេចសង្ឃនិងពួកបុរសចាស់ទុំទាំងអស់នៃអង្គប្រជុំអាចធ្វើជាសាក្សីបាន។ ខ្ញុំក៏បានសុំសំបុត្រពីពួកគេ ដើម្បីយកទៅឲ្យបងប្អូនយើងនៅក្រុងដាម៉ាស់។ រួចខ្ញុំចេញដំណើរទៅទីនោះ ដើម្បីចាប់អស់អ្នកដែលកាន់តាមផ្លូវលោកម្ចាស់មកឲ្យគេដាក់ទោសនៅក្រុងយេរូសាឡិមទាំងជាប់ចំណង។
៦ «ប៉ុន្តែប្រហែលជាថ្ងៃត្រង់ កាលដែលខ្ញុំបានធ្វើដំណើរទៅជិតដល់ក្រុងដាម៉ាស់ហើយ ស្រាប់តែមានពន្លឺភ្លឺយ៉ាងខ្លាំងពីលើមេឃចាំងជុំវិញខ្ញុំ។+ ៧ រួចខ្ញុំដួលដល់ដី ហើយឮសំឡេងមួយបន្លឺមកខ្ញុំថា៖ ‹សុល សុល ហេតុអ្វីអ្នកបៀតបៀនខ្ញុំ?›។ ៨ ខ្ញុំឆ្លើយថា៖ ‹តើលោកម្ចាស់ជាអ្នកណា?›។ លោកមានប្រសាសន៍មកខ្ញុំថា៖ ‹ខ្ញុំគឺយេស៊ូ ពីក្រុងណាសារ៉ែត ដែលអ្នកកំពុងបៀតបៀន›។ ៩ ឯបុរសទាំងប៉ុន្មានដែលនៅជាមួយនឹងខ្ញុំបានឃើញពន្លឺនោះ តែមិនបានឮសំឡេងរបស់លោកដែលមានប្រសាសន៍មកខ្ញុំទេ។ ១០ បន្ទាប់មក ខ្ញុំនិយាយថា៖ ‹លោកម្ចាស់ តើខ្ញុំត្រូវធ្វើយ៉ាងណា?›។ លោកម្ចាស់មានប្រសាសន៍មកខ្ញុំថា៖ ‹ចូរក្រោកឡើង ហើយចូលក្រុងដាម៉ាស់ចុះ។ នៅទីនោះ អ្នកនឹងទទួលដំណឹងអំពីការទាំងអស់ដែលអ្នកត្រូវធ្វើ›។+ ១១ ប៉ុន្តែ ខ្ញុំមិនអាចមើលឃើញអ្វីសោះដោយសារភាពរុងរឿងនៃពន្លឺនោះ។ ដូច្នេះ ពួកអ្នកដែលនៅជាមួយនឹងខ្ញុំបានដឹកដៃខ្ញុំទៅដល់ក្រុងដាម៉ាស់។
១២ «រួចមក មានបុរសម្នាក់ឈ្មោះអាណានាស គាត់ជាអ្នកកោតខ្លាចព្រះនិងកាន់តាមច្បាប់ ហើយជនជាតិយូដាទាំងអស់ដែលអាស្រ័យនៅទីនោះតែងនិយាយល្អអំពីគាត់។ ១៣ គាត់មកឈរជិតខ្ញុំ ហើយនិយាយថា៖ ‹សុល បងប្រុសអើយ សូមមើលឃើញឡើងវិញចុះ!›។ រំពេចនោះ ខ្ញុំងើបភ្នែកឡើងឃើញគាត់។+ ១៤ គាត់និយាយថា៖ ‹ព្រះនៃពួកបុព្វបុរសរបស់យើងបានជ្រើសរើសអ្នកឲ្យស្គាល់បំណងប្រាថ្នារបស់លោក និងឲ្យអ្នកបានឃើញលោកដែលជាអ្នកសុចរិត+ ថែមទាំងឲ្យឮសំឡេងរបស់លោកទៀតផង ១៥ ព្រោះអ្នកត្រូវធ្វើជាសាក្សីរបស់លោក ដោយបញ្ជាក់ប្រាប់មនុស្សទាំងអស់អំពីអ្វីដែលអ្នកបានឃើញនិងឮ។+ ១៦ ឥឡូវ ហេតុអ្វីបានជាអ្នកបង្អែបង្អង់ដូច្នេះ? ចូរក្រោកឡើង ទទួលការជ្រមុជទឹក ហើយហៅរកនាមរបស់លោក+ដើម្បីលាងសម្អាតការខុសឆ្គងរបស់អ្នក›។+
