សំបុត្រទី១ជូនចំពោះគ្រិស្តសាសនិកនៅក្រុងកូរិនថូស
១ ពីខ្ញុំ ប៉ូល ដែលបានត្រូវហៅឲ្យធ្វើជាសាវ័ក*+របស់គ្រិស្តយេស៊ូតាមបំណងប្រាថ្នារបស់ព្រះ និងពីសូស្តែនជាបងប្រុសរបស់យើង ២ ជូនចំពោះក្រុមជំនុំរបស់ព្រះនៅក្រុងកូរិនថូស+ គឺអ្នករាល់គ្នាដែលបានត្រូវញែកចេញជាបរិសុទ្ធក្នុងនាមជាអ្នកកាន់តាមគ្រិស្តយេស៊ូ+ ក៏បានត្រូវហៅដើម្បីឲ្យធ្វើជាអ្នកបរិសុទ្ធ ហើយជូនចំពោះមនុស្សនៅគ្រប់ទីកន្លែងដែលកំពុងហៅរកនាមលោកម្ចាស់យេស៊ូគ្រិស្ត+ ដែលជាម្ចាស់របស់ពួកគេនិងរបស់យើងដែរ៖
៣ សូមឲ្យអ្នករាល់គ្នាបានប្រកបដោយគុណដ៏វិសេសលើសលប់និងសេចក្ដីសុខសាន្តពីព្រះដែលជាបិតារបស់យើង និងពីលោកម្ចាស់យេស៊ូគ្រិស្ត។
៤ ខ្ញុំតែងតែអរគុណព្រះអំពីអ្នករាល់គ្នា ដោយគិតពីគុណដ៏វិសេសលើសលប់របស់ព្រះដែលបានត្រូវផ្ដល់ឲ្យអ្នករាល់គ្នាតាមរយៈគ្រិស្តយេស៊ូ។ ៥ ដោយសារអ្នករាល់គ្នារួបរួមជាមួយនឹងគ្រិស្ត អ្នករាល់គ្នាបានទទួលអ្វីៗជាបរិបូរ ដែលរួមបញ្ចូលសមត្ថភាពពេញលេញក្នុងការប្រកាសបណ្ដាំរបស់ព្រះ និងមានចំណេះសព្វគ្រប់+ ៦ ពីព្រោះសក្ខីភាពអំពីគ្រិស្ត+បានត្រូវចាក់ឫសយ៉ាងរឹងមាំក្នុងចំណោមអ្នករាល់គ្នា ៧ ដើម្បីកុំឲ្យអ្នករាល់គ្នាខ្វះអំណោយណាមួយឡើយ កាលដែលអ្នករាល់គ្នាទន្ទឹងរង់ចាំលោកយេស៊ូគ្រិស្តជាម្ចាស់របស់យើងបង្ហាញឫទ្ធានុភាពរបស់លោក។+ ៨ ព្រះក៏នឹងធ្វើឲ្យអ្នករាល់គ្នារឹងមាំរហូតដល់ទីបញ្ចប់ ដើម្បីកុំឲ្យអ្នករាល់គ្នាមានកន្លែងចាប់កំហុសបាននៅថ្ងៃរបស់លោកយេស៊ូគ្រិស្តជាម្ចាស់របស់យើង។+ ៩ ព្រះគឺស្មោះត្រង់+ លោកហើយដែលបានហៅអ្នករាល់គ្នាឲ្យមករួមចំណែកជាមួយនឹងបុត្ររបស់លោក គឺលោកយេស៊ូគ្រិស្តជាម្ចាស់របស់យើង។
