ដើមកំណើត
៣៧ យ៉ាកុបបន្តរស់នៅក្នុងស្រុកកាណាន ជាស្រុកដែលឪពុកគាត់ធ្លាប់រស់នៅជាជនបរទេស។+
២ នេះជាកំណត់ហេតុអំពីក្រុមគ្រួសាររបស់យ៉ាកុប។
កាលដែលយ៉ូសែប+មានអាយុ១៧ឆ្នាំ គាត់បានជួយឃ្វាលហ្វូងចៀម+ជាមួយនឹងបងប្រុសៗរបស់គាត់។ ពួកគេជាកូនរបស់ប៊ីលហា+និងស៊ីលផា+ជាប្រពន្ធបន្ទាប់របស់ឪពុកគាត់។ យ៉ូសែបបានប្រាប់ឪពុកអំពីទង្វើអាក្រក់របស់បងៗគាត់។ ៣ អ៊ីស្រាអែលស្រឡាញ់យ៉ូសែបជាងកូនៗឯទៀត+ ព្រោះយ៉ូសែបបានកើតមកនៅពេលដែលគាត់មានវ័យចាស់ហើយ។ អ៊ីស្រាអែលបានឲ្យគេដេរអាវវែងស្អាតមួយសម្រាប់យ៉ូសែប។ ៤ ពេលបងៗយ៉ូសែបបានឃើញថាឪពុកស្រឡាញ់គាត់ជាងពួកគេ នោះពួកគេក៏ចាប់ផ្ដើមស្អប់គាត់ ហើយមិនចង់និយាយដោយសប្បុរសដាក់គាត់ទេ។
៥ ថ្ងៃមួយ យ៉ូសែបបានយល់សប្ដិ ហើយគាត់បានប្រាប់សុបិននោះដល់បងៗរបស់គាត់។+ នេះធ្វើឲ្យពួកគេរឹតតែស្អប់គាត់ថែមទៀត។ ៦ គាត់បានប្រាប់ពួកគេថា៖ «ខ្ញុំមានសុបិនមួយចង់ប្រាប់បងៗ។ ៧ ខ្ញុំបានឃើញពួកយើងកំពុងចងកណ្ដាប់ស្រូវនៅកណ្ដាលវាលស្រែ។ ពេលនោះ កណ្ដាប់ស្រូវខ្ញុំឈរឡើង ហើយកណ្ដាប់ស្រូវរបស់បងៗបានមកព័ទ្ធជុំវិញ រួចឱនគោរពកណ្ដាប់ស្រូវខ្ញុំ»។+ ៨ បងៗគាត់បានតបថា៖ «តើឯងចង់តាំងខ្លួនជាស្ដេចគ្រប់គ្រងលើយើងឬ?»។+ ដូច្នេះ ពួកគេរឹតតែស្អប់គាត់ខ្លាំងជាងមុនទៅទៀត ព្រោះតែគាត់ប្រាប់អំពីសុបិននោះ។
៩ ក្រោយមក យ៉ូសែបយល់សប្ដិមួយទៀត ហើយគាត់ក៏ប្រាប់បងៗគាត់ថា៖ «ខ្ញុំមានសុបិនមួយទៀត។ លើកនេះ ខ្ញុំឃើញដួងអាទិត្យ ដួងចន្ទ និងផ្កាយ១១ដួង មកក្រាបគោរពខ្ញុំ»។+ ១០ បន្ទាប់មក គាត់បានប្រាប់សុបិនដល់ឪពុក ពេលនោះបងប្អូនគាត់ក៏នៅជាមួយដែរ រួចឪពុកគាត់ស្ដីបន្ទោសគាត់ថា៖ «កូនយល់សប្ដិដូចនេះ មានន័យយ៉ាងណា? តើឪពុកម្ដាយនិងបងប្អូនកូននឹងត្រូវមកក្រាបគោរពកូនដែរឬ?»។ ១១ ឪពុកគាត់បានរក្សាទុកពាក្យទាំងនោះក្នុងចិត្ត។ ឯបងៗគាត់វិញ ពួកគេច្រណែននឹងគាត់យ៉ាងខ្លាំង។+