១៧ «ប៉ុន្តែ ពេលដែលខ្ញុំត្រឡប់មកក្រុងយេរូសាឡិមវិញ+ ហើយកំពុងអធិដ្ឋានក្នុងវិហារ ខ្ញុំបានឃើញអ្វីមួយក្នុងគំនិត ១៨ គឺខ្ញុំឃើញលោកម្ចាស់កំពុងមានប្រសាសន៍មកខ្ញុំថា៖ ‹ចូរប្រញាប់ចេញពីក្រុងយេរូសាឡិមភ្លាម ពីព្រោះពួកគេនឹងមិនព្រមទទួលការបញ្ជាក់ប្រាប់របស់អ្នកអំពីខ្ញុំទេ›។+ ១៩ ខ្ញុំនិយាយថា៖ ‹លោកម្ចាស់ ពួកគេដឹងច្បាស់ថា ខ្ញុំធ្លាប់ចាប់ពួកអ្នកដែលមានជំនឿលើលោក ពីសាលាប្រជុំមួយទៅសាលាប្រជុំមួយ រួចបញ្ជូនទៅឲ្យគេដាក់គុក ក៏ធ្លាប់វាយពួកគេនឹងរំពាត់។+ ២០ ម្យ៉ាងទៀត ពេលដែលគេសម្លាប់ស្ទេផានដែលជាសាក្សីរបស់លោក នោះខ្ញុំក៏ឈរនៅក្បែរនោះដែរ ហើយខ្ញុំបានពេញចិត្តចំពោះការនោះ ថែមទាំងបានជួយមើលសម្លៀកបំពាក់ក្រៅរបស់ពួកអ្នកដែលកំពុងសម្លាប់គាត់ទៀតផង›។+ ២១ ទោះជាយ៉ាងនោះក៏ដោយ លោកមានប្រសាសន៍មកខ្ញុំថា៖ ‹ចូរទៅចុះ ពីព្រោះខ្ញុំនឹងចាត់អ្នកឲ្យទៅឯប្រជាជាតិដែលនៅឆ្ងាយៗ›»។+
២២ ពេលពួកគេស្ដាប់ប៉ូលនិយាយដល់ត្រឹមនេះ ពួកគេក៏ស្រែកឡើងថា៖ «កម្ចាត់មនុស្សបែបនេះចេញពីផែនដីទៅ! ព្រោះអ្នកនេះមិនសមនឹងរស់ទេ!»។ ២៣ ពួកគេនាំគ្នាស្រែក បោះសម្លៀកបំពាក់ក្រៅរបស់ខ្លួន ហើយបាចធូលីដីឡើងលើ។+ ២៤ ដូច្នេះ មេបញ្ជាការបង្គាប់ឲ្យយកប៉ូលចូលប៉ុស្តិ៍ទាហាន រួចវាយគាត់នឹងរំពាត់ខ្សែតីសួរចម្លើយ ដើម្បីអាចដឹងច្បាស់អំពីមូលហេតុដែលពួកគេកំពុងស្រែកប្រឆាំងគាត់បែបនេះ។ ២៥ ប៉ុន្តែ ពេលដែលពួកគេចងសន្ធឹងប៉ូលដើម្បីវាយ គាត់សួរនាយទាហានដែលឈរនៅទីនោះថា៖ «តើអ្នករាល់គ្នាមានច្បាប់វាយពលរដ្ឋរ៉ូម ទាំងមិនទាន់បានវិនិច្ឆ័យទោសឬ?»។+ ២៦ ពេលដែលនាយទាហានឮដូច្នេះ គាត់ទៅរាយការណ៍ប្រាប់មេបញ្ជាការថា៖ «តើលោកចង់ធ្វើយ៉ាងណា? ព្រោះបុរសនេះជាពលរដ្ឋរ៉ូម»។ ២៧ ដូច្នេះ មេបញ្ជាការបានចូលទៅសួរប៉ូលថា៖ «ប្រាប់ខ្ញុំមក តើអ្នកជាពលរដ្ឋរ៉ូមឬ?»។ គាត់ឆ្លើយថា៖ «បាទ»។ ២៨ មេបញ្ជាការតបថា៖ «ខ្ញុំបានចំណាយប្រាក់ជាច្រើនដើម្បីចូលសញ្ជាតិរ៉ូម»។ ប៉ូលនិយាយថា៖ «តែខ្ញុំបានកើតមកជាសញ្ជាតិរ៉ូមតែម្ដង»។+
២៩ ដូច្នេះ ពួកអ្នកដែលបម្រុងនឹងធ្វើទារុណកម្មដើម្បីសួរចម្លើយប៉ូល ក៏បានថយចេញពីគាត់ភ្លាម។ ឯមេបញ្ជាការតាំងភ័យខ្លាច ពេលដឹងថាប៉ូលជាពលរដ្ឋរ៉ូម ព្រោះគាត់បានចងប៉ូលនឹងច្រវាក់។+
៣០ លុះស្អែកឡើង មេបញ្ជាការចង់ដឹងប្រាកដអំពីមូលហេតុដែលជនជាតិយូដាកំពុងចោទប្រកាន់ប៉ូល។ ដូច្នេះ គាត់ស្រាយចំណងប៉ូល រួចបង្គាប់ឲ្យពួកសង្ឃនាយកនិងក្រុមប្រឹក្សាជាន់ខ្ពស់ទាំងមូលមកជួបជុំគ្នា។ បន្ទាប់មក គាត់នាំប៉ូលចុះមកឲ្យឈរក្នុងចំណោមពួកគេ។+