១០ បងប្អូនអើយ តាមរយៈនាមរបស់លោកយេស៊ូគ្រិស្តជាម្ចាស់របស់យើង ខ្ញុំសូមបំផុសទឹកចិត្តអ្នកទាំងអស់គ្នាឲ្យនិយាយដូចគ្នា ហើយមិនត្រូវមានការបែកបាក់ក្នុងចំណោមអ្នករាល់គ្នាឡើយ+ តែត្រូវមានគំនិតឯកភាព និងមានរបៀបគិតគូរតែមួយ។+ ១១ បងប្អូនខ្ញុំអើយ មនុស្សខ្លះពីក្រុមគ្រួសារខ្លូអេបានមកប្រាប់ខ្ញុំអំពីអ្នករាល់គ្នាថា មានការទាស់ទែងក្នុងចំណោមអ្នករាល់គ្នា។ ១២ ខ្ញុំចង់និយាយអំពីការដែលអ្នករាល់គ្នាម្នាក់ៗពោលថា៖ «ខ្ញុំកាន់តាមប៉ូល» «តែខ្ញុំកាន់តាមអាប៉ូឡុស»+ «ឯខ្ញុំកាន់តាមកេផាស»* «តែខ្ញុំកាន់តាមគ្រិស្ត»។ ១៣ តើគ្រិស្តបែកសាមគ្គីហើយឬ? តើប៉ូលឬដែលបានត្រូវគេប្រហារជីវិតលើបង្គោលដើម្បីអ្នករាល់គ្នា? ឬក៏តើអ្នករាល់គ្នាបានទទួលការជ្រមុជទឹកក្នុងនាមប៉ូល? ១៤ ខ្ញុំអរគុណព្រះដែលខ្ញុំមិនបានជ្រមុជទឹកឲ្យអ្នកណាម្នាក់ក្នុងចំណោមអ្នករាល់គ្នា ក្រៅពីគ្រីស្ពូស+និងកៃយុស+ ១៥ ដើម្បីកុំឲ្យអ្នកណានិយាយថាអ្នករាល់គ្នាបានទទួលការជ្រមុជទឹកក្នុងនាមខ្ញុំ។ ១៦ មែនហើយ ខ្ញុំក៏បានជ្រមុជទឹកឲ្យពួកអ្នកផ្ទះស្ទេផាណាសដែរ។+ ក្រៅពីនោះ ខ្ញុំមិនដឹងថាខ្ញុំបានជ្រមុជទឹកឲ្យអ្នកណាទៀតទេ។ ១៧ ព្រោះគ្រិស្តមិនបានចាត់ខ្ញុំឲ្យទៅជ្រមុជទឹកឲ្យគេឡើយ តែបានចាត់ខ្ញុំឲ្យទៅប្រកាសដំណឹងល្អវិញ+ មិនមែនដោយប្រើសម្ដីតាមបែបអ្នកប្រាជ្ញទេ ព្រោះបើធ្វើដូច្នេះនាំឲ្យបង្គោលទារុណកម្ម*របស់គ្រិស្តទៅជាឥតប្រយោជន៍។
១៨ ព្រោះអស់អ្នកដែលកំពុងវិនាសចាត់ទុកការនិយាយអំពីបង្គោលទារុណកម្ម*ថាជារឿងផ្ដេសផ្ដាស+ តែយើងដែលកំពុងទទួលសេចក្ដីសង្គ្រោះចាត់ទុកការនោះថាជាឫទ្ធានុភាពរបស់ព្រះ។+ ១៩ ព្រោះបទគម្ពីរចែងថា៖ «ខ្ញុំនឹងធ្វើឲ្យប្រាជ្ញារបស់ពួកអ្នកប្រាជ្ញសាបសូន្យទៅ ហើយខ្ញុំនឹងច្រានចោលចំណេះរបស់ពួកអ្នកចេះដឹង»។+ ២០ តើអ្នកប្រាជ្ញ អ្នកជំនាញខាងច្បាប់ និងអ្នកជជែកវែកញែកនៃរបៀបរបបពិភពលោក*នេះនៅឯណា? ព្រះបានបង្ហាញឲ្យឃើញថាប្រាជ្ញារបស់ពិភពលោកនេះ ជាអ្វីដែលផ្ដេសផ្ដាស។ ២១ ព្រោះប្រាជ្ញារបស់មនុស្សក្នុងពិភពលោកនេះ+មិនបានធ្វើឲ្យពួកគេស្គាល់ព្រះទេ+ ហើយពួកគេចាត់ទុកដំណឹងដែលយើងផ្សព្វផ្សាយថាជារឿងផ្ដេសផ្ដាស។+ ប៉ុន្តែ ព្រះពេញចិត្តការនោះ ដើម្បីសង្គ្រោះពួកអ្នកដែលកំពុងជឿ។ នេះបង្ហាញឲ្យឃើញប្រាជ្ញារបស់ព្រះ។