១២ នៅពេលមួយ បងៗយ៉ូសែបបានចេញទៅឃ្វាលហ្វូងចៀមរបស់ឪពុកនៅក្បែរក្រុងស៊ីគឹម។+ ១៣ ក្រោយមក អ៊ីស្រាអែលបាននិយាយទៅកាន់យ៉ូសែបថា៖ «បងៗកូនកំពុងឃ្វាលចៀមនៅក្បែរក្រុងស៊ីគឹម។ ដូច្នេះ ពុកចង់ឲ្យកូនទៅឯពួកគេ»។ យ៉ូសែបបានឆ្លើយថា៖ «បាទលោកឪពុក!»។ ១៤ អ៊ីស្រាអែលបានបន្ថែមថា៖ «ចូរកូនទៅសួរសុខទុក្ខបងៗកូន ហើយមើលថាហ្វូងចៀមយ៉ាងណាដែរ រួចនាំដំណឹងមកប្រាប់ពុកវិញ»។ ក្រោយពីប្រាប់រួច គាត់ក៏ឲ្យយ៉ូសែបធ្វើដំណើរពីជ្រលងភ្នំហេប្រុន+ទៅក្រុងស៊ីគឹម។ ១៥ ពេលយ៉ូសែបកំពុងដើរទៅមកនៅឯវាល មានបុរសម្នាក់បានឃើញគាត់ ហើយសួរថា៖ «តើអ្នកកំពុងរកអ្នកណាដែរ?»។ ១៦ គាត់បានឆ្លើយថា៖ «ខ្ញុំកំពុងរកបងៗខ្ញុំ។ តើអ្នកដឹងថាពួកគាត់ឃ្វាលហ្វូងចៀមនៅឯណាទេ?»។ ១៧ បុរសនោះឆ្លើយថា៖ «ពួកគេចាកចេញពីទីនេះហើយ។ ខ្ញុំឮពួកគេនិយាយគ្នាថា៖ ‹តោះយើងទៅក្រុងដូថាន់›»។ ដូច្នេះ យ៉ូសែបបានទៅតាម ហើយឃើញបងៗគាត់នៅទីនោះ។
១៨ ពេលយ៉ូសែបធ្វើដំណើរទៅជិតដល់ ពួកគេបានឃើញគាត់ពីចម្ងាយ ហើយពួកគេរៀបគម្រោងសម្លាប់គាត់ចោល។ ១៩ ពួកគេនិយាយថា៖ «នុ៎ះន៏! មេយល់សប្ដិមកហើយ។+ ២០ ចូរយើងសម្លាប់គាត់ចោល ហើយបោះទៅក្នុងអណ្ដូងទៅ។ រួចយើងនឹងនិយាយថាសត្វសាហាវបានហែកគាត់ស៊ីហើយ។ ចាំមើល៍ៗ សុបិនគាត់អាចកើតឡើងបានឬមិនបាន»។ ២១ ឮដូច្នេះ រូបេន+ព្យាយាមជួយសង្គ្រោះយ៉ូសែប ហើយនិយាយទៅកាន់ពួកគេថា៖ «កុំសម្លាប់គាត់អី»។+ ២២ គាត់បានបន្ថែមថា៖ «ចូរបោះគាត់ទៅក្នុងអណ្ដូងនៅតំបន់ស្ងាត់ជ្រងំនេះទៅបានហើយ+ កុំដល់ថ្នាក់សម្លាប់គាត់អី»។+ រូបេននិយាយដូច្នេះក្នុងបំណងជួយសង្គ្រោះយ៉ូសែប ឲ្យត្រឡប់ទៅឪពុកគាត់វិញ។
២៣ ពេលយ៉ូសែបបានទៅដល់ភ្លាម បងៗគាត់បាននាំគ្នាចាប់គាត់ដោះអាវវែងដ៏ស្អាតចេញ+ ២៤ ហើយពួកគេយកគាត់ទៅបោះក្នុងអណ្ដូងមួយ តែអណ្ដូងនោះគ្មានទឹកទេ។