២២ ព្រោះជនជាតិយូដាសុំសញ្ញាសម្គាល់+ ឯជនជាតិក្រិចស្វែងរកប្រាជ្ញា។ ២៣ ប៉ុន្តែ យើងផ្សព្វផ្សាយអំពីគ្រិស្តដែលត្រូវគេប្រហារជីវិតលើបង្គោល ជាអ្វីដែលធ្វើឲ្យជនជាតិយូដាជំពប់ដួល តែជនជាតិដទៃចាត់ទុកថាជាការនិយាយផ្ដេសផ្ដាស។+ ២៤ ក៏ប៉ុន្តែ ចំពោះជនជាតិយូដានិងជនជាតិក្រិចដែលបានត្រូវហៅ ពួកគេចាត់ទុកគ្រិស្តជាឫទ្ធានុភាពរបស់ព្រះ និងជាប្រាជ្ញារបស់ព្រះ។+ ២៥ ពីព្រោះការរបស់ព្រះដែលគេចាត់ទុកថាផ្ដេសផ្ដាស គឺមានប្រាជ្ញាជាងមនុស្ស ហើយការរបស់ព្រះដែលគេចាត់ទុកថាខ្សោយ គឺខ្លាំងជាងមនុស្ស។+
២៦ ព្រោះបងប្អូនអើយ អ្នករាល់គ្នាឃើញហើយថាក្នុងករណីរបស់អ្នករាល់គ្នា ព្រះមិនបានហៅមនុស្សជាច្រើនដែលជាអ្នកប្រាជ្ញតាមទស្សនៈមនុស្ស+ ឬជាអ្នកមានអំណាច ឬក៏ជាអ្នកដែលបានកើតក្នុងវង្សត្រកូលខ្ពង់ខ្ពស់នោះឡើយ+ ២៧ តែព្រះបានជ្រើសរើសមនុស្សដែលពិភពលោកចាត់ទុកថាល្ងង់ខ្លៅ ដើម្បីលោកអាចធ្វើឲ្យអ្នកប្រាជ្ញអាម៉ាស់មុខ ហើយព្រះក៏បានជ្រើសរើសមនុស្សដែលពិភពលោកចាត់ទុកថាទន់ខ្សោយ ដើម្បីលោកអាចធ្វើឲ្យអ្នកខ្លាំងពូកែអាម៉ាស់មុខ។+ ២៨ ព្រះបានជ្រើសរើសអ្វីដែលពិភពលោកចាត់ទុកថាអាប់ឱន អ្វីដែលគេមើលងាយ និងអ្វីដែលគេចាត់ទុកថាគ្មានតម្លៃសោះ ដើម្បីលោកអាចធ្វើឲ្យអ្វីដែលគេចាត់ទុកថាសំខាន់ទៅជាអសារឥតការវិញ។+ ២៩ យ៉ាងនោះ គ្មានមនុស្សណាម្នាក់មានហេតុអួតខ្លួននៅចំពោះមុខព្រះឡើយ។ ៣០ ប៉ុន្តែ គឺដោយសារព្រះហើយដែលអ្នករាល់គ្នាបានទៅជាអ្នកកាន់តាមគ្រិស្តយេស៊ូ។ លោកបានបង្ហាញប្រាជ្ញារបស់ព្រះ និងបង្ហាញសេចក្ដីសុចរិតរបស់ព្រះ។+ តាមរយៈលោកយេស៊ូ មនុស្សអាចទៅជាបរិសុទ្ធ+ ហើយតាមរយៈថ្លៃលោះ ពួកគេអាចមានសេរីភាព+ ៣១ ដើម្បីឲ្យបានដូចបទគម្ពីរដែលចែងថា៖ «អ្នកណាដែលអួត ចូរឲ្យអ្នកនោះអួតអំពីព្រះយេហូវ៉ា»។*+