២៥ រួចមក ពួកគេអង្គុយបរិភោគអាហារ។ ពេលនោះ ពួកគេក្រឡេកទៅឃើញក្បួនអូដ្ឋរបស់ពួកអ៊ីសម៉ាអែល+ កំពុងធ្វើដំណើរមកពីស្រុកគីលាត។ ពួកអ៊ីសម៉ាអែលកំពុងនាំយកជ័រក្រអូប* ប្រេងក្រអូប* និងសម្បកឈើក្រអូប*+ ទៅស្រុកអេហ្ស៊ីប។ ២៦ យូដាបាននិយាយទៅកាន់បងប្អូនគាត់ថា៖ «បើសម្លាប់គាត់ចោល យើងគ្មានចំណេញអីទេ ថែមទាំងត្រូវលាក់បាំងរឿងនោះទៀតផង។+ ២៧ ដូច្នេះ ចូរយើងលក់គាត់+ឲ្យពួកអ៊ីសម៉ាអែលទៅ។ កុំសម្លាប់គាត់អី ព្រោះគាត់ជាប្អូនយើង ជាសាច់ឈាមយើងដែរ»។ ម្ល៉ោះហើយ ពួកគេក៏ស្ដាប់តាមយោបល់យូដា។ ២៨ ពួកគេបានយោងយ៉ូសែបឡើងពីអណ្ដូងវិញ ហើយលក់គាត់ឲ្យពួកឈ្មួញអ៊ីសម៉ាអែល*+ដែលកំពុងធ្វើដំណើរឆ្លងកាត់។ ពួកគេលក់គាត់ក្នុងតម្លៃប្រាក់២០ដុំ។+ បន្ទាប់មក ពួកឈ្មួញទាំងនោះក៏នាំយ៉ូសែបទៅស្រុកអេហ្ស៊ីប។
២៩ ក្រោយមក រូបេនបានត្រឡប់ទៅឯអណ្ដូងទឹកវិញ តែមិនឃើញយ៉ូសែបនៅក្នុងនោះទេ ហើយគាត់ក៏ចាប់ហែកអាវខ្លួន។ ៣០ រួចគាត់បានទៅជួបប្អូនៗគាត់ ហើយស្រែកថា៖ «បាត់យ៉ូសែបហើយ! តើខ្ញុំត្រូវធ្វើយ៉ាងម៉េចទៅ?»។
៣១ ដូច្នេះ ពួកគេបាននាំគ្នាសម្លាប់ពពែឈ្មោលមួយ ហើយយកអាវវែងដ៏ស្អាតរបស់យ៉ូសែបទៅជ្រលក់ក្នុងឈាមពពែនោះ។ ៣២ ក្រោយមក ពួកគេបានផ្ញើអាវនោះទៅឲ្យឪពុក ហើយផ្ដាំថា៖ «យើងបានប្រទះឃើញអាវនេះ។ សូមលោកឪពុកពិនិត្យមើលអាវនេះ តើជាអាវរបស់កូនលោកឪពុកមែនឬមិនមែន»។+ ៣៣ ក្រោយពីពិនិត្យមើលរួច អ៊ីស្រាអែលបានស្រែកថា៖ «នេះជាអាវកូនខ្ញុំ! សត្វសាហាវច្បាស់ជាហែកស៊ីយ៉ូសែបកូនខ្ញុំហើយ!»។ ៣៤ ដូច្នេះ យ៉ាកុបបានចាប់ហែកអាវខ្លួន ហើយស្លៀកបាវ រួចកាន់ទុក្ខកូនគាត់អស់ជាយូរថ្ងៃ។ ៣៥ កូនប្រុសស្រីរបស់គាត់បានព្យាយាមសម្រាលទុក្ខគាត់ តែគាត់មិនព្រមស្ដាប់ពាក្យសម្រាលទុក្ខរបស់ពួកគេទេ ហើយគាត់នៅតែយំស្ដាយស្រណោះយ៉ូសែប។ គាត់បាននិយាយថា៖ «ខ្ញុំនឹងកាន់ទុក្ខកូនខ្ញុំរហូតដល់ថ្ងៃខ្ញុំស្លាប់!»។*+
៣៦ ពេលទៅដល់ស្រុកអេហ្ស៊ីប ពួកម៉ាឌានបានលក់យ៉ូសែបឲ្យប៉ូទីផា។ ប៉ូទីផាជាមេអង្គរក្ស+ និងជាមន្ត្រីជាន់ខ្ពស់របស់ផារ៉ូ។+